អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកកក្រកខេត្តស្វាយរៀង នាំ អំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ

សាខាកក្រកខេត្ត​ស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ​ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាទៅចែកជូន​ដល់គ្រួសារដែល​រងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ ៨ គ្រួសារ ដែលរងគ្រោះ​កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ បណ្តាល​ឲ្យរងការខួចខាតទាំងស្រុង ៤ គ្រួសារ រងផលប៉ះពាល់​មួយផ្នែក ៤ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។


ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវ​បណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ចំពោះគ្រួសារ​ដែលរងគ្រោះ និងបានសំដែងនូវ​ការចូលរួម​សោកស្តាយចំពោះ​ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្ក​ដោយគ្រោះធម្មជាតិនេះ ។ 


អំណោយដែល​បានចែកជូន​ដល់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ។ ដោយ មើលឃើញពីការលំបាកចំពោះគ្រួសារ​ដែលរងការខូចខាត​ទាំងស្រុង ៤ គ្រួសារ លោកជំទាវបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១ គ្រួសារ ១០០,០០០ រៀល បន្ថែមទៀត ។

កិច្ចប្រជុំគណៈកម្មាធិការសាខាខេត្តកំពត ស្តីពីការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨

សាខាកក្រកខេត្តកំពត ៖ នារសៀល​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សាខា ស្តីពី​ការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយស​សាខា ដែលមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ អនុសាខា ក្រុមប្រតិបត្តិ​សាខា និងក្រុមការងារ​សាខា អនុសាខា​កាកបាទក្រហម​កម្ពុជា ឃុំ សង្កាត់ សរុបចំនួន ៦៣នាក់ (ស្រី ១៣នាក់) ស្ថិតនៅក្នុង​ខេត្តកំពត។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅក្នុង​គោលបំណង ដើម្បីកែសម្រួល និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មការរៀបចំ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ព្រមទាំងដោះស្រាយបញ្ហា​ប្រឈមនានា​ដែលសាខាជួបប្រទះកន្លងមក៕

 

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កក្រក​ ៖​ នៅព្រឹកថ្ងៃពុធ​ ១១រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ នេះ ទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា បានរៀបចំ​ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុង​ឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ដោយមានការអញ្ជើញ​ចូលរួមពី លោកជំទាវ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ​-មន្ត្រី​ ទីស្នាក់ការកណ្តាល​ ​ជាច្រើននាក់។

ស្ថិតក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់តេជបារមី​នៃវត្ថុស័ក្តិសិទ្ធិ​ទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហា​ប្រសើរជូន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហមកម្ពុជា​ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនជនជាតិដើមភាគតិច

កក្រក​ ៖​ នៅរសៀលថ្ងៃទី​ ៨ ខែមេសា​ ឆ្នាំ២០១៨​ នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តមណ្ឌលគិរី​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនជនជាតិដើមភាគតិច​ (ជនជាតិព្នង)​ ដែលជាចាស់ៗ​ អ្នកពិការ​ និងស្ត្រីមានផ្ទៃពោះ​ ​ចំនួន​ ៨គ្រួសារ​ រស់នៅភូមិ​ពូត្រំ ឃុំ​រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការរងទី ១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ចំពោះប្រជាពលរដ្ឋ​ទាំងអស់​ និង​សូមផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ​ និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរ​ក្នុងប្រទេសដែល​មានសុខសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍនេះ។

ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានគិតគូរពីទុក្ខ​លំបាករបស់ប្រជាពលរដ្ឋ​ដោយគ្មានការរើសអើង​ពូជសាសន៍​ សាសនា​ ឬនិន្នាការ​នយោបាយអ្វីឡើយ។

គ្រួសារនីមួយៗទទួលបាន ថវិកាមួយចំនួនពីកាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល​ និងទទួលបានពីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តមណ្ឌលគិរី​ នូវ​គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយចំនួនទៀត៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតអាណត្តិទី៥

សាខាកក្រក ខេត្តកណ្ដាល ៖ យោងតាមលក្ខន្តិកៈ​ និងវិធាននៃ​នីតិក្រម​របស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ២០១៨​ ​ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកណ្ដាល បានប្រារព្ធ​សន្និបាត​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល ​អាណត្តិទី៥ (២០១៩-២០២៤)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ​ ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល​ព្រមទាំង​ សមាជិក-សមាជិកាពេញសិទ្ធិ​ចំនួន​ ១៣០នាក់​ មន្ត្រី​បច្ចេកទេសទីស្នាក់ការកណ្តាល​ មន្ទីរពាក់ព័ន្ធ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ចំនួន​ ៣០០នាក់។

គោលបំណងសំខាន់នៃ​សន្និបាតនេះ​ មាន​ ២ចំណុចគឺ​ ៖​ 
១/​ ស្តាប់​ និងកែលម្អ​របាយការណ៍សកម្មភាព​ការងារ​ និងហិរញ្ញវត្ថុ​ ដែលសម្រេចក្នុងរយៈពេល​កន្លងមក​ (២០១៤-២០១៧)​ និងអនុម័តផែនការទិសដៅបន្តអាណត្តិទី៥ (២០១៩-២០២៤)
២/ បោះឆ្នោតជ្រើសរើសប្រធាន​គណៈកម្មាធិការសាខា​ សមាជិក​ និងសមាជិកបំរុង​ ជំនួសប្រធានគណៈកម្មាធិការសាខា​ និងសមាជិកដែលបានផ្ទេរភារកិច្ច។

​ក្នុងឱកាសនោះ​ សន្និបាត បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា​ ចំនួន​ ១៥នាក់​ ដែលមាន ប្រធាន​ ១នាក់​ អនុប្រធាន​ ១នាក់​ ហេរញ្ញិក​ ១នាក់ លេខាធិការ​ ១នាក់ សមាជិក-សមាជិកា​ ៩នាក់ និងសមាជិកបម្រុង​ ២នាក់​ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន​ ១២៨ និងអនុបវាទ​ចំនួន ២​ លើសន្លឹកឆ្នោតសរុបចំនួន​ ១៣០។

ជាចុងក្រោយ​ ឯកឧត្តម​ គង់ សោភ័ណ្ឌ ​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល អាណត្តិទី​ ៥ បានធ្វើការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការ​សកម្មភាព​ឱ្យទទួលបានកាន់តែ​មានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​៕

 

ខេត្តស្វាយរៀង ធ្វើការវាយតម្លៃជ្រើសរើសដាក់ចំណាត់ថ្នាក់លើផ្ទាំងគំនូររបស់កុមារ

សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួម​អបអរខួបទី ១៥៥ ទិវាពិភព​លោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ​នៅថ្ងៃព្រហស្បត្តិ៍ ១៣ កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ពិធីវាយតម្លៃឲ្យពិន្ទុ​ក្នុងការប្រកូតប្រជែង​ប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់​ស្នាដៃអំពី​សកម្មភាព​របស់កាកបាទក្រហមកម្ពុជា បញ្ជ្របការ​យល់ដឹងជាមូលដ្ឋាន​ពីចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្ត​សទ្ធាជ្រះថ្លា​ស្រឡាញ់មនុស្សជាតិ​ក្នុងចំណោមកុមារ​ដែលជាទំពាំងស្នង​ឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណា​ម្នាក់ចោល) សាខាបានផ្សព្វផ្សាយ​នឹងណែនាំរូបភាព​សកម្មភាព​ចម្រុះវិស័យ ដើម្បីឲ្យ​សិស្សានុសិស្ស​ជ្រើសរើសយកគំនូរដែលខ្លួន​ពេញចិត្តសម្រាប់​គូរ រួចជ្រើសរើសយក​អ្នកមានសា្នដៃល្អ​ពីលេខ ១ ដល់លេខ ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេស​នៅទីស្នាក់ការកណ្តាល​កាកបាទក្រហកកម្ពុជា ។ 


ពិធីនេះបានការអញ្ជើញ​ចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម​ មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយក​សាលា លោកគ្រូ មកពីសាលាទាំងបី ដោយបានវាយតម្លៃ​លើផ្ទាំងគំនូររបស់​សិស្សានុសិស្សមកពីសាលា​បឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុត​កំពង់ចក ១៦ ផ្ទាំង និងសាលា​បឋមសិក្សា ៧ មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។ 


ដោយមុននឹងគូគំនូរក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង ៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើដោយសំដៅទៅលើអត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ដោយបានធ្វើការប្រជុំវាយតម្លៃឲ្យពិន្ទុមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃ និងរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ)​សាលា​បឋមសិក្សា៧ មករា បាសាក់ លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក) សាលាបឋមសិក្សា ៧ មករា បាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សាកូវសាមុតកំពង់ចក ។

ខេត្តកំពង់ធំ ធ្វើការវាយតម្លៃជ្រើសរើសដាក់ចំណាត់ថ្នាក់លើផ្ទាំងគំនូររបស់កុមារ

សាខាសាខាកក្រក ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី ២៨ខែ មីនា ឆ្នាំ ២០១៨ នេះ លោកកែវ សំបូរ នាយករងសាខា កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ និងមន្ត្រី​សាខា អនុសាខា​ក្រុងស្ទឹងសែន សហការ​ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានធ្វើការវាយ​តម្លៃជ្រើសរើស​ដាក់​ចំណាត់ថ្នាក់​លើផ្ទាំងគំនូរ​របស់កុមារ ដែលបានប្រឡងគូរ​គំនូរកុមារ ក្រោមប្រធានបទ "កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល" កាលពីថ្ងៃទី ១៥ ១៦ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។

មានប្រសាសន៍​នាឱកាសនោះ នាយករង​សាខា សូមឲ្យ​មន្ត្រីប្រតិបត្តិ​សាខា អនុសាខា និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ពិនិត្យ វាយតម្លៃ និងជ្រើសរើស​ឲ្យបានម៉ត់ចត់​លើផ្ទាំងគំនូរ​ណាដែលគូរ​មានភាពរស់រវើក និងប្រកប​ដោយអត្ថន័យ​គ្រប់គ្រាន់ ដែលស្របទៅ​នឹងសកម្មភាព​មនុស្សធម៌ចម្រុះ​វិស័យរបស់កាកបាទក្រហម​កម្ពុជា ។

បន្ទាប់ពីបាន​ពិនិត្យវាយតម្លៃ​យ៉ាងយកចិត្តទុកដាក់​រួចមក ជាលទ្ធផល៖
-ចំណាត់ថ្នាក់លេខ១ បានទៅ៖ កុមារីឈ្មោះ ឆម កញ្ញា រៀនថ្នាក់ទី៥គ មកពីសាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ។
-ចំណាត់ថ្នាក់លេខ២៖ កុមារីឈ្មោះ ទ្រី ចន្ទសុបញ្ញា រៀនថ្នាក់ទី៥ក មកពីសាលាបឋមសិក្សា អនុវត្ត ហ៊ុនសែន អាចារ្យលាក់ ។
-ចំណាត់ថ្នាក់លេខ៣៖ កុមារាឈ្មោះ លាំង ស៊ី រៀនថ្នាក់ទី ៥គ មកពីសាលាបឋមសិក្សាកំពង់ធំក្រុង។

កាកបាទក្រហមកម្ពុជា បំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ថ្នាក់សេនា ជូន ម្ចាស់មូលនិធិអង្គការ Camsafe

កក្រក​ ៖​ នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានទទួល​ជួបសម្តែងការគួរសម និងបំពាក់គ្រឿង​ឥស្សរិយយស​មេដាយ​សហមេត្រី​ ថ្នាក់សេនា​ ជូន បណ្ឌិត រ៉េ ស៊ូអ៊ី (Dr. REY SHUEY) ម្ចាស់មូល​និធិអង្គការ Camsafe ដែលប្រព្រឹត្ត​ទៅនៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ ​លោកជំទាវ​អគ្គលេខាធិការ បានពាំនាំ​ប្រសាសន៍ផ្តាំសួរ​សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងថ្លែងអំណរគុណ​ចំពោះអង្គការ Camsafe ដែលជាដៃគូ​សហប្រតិបត្តិការ​ជាមួយ​កាកបាទក្រហមកម្ពុជា​លើការងារ​សុវត្ថិភាព​ចរាចរណ៍ ការងារគ្រប់គ្រង​គ្រោះមហន្តរាយ និងការងារ​សុខភាព។

ជាមួយគ្នានោះ បណ្ឌិត រ៉េ ស៊ូអ៊ី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាត​ឱ្យចូលជួប​សម្តែងការគួរសម និងចូលរួម​ចំណែកការងារ​មនុស្សធម៌ជាមួយ​កាកបាទក្រហមកម្ពុជា៕

 

ពិធីប្រឡង គំនូរកុមារ នៅខេត្តកំពត

សាខាកក្រក​ខេត្តកំពត ៖ នាព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំការ​ប្រឡងគំនូរកុមារ ក្រោមប្រធានបទ «កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល» ដែលការដឹកនាំ​ដោយលោកវេជ្ជ. កែវ សុផាន់ នាយកសាខា និងមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ​សាខា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ចំនួន ២៣នាក់ (ស្រី១៦នាក់) មកពីសាលា​គោលដៅចំនួន១៣ ក្នុងក្រុង-ស្រុកទាំង៧ ខេត្តកំពត។

ការប្រឡងគំនូរកុមារនេះ​មានគោលបំណង ដើម្បីឲ្យសិស្សា នុសិស្សទាំងអស់​បានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម ​អឌ្ឍចន្ទក្រហម បណ្តុះគំនិត ទឹកចិត្តជ្រះថ្លា និងស្រឡាញ់ការងារ​មនុស្សធម៌ ដែលជុំរុញឲ្យកុមារ ​ក្លាយជាទំពាំងស្នង​ឬស្សីនាពេល​អនាគត និងជាផ្នែកមួយ​នៃដំណើរឆ្ពោះទៅអបអរខួបទី១៥៥ នៃទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨​ ខាងមុខនេះ

 

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅសាកលវិទ្យាល័យ វេស្ទើន

កក្រក ៖ នៅរសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សាកល​វិទ្យាល័យ វេស្ទើន បានរៀបចំ​ពិធីបំពាក់កន្សែងជូន​យុវជន​កាកបាទក្រហម​កម្ពុជា ថ្មី ចំនួន ៥៧ នាក់ ក្រោមអធិបតីភាព ​ឯកឧត្តម ពិត ចំណាន សមាកជិកគណៈកម្មាធិការ​កណ្ដាល និងជាអនុប្រធាន​អចិន្ត្រៃយ៍ក្រុមការងារ​ទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា​ និងឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ វេស្ទើន ដោយមានការអញ្ជើញ​ចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល ទីប្រឹក្សាយុវជន តំណាងសាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ និងយុវជនសរុបចំនួន ៨៥ នាក់។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបា​នផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់​យុវជនដែលមាន​វត្តមានក្នុងពិធីនោះរួមមាន៖

១/ ត្រូវជួយអ្នកដែលនៅជិត​យើងមុនគេ រួចចាំ​ជួយអ្នកដទៃ​ជាបន្តបន្ទាប់​តាមលទ្ធភាព
២/ ត្រូវបន្តខិតខំ​សិក្សារៀនសូត្រ​ក្រេបយកចំណេះដឹង​ដើម្បីចូលរួមចំណែក​កាន់តែសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង
៣/ ត្រូវគោរពវិន័យឱ្យបានល្អប្រសើរ
៤/ បន្តសកម្មភាព​មនុស្សធម៌ឱ្យកាន់​តែច្រើន ស្របតាមទិសស្លោក " ធ្វើឱ្យបានកាន់តែច្រើនជាងមុន កាន់តែល្អជាងមុន កាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន"
៥/ បន្តសកម្មភាព មិត្តអប់មិត្ត បន្ថែមទៀត និងសូមកុំទុកឱ្យមិត្តរបស់យើងណាម្នាក់បោះបង់ការសិក្សាដោយសារ​កត្តាជីវភាព
៦/ ត្រូវថែរក្សា​សុខភាព និងចិត្តគំនិតឱ្យបាន​ល្អប្រសើរ និងត្រូវជៀសវាង​ការសេពគ្រឿងស្រវឹង៕

 

First Prev 6 7 8 9 10 Next Last