
កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន
កក្រក ៖ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ គណ:ប្រតិភូ ដែលដឹកនាំដោយ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី នាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ ជាលើកទី៣ ដល់ ព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដល់គេហដ្ឋាននៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាព និងសុខទុក្ខរបស់លោកតា ដែលជាសិល្បករជើងចាស់ បានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ និងសូមជូនពរលោកតាមានសុខភាពល្អ ជន្មាយុយឺនយូរ។
លោកព្រឹទ្ធាចារ្យ បច្ចុប្បន្នមានព្រះជន្មាយុ ៨២ឆ្នាំ មានសេចក្ដីរំភើបក្រៃលែង និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរចំពោះទុក្ខលំបាកគ្រួសារលោកតា និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាបានចំនួន៣លើកមកនេះ។
សូមបញ្ជាក់ថា ៖ លោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន អាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ ព្រមទាំងបានចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិ ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ និងបានជួយបណ្ដុះស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់និងសិក្សាស្វែងយល់ពីចាប៉ីដងវែងរបស់ខ្មែរ៕

កាកបាទក្រហមកម្ពុជាទទួលអំណោយជា រទេះជនពិការ ពី អាជ្ញាធរមីនកម្ពុជា
កក្រក៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយជា រទេះជនពិការ ចំនួន១០០ ពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលមានទឹកចិត្តដ៏ថ្លែថ្លាចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមរយៈកាកបាទក្រហមកម្ពុជា។
ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណលោកជំទាវអគ្គលេខាធិការ ដែលបានអនុញ្ញាតទទួលជួបសំណេះសំណាល និងបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងសូមជូនពរលោកជំទាវ និងក្រុមការងារទាំងអស់មានសុខភាពល្អ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្របានកាន់តែល្អបន្ថែមទៀត។

វគ្គផ្សព្វផ្សាយស្ដីពី សៀវភៅ គោលនយោបាយ គោលការណ៍ណែនាំ ស្តីពីការងារទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងបទប្បញ្ញត្តិ សរុបចំនួន៥
កក្រក៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែមាឃ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្ដីពី សៀវភៅ គោលនយោបាយ គោលការណ៍ណែនាំ ស្តីពីការងារទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងបទប្បញ្ញត្តិ សរុបចំនួន៥ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយិកា នាយករង នាយិការងនៃនាយកដ្ឋានទាំង៥ និងមន្ត្រីកាកបាទក្រហមកម្ពុជា សរុបចំនួន ៥២នាក់ ស្ថិតនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
វគ្គផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងឲ្យកាន់តែច្បាស់ដល់មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ ដើម្បីបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួនឲ្យកាន់តែល្អ និងស៊ីជម្រៅជាងមុនក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា អំពី៖
- គោលនយោបាយស្ដីពីការងារទំនាក់ទំនង កាកបាទក្រហមកម្ពុ
- គោលការណ៍ណែនាំ ស្ដីពីការអនុវត្តការងារទំនាក់ទំនង
- គោលការណ៍ណែនាំ ស្ដីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា
- គោលការណ៍ណែនាំ ស្ដីពីបណ្ដាញព័ត៌មានសង្គម(សម្រាប់ មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក)
- បទប្បញ្ញត្តិ ស្ដីពីការប្រើប្រាស់បដិរូប កាកបាទក្រហម ឬអឌ្ឍចន្ទក្រហម ដោយសមាគមជាតិ៕

សាខាកក្រកខេត្តបាត់ដំបងសួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ និងជនពិការ នៅស្រុកបវេល
(សាខាកក្រកខេត្តបាត់ដំបង) រសៀល ថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនិងសហការីក្នុងបានអញ្ចើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ និងជនពិការ ចំនួន ១២គ្រួសារ មកពីភូមិទាំង១០ក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំ ផ្តាំផ្ញើ សុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាជួនចំពោះប្រជាពលរដ្ឋទាំងអស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
ឯកឧត្កមបណ្ឌិតអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូពីសុខភាពឲ្យល្អរស់នៅដោយមាន អនាម័យ ហូបស្អាត ការរស់នៅស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-ឃុំយើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
អំណោយគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ វីឃែរ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ មុង១ ភួយ១និងថវិកាមួយចំនួ។ ដោយឡែកគ្រួសារជនពិការបានបន្ថែមរទេះពិការ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។

សាខាកក្រកខេត្តសៀមរាបរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅបន្ត
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសាខា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា សរុបចំនួន២០រូប។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងដោយមានរបៀបវារៈ សំខាន់ៗដូចខាងក្រោម៖
- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨
- ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០១៧ និងផែនការថវិកាឆ្នាំ២០១៨
- ត្រៀមសកម្មភាពសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកដែលបានសាងសង់អគាររួចរាល់
- ត្រៀមសកម្មភាពអបអរខួបលើកទី៦៣ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និង
- ការត្រៀមប្រារព្ធខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប

សាខាកក្រករាជធានីភ្នំពេញចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨នេះ នៅវត្តមុនីសាគរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារសាខា បាន ។
នាឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយសសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកជំទាវក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធឱរ៉ាល់១កេស តែ៥កញ្ចប់ ស្ករស៣គីឡូក្រាមនិងទឹកដោះគោ៤កំប៉ុងឬស្ករស៣គីឡូក្រាមនិងត្រីខ៤កំប៉ុង ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន៥មុឺនរៀល ៕

កាកបាទក្រហមកម្ពុជា នាំយកបច្ច័យ ទេយ្យទាន ចូលបុណ្យគម្រប់១ឆ្នាំ អតីតព្រះចៅអធិការវត្តប្រជុំនទី
កក្រក ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គណ:ប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ បាននាំយកបច្ច័យ ទេយ្យទាន ចូលបុណ្យគម្រប់១ឆ្នាំ នៃការទទួលអនិច្ចធម្ម(សុគត) ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ អតីតព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ដែលពិធីនេះប្រារព្ធនៅក្នុងវត្តប្រជុំនទី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អគ្គលេខាធិការរងទី២ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ តែងតែចងចាំជានិច្ចនូវគុណបំណាច់របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទកាលពីនៅមានព្រះជន្ម ហើយក្នុងថ្ងៃនេះកាកបាទក្រហមកម្ពុជា ក៏បានយកនូវទេយ្យវត្ថុមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់ពិធីបុណ្យគម្រប់១ឆ្នាំ ប្រគេនព្រះសព ក៏ដូចជាព្រះសង្ឃ ដែលគង់នៅវត្ដក្រពើហា ជាង២០០អង្គផងដែរ រួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ ១០កេស, ទឹកក្រូច ២០កេស, ទឹកសុទ្ធ២០កេស, តែ៥គីឡូក្រាម,ស្ករស៥០គីឡូក្រាម, កាហ្វេ៥កេស,ទឹកដោះគោខាប់៥កេស និងបច្ច័យមួយចំនួនទៀត។
សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និង ជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានទទួលអនិច្ចធម្ម (សុគត) នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ដោយសារព្រះរោគាពាធ ក្នុងព្រះជន្ម៤៨ព្រះវស្សា៕

សាខាកក្រកខេត្តបាត់ដំបងចុះសួរសុខទុក្ខជនរងគ្រោះដោយសារដំរី១ក្បាលចេញពីប្រទេសថៃដើរជាន់
សាខាកក្រកខេត្តបាត់ដំបង,នាព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាជនរងគ្រោះដោយសារដំរី១ក្បាលចេញពីប្រទេសថៃដើរជាន់ជនរងគ្រោះឈ្មោះ ចក់ កឹមហៃភេទស្រី អាយុ ៣២ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ខណៈកំពុងដេកនៅចំការបណ្តាលអោយរបួសធ្ងន់ត្រង់ស្មាបោះដៃផុត និងបាក់ឆ្អឹងជំនីចំនួន ១០ឆ្អឹងកាលពីវេលាម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ត្រង់ចំណុចភ្នំណាំសាបភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើនិងសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងបណ្តាលឱ្យមានរងរបួសនាពេលនេះ។ ទន្ទឹមនេះឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើជនរងគ្រោះ ត្រូវថែទាំសុខភាព ឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
ក្នុងឱកាសនោះឯកឧត្តមប្រធានបានបន្តចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយជនរងគ្រោះចំនួន៥គ្រសារទៀតផងដែល។
ទន្ទឹមនេះ ក៏សូមថ្លែងអំណរគុណ ចំពោះ មន្ទីរពេទ្យស្រុក ដែលបានគិតគូរយកចិត្តទុកដាក់ ជួយសង្គ្រោះភ្លាមៗនិងបានបញ្ជូនដល់បន្តដល់មន្ទីរពេទ្យបង្អែតខេត្តបានទាន់ពេលវេលា។
+អំណោយមនុស្សធម៌ ក្នុង ០១ គ្រួសារ ទទួលបានចូលរួមរំលែកជាមួយក្រុមគ្រួសារជនរងគ្រោះ រួមមាន ៖
..អង្ករ ៥០ គីឡូក្រាម.មី ២ កែស .ទឹកបរិសុទ្ធវីឃែរ ២កែស .ក្រមា ១ភួយ ១.សារុង ១.ទឹកដោះគោឆៅ ២ ឡូ.ថវិកា ១,០០០,០០០ រៀល
ដោយឡែកអ្នកជំងឺផ្សេងៗទៀតចំនួន ០៥ គ្រួសារ ទទួលបាន៖សារុង ១ .ក្រមា ១.ថវិកាមួយចំនួននិងបានឧបត្ថម្ភថវិកាដល់គ្រូពេទ្យដែលនៅមើលថែក្នុងបន្ទប់ជនរងគ្រោះនូវថវិកាមួយចំនួនផងដែរ

សិក្ខាសាលាបូកសរុប ឆ្លុះបញ្ចាំងលទ្ធផលការងារសុវត្ថិភាពចរាចរណ៍នៅ សណ្ឋាគារភ្នំពេញ
កក្រក ៖ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ កាកបាទក្រហមកម្ពុជា បានបើកសិក្ខាសាលាបូកសរុប ឆ្លុះបញ្ចាំងលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង រយៈពេល ៣ឆ្នាំ (ឆ្នាំ២០១៥-២០១៧) នៅសណ្ឋាគារភ្នំពេញដែលបានអនុវត្តក្នុងរាជធានី- ខេត្តគោលដៅ ចំនួន៨ តាមរយៈការគាំទ្រថវិកាពីអង្គការសម្ព័ន្ធអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (អង្គការ អាយអាត)។ វគ្គនេះដំណើរការក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី លោកជំទាវ មឹន មាណវី អគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និង លោក Brett Bivans អគ្គនាយករង ការិយាល័យកណ្តាល អង្គការ អាយអាត។
វគ្គនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកពីភាពជោគជ័យ កត្តាប្រឈម មេរៀនជាបទពិសោធន៍ និងអនុសាសន៍រួម ឲ្យសាខានិមួយៗ យកជាមូលដ្ឋានសម្រាប់ចងក្រងផែនការ និងអនុវត្តបន្ត។ មានសិក្ខាកាម ចូលរួមចំនួន ៧៦នាក់ (ស្រី ២១នាក់) ដែលជានាយកសាខា លោកស្រីនាយិកាសាខា មន្រ្តីសាខាកាកបាទក្រហមកម្ពុជា មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តសៀមរាប ព្រមទាំងដៃគូសុវត្ថិភាពចរាចរណ៍ មកពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល សហភាព សហព័ន្ធយុវជនកម្ពុជា អង្គការជាតិ-អន្តរជាតិ សមាគមដឹកជញ្ជូន ក្រុមហ៊ុនផលិតស្រា-ស្រាបៀ និងវិស័យឯកជន។
សិក្ខាសាលានេះ បានរកឃើញថាក្នុងចំណោមគោលដៅទាំង ៨រាជធានីខេត្ត ចំនួនគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធហានិភ័យនៃគ្រឿងស្រវឹងបានថយចុះគួរអោយកត់សំគាល់ ចំណែកការយល់ដឹងរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមតំបន់គោលដៅ បានកើនឡើងជាវិជ្ជមានប្រមាណ ៣០ភាគរយ ប្រៀបធៀបមុនអនុវត្តគម្រោង។ នៅចុងបញ្ចប់វគ្គ សិក្ខាកាមទាំង ៨ រាជធានីខេត្ត ប្តេជ្ញាយកលទ្ធផល និងអនុសាសន៍រួមពីវគ្គ យកទៅអនុវត្តបន្តនៅតាមគោលដៅរៀងៗខ្លួន។

ពិធីសំណេះសំណាលជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យ ស៊ីង ហួរ នៃសាធារណរដ្ឋប្រជាមានិតចិន
កក្រក ៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យ ស៊ីង ហួរ នៃសាធារណរដ្ឋប្រជាមានិតចិន (ជាលើកទី ២) ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា ពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី ២ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលមានការចាប់អារម្មណ៍ សិក្សាស្វែងយល់ពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាពិសេស ការងារគ្រប់គ្រងនិងឆ្លើយតបនឹងគ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការងារឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងការគ្រប់គ្រងបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ល។
ជាកិច្ចឆ្លើយតប លោក ចេង ហ្វេង ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងសិក្សារៀនសូត្របានជាច្រើន ពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបនឹងភាពរងគ្រោះរបស់ប្រជាជន បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការរងទី ២ បានជូនពរដល់គណៈប្រតិភូ សូមទទួលបានជោគជ័យក្នុងភារកិច្ច និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕