អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋមានជីវភាពខ្វះ ខាតនៅភូមិក្រឡាពាស ខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅវេលាម៉ោង ១ រសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៦ នេះឯកឧត្តម យុង គីមហ៊ាន នាយកសាខា និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសាក សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចំនួន ០៧ គ្រួសារផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះ ខាតនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះឯកឧត្តមនាយកសាខាកាក បាទក្រហមកម្ពុជាខេត្តបានលើកឡើងថាបន្ទប់ពីបានទទួលព័ត៌មានថាបងប្អូនមានការខ្វះខាតក្នុងជីវ ភាពសាខាបាននាំយកសម្ភារជួយមកសម្រាលការខ្វះខាតរបស់បងប្អូននាពេលនេះ។ជា មួយគ្នានេះលោកមេឃុំព្រីងធំ តំណាងប្រជាពលរដ្ឋទាំង០៧ គ្រួសារ សូមថ្លៃងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ពេលវេលា ។

 

ជាមួយគ្នានោះសាខាបានផ្តល់ជូនសម្ភារក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២០ គីឡូ មី១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអីុវ ១ យួរ ខោអាវ ២ កញ្ចប់ សារុង ១ មុង ១ ក្រមា ១ ភួយ ១ និងថវិកា ២០,០០០ រៀលគត់។

ប្រជាជនខ្វះខាតស្បៀង១គ្រួសារនៅភូមិសែនសំ ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌

 នៅរសៀលថ្ង្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ រួមជាមូយអនុសាខាកក្រក ស្រុកត្រពាំងប្រសាទ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារ លោកស្រី ព្រំ សារ៉ាំ ដែលកំពុងជួបការលំបាកខាងជីវភាព រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

 

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា១ ទឹកស៊ីអីវ ៦ដប និងថវិកា ៥ម៉ឺនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងចែកអំណោយមនុស្សធម៌ជូនលោកយាយ ដុំ ចាន់ថា នៅសង្កាត់ដងទង់

នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោក ឡុច ភិរ័ក្ស នាយករងសាខា បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនលោកយាយចាស់ជរាគ្នាទីពឹង ឈ្នោះ ដុំ ចាន់ថា អាយុ ៨៣ ឆ្នាំ រស់ភូមិ ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

 

នាឱកាសនោះ លោកនាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា ទោះបីលោកមិនបានចុះមកដោយផ្ទាល់ក៏តែងតែចាត់តាំងក្រុមការងារចុះជាប់ជាមួយប្រជាពលរដ្ឋដែលត្រូវការឱ្យជួយ និងស្របទៅតាមទិសស្លោក កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។

 

អំណោយដែលចែកជូនរួមមាន ៈ អង្ករ ២២ គីឡូក្រាម មី ០១កេស ទឹកត្រី ០៥លីត្រ ទឹកសីុអីុវ ០១ យួរ ត្រីខ ០១ឡូ ទឹកសុទ្ធ ០១កេស ស័ង្កសី ២០ សន្លឹក ដែកគោល ០៥ ប្រអប់ នឹងថវិកា ៥០,០០០ រៀល (ប្រាំមឺុនរៀល) ព្រមទាំងលោកចៅសង្កាត់ឧបត្ថម្ភបន្ថែមថវិកា ២០,០០០ រៀល(ពីរម៉ឺនរៀល)៕

 

កាកបាទក្រហមកម្ពុជាចូលរួមបុណ្យសព ឯកឧត្តមបណ្ឌិត មិន ឃិន

នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ គ្រួសារសព ឯកឧត្តមបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

 

ស្ថិតក្នុងវេលាដ៏សែនសោកសង្រេង និងក្ដីខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើ ការចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសូមសម្ដែងនូវសមានទុក្ខដ៏សែនក្ដុកក្ដួល សោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងជាទីបំផុត ជាមួយក្រុមគ្រួសារទាំងអស់នៃសព ដែលឯកឧត្តម មិន ឃិន គឺជាការបាត់បងឥស្សជនខ្មែរដ៏ឧត្តុងឧត្តមមួយរូបដែលបានបូជា ទាំងកម្លាំងកាយចិត្តដឹកនាំរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត យង់ឃ្នង និងចំណាយពេលវេលាមួយជីវិត របស់ ឯកឧត្តមបណ្ឌិត មិនខ្លាចការលំបាក និងភាពនឿយហត់ ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយបានទទួលស្នាកដៃ និងគុណបំណាច់យ៉ាងធំធេង។

 

ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត មិន ឃិន បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រជាជនរងគ្រោះដោយបាក់ដីច្រាំងទន្លេមេគង្គទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកជំទាវ ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧ខ្នងផ្ទះ ដែលទទួលរងគ្រោះដោយបាក់ដីច្រាំងទន្លេមេគង្គ រស់នៅភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឲ្យ ក្រុមការងារ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ ១ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០០,០០០រៀល ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះនីមួយៗ ដើម្បីជួយសម្រាលការលំបាកបណ្តោះអាសន្ន។

 

លោកជំទាវតំណាងរាស្ត្រ បានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលមានក្តីសណ្តោសប្រណីចំពោះជនរងគ្រោះគ្រប់ប្រភេទ គ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែង សម្តេច បានចាត់ក្រុមការងារចុះជួយដើម្បីសម្រាលការលំបាករបស់ ប្រជាពលរដ្ឋភ្លាមៗ ក្រោយពេលកើតហេតុ។ ទន្ទឹមនឹងនោះ លោកជំទាវ បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់មាត់ទន្លេ គួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការគ្រោះមហន្តរាយធម្មជាតិកើតឡើងដូចជា បាកច្រាំង ទឹកជំនន់ជាដើម។

 

ដើម្បីលើកទឹកចិត្ត និងអរគុណដល់ក្រុមយុវជនកាកបាទក្រហម យុវជនស.ស.យ.ក ចំនួន ៦៧នាក់ និងអាជ្ញាធរមូលដ្ឋាន ១៧នាក់ ដែលបានចូលរួមជួយជញ្ជូនសម្ភារៈពីផ្ទះប្រជាពលរដ្ឋរងគ្រោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល។ ដោយឡែក ចាស់ៗ ១៣នាក់ ដែលនៅក្បែរនោះក៏ទទួលបានថវិកាក្នុងម្នាក់ៗ ២,០០០០រៀល មុង១ ភួយ១ សារុង១ ក្រមា១ ផងដែរ។

 

គួររំលឹកថា ហេតុការណ៍បាក់ច្រាំងទន្លេមេគង្គនៅ ភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានកើតឡើងកាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ទី៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ចំនួន ១៧ខ្នងផ្ទះ៕

 

ពិធីប្រគល់អណ្តូងចំនួន ១៦ របស់កាកបាទក្រហមកម្ពុជានៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់អណ្តូងចំនួន ១៦ មានលេខរៀងពីលេខ ពី ០៤១ ដល់ ០៥៦ មានជម្រៅពី ៥០ម៉ែត ដល់ ៧០ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ស្មើមនុស្ស ១,២៥០នាក់ រស់នៅស្រុកបាកាន ស្រុកក្រគរ និងក្រុងសំពៅមាស ខេត្តពោធិ៍សាត់។

 

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខា ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ព្រមទាំង លោកយាយ លោកតា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុប ចំនួន ១៥៣នាក់។

 

នៅក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល យកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះជួបការលំបាកគ្រប់ប្រភេទដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានផ្តាំផ្ញើប្រជាពលរដ្ឋឱ្យមានអានាម័យល្អ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំឆ្អិន ពិសេស ត្រូវរួមចំណែកថែរក្សាអណ្តូងទាំងនេះឱ្យបានយូរអង្វែង។

ជាមួយគ្នានោះ អ្នកចូលរួមទាំង ១៥៣នាក់ សុទ្ធតែបានទទួលនូវថវិកា សារុង ក្រមា គ្រប់ៗគ្នា។ ដោយឡែក លោកតា លោកយាយ ទាំង ៧០នាក់ និងយុវជន ១៥នាក់ ទទួលបានថវិកាកំដដៃមួយចំនួនផងដែរ។

 

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អណ្តូងជូនប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្អាតប្រេីប្រាស់ ៕

 

និវត្តន៍ជននៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កាលពីរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ ឯកឧត្តម កង កេង អាយុ ៨០ឆ្នាំ ជានិវត្តន៍ជន អតីតមន្ត្រីបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានវ័យចាស់ជរា កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ទន្ទឹមនឹងជម្រាបជូនពីប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវអគ្គលេខាធិការរងទី ១ បានប្រគល់ជូនឯកឧត្តម កង កេង នូវអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជារួមមាន ថវិកា ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ ទឹកផ្លែមៀន មួយចំនួន។

 

ឯកឧត្តម កង កេង បានថ្លែងទាំងក្តីរំភើបដល់ស្រក់ទឹកភ្នែក ចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ដល់រូបលោក និងមិនដែលភ្លេចពីគុណបំណាច់របស់មន្ត្រីរាជការចាស់ៗដែលមានវ័យជរា ធ្លាប់បានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនជាតិរហូតដល់ចូលនិវត្តន៍នោះឡើយ៕

 

លោកអ៊ុំ អ៊ែល ឡាំងមានជំងឺ និងពិការស្លាប់មួយចំហៀងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារអ៊ុំប្រុស អ៊ែល ឡាំង ភេទប្រុស អាយុ៥៦ឆ្នាំ មានជំងឺ និងពិការស្លាប់មួយចំហៀងខ្លួនខាងឆ្វេង ហើយជាបុរសពោះម៉ាយ រស់នៅជាមួយកូនស្រី៣នាក់ នៅភូមិគោកព្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប (បច្ចុប្បន្នដោយសារកូនសុទ្ធតែស្រី និងជាប់រៀនសូត្រផង លោកបានស្នាក់នៅជាមួយប្អូនស្រីបង្កីតរបស់លោក នៅជិតផ្ទះគាត់ដែរ)។

 

មានប្រសាសន៍ក្នុងឱកាសជួបសួរសុខទុក្ខនេះ លោក ស៊ុំ សំអន នាយកសាខា បានសំដែងនូវការអាណិតអាសូរ ហើយលោកក៏បានបន្តថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

 

លោកបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារអ៊ុំប្រុសនាពេលនេះ ទើបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខនា និងនាំយកអំណោយមនុស្សធម៌ជូនពេលនេះ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ 
-អង្ករ៥០គីឡូក្រាម     -មុង២            -ភួយ២          -សារុង២        -ក្រមា២         -កន្ទេល២       -ត្រីខ២យួរ       -ទឹកត្រី១យួរ     -មី៣កេស       -ថវិកា១០ម៉ឺនរៀល

អង្គការលើកស្ទួយប្រជាពលរដ្ឋទទួលថវិកាសម្រាប់ទិញសម្ភារៈសិក្សាពីកាកបាទក្រហមកម្ពុជា

 នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន $១៨,០៦០ (មួយម៉ឺនប្រាំបីពាន់ហុកសិបដុល្លារអាមេរិក) ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូនអង្គការលើកស្ទួយប្រជាពលរដ្ឋ ដើម្បីទិញ តុ និង កៅអីចំនួន ៣១៨ឈុត ជូនសិស្ស និងគ្រូ សម្រាប់បំពាក់នៅអគារសិក្សាថ្មីមួយខ្នងកម្ពស់ ៦ជាន់ ដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ២២៤MC ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល យកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្ត ជាច្រើនលើកច្រើនសារ ពិសេស ជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

 

លោកស្រី បានបន្តថា ទាំងនេះ គឺជាគុណបំណាច់ដ៏ធំធេងបំផុត ដែលសិស្ស គ្រូ និងអាណាព្យាបាលសិស្ស បានទទួលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាក់ស្តែង អគារសិក្សាថ្មីនេះ អាចសាងសង់លេចជារូបរាងឡើង ដោយសារថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥ម៉ឺនដុល្លារ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានឧបត្ថម្ភ ឡាន Bus ៤៥កៅអី ១គ្រឿង និងឡានវ៉ែន ១២កៅអី ១គ្រឿងផងដែរ។ ដោយឡែក នៅឆ្នាំ ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ទិញសំលៀកបំពាក់សិស្សចំនួន ១៣០០កំប្លេ ទៀតផង។

 

សូមបញ្ជាក់ថា អង្គការលើកស្ទួយប្រជាពលរដ្ឋ ទីតាំងបីកន្លែងស្ថិតនៅ បុរីកីឡា បុរីសន្តិភាព២ និងទីតាំងស្ទឹងមានជ័យ នេះ ដែលមានសិស្សសរុបចំនួន ១៤០០នាក់ សុទ្ធសឹងជាកុមាររើសអេតចាយ និងកុមារក្រីក្រ។ អង្គការនេះ បានប្រើប្រាស់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្រៀនសិស្សពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ៧ ជាភាសាខ្មែរ ភាសាអង់គ្លេស និងជំនាញផ្សេងៗ៕

វគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចី និងសេវាកម្មជនពិការ

នារសៀលថ្ងៃទី០៧/០៩/១៦ គម្រោងកម្មវិធីសុវត្ថភាពសហគមន៍ ដឹកនាំដោយលោក មុំ ភិរក្ស ប្រធានគម្រោង​និងសហការី បានសហការជាមួយសាខា និងអនុសាខាស្រុកអន្លង់វែងបើកវគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចីឥតការប្រាក់ និងអប់រំការយល់ដឹងពីមីន និងសេវាកម្ម ជនរងគ្រោះដោយសារគ្រប់មីន  ជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងចំនួន២០ នាក់ស្រី៨នាក់ ក្នុងគោលបំណងបំប៉នចំណេះដឹងជូនអ្នកស្ម័គ្រចិត្ត​ និងបន្ត អនុវត្តផ្សព្វផ្សាយនៅក្នុងសហគមន៍ពួកគេ ឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយជាងមុន។

First Prev 42 43 44 45 46