អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឬស្សីកែវទទួលអំណោយសប្បុរសធម៌ជា ថវិកា និងឥដ្ឋការ៉ូ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាច​ថ្ងៃពុធ ១០រោច ខែមិគសិរ​ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១៣ ខែធ្នូ គ.ស២០១៧ នៅសាលា​ខណ្ឌឬស្សីកែវ​ អនុសាខាកាកបាទ​ក្រហមកម្ពុជា​ខណ្ឌ ដឹកនាំ​ដោយ ឯកឧត្តម ជា ពិសី ​ប្រធាន​គណៈកម្មាធិការ​អនុសាខា បានទទួល​អំណោយសប្បុរសធម៌​ជា ថវិកាចំនួន១.៨០០ដុល្លារ​សហរដ្ឋអាមេរិក និងឥដ្ឋការ៉ូ​ចំនួន៧៥កេស ពីសមាគម​សេដ្ឋកិច្ច ចិន-ខ្មែរ ក័ងតុង ។

នាឱកាសនោះ ឯកឧត្តម​ប្រធានគណៈកម្មាធិការ​អនុសាខា បាន​ប្រសាសន៍សូមថ្លែងអំណរគុណ​ចំពោះសមាគម​សេដ្ឋកិច្ច ចិន-ខ្មែរ ក័ងតុង ដែលបាននាំយក​អំណោយមក​ប្រគល់ជូនដល់​អនុសាខា សម្រាប់ជាប្រយោជន៍​ក្នុងការបម្រើ​សកម្មភាព​មនុស្សធម៍ សំដៅជួយ​ដល់ជនរងគ្រោះ និងងាយរងគ្រោះ​ដោយប្រការផ្សេងៗ ។

ដោយឡែក​នាឱកាសនោះ​ដែរ អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌឬស្សីកែវ ក៏បានជួយ​ឧបត្ថម្ភថវិកាចំនួន៨០០ដុល្លារសហរដ្ឋ​អាមេរិក ជូនដល់​លោក ម៉េត ស្លៃម៉ាន ជាជន​ពិការជើង និងមានជម្ងឺ ដែលមានជីវភាពខ្វះខាត រស់នៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ដើម្បីទិញជើងសិប្បនិម្មិតថ្មី និងដោះស្រាយបញ្ហាផ្សេងៗក្នុងជីវភាព ព្រមទាំងបាន​ប្រគល់ថវិកាចំនួន២០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវផងដែរ ៕

 

កាកបាទក្រហមកម្ពុជាប្រគល់អង្ករជូនអនុសាខាកក្រក ខណ្ឌទាំង ១២ក្នុងរាជធានីភ្នំពេញ

កក្រក ៖ នៅទីស្នាក់ការ​កណ្តាល​ នាព្រឹកថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់​អំណោយ​ជាអង្ករ​ចំនួន ៩០តោន ជូនដល់អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ​ដោយអនុសាខា​នីមួយៗទទួល​បានអង្ករ​ចំនួន ២៥០ការុង ស្មើនឹង ៧តោន និង ៥០០គីឡូក្រាម។

 

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ដែលផ្តាំសួរ​សុខទុក្ខ និងកោតសរសើរ ដល់អនុសាខា​ខណ្ឌទាំង១២ ដែលតែងតែបានធ្វើ​សកម្មភាពជា​បន្តបន្ទាប់​តាមគោលការណ៍គ្រឹះទាំង ៧ ចុះជួយ​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងអ្នកដែល​ត្រូវការឱ្យជួយ​ដល់លំនៅឋាន​ក្នុងនោះមាន​ ចាស់ជរាឥតទីពឹង ​ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ ​អ្នកមានជំងឺរ៉ាំរ៉ៃ ​អ្នករស់នៅជាមួយ​មេរោគអេដស៍។ល។ ហើយថ្ងៃនេះទៀត ទីស្នាក់ការ​កណ្តាលកាកបាទក្រហ​មកម្ពុជា ​បានផ្តល់ អង្ករចំនួន ៧តោន និង ៥០០គីឡូក្រាម ដល់អនុសាខា​នីមួយៗ គឺសម្រាប់អនុសាខា​យកទៅចាត់ចែងផ្តល់​ជូនដល់អ្នកងាយ​រងគ្រោះបំផុតចំនួន ២៥០គ្រួសារ ក្នុង​បូរណភាពទឹកដីនៃខណ្ឌ​នីមួយៗឲ្យមាន​ប្រសិទ្ធភាព ដោយមិនមាន​ការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

 

សូមបញ្ជាក់ជូនថា កាកបាទក្រហម​កម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ដល់អនុសាខាទាំង ១២ខណ្ឌ បានចំនួន ៦លើករួចមកហើយ ហើយដែលថ្ងៃនេះ គឺជាការផ្តល់ជូនលើកទី ៧៕

 

កាកបាទក្រហមកម្ពុជាទទួលអង្ករពីក្រុមហ៊ុនហ្គូហុង (GUOHONG) នៅកម្ពុជា

កក្រក ៖ នៅទីស្នាក់ការកណ្តាល​ នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួល​អង្ករក្រអូប​ផ្កាម្លិះចំនួន ៤៤០តោន ដែលជាអំណោយ​របស់រដ្ឋាភិបាល​តំបន់ស្វយ័ត​ក្វាងស៊ីប្រទេសចិន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា​ ដែលវេចខ្ចប់អង្ករដោយ​ក្រុមហ៊ុនហ្គូហុង (GUOHONG) នៅកម្ពុជា។

 

ក្នុងឱកាសទទួល​អំណោយនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​សួរសុខទុក្ខ និងថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ប្រតិភូនៃ​ក្រុមហ៊ុនហ្គូហុង ដឹកនាំដោយ លោក សុង យុងហ្សុន (SONG Yongzhong) ប្រធានគ្រប់គ្រង​ទូទៅ ដែលបាន​វេចខ្ចប់ និងនាំយកអង្ករជា​អំណោយរបស់រដ្ឋាភិបាល​តំបន់ស្វយ័តក្វាងស៊ីប្រទេសចិន មកជូនរាជរដ្ឋាភិបាល​កម្ពុជា ហើយប្រគល់​ជូនមកកាកបាទក្រហម​កម្ពុជា។ លោកជំទាវ បានបញ្ជាក់ថា​ កាកបាទក្រហម​កម្ពុជា នឹងអនុវត្តតាម​ការណែនាំរបស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត នាំយកអង្ករ​ទាំងនេះទៅចែកជូន​ប្រជាពលរដ្ឋ​ដែលខ្វះខាតស្បៀង​ខ្លាំងបំផុតរួមមាន ចាស់ជរាគ្មានទីពឹង គ្រួសារមាន​ជំងឺរ៉ាំរ៉ៃ គ្រួសារស្រី្តមេម៉ាយ​មានកូនច្រើន គ្រួសារអ្នករស់​នៅជាមួយមេរោគអេដស៍ គ្រួសារជនពិការ។ល។ ឱ្យបានទាន់​ពេលវេលា ដោយមិនទុក​ឱ្យអ្នកដែលត្រូវការ​ឱ្យជួយនៅរង់ចាំយូរឡើយ។

 

ទន្ទឹមនឹងនោះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជន​ចិន ដែលតែងតែ​ជាមិត្តដ៏ល្អរបស់ព្រះរាជា​ណាចក្រកម្ពុជា នៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ លោក សុង យុងហ្សុន តំណាង​ឱ្យរដ្ឋាភិបាលតំបន់​ស្វយ័តក្វាងស៊ីប្រទេសចិន និងប្រជាជនចិន ក៏បានថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា និងកាកបាទក្រហម​កម្ពុជា ដែលអនុញ្ញាតឱ្យ រដ្ឋាភិបាល និងប្រជាជនចិន បានចូលរួមចំណែកការងារមនុស្សធម៌មួយផ្នែក តាមរយៈ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ តំណាងឱ្យ រដ្ឋាភិបាល និងប្រជាជនចិន លោក សុង យុងហ្សុន ប្តេជ្ញាបន្តពង្រឹងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន-ប្រទេសទាំងពីរគ្រប់កាលៈទេសៈ ឱ្យកាន់តែស្អិតរមួត និងយូរអង្វែងថែមទៀត ជាពិសេស បន្ថែមការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ពីត្រឹមជាងពាន់តោនក្នុងឆ្នាំ ២០១២ រហូតដល់ ៣០ម៉ឺនតោន ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។

 

សូមបញ្ជាក់ថា នេះជាលើកទី ៣ ដែលកាកបាទក្រហមកម្ពុជា បានទទួលអំណោយអង្ករពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ដែលវេចខ្ចប់ដោយក្រុមហ៊ុនហ្គូហុង (GUOHONG) នៅកម្ពុជា៕

 

ពិធីប្រគល់អណ្ដូងទឹកស្អាត ជាផ្លូវការ ជូនប្រជាពលរដ្ឋភូមិអន្លង់ស្អំ ស្រុកថាឡាបរិវ៉ាត់

កក្រក ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហ​មកម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំ​ពិធីប្រគល់​អណ្ដូងទឹកស្អាត​ចំនួន ៧ ឱ្យប្រើប្រាស់​ជាផ្លូវការ ជូន​ប្រជាពលរដ្ឋ​ចំនួន ១៣៥ គ្រួសារ ស្មើនឹង ៦២៣ នាក់។ ពិធីនេះប្រព្រឹត្ត​ទៅនៅភូមិ​អន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមាន​ការចូលរួមពី ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា និងមានការអញ្ជើញ​ចូលរួមពីលោកស្រី សន សុខា អនុប្រធានគណៈកម្មាធិការ ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង​ មន្ត្រីសាខា-អនុសាខា យុវជន និងប្រជាពលរដ្ឋចំនួន ៧០ នាក់។

 

មានប្រសាសន៍នា​ឱកាសនោះ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងមាន​ប្រសាសន៍ផ្ដាំផ្ញើ ​ដល់ប្រជាពលរដ្ឋ​ ដែលចូលរួម​ក្នុងពិធីនោះមាន៖ 


១, សូមថែរក្សាសុខភាពឱ្យបាន​ល្អប្រសើរ ជាពិសេសត្រូវពិសារទឹកឆ្អិនជាប្រចាំ
២, សូមចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង់យូអង្វែង
៣, ត្រូវមានការប្រុងប្រយ័ត្ន និងស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់ មុននឹងធ្វើចំណាកស្រុក ជៀសវាងចាញ់បោកជនខិលខូច។ 
៤, ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។ 
៥, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។

 

ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១។ ក្រោយពីទទួលបានសមិទ្ធផលនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

 

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូនអណ្ដូងទឹកស្អាតចំនួន ២៦៧ អណ្ដូង ដល់ប្រជាពលរដ្ឋ នៅតាមជនបទ ក្នុងខេត្តចំនួន ៩ ដែលក្នុងនោះខេត្តស្ទឹងត្រែង ទទួលបាន ៤២ អណ្ដូង រួមមាន ស្រុកថាឡាបរិវ៉ាត់ ចំនួន ៣៥ អណ្ដូង និងស្រុកសៀមបូក ចំនួន ៧ អណ្ដូង៕

 

វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបអំពើហិង្សាក្នុងកម្មវិធីសុខភាពសហគមន៍ និងសង្គ្រោះបឋមនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧ នៅសាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំ​បើកវគ្គបណ្តុះបណ្តាល​ស្តីពីការបញ្ជ្រាប​អំពើហិង្សាក្នុង​កម្មវិធីសុខភាព​សហគមន៍ និងសង្គ្រោះបឋម ក្រោមការ​អញ្ជើញចូលរួម​ពីសំណាក់​លោកជំទាវ យូ សុគន្ធ ប្រធាន​គណៈកម្មាធិការសាខា ដោយមានការ​ឧបត្ថម្ភគាំទ្រ​ដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧ រួមជាមួយ​នឹងសិក្ខាកាម​ចូលរួមទាំងអស់​សរុបប្រមាណ ២៥នាក់ (ស្រី ៩នាក់) មកពី ១៩សាខា និងមន្ត្រីមក​ពីទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា។

 

វគ្គបណ្តុះបណ្តាល​នេះមានគោលបំណង​ ដើម្បីពង្រឹងសមត្ថភាព​ដល់មន្ត្រីសាខា អនុសាខា ស្តីពីការបញ្ជ្រាបអំពើ​ហិង្សាក្នុង​កម្មវិធីសុខភាព​សហគមន៍ និងសង្គ្រោះបឋម និងធ្វើការផ្សព្វផ្សាយ​បន្តដល់សហគមន៍រៀងៗខ្លួនផងដែរ៕

 

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ ដឹកនាំដោយ លោក ​សក់ ច័ន្ទកញ្ញារិទ្ធ ប្រធាន​គណៈកម្មាធិការ​អនុសាខា បានចុះសាកសួរ​សុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ទៅផ្តល់​ជូនប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារអគ្គីភ័យឆេះ​ផ្ទះសម្បែង​អស់៥ខ្នងផ្ទះ ស្មើនឹង៥គ្រួសារ កាលពីរសៀល​ថ្ងៃទី ១១ ខែ ធ្នូ​ ឆ្នាំ ២០១៧ ស្ថិតនៅភូមិផ្សារ​ទឹកថ្លា សង្តាត់ទឹកថ្លា ។​

 

នាឱកាសនោះ លោកប្រធាន​គណៈកម្មាធិការ​អនុសាខា បានពាំនាំនូវ​ការចូលរួមសោកស្តាយ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ជាមួយគ្រួសារ​រងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមាន​ជីវិតរស់នៅ គឺបងប្អូនអាចប្រកប​របររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារ​ឡើងវិញ ។ ជាមួយគ្នានោះ​ លោកក៏សូមអំពាវនាវ​ក្រើនរំលឹកដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់សូមប្រុងប្រយត័្ន​ឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

 

អំណោយមនុស្សធម៌ដែល​គ្រួសារនីមួយៗទទួលបានរួមមាន៖ ថវិកាចំនួន៦០មុឺនរៀល មី២កេស ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស​ ​ទឹកដោះគោ១០កំប៉ុង ស្ករស១១កញ្ចប់ អំបិល១គីឡូក្រាម តែ១០កញ្ចប់ មុង១ ភួយ១ កន្ទេល១ ខ្នើយ១ តង់១ ។ ក្នុងនោះក្រុមការងាររបស់​ក្រសួងសុខាភិបាល បានចូលរួមជួយឧបត្ថម្ភនូវ ថវិកាចំនួន៤០ម៉ឺនរៀល និងគ្រឿងឧបភោគ​បរិភោគចំនួន៤មុខ ៕

 

ពិធីប្រគល់អណ្ដូងទឹកស្អាតជូនប្រជាជនស្រុកឆែបរបស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំ​ពិធីប្រគល់​អណ្ដូងទឹកស្អាត​ចំនួន១៥ ឱ្យប្រើប្រាស់​ជាផ្លូវការ ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៤៥ គ្រួសារ ស្មើនឹង ១,២៥៤ នាក់។ ពិធីនេះប្រព្រឹត្ត​ទៅនៅភូមិគុណភាព ​ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការ​ចូលរួម​ពីសំណាក់ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញ​ចូលរួមពីលោក រ៉ាត់ សោភា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រះវិហារ មន្ត្រីសាខា-អនុសាខា យុវជន និងប្រជាពលរដ្ឋចំនួន ៨០ នាក់។

 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងមានប្រសាសន៍ផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនោះមាន៖ 
១, សូមថែរក្សាសុខភាពឱ្យបាន​ល្អប្រសើរ ជាពិសេសត្រូវពិសាទឹកឆ្អិនជាប្រចាំ
២, សូមចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូអង្វែង
៣, ត្រូវមានការប្រុងប្រយ័ត្ន និងស្វែង​រកព័ត៌មានឱ្យបានគ្រប់គ្រាន់ មុននឹងធ្វើចំណាកស្រុក ជៀសវាងចាញ់បោកជនខិលខូច។ 
៤, ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។

ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១។ ក្រោយពីទទួល​បានសមិទ្ធផលនេះ ប្រជាពលរដ្ឋ​មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែង​នូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណ​ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាល​តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដោយ​មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា អណ្ដូងចំនួន១៤ ស្ថិតនៅក្នុង​ឃុំឆែបពីរ ស្រុកឆែប និងអណ្ដូង​ចំនួន១ ស្ថិតនៅឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ៕

 

 

កាកបាទក្រហមកម្ពុជាចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្ម

កក្រក​ ៖​ ស្របពេលដែល ប្រជាកសិករ ខ្មែរ​កំពុងនាំគ្នា​ប្រមូលផល​ស្រូវ នៅព្រឹកថ្ងៃទី​ ១១​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ស្ត្រីទី១​ នៃកម្ពុជា​ និងជាប្រធាន​កាកបាទក្រហមកម្ពុជា​​ រួមជាមួយថ្នាក់ដឹកនាំ-ភរិយាថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ យុវជន​ អ្នកស្ម័គ្រចិត្ត​ និងប្រជាពលរដ្ឋជាច្រើននាក់​ទៀត បាននាំគ្នា បានប្រមាណជាង​ ២ហិកតា​ ជូនប្រជាពលរដ្ឋ​ដែលខ្វះខាត​កម្លាំងពលកម្ម​ រស់នៅភូមិព្រៃខ្វាវ​ ឃុំត្រពាំងធំខាងជើង​ ស្រុកត្រាំកក់​ ខេត្តតាកែវ។

 

ជាមួយគ្នានោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងគណៈប្រតិភូ​ បានចូលរួម​ជាមួយប្រជាពលរដ្ឋ ​ជួយបោកស្រូវ​ ដាល់អំបុក និងទស្សនា​សមិទ្ធផល​កសិផលនានា​ និងសិប្បកម្មដំដែក​​នៅក្នុងភូមិ​ ព្រមទាំងចុះសំណេះសំណាល​-សួរសុខទុក្ខ​ លោកយាយ​លោកតា​ ប្រជាពលរដ្ឋ​ដែលអញ្ជើញ​ចូលរួមទៀតផង៕

 

វគ្គបណ្ដុះបណ្ដាល ផ្ដល់សិទ្ធិអំណាចដល់យុវជន ក្នុងសហគមន៍

កក្រក ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការ​កណ្ដាល កាកបាទក្រហម​កម្ពុជា បានរៀប​ចំវគ្គបណ្ដុះបណ្ដាល​ ការផ្ដល់សិទ្ធិអំណាច​ដល់យុវជន ក្នុងសហគមន៍ Youth Empowerment in Community Action Program  ក្រោមប្រធានបទ​ " យុវជនចូលរួម​ចំណែកដើម្បី​សុវត្ថិភាព​សហគមន៍ ​និងបរិស្ថានស្អាត" ។ វគ្គបណ្ដុះបណ្ដាល​នេះ ប្រព្រឹត្តិទៅ ក្រោមអធិបតី​ភាព ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការ​រងទី២ កាកបាទក្រហម​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី មន្ត្រីបច្ចេកទេស មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ មន្ត្រីទីស្នាក់ការកណ្ដាល និងយុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សា ទាំង ២១ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១១០ នាក់។

 

វគ្គបណ្ដុះបណ្ដា​លនេះ នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដែលនឹងផ្ដោត​សំខាន់ទៅ​លើចំណុច​សំខាន់ៗមួយចំនួន រួមមាន៖


១- ជំរុញយុវជន​ឱ្យមានភាពក្លាហាន​ក្នុងការនិយាយជាសាធារណៈ
២- របៀបនៃការ​ធ្វើការងារ​ក្នុងសហគមន៍
៣- ផលប្រយោជន៍​នៃបរិស្ថានស្អាត និងផល ប៉ះពាល់នៃ​ការបំពុលបរិស្ថាន
៤- ការផ្ដល់សិទ្ធិអំណាច​ដល់យុវជន​ក្នុងការអនុវត្តការងារ និង
៥- ការជំរុញឱ្យយុវជន និស្សិត និងប្រជាជនកម្ពុជា ចូលរួមថែរក្សា អនាម័យ បរិស្ថាន។

 

គួរបញ្ជាក់ផង​ដែរថា វគ្គនេះរៀបចំឡើងបាន បន្ទាប់ពីមន្រ្តី​កាកបាទក្រហមកម្ពុជា បាទទួលវគ្គ បណ្ដុះបណ្ដាល នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែលរៀបចំ គាំទ្រ និងសម្រប​សម្រួល ដោយមន្ដ្រី សហព័ន្ធអន្ដរជាតិ ប្រចាំនៅ​ទីក្រុងបាងកក៕ 

 

កាកបាទក្រហមកម្ពុជា អបអរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ

កក្រក៖ នាព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៧ ​កាកបាទក្រហម​កម្ពុជា ទទួលបាន​កិត្តិយសពី​ លោកជំទាវ ឃួន សុដារី អនុប្រធាន​កាកបាទក្រហមកម្ពុជា​និងជាតំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​បានអញ្ជើញ​ជាអធិបតីភាព ​ក្នុងពិធីអបអរ​យុទ្ធនាការ ១៦ថ្ងៃ (២៥ វិច្ឆិកា ២០១៧ - ១០ ធ្នូ ២០១៧) ដើម្បីលុបបំបាត់​អំពើហិង្សា​លើស្ត្រី និងកុមារ ក្រោម​ប្រធានបទ “មិនទុកនរណា​ម្នាក់ចោល : បញ្ឈប់អំពើ​ហិង្សាលើស្ត្រី និងក្មេងស្រី”។ ក្នុងពិធីអបអរ​យុទ្ធនាការ ១៦ថ្ងៃនេះ​មានអ្នកចូលរួម​សរុបចំនួន ២១៦នាក់ មានតំណាង​ក្រសួងកិច្ចការ​នារី តំណាងសហព័ន្ធ​អន្តរជាតិ សាកលវិទ្យាធិការ និងយុវជន​កាកបាទក្រហមកម្ពុជា។

 

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ​អនុប្រធាន បានមាន​ប្រសាសន៍ថា នេះជាលើក​ទី១ដែលកាកបាទក្រហម​កម្ពុជា បានសហការ​ជាមួយក្រសួង​កិច្ចការនារី រៀបចំ​យុទ្ធនាការនេះឡើង​ក្នុងគោលបំណង ​លើកកម្ពស់​សេចក្តីថ្លៃថ្នូរបស់​មនុស្សជាតិ លើកកម្ពស់​យេនឌ័រ លើកម្ពស់​វប្បធម៌អហិង្សា និងបំផុស​ឲ្យមានការចូលរួមពីយុវជន​ទាំងអស់ ដើម្បី​លុបបំបាត់​អំពើហិង្សាលើស្ត្រី និងកុមារ ព្រោះថាយុវជនជា​ភ្នាក់ងារក្នុងផ្លាស់ប្តូរ​ឥរិយាបថ​របស់សង្គមជាតិ ហើយយកចំណេះដឹង​ដែលកាកបាទក្រហម​កម្ពុជា បានចុះផ្សព្វផ្សាយ​ដល់យុវជនក្នុងយុទ្ធនាការ​ ១៦ថ្ងៃនេះ បន្តផ្សព្វផ្សាយ​ដល់មិត្តភក្តិ និងប្រជា​ពលរដ្ឋដែលនៅ​ជុំវិញខ្លួន ហើយដើម្បីលុប​បំបាត់វប្បធម៌​ហិង្សានេះបាន លុះត្រាតែចាប់ផ្តើម​ពីយើងទាំងអស់គ្នា។

ទីបញ្ចប់លោកជំទាវ​អនុប្រធាន បានថ្លែងអំណរគុណ ចំពោះការចូលរួម​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងយុវជន​ទាំងអស់ដែលចំណាយ​ពេលវេលាដ៏មានតម្លៃ មកចូលរួម​ក្នុងពិធីអបអរយុទ្ធនាការ ១៦ថ្ងៃនេះ និងសូមជូនពរ ឲ្យមានសុខភាពល្អ សុភមង្គល និងសម្រេច​បានតាមបំណង​ប្រាថ្នា ព្រមទាំងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

សូមបញ្ជាក់ ក្នុងកម្មវិធីបិទយុទ្ធនាការ ១៦ថ្ងៃ (បូពណ៌ស) ដើម្បីលុប​បំបាត់អំពើហិង្សាលើស្ត្រី និងកុមារ ក្រោមប្រធានបទ “មិនទុកនរណា​ម្នាក់ចោល : បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី” មានការ​សម្តែងឈុតអប់រំអំពីអំពើហិង្សា ក្នុងគ្រួសារ ដែលសម្តែង ដោយយុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ព្រមទាំងមានសំណួរ-ឆ្លើយអំពីយុទ្ធនាការ ១៦ថ្ងៃ និងបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ។

 

First Prev 59 60 61 62 63 Next Last