
ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកគាស់ក្រឡទទួលអំណោយមនុស្សធម៌
សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានសហការជាមួយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខ ទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៦១គ្រួសារ ក្នុងស្រុកចំនួន២ក្នុង ខេត្តបាត់ដំបង រួមមាន ស្រុកមោងឬស្សីចំនួន ២៦គ្រួសារក្នុង ឃុំកកោះ និងឃុំតាលាស់ ប៉ះពាល់ធ្ញន់ធ្ញរចំនួន៥គ្រួសារ ស្រុកគាស់ក្រឡចំនួន ៣៥ គ្រួសារ ប៉ះពាល់ធ្ញន់ធ្ញរចំនួន ៤គ្រួសារ ក្នុងឃុំដួនបា ដែលរងគ្រោះកាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៧ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយអគ្គី ភ័យ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើ អោយបាត់បង់និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធវិឃែរ១កេស ក្រមា១ សារ៉ុង ១ ផងដែរ៕បញ្ជាក់៖អង្ករ និង មី ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ។

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកពួកទទួលអំណោយមនុស្សធម៌
សាខាកក្រកខេត្តសៀមរាប៖ នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ នៅវត្តធិបតី ឃុំត្រីញ័រ ស្រុកពួក ឯកឧត្តម សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ចំនួន ៣៨គ្រួសារ (រលំ៩ខ្នង របើកដំបូល២៦ខ្នង និងរបួស៣នាក់) មកពីឃុំ ត្រីញ័រ ឃុំសសរស្ដម្ភ និង ឃុំល្វា ស្រុកពួក។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម ក៏បានបន្តថា រដូវភ្លៀងធ្លាក់ជិតចូលមកដល់ហើយ បងប្អូនទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ពិសេសសុខភាពកូនៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន
- គ្រូសាររលំ ក្នុង១គ្រួសារទទួលបាន៖ ស័ង្កសី១០សន្លឹក អង្ករ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល
- គ្រួសាររបើកដំបូលក្នុង១គ្រួសារទទួលបាន៖ តង់១ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល
- អ្នករបួសម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ
សាខាកក្រក ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋចំនួន ៧៣ គ្រួសារ ៦ឃុំ ១៤ភូមិ នៅ ស្រុកទ្រាំង ខេត្តតាកែវ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ( រលំទាំងស្រុង ៨ ខ្នង របើកដំបូល ឬជញ្ជាំង ៦៣ ខ្នង )។
នាឱកាសនោះលោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែ យកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន :
អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់៨គ្រួសារដែលរលំផ្ទះទាំងស្រុង។

ខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តព្រែកស្តី
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ពីព្រះតេជគុណនៅ សុគន្ធថៃ (លោក តាហួ) ស្ថិតនៅវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី ) ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ នៅ សុគន្ធថៃ ដែលមានទឹកព្រះទ័យជ្រះថ្លា នាំយកទេយ្យទានសប្បុរសធម៌ទាំងនេះមកសាខា ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានសប្បុរសធម៌ទាំងអស់នេះជួយឲ្យដល់ដៃជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម។
ទេយ្យទានទាំងនោះរួមមាន ៖ អង្ករ ៣៦៥គីឡូក្រាម មី ៤០កេស ស្កស ៥០គីឡូក្រាម ត្រីខ ២កេស និងតែ ២០០កញ្ចប់ផងដែរ៕

ពិធីប្រគល់អណ្តូងទឹកស្អាតជូនដល់ប្រជាជននៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី
សាខាកក្រកខេត្តរតនគិរី ៖នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត ចំនួន១៤ (មានលេខរៀងពីទី ០២៨ដល់ទី ០៤១) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងនាយក សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជននៅតំបន់ដាច់ស្រយាលនិងផ្លូវពិបាកធ្វើដំណើរ ព្រមទាំងខ្វះខាតទឹកប្រើប្រាស់ចំនួន ២៥០ គ្រួសារស្មើនឹង ១,៦៦០ រស់នៅឃុំ ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និង ឃុំ បរខាំ។
នាឱកាសនោះផងដែរ ឯកឧត្តមវេជ្ជ. បានពាំនាំបណ្តាំផ្ញើរបស់សម្តេចកិត្តិបណ្ឌិត សូមជួយថែរក្សាអណ្តូងអោយយូរអង្វែង និងមានអនាម័យជុំវិញអណ្តូង។ ស្ត្រីចាប់ពីវ័យបន្តពូជត្រូវទៅទទួលសេវាពីមណ្ឌលសុខភាពដើម្បីកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ។ គោរពច្បាប់ចរាចរ និង បើកបរប្រកបដោយសុវត្ថិភាព។ ជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។
ប្រជាពលរដ្ឋចំនួន ២០០នាក់ ដែលចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥតឧបមាក្រោយទទួលបានសមិទ្ធផលថ្មីនេះ ហើយស្ត្រីម្នាក់ៗទទួលបាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។
សូមបញ្ជាក់ថា អណ្តូងទាំងនេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៥០ គ្រួសារ ស្មើមនុស្ស ១,៦៦០ នាក់ នៅឃុំ ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និងឃុំ បរខាំ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។
មកទល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតចំនួន ៤១ អណ្តូង តាំងពីឆ្នាំ ២០១០មក ។ដោយឡែកនេះជាជំហានទី២ ចំនួន ១៤ ចំណាយទឹកប្រាក់អស់ ៣៩.០៥២,២២ ដុល្លាអាមេរិក។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង
សាខាកក្រកខេត្តបាត់ដំបង៖ នៅឃុំព្រៃខ្ពស់ស្រុកបវេលនាព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចុះ សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ដែលមានជីវភាពខ្វះខាតខ្លាំង សរុបចំនួន៤៥គ្រួសារ ដែលបានជ្រើសរើសមកពីតាមភូមិទាំង១០ ក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោលគឺ ឲ្យតែប្រជាពលរដ្ឋរស់នៅលើទឹកដីខ្មែរហើយទទួលរងគ្រោះ សុទ្ធតែទទួលបានការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជាគ្រប់ៗគ្នា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង ណែនាំកូនចៅអោយជៀសឆ្ងាញពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់គ្នា ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវិឃែរ១កេស មី១ កេសន ក្រមា១ សារ៉ុង១ និងថវិកាចំនួន៣មុឺនរៀល ៕បញ្ជាក់៖អង្ករ និងមី ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថវិកាជាអំណោយក្រុមការងារចុះជួយឃុំ ដោយឡែកគ្រួសាររងគ្រោះដោយរន្ទះបាញ់មួយគ្រួសារបន្ថែមថវិកា៥ម៉ឺនរៀលផងដែរ ។

សាខាកក្រកខេត្តព្រះវិហារជួយលើកផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧ នេះឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ មន្រ្តីប្រតិបត្តិ អនុសាខា និងអ្នកស្ម័គ្រចិត្ត បានចុះជួយលើកផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលផ្ទះរបស់គាត់ត្រូវភ្លើងឆេះកាលពី ២ ឆ្នាំមុនតែគ្មានលទ្ធភាពសាងសង់ឡើងវិញ ស្របទៅតាមគោល ការណ៍គ្រឹះរបស់ចលនា ក្នុងចូលរួមលើកតម្លៃមនុស្ស សាខាកាកបាទ ក្រហមកម្ពុជា រួមជាមួយសប្បុរសជនជួយសង់ផ្ទះជូន ដែលធ្វើអំពីឈើ ប្រក់សង្ក័សី ទំហំ ៨ម×៩ម ។
សូមបញ្ជាក់នេះជាផ្ទះទី ១៣ ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារបានសាងសង់ជូនបងប្អូនប្រជាពលរដ្ឋទីទល់ក្រ។

ខេត្តស្វាយរៀងប្រជុំស្តីពីការត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា
សាខាកក្រកខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំប្រារព្វមិទ្ទិញអបអរសាទរខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា សរុបចំនួន ១៣ នាក់ ។

ប្រជាជនខ្វះខាតស្បៀងនៅសង្កាត់ជ្រោយចង្វាទទួលអំណោយមនុស្សធម៌
សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ជ្រោយចង្វារ ដឹកនាំដោយ លោកស្រី សុខ ណារី សមាជិកាក្រុមកាកបាទក្រហមសង្កាត់ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០គ្រួសារ រស់នៅក្នុងភូមិ៣ ។
នាឱកាសនោះ លោកស្រីសមាជិកា បានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ជាក់ស្តែងដូចជាពេលនេះ ពោលការជួយរបស់កាកបាទក្រហមកម្ពុជា ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្មគ្រ័ចិត្ត ឯកភាព សកលភាព ។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម ទឹកដោះគោឆៅ៦កំប៉ុង និងថវិកាចំនួន២០.០០០រៀល ៕

វេទិកាយុវជន ស្តីពី "យុវជន និងបេសកកម្មកាកបាទក្រហម" ឆ្នាំ២០១៧
កក្រក ៖ ដើម្បីចូលរួមអបអរខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ ក្រោមប្រធានបទ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំឱ្យមាន វេទិកាយុវជន ស្តីពី "យុវជន និងបេសកកម្មកាកបាទក្រហម" ក្រោមការបកស្រាយពីយុវជនជាវាគ្មិន មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
វេទិកានេះ ប្រព្រឹត្តទៅនៅស្ទូឌីយ៉ូទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីលោក រ៉ូមេន ប៉ារ៉ាម៉ូនូវ (Roman Paramonov) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទីប្រឹក្សាយុវជន យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងនិស្សិតសាកលវិទ្យាល័យ សរុបប្រមាណ ១៣៥នាក់៕