អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ

យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យគូលែនចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

សាខាកក្រក​ខេត្តព្រះវិហារ​៖ នៅព្រឹក​ថ្ងៃទី ​១៥ ខែ មិថុនា​ ឆ្នាំ ២០១៧​ នេះ​យុវជន​កាកបាទក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ ចំនួន ៤០ នាក់ ស្រី ២៥ នាក់ បាន​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថានជាតិ ​និង​បរិស្ថាន​ពិភពលោក​ ៥ មិថុនា ក្រោម​ប្រធានបទ " ផ្សារភ្ជាប់​ទំនាក់ទំនង​រវាងមនុស្ស​ និងធម្មជាតិ ​" ដែលរៀប​ចំដោយ​មន្ទីរបរិស្ថាន​ខេត្តព្រះវិហារ​ នៅក្នុង​បរិវេណ​វិទ្យាល័យ​គូលែន ស្រុក​គូលែន ខេត្តព្រះវិហារ។

វគ្គ បណ្តុះបណ្តាល គ្រូបង្គោល គម្រោង សាកល្បង "សុខភាព មនុស្សចាស់"

កក្រក៖  នាព្រឹក ថ្ងៃទី  ១៣  ខែមិថុនា  ឆ្នាំ២០១៧ ​លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា ​បានអញ្ជើញ​ជាអធិបតី ​ក្នុងពិធី​បើកវគ្គ​បណ្តុះបណ្តាល​គ្រូបង្គោល​គម្រោង​សាកល្បង​ "សុខភាពមនុស្សចាស់"​ មានរយៈពេល៣ថ្ងៃ ​ចាប់ពីថ្ងៃទី​ ១៣ដល់១៥ ខែមិថុនា ​ឆ្នាំ២០១៧ ដែលមាន​ការសម្របសម្រួល​បច្ចេកទេស​ពីសហព័ន្ធ​អន្តរជាតិ​ (IFRC)​ និងហ្សឺណែវ​ និង កាកបាទក្រហម​ថៃ ​កាកបាទក្រហម​ប៊ុលហ្គារី ​កាកបាទក្រហម​ម៉ុងហ្គោលី ​និងតំណាង​គ្រូបង្គោល​មកពី ​មន្ត្រីទីស្នាក់ការ​កណ្តាល​ និងសាខា​កាកបាទក្រហម​កម្ពុជា ​រាជធានី​-ខេត្តទាំង ​២៥ ព្រមទាំងមាន​អ្នកចូលរួម​សរុប​ទាំងអស់​ចំនួន​ ៣៤នាក់។

 

វគ្គបណ្តុះបណ្តាល​នេះមាន​គោលបំណង​ បង្កើន​ការយល់ដឹង​ឲ្យកាន់តែ​ច្បាស់ ​ក្នុងការថែរក្សា​សុខភាព​មនុស្សចាស់​ឲ្យរស់នៅ​បានល្អប្រសើរ​ជាងមុន​ ដល់គ្រូបង្គោល​ ហើយ ​កាកបាទក្រហម​កម្ពុជា​នឹងមាន​គម្រោងសាក​ល្បង​ចំនួន៣​ខេត្ត​ មាន ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពត ក្នុងគោលបំ​ណងសិក្សាស្វែងយល់​នូវតម្រូវការ​ជាក់ស្តែង​ដែលពាក់ព័ន្ធ​នឹងសុខមាលភាព​របស់ប្រជាពលរដ្ឋ​វ័យចំណាស់។

កាកបាទក្រហម កម្ពុជាផ្តល់អំណោយជូនសមាគមតន្រ្តីសំនៀងជនពិការ

កក្រក​ ៖​ នៅព្រឹកថ្ងៃទី​ ១៣ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហម កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់ថវិកា​ គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និងអាហារ​ថ្ងៃត្រង់​មួយពេល​ ជូនដល់​ជនពិការ​ចំនួន​ ៨៦នាក់​ នៃសមាគម​តន្ត្រីសំនៀង​ជនពិការ ​ដែលមាន​ទីតាំងស្ថិត​នៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្រៅ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាស​ជួបសំណេះ​សំណាល​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា​ បាន​ពាំនាំ​ប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​ការសួរសុខទុក្ខ​ ក្តីនឹករលឹក​ ជាពិសេស​ គិតគូរ​ពីការរស់​នៅប្រចាំថ្ងៃ​របស់ជន​ពិការទាំងអស់។​ ជាមួយគ្នា​នោះ​ លោកជំទាវ​ ក៏​បានផ្តាំ​ផ្ញើលើក​ទឹកចិត្ត ដល់​ការតស៊ូ​របស់​ក្រុមជនពិការ ដើម្បី​រស់នៅ​ក្នុងសង្គម​ដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខ​ស្មើមាត់ ​ព្រមទាំង​អំពាវនាវ​ ដល់​សប្បុរសជន​ មេត្តាជួយឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត​ដល់​ជនពិការ ដើម្បីឈាន​ទៅលុប​បំបាត់ការ​រើសអើង​ចំពោះជន​ពិការ​នៅកម្ពុជាយើង។

 

លោក​ ចាប​ តូ​ តំណាងឱ្យ​ជនពិការ​ទាំងអស់​ បានសម្តែង​នូវការដឹងគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតា​មនុស្សធម៌​ តែងគិតគូរ​ យកចិត្តទុកដាក់​ និងជួយ​ឧបត្ថម្ភ​ដល់ក្រុម​ជនពិការ​ជាបន្តបន្ទាប់​ ដោយមិនមាន​ការរើសអើង​អ្វីឡើយ។

 

សូមបញ្ជាក់ថា​ អំណោយ​ប្រគល់ជូន​សមាគម​តន្ត្រីសំនៀង​ជនពិការ​រួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ​ទឹកបរិសុទ្ធ ១០កេស​ ទឹកក្រូច ១០កេស អាហារវីតាមីន​ ២០កេស និង​ថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់​ជនពិការ​ទាំង​ ៨៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺន​រៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារ​ថ្ងៃត្រង់​មួយពេល៕

កាកបាទក្រហមកម្ពុជាជួយសំណេះសំណាលជាមួយប្រតិភូកាកបាទក្រហមឥណ្ឌា

កក្រក៖ នាព្រឹក​ថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ២០១៧​ លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ បានទទួល​ជួបសំណេះសំណាល ​ជាមួយ​ លោក Shankarlal Dayalal Raval តំណាង​គណៈប្រតិភូ​សមាគមជាតិ​កាកបាទក្រហម​ឥណ្ឌា ​រដ្ឋគូចារ៉ាត់​ ក្នុងបេសកកម្ម​ផ្សព្វផ្សាយ ​និងលើកកម្ពស់​ការយល់ដឹង​អំពី​ការបរិច្ចាក​ភ្នែក​ និងសរីរាង្គ​ ក្នុង៦៨​ប្រទេស​ជុំវិញ​ពិពភលោក​ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា។

 

លោកជំទាវ​អគ្គលេខាធិការ ​កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ផ្តាំផ្ញើ​សួរសុខទុក្ខ ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនកាកបាទ​ក្រហម​ឥណ្ឌា ​ជាមួយ​គ្នានោះ​ដែរ លោកជំទាវ​អគ្គលេខាធិការ​ ជម្រាប​ជូនអំពី​បេសកកម្ម​ វិស័យស្នូល​ទាំង៤​ របស់​កាកបាទក្រហម​កម្ពុជា​ អំពីគម្រោង​ និងកម្មវិធី​ ដែលបាន​នឹងកំពុង​ប្រតិបត្តិការ​ជួយដល់​ជនក្រីក្រ ​និងជនងាយ​រងគ្រោះ​ទាំងឡាយ។

 

លោក Shankarlal Dayalal Raval ​សូមកោតសរសើរ​ និង​ថ្លែងអំណរគុណ ​លោកជំទាវ​អគ្គលេខាធិការ​ ជាពិសេស​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​អនុញ្ញាត​ឲ្យចូលជួប​សំណេះសំណាល​នៅពេលនេះ ​ហើយលោក​ Shankarlal Dayalal Raval​ បានបន្ថែម​ទៀតថា ​ការធ្វើទស្សនកិច្ច​ដើម្បីលើក​កម្ពស់ស្មារតី​ សាមគ្គីភាព​ មិត្តភាព​ និង​សហប្រតិបត្តិ​ការរវាង​កាកបាទក្រហម​ឥណ្ឌា ​និងកាកបាទក្រហម​កម្ពុជា​នាពេលអនាគត។

 

កាកបាទក្រហមកម្ពុជាប្រគល់១លានដុល្លាអាមេរិកជូនមន្ទីរពេទ្យគន្ធបុប្ផា

នៅព្រឹក​ថ្ងៃទី ១៣​ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​ថវិកា​ $1.000.000 ​(មួយលានដុល្លារអាមេរិក)​ ជាលើកទី ៦ ​ជូន​មូលនិធិ​គន្ធបុប្ផា​ ដែលពិធីនេះ​ប្រព្រឹត្តទៅ​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ ​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ក្តីសោមនស្សរីករាយ​ និង​ការ​កោតសរសើរ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ជូនចំពោះ​គណៈប្រតិភូ​ ជាពិសេស​ ក្រុមគ្រូពេទ្យ ​និងបុគ្គលិក​នៃមន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ​ដែលបាន​ខិតខំប្រឹងប្រែង​ព្យាបាល​ជំងឺជូនស្ត្រី​មានផ្ទៃពោះ​ឆ្លងទន្លេ​និងកុមារ​កម្ពុជា​រាប់ពាន់​ រាប់ម៉ឺននាក់ ​ឱ្យរួចផុត​ពីសេចក្តីស្លាប់ ​និងពិការភាព​។ ជាមួយគ្នានោះ​ លោកជំទាវ​ ក៏បានពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលផ្តាំ​សួរសុខទុក្ខ​ចំពោះ​លោក ​បេអាត រិចនឺ​ ដែលបាន​កំពុងសម្រាក​ ក្រោយការ​ព្យាបាលជំងឺ​ និងបួងសួង ​លោកឆាប់បាន​ជាសះស្បើយ​ ផ្តល់ជា​កម្លាំងចិត្ត ​ដល់ការ​បន្តទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​កុមារ​កម្ពុជា។

 

ជាកិច្ច​ឆ្លើយតប លោកវេជ្ជ​. ដេនីស ឡូរ៉ង់ (Denis LAURENT) ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា ​និង​លោកជំទាវ​វេជ្ជ. យក់ សម្បត្តិ​ អគ្គនាយិកា​រដ្ឋបាល​និងហិរញ្ញវត្ថុ ​ទីប្រឹក្សា​ក្រសួងសុខាភិបាល​ ព្រមទាំង​គណៈប្រតិភូ ​បានថ្លែងអំណរគុណ​ដល់សណ្តាន​ចិត្តរបស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ដែលនៅ​តែបន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ថវិកា ១លានដុល្លារ ​បាន ៦ឆ្នាំ ជាបន្តបន្ទាប់​តាំងពីឆ្នាំ ២០១២រៀងមក ដើម្បី​លើកទឹកចិត្ត​ដល់បុគ្គលិក​ទាំងអស់​បន្តនូវ​ការបំពេញ​ភារកិច្ច​របស់ខ្លួន​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ និងទទួល​បានគាំទ្រកាន់តែច្រើន​ពីសំណាក់​ជាតិ និងអន្តរជាតិ ជាពិសេស​ចំពោះប្រជាជន​កម្ពុជាឱ្យ​មានទំនុកចិត្ត​ក្នុងការ​នាំកូន​ៗរបស់ខ្លួន​មកព្យាបាល៕

 

ប្រជាជន៩ភូមិនៃស្រុកអង្គរជ័យទទួលបានអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ ថ្ងៃទី ៥​ ខែ​មិថុនា​ ឆ្នាំ២០១៧ ​នេះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ​បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ ៣១.៩២០ដុល្លារ ​(បីម៉ឺនមួយពាន់ប្រាំបួនរយម្ភៃដុល្លារអាមេរិក)​ ជាជំហាន​ទី​ ១ ដើម្បី​ខួងអណ្តូង​ទឹកស្អាត​ ចំនួន ១៩ ​ជូន​ប្រជាពលរដ្ឋខ្វះ​ខាត​ទឹក​ប្រើប្រាស់​ចំនួន ៣២៣គ្រួសារ ​ស្មើនឹង​មនុស្ស ១.៦១៥នាក់​ រស់នៅ​តំបន់ថ្ម​បាយក្រៀម​ ក្នុងភូមិ​ចំនួន៩​ ឃុំចំនួន៥​ ក្នុងស្រុកអង្គរជ័យ​ ស្រុកបន្ទាយមាស​ និងស្រុក​ដងទង់ នៃ​ខេត្តកំពត។

 

សូមបញ្ជាក់ថា​ ក្នុងរយៈពេល​ ៥ខែ​ ដើមឆ្នាំ២០១៧​ នេះ​ នៅទូទាំង​ប្រទេសកម្ពុជា​ កាកបាទក្រហម​កម្ពុជាបានផ្តល់​អណ្តូង​ចំនួន​ ២៣៦​ និងស្រះទឹក​ចំនួន​ ៤​ រួចមកហើយ។​ ដោយឡែក​ សម្រាប់​ខេត្តកំពត​ ពីឆ្នាំ២០១០​ ដល់ឆ្នាំ២០១៣​ បានទទួល​អណ្តូង​ចំនួន​ ៦៦​ និងឆ្នាំ២០១៦​ ចំនួន​ ១អណ្តូង​ រួចមក​ហើយ​៕

 

កាកបាទក្រហមកម្ពុជាតម្កល់ទុកឯកសារផ្សព្វផ្សាយនៅតាមបណ្ណាល័យរាជធានីភ្នំពេញ

នាព្រឹក​ថ្ងៃទី ៦​ ខែមិថុនា​ ឆ្នាំ២០១៧​ នាយកដ្ឋាន​ទំនាក់ទំនង​នៃទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​បាននាំ​យក​ឯកសារ​ផ្សព្វផ្សាយ​របស់​កាកបាទក្រហមកម្ពុជា​ទៅ​តម្កល់​ទុកក្នុង​បណ្ណាល័យ​៖
១) បណ្ណាល័យ​ហ៊ុន សែន នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ 
២) បណ្ណាល័យ​ទីចាត់ការ​ហ្វឹកហ្វឺន​នៃអគ្គបញ្ជាការ​កងយុទ្ធពល​ខេមរភូមិន្ទ 
៣) បណ្ណាល័យ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំជំរាយ​នៃកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស 
៤) បណ្ណាល័យ​នៃសាលា​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស 
៥) បណ្ណាល័យ​នៃសាលា​បណ្ឌិតសភា​នគរបាលជាតិ​កម្ពុជា 
ក្នុងគោលបំណង​ចែករំលែក​ព័ត៌មាន និងផ្តល់​ចំណេះដឹង​បន្ថែម​សម្រាប់​អ្នកអាន​ និងអ្នក​ស្រាវជ្រាវ​អំពីចលនា​អន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ ក្នុងបេសកម្ម​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា ​ក្រោមការដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន។
ឯកសារ​រួមមាន៖
១- សៀវភៅ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ក្នុងការ​ដឹកនាំ​សកម្មភាព​មនុស្សធម៌​ នៃ 
កាកបាទក្រហមកម្ពុជា
២- សៀវភៅ​អបអរ​ឆ្នាំទី៦០ នៃការបង្កើត​សមាគមជាតិ​កាកបាទក្រហម​កម្ពុជា
៣- ទស្សនាវដ្តី​កាកបាទក្រហម​កម្ពុជា អបអរ​ខួបទី១៥៤ ទិវាពិភព​លោក ​កាកបាទក្រហម អឌ្ឍចន្ទក្រហម
៤- កម្រងច្បាប់​កាកបាទក្រហមកម្ពុជា
៥- ព្រះរាជក្រឹត្យ ​ស្តីពីការ​ទទួលស្គាល់​កាកបាទក្រហម​កម្ពុជា និង ព្រះរាជក្រឹត្យ​ ស្តីពី​ការប្រើប្រាស់ 
និង ការពារបដិរូប ​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម
៦- យុទ្ធសាស្ត្រ ២០១១-២០២០ 
៧- របាយការណ៍​សកម្មភាព​ការងារឆ្នាំ២០១៥ និងផែនការ​សកម្មភាព​ការឆ្នាំ២០១៦
៨- កម្រង​ចម្រៀង​កាកបាទក្រហម​កម្ពុជា

ប្រតិភូកាកបាទក្រហមកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរសម្តេចម៉ែ

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧​ នេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានដឹកនាំ​គណៈប្រតិភូ​ កាកបាទក្រហម​កម្ពុជា ​ចូលក្រាប​បង្គំគាល់​ និងថ្វាយព្រះ​ពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល និង​ជាព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ សូមទ្រង់​មានព្រះកាយ​ពល​មាំមួន​ ព្រះបញ្ញាញាណ​វាងវៃ ព្រះសុខភាព​ល្អ​បរិបូរណ៍ ព្រះជន្មាយុ​យ៉ឺនយូរ ដើម្បី​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់​ត្រជុំដល់​ប្រជារាស្ត្រ​ទូទាំងប្រទេស ជានិច្ច​និរន្តរ៍​តរៀងទៅ។

 

ក្នុងឱកាស​ដ៏មហា​នក្ខត្តឫក្ស​នោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន ថ្វាយ​ថវិកា​ចំនួន ១០ម៉ឺនដុល្លារ​អាមេរិក ចំពោះ​សម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជ​មាតាជាតិខ្មែរ​ ហើយដែល​ព្រះរាជទ្រព្យនេះ​ ព្រះអង្គ​ នឹងយកទៅ​កសាង​មន្ទីរពេទ្យ​នៅឬស្សីកែវ​ ដែលមន្ទីរពេទ្យ​នេះ​ គឺជាអតីត​ស្នាព្រះហស្ត​របស់​ សម្តេច​ព្រះវររាជបិតា​ជាតិខ្មែរ​ ព្រះបរមរតន​កោដិ​ នរោត្តម​ សីហនុ​ កាលពីសម័យ​សង្គម​រាស្ត្រនិយម។

 

ទន្ទឹមនឹងនោះ​ សម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជមាតា​ជាតិខ្មែរ​ បានប្រោស​ព្រះប្រទាន ​នូវព្រះរាជទ្រព្យ​ចំនួន ៣ពាន់ដុល្លារ​អាមេរិក​សម្រាប់​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​កម្ពុជា ក្នុងត្រីមាសទី​ ៣​ (ខែកក្កដា​ សីហា​ និងខែកញ្ញា) ឆ្នាំ២០១៧នេះ ដើម្បីចូលរួម​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា។

 

សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បាន​សម្តែងនូវគារវ​ភក្តីដ៏​ខ្ពង់ខ្ពស់បំផុត និង​ព្រះមហាករុណា ទិគុណយ៉ាង​ជ្រាលជ្រៅបំផុត​ និងសូមប្តេជ្ញា​ដង្ហែតាម លំអាន​ព្រះវីរគំរូ​ដ៏ប្រពៃ​ថ្លៃថ្លានៃ​ សម្តេច​ព្រះមហាក្សត្រី ​ព្រះវររាជ​មាតាជាតិ​ខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ ​ជារៀងដរាប៕

 

ប្រជាជនឃុំព្រែកដាច់ទទួលប្រាក់កម្ចីពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកលើកដែក

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



ប្រតិភូកាកបាទក្រហមស្វីសចូលជួបសម្តែងការគួរសមជាមួយកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​១៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៧ ​នេះ ​លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ ​កាកបាទក្រហម​កម្ពុជា​ បាន​ទទួល​ជួបសម្តែង​ការគួរសម​ជាមួយ​ប្រតិភូ​កាកបាទក្រហម​ស្វីស ដឹកនាំ​ដោយ ​Ms. Sara Worrall ដែល​ចូលមក​ធ្វើជា​អ្នកសម្របសម្រួល​កម្មវិធី​កាកបាទក្រហម​ស្វីស​ប្រចាំ​នៅកម្ពុជា​ ជំនួស ​Mr. Dicken Higgin ដែលបាន​បញ្ចប់​បេសកកម្ម។

First Prev 4 5 6 7 8 Next Last