អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះទាំង៧របស់ចលនាច្បាប់មនុស្សធម៌អន្តរជាតិដល់កងពលធំលេខ៣

កក្រក៖ ​នាព្រឹក​ថ្ងៃទី​ ២៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ លោកជំទាវ​ ហួន​ ច័ន្ទ​បូរ៉ា​ នាយិកា ​នាយក​ដ្ឋាន​ទំនាក់ទំនង​ បាន​សហការ​ជាមួយ​ គណៈកម្មាធិការ​អន្តរជាតិ​ ដឹកនាំ​ដោយលោក​ Roman Paramonov​ ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​ (អាយ.ស៊ី.អរ.ស៊ី) ប្រចាំ​ប្រទេស​កម្ពុជា​ ដែលមាន​ការសម្រប​សម្រួល​ពីឯកឧត្តម​ សេង សារី សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ បានបើក​វគ្គផ្សព្វផ្សាយ​ស្តីពី​គោលការណ៍​គ្រឹះទាំង៧​របស់​ចលនា​ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ ដល់​កងពលធំ​លេខ៣​ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ ១០៥ នាក់​។


វគ្គផ្សព្វផ្សាយ​នេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​លើកម្ពស់​គោលការណ៍​គ្រឹះ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និងយល់​កាន់តែច្បាស់​នូវសកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។


ក្នុងឱកាស​បើកវគ្គ​ផ្សព្វផ្សាយ​នោះដែរ​ ក្រុមការងារ​បាន​ផ្តល់​អំណោយ​ជាស្បៀង​អាហារ​ជូន​ដល់​កងពលធំ​លេខ៣​ រួមមាន៖ អង្ករ ២០០គីឡូក្រាម មី៣០កេស ត្រីខ ១០០កំប៉ុង អង្ករវីតាមីន ៣០កេស និងទឹកក្រូច ១០កេស។

ស្រ្តីទីទ័លក្រមានជំងឺមហារីកសុដន់ទទួលការជ្រោមជ្រែងពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ ដោយមាន​ការជួយ​ជ្រោមជ្រែង​ពី​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ស្ត្រី​ទីទ័លក្រ​ រី សេង​ រស់នៅ​ភូមិ​ឈើទាល​ភ្លោះ​ ឃុំព្រៃអំពក​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ដែលមាន​ជំងឺ​មហារីក​សុដន់​ និងមាន​ផ្ទៃពោះ​ ៨​ខែផងនោះ​ បានមក​ធ្វើការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ (មន្ទីរពេទ្យរុស្ស៊ី)​ កាលពីថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ២០១៧​ កន្លងទៅនេះ​។

ក្រោយ​ពីបាន​ពិនិត្យ​ និងធ្វើរោគ​វិនិច្ឆ័យ​រួចមក​ ក្រុម​គ្រូពេទ្យ​ជំនាញ​ បានសម្រេច​ធ្វើការវះកាត់​យក​ទារកចេញ​ពីផ្ទៃម្តាយ​ បានប្រកប​ដោយ​សុខភាពល្អ​ នៅថ្ងៃទី​ ២៨​ ខែមេសា​ នេះ​ មុននឹង​បន្តទៅ​ធ្វើការ​ព្យាបាល​រោគ​មហារីក​ពីម្តាយ​។ ពេលនេះ​ សុខភាពទាំងម្តាយ​ និងកូនមាន​លក្ខណៈល្អ​ប្រសើរ​ និងកំពុង​បន្តការ​ព្យាបាល​ជាបន្តទៀត​ ហើយ​សង្ឃឹមថា​ស្រ្តី​ រី​ សេង​ នឹងជា​សះស្បើយ​ពីរោគ​មហារីក​នេះមិនខាន​ឡើយ​៕

 

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅសង្កាត់ជើងឯកទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ​រសៀល​ថ្ងៃទី​២៦ ​ខែមេសា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយរង​គ្រោះបំផុត​ចំនួន ២៧​គ្រួសារ​ ដែលរស់​នៅក្នុង​សហគមន៍​ក្រីក្រ​ ក្នុង​ភូមិរលួស ​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ និង​ផ្តាំផ្ញើ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ខ្យល់កន្ត្រាក់​ ខ្យល់ព្យុះ ​និង​ភ្លើងឆេះផ្ទះ​ ជាពិសេស ​សូមគិតគូរ​ពីបញ្ហា​សុខភាព​ អនាម័យ​ ដោយ​ត្រូវហូបស្អាត​ ផឹកស្អាត​ និងរស់នៅ​ស្អាត។

ឆ្លើយតបនឹង គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកាមួយ​ចំនួន ប្រជាពលរដ្ឋ​ទាំងអស់ មានក្តីរំភើប សប្បាយរីករាយ​ឥតឧបមា​ និង​ថ្លែងអំណរគុណ​ ព្រោះបាន​កាកបាទក្រហម​កម្ពុជា​ ក្រោមការ​ដឹកនាំរបស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ចុះជួយ​សម្រាល​ការលំបាក​ដល់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ពួក​គាត់​ ដោយមិន​ប្រកាន់​វណ្ណៈ ពូជសាសន៍ ​ព័ណ៌​សម្បុរ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

ក្នុងដំណើរ​សួរសុខ​ទុក្ខនោះ​ ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ ក៏បាននាំ​យកគ្រឿង​ឧបភោគ-បរិភោគ និងថវិកា​មួយ​ចំនួន ជូនដល់​គ្រួសារ​កុមារី​កំព្រា​ឪពុកម្តាយ​ឈ្មោះ រ៉េត ស្រីមួយ អាយុ ១១ឆ្នាំ រស់នៅ​ភូមិខាង​លើ ដែលទទួល​រង​គ្រោះថ្នាក់​ ធ្លាក់ពី​លើដើម​អំពិល​ ខណៈពេល​ឡើង​បេះត្រួយ​អំពិល​យកទៅ​លក់​ជាមួយ​ជីតា៕

ពិធីប្រគល់រង្វាន់ថ្នាក់ជាតិស្តីពីសកម្មភាពចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា

កក្រក​ ៖​នៅព្រឹក​ថ្ងៃទី​២៦ ​ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​កុមារ​ថ្នាក់ជាតិ ​ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ​កាកបាទក្រហម​កម្ពុជា​ ដើម្បីចូលរួម​អបអរ​ខួបទី​១៥៤ ​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ ២០១៧​ ក្រោមប្រធាន​បទ​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗ​គ្នា” ដែលនឹង​ឈានមក​ដល់នាពេល​ខាងមុខ។

ពិធីនេះ​ ប្រព្រឹត្ត​ទៅនៅទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ក្រោមវត្តមាន​លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា​ តំណាង អាយ.ស៊ី.អរ.ស៊ី និង​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​នៅកម្ពុជា​ ថ្នាក់ដឹកនាំ​-មន្ត្រី កាកបាទក្រហម​កម្ពុជា​ លោកគ្រូ អ្នកគ្រូ និងកុមារា-កុមារី​ ជ័យលាភី​ថ្នាក់ខេត្ត​ និងខណ្ឌទាំង​ ១២​ ក្នុងរាជធានី​ភ្នំពេញ សរុប​ប្រមាណ​១២០នាក់។

កម្មវិធី​ប្រឡង​គំនូរកុមារ​ បានផ្តល់​ឱកាស​ដល់កុមារ​ចំនួន​ ៣.៤៩៩​នាក់​ រៀន​នៅសាលា​បឋម​សិក្សា​ចំនួន​ ១២៧​ នៅទូទាំង​ប្រទេស​ ដែល​សុទ្ធតែ​ជាទំពាំងស្នង​ឬស្សី​ បានបញ្ចេញ​ស្នាដៃ​ក្នុងការ​គូរគំនូរ ​ដែលបណ្តុះ​នូវថ្នាល​គំនិត​ ឧត្តមគតិ​មនុស្សធម៌ ​និងការយល់ដឹង​ពីកាកបាទក្រហម​កម្ពុជា ​ដែលបាន​និងកំពុង​ធ្វើ។

ជាមួយ​គ្នានេះ រូបគំនូរ​ជ័យលាភី​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ ២០១៧ បានទៅលើ ៖


-​ ជ័យលាភីលេខ​ ១​ ៖​ កុមារី​ អ៊ង​ ចន្ទ្រា​ សិស្សថ្នាក់ទី​ ៥​ នៃសាលាបឋម​សិក្សា​ដីក្រហម​ ខេត្តកំពត
-​ ជ័យលាភីលេខ​ ២​ ៖​ កុមារា​ ឌឿន​ ចន្ទពិសិដ្ឋ​ សិស្សថ្នាក់ទី​ ៦​ នៃ​សាលាបឋម​សិក្សាគិរី​សុវណ្ណវង្ស​ ខេត្តកំពង់ឆ្នាំង
-​ ជ័យលាភីលេខ​ ៣​ ៖​ កុមារា​ ស​ វិរៈបុត្រ​ សិស្សថ្នាក់ទី​ ៦​ នៃសាលាបឋមសិក្សាបាក់ទូក​ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ​ កុមារចំនួន​ ៨នាក់​ ដែលបាន​ជាប់​ចំណាត់ថ្នាក់​ ក៏ទទួល​បានរង្វាន់​លួងចិត្ត​ រួមមានសម្ភារៈសិក្សា​ និងថវិកា​មួយចំនួនដែរ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកគាស់ក្រឡទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹក​ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​គណៈកម្មាធិកា​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ ដឹកនាំ​ដោយ​ ឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ និង​សហការី​បាន​ចុះសួរសុខ​ ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសារ​រងគ្រោះ​ដោយ​ខ្យល់កន្រ្តាក់​ ចំនួន៦១​គ្រួសារ​ ក្នុងស្រុក​ចំនួន​២ក្នុង ខេត្តបាត់ដំបង​ រួមមាន​ ស្រុក​មោងឬស្សី​ចំនួន ២៦​គ្រួសារ​ក្នុង​ ឃុំកកោះ និង​ឃុំតាលាស់ ​ប៉ះពាល់​ធ្ញន់ធ្ញរចំនួន៥គ្រួសារ​ ស្រុក​គាស់ក្រឡ​ចំនួន ៣៥ គ្រួសារ ​ប៉ះពាល់​ធ្ញន់ធ្ញរ​ចំនួន ៤គ្រួសារ​ ក្នុងឃុំដួន​បា ដែល​រងគ្រោះ​កាលពី​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ២០១៧ ។

 

ថ្លែងក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខាខេត្ត​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនចំពោះ​គ្រួសារ​រងគ្រោះ​ដោយ​អគ្គី ភ័យ ​និងបាន​សម្តែង​នូវការសោកស្តាយ​ដល់គ្រួសារ​រងគ្រោះ ​ដែលមិននឹក​ស្មានដល់ធ្វើ ​អោយបាត់បង់​និងខូចខាត​ទ្រព្យសម្បត្តិ​ និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ ហើយលោក​ក៏បាន​ផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុង​ប្រយ័ត្នគ្រោះថ្នាក់​ផ្សេងៗ​ដែលកើត​ឡើងជាយថាហេតុ​ ។

 

អំណោយ​ផ្តល់ជូន​ក្នុងមួយ​គ្រួសារ​រួមមាន​ ៖ អង្ករ​២៥​គីឡូក្រាម​ មី ១កេស​ ទឹកបរិសុទ្ធ​វិឃែរ១កេស​ ក្រមា១ សារ៉ុង ១ ផងដែរ៕​បញ្ជាក់​៖អង្ករ និង មី ​ជាអំណោយ​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ តាមរយៈ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង ។

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកពួកទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តសៀមរាប៖ នា​រសៀល​ថ្ងៃ​ទី​ ២៥​ ខែ​មេសា ​ឆ្នាំ​២០១៧ ​នៅវត្ត​ធិបតី​ ឃុំ​ត្រីញ័រ​ ស្រុកពួក​ ឯកឧត្តម សៀង ណាំ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ និង​សហការី​ បានអញ្ជើញ​ជួបសំណេះសំណាល​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​ល្ងាចថ្ងៃ​ទី​ ២៤ ខែ​មេសា ​ឆ្នាំ២០១៧​ ចំនួន​ ៣៨​គ្រួសារ​ (​រលំ​៩ខ្នង​ របើក​ដំបូល​២៦ខ្នង​ និង​របួស៣នាក់​) មកពី​ឃុំ ត្រីញ័រ ឃុំ​សសរស្ដម្ភ​ និង ឃុំល្វា ​ស្រុកពួក។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម​ សៀង ណាំ​ បាន​ពាំនាំ​នូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​តែងតែ​ព្រួយបារម្ភ​ និង យកចិត្ត​ទុកដាក់​ចំពោះ ​ប្រជាពលរដ្ឋ​គ្រប់រូប​ មិន​ប្រកាន់​វណ្ណៈ ​ពណ៌សម្បុរ​ ជំនឿ​សាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយ​ឡើយ។ ឯកឧត្តម​ ក៏បាន​បន្តថា​ រដូវភ្លៀង​ធ្លាក់ជិត​ចូលមក​ដល់ហើយ​ បងប្អូន​ទាំងអស់​ត្រូវចេះ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ ពិសេស​សុខភាព​កូនៗ​ បើឃើញ​ថាមិន​ស្រួល​ត្រូវប្រញាប់​បញ្ជូន​ទៅមណ្ឌលសុខភាព​ដែលនៅជិត​បំផុត។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្ដល់ជូន​មាន


- គ្រូសាររលំ ក្នុង១គ្រួសារទទួលបាន៖ ស័ង្កសី១០សន្លឹក អង្ករ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល
- គ្រួសាររបើកដំបូលក្នុង១គ្រួសារទទួលបាន៖ តង់១ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល
- អ្នករបួសម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ​ខេត្ត​តាកែវ ៖ ​នាព្រឹក​ថ្ងៃទី​ ២៤ ​ខែ​មេសា ​ឆ្នាំ ​២០១៧​ លោកជំទាវ​ នូ សុវណ្ណនី​ ប្រធាន​គណៈកម្មាធិការ​សាខា ​និង​សហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនបង​ប្អូន​ ប្រជាពលរដ្ឋ​ចំនួន​ ៧៣ គ្រួសារ ៦ឃុំ ១៤ភូមិ នៅ ស្រុកទ្រាំង ខេត្តតាកែវ ដែលបាន​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​យប់ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ២០១៧​ ( រលំ​ទាំងស្រុង​ ៨ ខ្នង​ របើក​ដំបូល​ ឬជញ្ជាំង​ ៦៣ ខ្នង )។

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងក្តីនឹក​រលឹក​ពីសំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​សម្តេច​តែងតែ​ យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ​និងងាយរងគ្រោះ​គ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់​ពូជសាសន៍ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗរួមមាន : 


អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់​៨គ្រួសារ​ដែលរលំ​ផ្ទះ​ទាំងស្រុង។

 

ខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តព្រែកស្តី

សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ខូយ រីដា​ ប្រធាន​គណៈកម្មាធិការ​សាខា​ អម​ដំណើរ​ដោយ​ សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា ​បានអញ្ជើញ​ទៅ​ទទួល​ទេយ្យទានសប្បុរសធម៌​ជាគ្រឿង​ឧបភោគ​ បរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ ពីព្រះតេជគុណ​នៅ ​សុគន្ធថៃ​ (លោក តាហួ) ស្ថិត​នៅវត្ត​ហង្សាបិតិ​ (ហៅវត្តព្រែកស្តី ) ខេត្តពោធិ៍សាត់។

 

នៅក្នុង​ឱកាសនោះ​ដែរ ឯកឧត្តម​ប្រធាន​ បានថ្លែង​អំណរ​ព្រះគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ព្រះតេជគុណ​ នៅ សុគន្ធថៃ​ ដែលមាន​ទឹកព្រះទ័យ​ជ្រះថ្លា ​នាំយក​ទេយ្យទាន​សប្បុរសធម៌​ទាំងនេះ​មកសាខា​ ព្រមទាំង​បានសន្យា​នឹងចាត់ចែង​ប្រើប្រាស់​នូវទេយ្យទាន​សប្បុរសធម៌​ទាំងអស់​នេះជួយ​ឲ្យដល់ដៃ​ជន​រងគ្រោះ​ និងជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ឲ្យស្របតាម​គោលការណ៍គ្រឹះ​ទាំង៧​ប្រការ​របស់​ចលនា​កាកបាទក្រហម។

 

ទេយ្យទាន​ទាំងនោះ​រួមមាន ៖ អង្ករ ៣៦៥​គីឡូក្រាម មី ៤០កេស ស្កស ៥០​គីឡូក្រាម ត្រីខ ២កេស និងតែ ២០០​កញ្ចប់​ផងដែរ៕

 

ពិធីប្រគល់អណ្តូងទឹកស្អាតជូនដល់ប្រជាជននៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី

សាខាកក្រកខេត្តរតនគិរី ៖​នាព្រឹក​ថ្ងៃទី​២៤​ ខែ​មេសា ​ឆ្នាំ​ ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​នូវ​អណ្តូង​ទឹកស្អាត​ ចំនួន​១៤​ (មាន​លេខ​រៀង​ពីទី ០២៨​ដល់​ទី ​០៤១) ដោយមាន​ការ​ចូលរួម​ពីសំណាក់ ​ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា ​តំណាង​ដ៍ខ្ពង់ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និងមានការ​អញ្ជើញ​ចូលរួម​ពី សមាជិក​ សមាជិកា​ គណៈកម្មាធិការ​សាខា​ ព្រមទាំង​នាយក​ សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជន​នៅតំបន់ដាច់​ស្រយាល​និងផ្លូវពិបាក​ធ្វើដំណើរ ​ព្រមទាំង​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ២៥០ គ្រួសារ​ស្មើនឹង​ ១,៦៦០ រស់​នៅឃុំ ​ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និង ឃុំ បរខាំ។

 

នាឱកាស​នោះផងដែរ ​ឯកឧត្តម​វេជ្ជ. បានពាំនាំ​បណ្តាំ​ផ្ញើ​របស់​សម្តេចកិត្តិបណ្ឌិត សូមជួយ​ថែរក្សា​អណ្តូងអោយ​យូរអង្វែង ​និងមាន​អនាម័យ​ជុំវិញ​អណ្តូង។ ស្ត្រីចាប់ពី​វ័យ​បន្តពូជ​ត្រូវទៅ​ទទួល​សេវាពី​មណ្ឌល​សុខភាព​ដើម្បី​កាត់បន្ថយ​អត្រាឈឺ​ស្លាប់​របស់កុមារ​អាយុក្រោម​ប្រាំឆ្នាំ​។ គោរព​ច្បាប់​ចរាចរ​ និង​ បើកបរ​ប្រកប​ដោយ​សុវត្ថិភាព។ ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងគ្រឿងស្រវឹង។

 

ប្រជា​ពលរដ្ឋ​ចំនួន ២០០នាក់ ដែលចូលរួម​ក្នុងពិធី​នោះ មានក្តី​រីករាយ​ឥតឧបមា​ក្រោយទទួល​បាន​សមិទ្ធផល​ថ្មីនេះ​ ហើយស្ត្រី​ម្នាក់ៗ​ទទួល​បាន សារុង ១ រីឯបុរស​ម្នាក់ៗ​ទទួល​បាន ក្រមា១ ដោយឡែក​ចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។

 

សូមបញ្ជាក់​ថា អណ្តូង​ទាំងនេះ ត្រូវបាន ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សម្រេច​ផ្តល់​កាលពី​ថ្ងៃទី​ ១៥ ​ខែ កុម្ភៈ​ ឆ្នាំ ២០១៧ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ៣៥០ គ្រួសារ ស្មើមនុស្ស ១,៦៦០ នាក់ នៅឃុំ ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និងឃុំ បរខាំ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។


មកទល់​បច្ចុប្បន្ននេះ​កាកបាទក្រហម​កម្ពុជា​ បានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន​ ៤១ អណ្តូង ​តាំងពី​ឆ្នាំ ២០១០មក ។ដោយឡែក​នេះជាជំហាន​ទី២ ចំនួន ១៤ ចំណាយទឹកប្រាក់អស់ ៣៩.០៥២,២២ ដុល្លាអាមេរិក។

 

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រក​ខេត្តបាត់ដំបង៖ នៅឃុំ​ព្រៃខ្ពស់​ស្រុក​បវេល​នាព្រឹក​ថ្ងៃទី​ ២៣ ខែ មេសា ឆ្នាំ ២០១៧​ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ដឹកនាំ​ដោយ ​ឯកឧត្តម​បណ្ឌិត ​ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​និងសហការី​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បានចុះ ​សាកសួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌ ​ជូនដល់​ប្រជាពលរដ្ឋ​ ក្រីក្រ ចាស់ជរា​ ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង សរុប​ចំនួន៤៥គ្រួសារ ដែលបាន​ជ្រើសរើស​មកពី​តាមភូមិ​ទាំង១០ ក្នុងឃុំ​ព្រៃខ្ពស់ ស្រុក​បវេល ខេត្តបាត់ដំបង។​ 


នាឱកាសនោះ ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​បានលើកឡើង​ពីការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​កម្ពុជា ដោយមិន​ប្រកាន់​ពីនិន្នាការ​នយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោលគឺ​ ឲ្យតែ​ប្រជាពលរដ្ឋ​រស់នៅ​លើទឹកដីខ្មែរ​ហើយ​ទទួលរងគ្រោះ​ សុទ្ធតែទទួលបានការជួយឧបត្ថម្ភ​គាំទ្រ​ពីកាកបាទក្រហម​កម្ពុជា​គ្រប់ៗគ្នា និងបាន​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង ណែនាំ​កូនចៅ​អោយ​ជៀសឆ្ងាញពី​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់ចរាចរណ៍​ អោយបានគ្រប់គ្នា ។

អំណោយ​មនុស្សធម៌​ដែលគ្រួសារ​នីមួយៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវិឃែរ១កេស មី១ កេសន ក្រមា១ សារ៉ុង១ និងថវិកាចំនួន៣មុឺនរៀល​ ៕បញ្ជាក់៖អង្ករ និងមី ជាអំណោយរបស់គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថវិកា​ជាអំណោយ​ក្រុមការងារ​ចុះជួយឃុំ ដោយឡែក​គ្រួសាររងគ្រោះដោយ​រន្ទះបាញ់​មួយគ្រួសារ​បន្ថែម​ថវិកា៥ម៉ឺនរៀលផងដែរ ។

First Prev 51 52 53 54 55 Next Last