អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកក្រកប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ ការជួយសង្គ្រោះបឋម ក្នុងផ្ទះ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៣ ខែ​ កញ្ញា ឆ្នាំ ២០១៧នេះ នៅ វត្តអង្គស្តុក​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ឪទ្បោក ខណ្ឌ​ពោធិ៍សែនជយ សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោកជំទាវ មុំ​ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការ​សាខា បានប្រារព្ធ​ទិវាពិភពលោក​សង្គ្រោះបឋម ក្រោមប្រធានបទ​ ការជួយសង្គ្រោះបឋម ក្នុងផ្ទះ​ ដោយមាន​ការចូលរួមពីមន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន​ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​ នគរបាល ​ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់​ ។

 

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ មុំ សណ្តាប់ បានពាំនាំ​នូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់​អង្គពិធី​ទាំងមូល​ ព្រមទាំងគូស​បញ្ជាក់ថា សម្រាប់​ប្រធានបទ​ទិវាពិភពលោក​សង្គ្រោះបឋមនាឆ្នាំនេះ គឺបានបង្ហាញ​ពីគោលបំណង ក្នុងការជួយ​លើកកំពស់​ការបណ្តុះបណ្តាល​ជា​ជំនាញមូលដ្ឋាន ដែលអាច​ផ្តល់នូវការ​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីជួយ​កាត់បន្ថយការ​រងរបួស ទុក្ខវេទនា ជាពិសេសមនុស្ស​ដែលមានភាព​ងាយរងគ្រោះបំផុត​សម្រាប់ក្នុងក្រុម​គ្រសាររបស់​ខ្លួនតែម្តង​ ។ លោកជំទាវបន្តថា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ជាប្រធាន​ កាកបាទក្រហម​កម្ពុជា បានដាក់ចេញនូវផែនការ​យុទ្ធសាស្ត្ររបស់ខ្លួន(២០១១-២០២០) ដែលបាន​កំណត់ថា ក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះ​បឋមម្នាក់ ៕

វគ្គបណ្តុះបណ្តាលយល់ដឹងជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកដងទង់ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលយល់ដឹងជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ីវ ផេង ប្រធានគណៈកម្មាធិការអនុសាខា ក្រុមការងារវិជ្ជាសង្រ្គោះបឋម អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសិក្ខាកាមទាំងអស់ចំនួន ៧២នាក់ (ស្រី ៣៧) មកពីឃុំចំនួន៦ ក្នុងស្រុកដងទង់ ខេត្តកំពត។

វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីពង្រឹងសត្ថភាពដល់អ្នកស្ម័គ្រចិត្ត និងធ្វើការផ្សព្វផ្សាយបន្តដល់សហគមន៍រៀងៗខ្លួនផងដែរ៕

 

យុវជនដែលរងគ្រោះដោយខ្សែភ្លើងឆក់ ប្រឈមនឹងពិការភាពមួយជីវិតទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានឧបត្ថម្ភ​ថវិកាមួយចំនួន​ ជូនយុវជន​ ហៀង ឆាន់នី អាយុ ២៤ឆ្នាំ ដែលបាន​រងគ្រោះ​ដោយខ្សែភ្លើងឆក់​យ៉ាងធ្ងន់ធ្ងរ​ ប្រឈមនឹង​ពិការភាព​មួយជីវិត ​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវ​ការ​សួរសុខទុក្ខ និង​ក្តីអាណិតអាសូរ ចំពោះ​យុវជន ហៀង ឆាន់នី ដែលបាន​ជួបឧបទ្ទវ​ហេតុនេះ​ និងសូមផ្តាំ​ផ្ញើឱ្យអាណា​ព្យាបាល​យកចិត្ត​ទុកដាក់ថែទាំ​អ្នកជំងឺ​ឱ្យបានល្អ​ គោរពតាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ និងសូមជូនពរ​ឆាប់បាន​ជាសះស្បើយ​ឡើងវិញ។

 

ឪពុកម្តាយ​បង្កើតរបស់​អ្នកជំងឺ​ដែលមានកូន​ ១១នាក់​ និងចៅ​ ១៥នាក់​ ក្នុងបន្ទុក​ ហើយដែល​មកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានគិតគូរជួយ​សម្រាលទុក្ខលំបាក​ដល់ប្រជាពលរដ្ឋ​រងគ្រោះជួបការ​លំបាក ដោយគ្មានការ​រើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាកា​រនយោបាយអ្វីឡើយ៕

 

អ្នកជំងឺចំនួន ៤៨៩នាក់ នៅមន្ទីរពេទ្យព្រះកុសុមៈទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ក្នុងឱកាស បុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ នៅព្រឹកថ្ងៃទី ១២​ ខែកញ្ញា​ ឆ្នាំ២០១៧ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូនអ្នកជំងឺ​ចំនួន ៤៨៩នាក់ ដែលកំពុង​សម្រាក​ព្យាបាល​ជំងឺ នៅមន្ទីរពេទ្យ​ព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានី​ភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ ព្រមទាំងសហការី បានអញ្ជើញ​ជួបផ្ទាល់​តាមគ្រែ​របស់​អ្នកជំងឺ ដោយបាន​ពាំនាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើការ​សួរសុខទុក្ខ​ យកចិត្តទុកដាក់​ និងគិតគូរ​ចំពោះអ្នកជំងឺ​ទាំងអស់​ ព្រមទាំង​ផ្តាំផ្ញើ​សូមថែរក្សា​សុខភាព​ឱ្យបានល្អ ​មានអនាម័យ​ស្អាតក្នុង​ការបរិភោគ-រស់នៅ​ ពិសេស​ ត្រូវជៀសវាង​ការប្រើប្រាស់​គ្រឿង​ញៀន​ ពិសាបារី​ និងសេពគ្រឿងស្រវឹង​ ដែលជាហេតុនៃអំពើហិង្សា​ និងធ្វើឱ្យសុខភាពចុះខ្សោយ​ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋទាំងអស់​ ចូលរួមគោរពច្បាប់ចរាចរណ៍​ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ល។​ ដើម្បីសុវត្ថិភាពក្នុង​ពេលធ្វើដំណើរ​ ជាពិសេស​ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

 

អ្នកជំងឺ និងក្រុមគ្រួសារ​ទាំងអស់ មានក្តីរីករាយ​ឥតឧបមា ដោយបាន​កាកបាទក្រហម​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយ​សម្រាលការ​លំបាក និង​ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។​ ទន្ទឹមនឹងនេះ​ សូមថ្លែង​អំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ​ អស់ពីសមត្ថភាព​ មានវិជ្ជាជីវៈច្បាស់លាស់​ និងពោរពេញ​ដោយក្តីមេត្តា​ ករុណា​ មនុស្សធម៌​ចំពោះអ្នកជំងឺ។

 

សូមបញ្ជាក់ថា អ្នកជំងឺទាំង ៤៨៩នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល៕

 

សាខាកក្រក,ខេត្តព្រះសីហនុ ចែកអំណោយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

សាខា កក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម លូ គីមឈន់​ ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះសីហនុ ​រួមដំណើរ​ដោយ ឯកឧត្តម​អនុប្រធាន​គណៈកម្មាធិការសាខា សមាជិក​គណៈកម្មាធិការ​សាខា​ មន្ត្រី​សាខា អនុសាខា ​បានអញ្ជើញ​ចុះសួរ​សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ​របស់​សាខា​ខេត្ត ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​ដែលរងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀងមួយ​រយៈពេល​កន្លងមក​ចំនួន ១៣៣ គ្រួសារ ដែលមាន ​៥ ឃុំ រួមមាន ឃុំទឹកថ្លា ១៩គ្រួសារ ឃុំទឹកល្អក់ ៣៣គ្រួសារ ឃុំសាមគ្គី ៤១គ្រួសារ ឃុំជើងគោ ១៤គ្រួសារ និងឃុំរាម ២៦គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបាន​រៀបចំ​ចែកចាយ​ចំនួន ២ ទីតាំង ដូចខាងក្រោម ៖


ទីតាំងទីមួយ : អនុវិឡាល័យទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ចំនួន ១០៧ គ្រួសារ
ទីតាំងទីពីរ : បឋមសិក្សាហ៊ុន សែន រាម ឃុំរាម ស្រុកព្រៃនប់ ចំនួន ២៦ គ្រួសារ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ​បានពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងចូលរួម​សោកស្តាយ​ពីគ្រោះទឹកជំនន់នេះ ពីសំណាក់​ឯកឧត្តម​ប្រធានកិត្តិយស ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។ ក្នុងនោះដែរ​ឯកឧត្តម​ប្រធានបានផ្តល់​សាររបស់​សម្តេចមួយ​ចំនួនរួមមាន ៖


១-ត្រូវដាំដំណាំ​រួមផ្សំ នៅជុំវិញ​លំនៅដ្ឋាន
២-ជំរុញឲ្យកូន ចៅ បានចូល​រៀនគ្រប់ៗគ្នា
៣- សូមស្រ្តីដែល​មានផ្ទៃពោះ ទៅពិនិត្យ​សុខភាពឱ្យ​បានទៀងទាត់​តាមការណែនាំ​របស់គ្រូពេទ្យ។
៤- សូមយកចិត្តទុកដាក់​ថែរក្សាសុខភាព​ឱ្យបាន​ល្អប្រសើរ ដោយ​សម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេង​ក្នុងមុង​ជានិច្ច បង្ការមូសខ្លាខាំ។
៥- ត្រូវប្រុងប្រយ័ត្ន​កុំឱ្យចាញ់​បោកមេខ្យល់ដែលនាំ​ពលករទៅធ្វើការនៅប្រទេសក្រៅ​ដោយខុសច្បាប់។
៦- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេលបើកបរ កុំបើកបរ​ក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៧- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង​គ្រប់ប្រភេទ ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។

 

អំណោយដែលផ្ដល់​ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ២៥ គីឡូ មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល ១ ម្សៅសាប៊ូកន្លះគីឡូ ១កញ្ចប់ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន ៕

 

សាខាកក្រក,ខេត្តបាត់ដំបងប្រារព្ធទិវាពិភពលោកវិជ្ជាសង្គ្រោះបឋម

សាខាកក្រក,ខេត្តបាត់ដំបង​នាព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ​ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង បានអញ្ចើញ​ជាគណៈអធិបតី ក្នុង​ពិធី​ទិវា​ពិភពលោក វិជ្ជាសង្គ្រោះបឋម គឺផ្តោតលើប្រធានបទ “ ការជួយសង្រ្គោះ បឋមក្នុងផ្ទះ ” ដោយមាន​ការអញ្ចើញចូលរួម លោកជំទាវ លោក លោកស្រី នាយិការ នាយក នាយកដ្ឋាន​សុខភាព​កក្រក សមាជិការ​គណៈកម្មាធិការសាខា តំណាងកាកបាទជប៉ុន សាកលវិទ្យាធិការរងមន្រ្តីរាជការ យុវជន និស្សិត អ្នកស្មគ្រ័ចិត្តកាកបាទក្រហម​កម្ពុជាសរុប​ប្រមាណជិត ២០០នាក់។ 

ទិវាពិភពលោក​វិជ្ជាសង្គ្រោះបឋម នាពេលនេះ​ធ្វើឡើង​ក្នុងគោលបំណង​សំខាន់៣គឺ ៖


១.ដើម្បីផ្សព្វផ្សាយ​ដល់ប្រជាជន​ឲ្យមានការ​យល់ដឹង​អំពីហានិភ័យ​ដែលកើតមាន​ក្នុងផ្ទះ​និងការពារ​គ្រោះថ្នាក់ ព្រមទាំងសង្គ្រោះក្នុងពេលមានរបួស។


២.លើកទឹកចិត្ត​មនុស្សគ្រប់វ័យ​ដើម្បីរៀនសូត្រ​វិជ្ជាសង្រ្គោះបឋម​ហើយពួក​គេនឹងទទួល​បានជំនាញ និងមានទំនុកចិត្តជួយ​សង្រ្គោះក្នុងស្ថានភាព​គ្រាអាសន្ន​ដែលកើតមានក្នុងផ្ទះ។


៣.ពង្រឹងសមត្ថភាព​នាទីក្នុង​ការការពារ​បុគ្គលខ្លួន​ផ្ទាល់ និងការពារ​អ្នកដ៏ទៃ​រួចផុត​ពីគ្រោះថ្នាក់ និងរងរបួសដែលកើតមាន​ឡើងក្នុង​បរិវេណផ្ទះ។កម្មវិធី​នេះប្រារព្វ​ធ្វើនៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​និងសេដ្ឋកិច្ច ខេត្តបាត់ដំបង

 

វគ្គបណ្ដុះបណ្ដាល ស្ដីពី សុវត្ថិភាពចរាចរណ៍ ផ្ដោតលើហានីភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ​ បានបើក​វគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ការសំដែង​សិល្បៈ ​សុវត្ថិភាព​ចរាចរណ៍ ​ផ្ដោតលើ​ហានីភ័យ​នៃការបើកបរ​ក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង​ ដែលមាន​រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលទទួល​បានការ​ឧបត្ថម្ភគាំទ្រ​ពីអង្គការ​សម្ព័ន្ធ​អន្តរជាតិ (IARD) ក្រោមការ​ដឹកនាំ​ដោយលោកស្រី អោម ចន្នា នាយិកាសាខា ព្រមទាំងមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាកបាទក្រហម​កម្ពុជា និងសិក្ខាកាម​ជាច្រើនរូបទៀត ស្ថិត​នៅសាល​ប្រជុំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ។

 

វគ្គបណ្ដុះបណ្ដាល​នេះ​មានគោលបំណង ​ដើម្បីបញ្ជ្រាប​ការយល់ដឹង​អំពីសុវត្ថិភាព​ចរាចរណ៍ ការកាត់បន្ថយ​អត្រាស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ផលប៉ះពាល់ការ​បើកបរក្រោម​ឥទ្ធិពលនៃ​គ្រឿងស្រវឹង និងធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍នេះ​នៅតាម​សាលារៀន ក៏ដូចជា​នៅតាម​សហគមន៍ផងដែរ៕

 

ពិធីបញ្ចុះបឋមសិលា សាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ

សាខាកក្រក​ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និង​សហការី​ មានអញ្ជើញ​ចូលរួម​ពិធីក្រុងពាលី និង​បញ្ចុះបឋម​សិលា សាងសង់​អគារទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកស្វាយលើ​ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិជប់ក្រោម ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ អគារ​នេះមាន​ក្រលាផ្ទៃ ១៣៦ម៉ែត្រការ៉េ ត្រូវសាង​សង់លើផ្ទៃដី ១,២០០ម៉ែត្រការ៉េ សាងសង់​ឡើងដើម្បី​បម្រើការងារ​មនុស្សធម៌ ដល់ជន​រងគ្រោះ និងងាយ​រងគ្រោះ​នៅមូលដ្ឋាន។

 

សូមបញ្ជាក់ថា៖ នេះជាទីស្នាក់ការ​អនុសាខាទី១០ នៅក្នុង​ខេត្តសៀមរាប ហើយក៏​ជាទីស្នាក់ការ​អនុសាខាទី៩ ក្នុង​អណត្តិទី៤ នៃគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែលដឹកនាំ​ដោយឯក​ឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា។

 

ពិធីប្រគល់ផ្ទះជូនស្រ្តីទីទ័លក្រ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

សាខា កក្រក ខេត្តកំពត ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយ​ឯកឧត្តម ចាន់ ចេស្តា ប្រធានកិត្តិយស​សាខា រួមជាមួយនឹង លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និង​ក្រុមប្រតិបត្តិសាខា បាននាំយក​អំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ទៅផ្តល់ ជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រចំនួន ៣១គ្រួសារ នៅឃុំបន្ទាយមាស​ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងប្រគល់​ផ្ទះមួយខ្នងជូ​នដល់គ្រួសារ​ស្រ្តីមេម៉ាយ​ទីទ័លក្រ នៅឃុំអង្គ​សុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

 

នាឱកាសនោះដែរ ឯកឧត្តម​ បានពាំនាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេច​តែងតែគិត​គូសុខទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋ​មានទុក្ខលំបាក​ទីទ័លក្រ មានជំងឺ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំ​ថែរក្សា​សុខភាព​ឲ្យបានល្អ និងរស់នៅ​ប្រកបដោយ​អនាម័យល្អ ដោយប្រកាន់ខ្ជាប់​នូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

 

អំណោយផ្តល់​ជូនរួមមាន​ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ក្រមា១ មុង១ ភួយ១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទទួល អំណោយពីព្រះគ្រូចៅអធិការវត្ត លាយបូរ

សាខាកក្រកខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ លោកយឹម ច័ន្ទថន នាយកប្រតិបត្តិសាខាកាកបាទក្រហម ​កម្ពុជា​ ខេត្តតាកែវ ​តំណាង​ឱ្យ លោកជំទាវ នូ សុវណ្ណនី ប្រធាន​គណៈកម្មាធិការ​សាខា រូមដំណើរ​ដោយមន្ត្រី​សាខា អនុសាខា និងក្រុម កាកបាទក្រហម​កម្ពុជា ឃុំលាយបូរ ស្រុកត្រាំ កក់ ខេត្តតាកែវ បាន​អញ្ជើញទៅ​ទទួល អំណោយ​ពីព្រះគ្រូចៅ​អធិការវត្ត លាយបូរ ឃុំ លាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ ក្នុងឱកាស​បុណ្យចំរើន​ព្រះជន្ន​របស់ព្រះអង្គ។


នាឱកាសនោះលោកនាយក បានជម្រាប​ជូនអំពីប្រវត្តិ និងចលនា​កាកបាទក្រហម កម្ពុជា ហើយបាន​សន្យាថានឹងយក​សម្ភារៈទាំងនេះទៅ​ជូនដល់ដៃ​ប្រជាពលរដ្ឋ​ដែលជួបការ​លំបាកក្នុង​ជីវភាព ឫមាន​ជួបគ្រោះមហន្តរាយ​ផ្សេងៗ។


អំណោយដែល​សាខាបាន​ទទួល​នាពេលនោះ​រួមមាន៖ អង្ករ៥០០ គីឡូក្រាម
មុង១៩ ភួយ១៧ ខ្នើយ ១៣ ឆ្នាំង ចាន ចានស្រាក់ ស្លាបព្រា ទឹកត្រី១០យួ ទឹកស៊ីអ៊ីវ ៨ យួ បំពង់ទឹកក្តៅ សំភារៈឧបភោគ បរិភោគ​និងមានថវិកា​ មួយចំនួនផងដែរ។

First Prev 48 49 50 51 52 Next Last