អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាប្រជុំការងារជាមួយកាកបាទក្រហមហ្វាំងឡង់។

ក្រក ៖ ​នាព្រឹក​ថ្ងៃទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧ ​នៅទី​ស្នាក់ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា ​ឯកឧត្តម ​យូ ឡាណា ​អគ្គលេខាធិការ​រងទី២​ កាកបាទក្រហម​កម្ពុជា ​បានជួប​ពិភាក្សា​ ជាមួយ​ លោកស្រី ​ម៉ារីយ៉ាន ប៉េកូឡា​ ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុកការងារ ​អភិវឌ្ឍន៍​ជនបទ ​នៃក្រសួងការ​បរទេស​ហ្វាំងឡង់​ ព្រមទាំងសហការី ​ដោយមាន​ការចូលរួម​ពីមន្ត្រីជំនាញ​កាកបាទក្រហម​កម្ពុជា និង​កាកបាទក្រហម​ហ្វាំងឡង់។

 

​កិច្ចពិភាក្សា​នេះក្នុង​គោលបំណង ៖
១. ចុះពិនិត្យ​តាមដាន​ការអនុវត្ត​សកម្មភាព ​ពិនិត្យ​វឌ្ឍនភាព​ និងប្រសិទ្ធភាព​នៃកម្មវិធី​កសាង​ភាពធន់​ក្នុងសហគមន៍​ ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​ហ្វាំងឡង់ តាមរយៈកាកបាទ​ក្រហម​ហ្វាំងឡង់​ ក្នុងខេត្ត​គោលដៅ រួមមាន​ ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ ​ក្នុងផែនការ​អនុវត្ត​ ឆ្នាំ២០១៦-២០១៨ និង


២. ពិនិត្យ​លទ្ធភាព​បន្តកិច្ច​សហប្រតិបត្តិការ​នាពេល​អនាគត។

មន្ត្រីជាន់ខ្ពស់​នៃក្រសួង​ការបរទេស​ហ្វាំងឡង់ ​ដោយមាន​ការចូលរួម​ពី មន្ត្រីជំនាញ​កាកបាទក្រហម​កម្ពុជា កាកបាទ​ក្រហម​ហ្វាំងឡង់ មាន​បេសកកម្ម ​ទៅកាន់​ខេត្ត​គោលដៅ​ទាំងពីរ ​ចាប់ពីថ្ងៃទី១១ និង១២ ខែឧសភា ឆ្នាំ២០១៧៕

 

ប្រជាជនងាយរងគ្រោះនៅស្រុកថាឡាបរិវ៉ាត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ​ព្រឹក​ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចាត់​ឱ្យថ្នាក់​ដឹកនាំ-មន្ត្រី​ ទីស្នាក់ការ​កណ្តាល​ និង​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ស្ទឹងត្រែង​ ចុះសួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្សធម៌​ជូន​ចាស់គ្មាន​ទីពឹង​ ស្ត្រី​មេម៉ាយ គ្រួសារ​ជនពិការ​ និងគ្រួសារ​ទីទ័លក្រ​ ចំនួន​ ៨២៤គ្រួសារ​ ដែលរស់នៅ​ក្នុងភូមិចំនួន​ ៤៤ ឃុំចំនួន​ ១១​ នៃស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង។

ក្នុងឱកាស​សំណេះ​សំណាល​នោះ លោកជំទាវ​ ពុំ​ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុ​ជា បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្តាំ​ផ្ញើគិតគូរ​ សួរសុខទុក្ខ​ និងពាំនាំ​នូវ​អនុសាសន៍​របស់​ សម្តេច​ ជម្រាប​ជូនប្រជាពលរដ្ឋ​ទាំងអស់រួមមាន​ ៖​ ១/​​​ សូមថែទាំ​សុខភាព​ឱ្យបានល្អ​ ត្រូវ​ការពារ​ខ្លួនកុំឱ្យ​មានជំងឺ​ ពិសេស​ ត្រូវរស់​នៅមាន​អនាម័យ​ និងពិសារ​ទឹកដាំឆ្អិន​។​ ២/​ សូមគោរព​ច្បាប់ចរាចរណ៍​ និងប្រុង​ប្រយ័ត្ន​ជានិច្ចរាល់​ពេលធ្វើ​ដំណើរតាម​ដងផ្លូវ។​ ៣/​ សូមអាណាព្យាបាល​ណែនាំកូន-ក្មួយ​ ឱ្យជៀសឆ្ងាយ​ពីគ្រឿងញៀន​ និងគ្រឿង​ស្រវឹង ដែលជា​ប្រភពនៃ​អំពើហិង្សា​ ចោរកម្ម​ ចារកម្ម​ និងអសន្តិសុខ។​ ៤/​ សូមស្ត្រី​មានផ្ទៃពោះ​ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងទៅសម្រាល​កូននៅមណ្ឌល​សុខភាព​ដើម្បី​សុខភាព​ និងសុវត្ថិភាព​ទាំងម្តាយ​ និងកូន។

 

ប្រជាពលរដ្ឋ​ទាំងអស់​ មានក្តីរំភើប​ និងសប្បាយ​រីករាយ​ឥតឧបមា​ ព្រោះបាន​កាកបាទក្រហម​កម្ពុជា​ ក្រោមការដឹកនាំ​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចុះជួយ​សម្រាលទុក្ខ​លំបាក​ដល់ពួក​គាត់បាន​ទាន់ពេលវេលា​ និងមិនមាន​ការរើសអើង​អ្វីឡើយ។​

គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង​ ១​ ភួយ​ ១​ សារុង​ ១​ និងក្រមា​ ១៕

កាកបាទក្រហមកម្ពុជាប្រារព្ធ ខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧

នៅព្រឹក ថ្ងៃ ទី​ ៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​ព្រះមហាក្សត្រី ​នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ជាព្រះប្រធាន​កិត្តិយស ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធ​មិទ្ទីង​ថ្នាក់ជាតិ​ ដើម្បីអបអរ​សាទរ​ខួបទី​ ១៥៤ ទិវា​ពិភព​លោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ និងមាន​ការអញ្ជើញ​ចូលរួម​ពីឥស្សរជន​មក​ពីស្ថាប័ន​នីតិប្បញ្ញតិ​ នីតិប្រតិបត្តិ​ តំណាង​អង្គទូត​ ដៃគូ​សហប្រតិបត្តិការ​នៅក្នុង​ និងក្រៅ​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ វិស័យឯកជន​ សប្បុរសជន​ មកពីគ្រប់​មជ្ឈដ្ឋានក្នុង-ក្រៅប្រទេស​ យុវជន​ អ្នកស្ម័គ្រចិត្ត​ សមាជិក​ សមាជិកា​កាកបាទក្រហម​កម្ពុជា​ សរុបប្រមាណ​ ៤ពាន់នាក់៕

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

កក្រក៖​នាព្រឹក​ថ្ងៃទី​ ៦​ ខែ​ឧសភា​ ឆ្នាំ២០១៧​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភ​ថវិកា​ចំនួន ១០លានរៀល​ ជូនលោកជំទាវ 
ប៊ូ សោភ័ណ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ តំណាង​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ ​សម្រាប់ធ្វើ​ពិធី​អបអរសាទរ​ខួបលើកទី​៦៨ ​ទិវាកុមារ​អន្តរជាតិ​ ១មិថុនា​ និង​អបអរ​ខួប​លើកទី ៦ ​ទិវា​ពិភពលោកប្រឆាំង​ពលកម្ម​កុមារ ១២មិថុនា​ និងទិវា​កុមារកម្ពុជា ២០១៧ ដែលនឹង​ប្រារព្ធ​ធ្វើនៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

 

ក្នុងឱកាសនោះដែរ លោកជំទាវ ប៊ូ សោភ័ណ បានថ្លែង​អំណរ​អរគុណ​ដល់កាកបាទក្រហម​កម្ពុជា ជាពិសេស​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ដែល​បាន​ឧបត្ថម្ភគាំទ្រ​ដល់ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បីកុមារ ​ហើយថវិកា​ដែលទទួល​បាននេះ​នឹងយកទៅ​រៀបចំ​មិទ្ទីង និងចុះសំណេះសំណាល​ជាមួយ​កុមារក្រីក្រ ​នៅតាម​សហគមន៍​ ដោយសហការ​ជាមួយ​ក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​ និងដៃគូ​ពាក់ព័ន្ធនានា។

 

សាខាកក្រកខេត្តព្រះវិហារប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តព្រះវិហារ៖​នៅព្រឹក​ថ្ងៃទី​ ៥​ ខែ​ ឧសភា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ បានរៀបចំ​ប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ​ឆ្នាំ ២០១៧ ក្រោម​ប្រធាន​បទ «កាកបាទក្រហម​កម្ពុជា​មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​» ក្រោម​អធិបតីភាព​ឯកឧត្តម​ មាស សុភា គណៈកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​កិត្តិយស​សាខា និងមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម​លោក ជំទាវអនុប្រធានកិត្តិយស និងគណៈកម្មាធិការសាខា ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុ រសជន អាជីវករ កងកម្លាំងប្រដាប់​អាវុធ មន្រ្តីរាជការ អង្គភាព​ជុំវិញ​ខេត្ត អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០០ នាក់ ។
ក្នុងកម្មវិធីនេះសាខាខេត្ត​បានទទួល​ចំណូលពីសប្បុរសជន​ជាបឋម​បានថវិកា​ចំនួន ៩៧,៧៦៤ $ ផងដែរ ។


ទិវានេះ​ប្រព្រឹត្តទៅ​នៅក្នុងគោលបំណង៖


១.ដើម្បីរំលឹក​ដល់ថ្ងៃកំណេីតលោក ហង់ រី ឌុយណង់ ជាស្ថាបនិកកាកបាទក្រហម និងថ្ងៃបង្កេីតកាកបាទក្រហម
២.ផ្សព្វផ្សាយអោយមានការយល់ដឹងទូទៅអំពីសកម្មភាពដែលកំពុងធ្វេី​និងបន្តធ្វេីរបស់សាខាពិសេសការឆ្លើយទៅនឹងគ្រោះមហន្តរាយផ្សេងៗ
៣.កៀរគររក​មូលនិធិ​សប្បុសធម៌​ ពីគ្រប់មជ្ឈដ្ឋានដើម្បី​បន្ត​និរន្តរភាពសាខា៕

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖​ នៅព្រឹក​ថ្ងៃ​ទី​ ០៥​ខែ ​ឧសភា ​ឆ្នាំ២០១៧​ ក្រុម​ការងារ​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​បាន ដឹកនាំ​ដោយ ឯកឧត្តម ចន្ទ័ សុផល ប្រធាន​កិត្តិយស​សាខា​រួមដំណើរ​មន្រ្តី​ប្រតិបត្តិ​សាខា ព្រមទាំង​អនុសាខា​ស្រុក បានចុះ​សួរសុខ ទុក្ខ​និងនាំ​យកអំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសាររង​គ្រោះដោយ​ខ្យល់កន្រ្តាក់​ចំនួន១៥ គ្រួសារ ​ធ្ញន់ធ្ញរចំនួន​៦គ្រួសារ ​រស់នៅក្នុង​ស្រុកចំនួន​២លើឃុំ២គឺសង្កាត់វត្តគរ​ ក្រុងបាត់ដំបងចំនួន៩គ្រួសារ ធ្ញន់ចំនួន២គ្រួសារ/ ឃុំ កំពង់ព្រៀង ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ​ ដែលបានរង​គ្រោះកន្លងទៅ ។

 

អំណោយ​ផ្តល់ជូន​ក្នុងមួយគ្រួសារ​រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ២០កញ្ចប់ ត្រីខ ១០កំប៉ុង សារ៉ុង១ ក្រមា១ ទឹកបរិសុទ្ធ​វិឃែរ១កេស និងថវិការ២ម៉ឺនរៀលផងដែរ ។ដោយឡែងសង្កាត់វត្តគរ ឯកឧត្តមប្រធានកិត្តិយស​បានបន្ថែម​ថវិកា​ផ្ទាល់ខ្លួន​ក្នុងមួយ​គ្រួសារ ១០ម៉ឺនរៀលផងដែរ ។

 

បញ្ជាក់៖សាខាខេត្តបាន​ឆ្លើយត​បភ្លាម​ៗទៅនឹង​គ្រោះមហន្តរាយ​ខ្យល់​កន្រ្តាក់​បានក្នុង​ខែមេសា ​និងដើមខែ ឧសភា ឆ្នាំ២០១៧នេះ បានចំនួន​២៧៥​គ្រួសារ ​ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន៦៣​គ្រួសារ ​លើស្រុក\ក្រុង​ចំនួន៩រួមមាន៖ 


ស្រុកថ្មគោល ចំនួន៣៣គ្រួសារ/៤គ្រួសារ ស្រុករុក្ខគីរី៣២គ្រួសារ/ ៩គ្រួសារ , 


ស្រុកមោឬស្សីចំនួន ២៦គ្រួសារ/៥គ្រួសារ
ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ
ស្រុកគាស់ក្រឡ ចំនួន៣៥គ្រួសារ/៤គ្រួសារ 
ស្រុកបាណន់ចំនួន៤០គ្រួសា/៧គ្រួសារ 
ស្រុកភ្នំព្រឹកចំនួន៥៥គ្រួសារ/១៣គ្រួសារ
ក្រុងបាត់ដំបងចំនួន ៩គ្រួសារ/២គ្រួសារ
និងស្រុកកំរៀង ៣៩គ្រួសារ/១៦គ្រួសារ 
និងកំពុងត្រៀម​រៀបចំ​ចែក​បន្ថែម​លើស្រុក​មួយចំនួន​ដែលកំពុង​រងគ្រោះ​ដោយខ្យល់​កន្រ្តាក់ផងដែរ ។

 

ស្រ្តីមេម៉ាយទីទ័លក្រកើតជំងឺមហារីកទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​ ៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែល​មាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​ បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈ​ប្រើប្រាស់ ​និងថវិកា​មួយចំនួន​ ជូន ស្ត្រី​មេម៉ាយ​កូនពីរ​នាក់ឈ្មោះ ​សាន់ ចាន់ផល្លីន អាយុ ៤៦ឆ្នាំ កើត​ជំងឺ​មហារីក​ស្បូនធ្ងន់ធ្ងរ​ កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-​សូវៀត ដែលស្វាមី​ជាអតីត​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ទើប​ទទួល​មរណភាព​បានរយៈពេលជាង​ ១ខែកន្លងទៅ។

 

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ដែលផ្តាំ​ផ្ញើនូវ​ការគិតគូរ​ចំពោះសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋ​ជួបការ​លំបាក ជាពិសេស ស្ត្រីមេម៉ាយ​មានជំងឺ​រ៉ាំរ៉ៃ​ដូចជា លោកស្រី សាន់ ចាន់ផល្លីន និងសូមជូនពរឆាប់​បានជា​សះស្បើយ​ពីជំងឺ នឹង​បានវិល​ត្រឡប់​ផ្តល់ភាព​កក់ក្តៅ​ដល់កូនៗវិញ។

 

កូនស្រី​បង្កើត​ទាំង ២នាក់ ដែលមក​ទទួលអំណោយ​នាពេលនោះ ​បានសំដែង​ក្តីរំភើប​ និងដឹងគុណ​ចំពោះ កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​គិតគូរ​ជួយ​សម្រាល​ទុក្ខលំបាក​ដល់ក្រុម​គ្រួសារ​ជនរងគ្រោះ​គ្រប់ប្រភេទ​ដោយមិនមាន​ការរើសអើង​ ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕

 

ការជួបជុំ គ្រួសារ ឡើងវិញ រវាងម្តាយ និងកូនបន្ទាប់ ពី បែក គ្នា៤៤ ឆ្នាំ

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

ចាស់ជរាគ្មានទីពឹងទទួលផ្ទះពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប ៖ ​នៅ​រសៀល​ថ្ងៃទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហ​មកម្ពុជា​ ខេត្តសៀមរាប​ ដឹកនាំ​ដោយ​ លោកជំទាវ​ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា ​និងសហការី ​បានអញ្ជើញ​ចុះទៅ​ប្រគល់​ផ្ទះមនុស្សធម៌​ទី១៤ ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើ តម្កល់​លើជើងតាង​ កម្ពស់​ពីដី ១,៤ម៉ែត្រ ប្រក់​ស័ង្កសី ក្រាល​ក្តារ ជញ្ជាំង​ក្ដារ ជូនដល់​គ្រួសារ​ជនចាស់​ជរា ឈ្មោះ​លោកតា ជុក សារ៉ុន អាយុ ៦៦ឆ្នាំ និង​លោកយាយ​ឈ្មោះ ប្រម ប៉ាច អាយុ ៦៣ឆ្នាំ ស្បៀងអាហារ​រាល់ថ្ងៃ​អាស្រ័យ​ដោយអ្នកជិត​ខាង រស់​នៅភូមិ​ចំបក់ហែ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

មានប្រសាសន៍​ក្នុងឱកាសនោះ​ លោកជំទាវ គួយ ណាលីន ក្នុងនាម​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខា ពិសេស​បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរ​សុខទុក្ខ​ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលតែងតែ​ព្រួយបារម្ភ និងយកចិត្តទុកដាក់​គិតគូ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់​វណ្ណៈ ពណ៌សម្បុរ​ ជំនឿ​សាសនា ​ឬនិន្នាការ​នយោបាយ​ឡើយ។ លោកជំទាវ ក៏បានបន្តថា​ លោកយាយ​ លោកតា ត្រូវចេះ​សម្អាត ថែរក្សា​ផ្ទះថ្មីនេះ​ដើម្បីបាន​ជាជម្រក​ដ៏កក់ក្តៅតរៀងទៅ។ នេះជា​ការបង្ហាញនូវ​ការយកចិត្ត​ទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទក្រហម​កម្ពុជា ដូចដែល​បានលើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ទីនោះ​មានកាកបាទ​ក្រហមកម្ពុជា” ។

អំណោយ​សង្កត់ផ្ទះរួមមាន ៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ៥យួរ មី១កេស មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ សម្ភារៈផ្ទះបាយ​មួយចំនួន ទូរទស្សន៍​មួយគ្រឿង​ទំហំ២១អ៊ិន កន្សែងពោះគោ១ និងភួយ១ និងថវិកាចំនួន ២០០,០០០រៀលផងដែរ៕

 

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

កក្រក ៖ ​នៅទី​ស្នាក់ការ​កណ្តាល ​នាព្រឹក​ថ្ងៃ​ទី​ ៣​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ទទួល​ជួបសវនការ​ និង​ទទួល​អំណោយ​ជាថវិកា​សរុប​ចំនួន ២៤០.០០០ដុល្លារ (ម្ភៃបួនម៉ឺនដុល្លារអាមេរិក) ពី​សប្បុរសជន​ សម្រាប់​ទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ឆ្នាំ ២០១៧ ដែលរួមមាន ៖

 

១/ ថវិកាចំនួន ១០០.០០០ដុល្លារ ពីអគ្គិសនី​កម្ពុជា ដែលដឹកនាំ​ដោយ ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជាទទួល​បន្ទុក​ជាអគ្គនាយក​អគ្គីសនី​កម្ពុជា។


២/ ថវិកាចំនួន ១០០.០០០ដុល្លារ ពីក្រុមហ៊ុន ​អេក ជី ប៊ី គ្រុប (HGB GROUP) ដឹកនាំដោយ ឧកញ៉ា ង៉ូវ លាងហួត អគ្គនាយក​ក្រុមហ៊ុន អេក ជី ប៊ី។


៣/ ថវិកាចំនួន ៥.០០០ដុល្លារ ពីក្រុមហ៊ុន Woodmax Xy Industries corporation
៤/ ថវិកាចំនួន ១០.០០០ដុល្លារ ពីក្រុមហ៊ុន SCNK (CAMBODIA) Co.,Ltd
៥/ ថវិកាចំនួន ១០.០០០ដុល្លារ ពីលោក តាន់ ហ្វូជី (Mr. Tan Fuh Gih)
៦/ ថវិកាចំនួន ១០.០០០ដុល្លារ ពីកញ្ញា ជេនីហ្វឺ លី កា ហុង (Miss. Jennifer Lee Kah Hong)
៧/ ថវិកាចំនួន ៥.០០០ដុល្លារ ពីកញ្ញា យីង ជុង លីង នាយិកាក្រុមហ៊ុន Kao Cheng International Enterprise Co.,Ltd

 

ក្នុងឱកាសនោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានថ្លែង​អំណរគុណដល់​គណៈប្រតិភូ និងសប្បុរសជន​ដែលបាន នាំយកថវិកា​មកចូលរួម​ចំណែក​ក្នុងសកម្មភាព​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា​ ដើម្បីបន្ត​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយរងគ្រោះនៅ​ទូទាំងប្រទេស។

 

ជាមួយគ្នានោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​ប្រកប​ដោយសទ្ធាជ្រះថ្លា​របស់សប្បុរសជន​ និងបន្ត​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​បន្តជួយ​ឧបត្ថម្ភ​គាំទ្រ​ និង​អំពាវនាវ​បន្ត​ដល់សប្បុរសជន​ដទៃទៀត​ ជួយ​ដល់​កាកបាទក្រហម​កម្ពុជា ​ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​។ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានគូស​បញ្ជាក់ថា​ បេសកកម្ម​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា ​អាចធ្វើទៅ​បានគឺ​ដោយសារ​បានការជួយ​ឧបត្ថម្ភ​គាំទ្រពី​សំណាក់​សប្បុរស​ជនជាតិ​-អន្តរជាតិ​ ជាពិសេស​ក្នុងទិវា ៨ ឧសភា ហើយក្នុង​ឆ្នាំកន្លងទៅ ​កាកបាទក្រហម​កម្ពុជា បានសម្រេច​ជោគជ័យ​ខ្លាំង​ទៅលើការ​ដោះស្រាយ​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​ រួមមាន​ ការជីកស្រះ ​ខួងអណ្តូង និងយុទ្ធនាការ​ចែកទឹក​ បានស្ទើរ​គ្រប់ទី​កន្លែង​ដាច់ស្រយាល​នៅទូទាំង​ប្រទេស។

 

ជាកិច្ចឆ្លើយ​តប សប្បុរស​ជន​ទាំងអស់ ​បានសម្តែង​នូវការ​អរគុណ​ចំពោះ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​អនុញ្ញាត​ឱ្យគណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និងនាំយក​ថវិកា​មកចូលរួម​ចំណែក​សកម្មភាព​មនុស្សធម៌​ជួយដល់​ប្រជាពលរដ្ឋ​ដែលត្រូវការ​ឱ្យជួយ​ជា​ចាំបាច់​បំផុត។ ទន្ទឹមនឹងនោះ សប្បុរជន​ទាំងអស់​បានប្តេជ្ញា​បន្តគាំទ្រ និង​បន្តអំពាវនាវ​ដល់សប្បុរសជន​ ឬអ្នកវិនិយោគ​ដទៃទៀត​ ដើម្បី​ជួយដល់​បេសកកម្ម​កាកបាទក្រហមកម្ពុជា៕

First Prev 48 49 50 51 52 Next Last