អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនផ្តល់អំណោយមនុស្សធម៌ដល់លោកយាយឈិត គិន

សាខាកក្រកខេត្តប៉ៃលិន​ ៖​កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ស្រុកសាលា​ក្រៅ​ដឹកនាំ​ដោយ​លោក ឡោ ស៊ុនជាង​ ប្រធាន​គណ:កម្មកា​រអនុសាខា​ ព្រម​ទាំងសមាជិក​សមាជិការ​អនុសាខា ​និងយុវជន​កាកបាទក្រហម​បានចុះសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូន​លោកយាយ ឈិត គិន​ អាយុ៨១ឆ្នាំ រស់នៅ​ភូមិ​អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្ន​លោកយាយ​មានជម្ងឺ​ជាទម្ងន់​មិនអាច​ក្រោក​ធ្វើការ​អ្វីបានឡើយ។

 

ក្នុងឱកាស​នោះ​ លោកប្រធាន​គណៈកម្មការអនុសាខា​ បានមាន​ប្រសាសន៍​លើកឡើង​ពីការយកចិត្តទុក​ដាក់គិតគូរ​ខ្ពស់​ពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​យើងជាទូទៅ​ជាពិសេស​អ្នកដែល​រងគ្រោះ​ និងងាយ​រងគ្រោះ​គ្រប់ប្រភេទ​ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​។​

 

និងអំពាវ​នាវដល់​ប្រជាពលរដ្ឋ​ទាំងអស់យកចិត្ត​ទុកដាក់ពីសុខភាព​រក្សាឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការ​ហូបចុក ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗមកបៀតបៀន​ ។

 

អំណោយផ្តល់ជូនរួមមាន​ ៖​ អង្ករ៥០គក្រ មី២កេស​ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករសរ ប្រេងឆា ត្រីខនិងថវិកា២០ម៉ឺនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប​ បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន​ និងកីឡា​ខេត្ត​សៀមរាប​ចុះផ្សព្វផ្សាយ​អំពី​ការប្រឡង​គំនូរកុមារ​ ស្ដីពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​អបអរ​សាទរ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

 

ការផ្សព្វផ្សាយ​នេះធ្វើនៅ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកសូទ្រនិគម ​ដោយមាន​លោកប្រធាន​ការិយាល័យ​អប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកស្រីនាយិកា សាលា​បឋម​សិក្សា​ក្នុងស្រុក​សូទ្រនិគម ចំនួន១០សាលា។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាត

ព្រះវិហារ៖​ នៅថ្ងៃទី​១១​ ខែមីនា ​ឆ្នាំ២០១៧​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ ចុះពិនិត្យ​ការសាងសង់​អណ្តូងទឹក​ស្អាត​ចំនួន១៩​អណ្តូង​ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។


សូម​បញ្ជាក់ថា​ អណ្តូង​ទាំងនេះ​ត្រូវបាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សម្រេច​ផ្តល់​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៧ ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣២០ គ្រួសារ ស្មើមនុស្ស១,១៤៣ នាក់ នៅឃុំកន្ទួត និងឃុំរំដោះ​ស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្រុមហ៊ុន​បានធ្វើការ​សាងសង់​ចាប់ពីថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នេះខួង​បានរួចរាល់​ទាំង១៩ អណ្តូង (ខួង និងចាក់​សាប​បាន១០០៖ចំនួន១៣ អណ្តូង)

 

នៅក្នុង​ការចុះ​ពិនិត្យ​ការសាងសង់​នេះបាន​ ជម្រុញ​អោយក្រុម​ប្រើ ប្រាស់​ទឹកធ្វើ​របង​ជុំវិញ​អណ្តូង​ ដាំដំណាំ​ជាលក្ខណៈគ្រួសារ សម្អាត​ជុំវិញ​អណ្តូង​ និងបានអោយ​ក្រុមហ៊ុន​សាង សង់ចុះពិនិត្យ​កែសម្អ​អណ្តូង​លេខ១៨២ និង១៨៧ ដែលសប់តឹង ។

ការសាងសង់​នេះនិង​បញ្ចប់១០០% នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៧។

 

ប្រជាពលរដ្ឋងាយរងគ្រោះដោយអគ្គិភ័យនៅខេត្តកំពង់ស្ពឺទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​នៅរសៀល​ថ្ងៃទី១១​ ខែមីនា ​ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និង​ថវិកាមួយ​ចំនួន​ជូន​គ្រួសារ​រងគ្រោះ​ចំនួន៣គ្រួសារ​ ដែលបាន​ទទួល​រងគ្រោះ​ដោយភ្លើង​ឆេះផ្ទះ​ ចំនួន​៣ខ្នង​ស្ថិត​នៅភូមិញរ​ សង្កាត់​កណ្តោលដុំ ​ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុ​ជា ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ ក្តីអាណិតអាសូ​រ និង​ការសោកស្តាយ ​ចំពោះឧបទ្ទវហេតុ​ដែលបាន​បំផ្លាញ​លំនៅដ្ឋាន​ និងទ្រព្យសម្បត្តិ​របស់គ្រួសារ​រងគ្រោះ​។ លោកជំទាវ​ ក៏បាន​អំពាវនាវ​ ដល់ប្រជាជន​ សូមមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ ដែលជា​ប្រភព​នៃគ្រោះថ្នាក់ ​និងបាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម ​ហើយប្រឹងប្រែង​ប្រកប​របរចិញ្ចឹម​ជីវិត ​ដើម្បីស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​ ព្រោះអំណោយ​ដែលបាន​ផ្តល់ជូន​ពេលនេះ ​អាចជួយ​សម្រាល​ការលំបាក​បានមួយ​គ្រាប៉ុណ្ណោះ។

 

គ្រួសារ​រងគ្រោះ​ទាំងអស់​បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​គិតគូរ​ មានក្តីមេត្តា ​ករុណា ​និងទឹកចិត្ត​ជ្រះថ្លា ​ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជន​រងគ្រោះ​ជួបការ​លំបាក​បានទាន់​ពេលវេលា៕

 

ប្រជាពលរដ្ឋងាយរងគ្រោះនៅខេត្តកំពង់ស្ពឺទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​៖​នៅក្នុង​ឱកាស​នៃពិធី​សំណេះសំណាល​សួរសុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្សធម៌​ ជូនដល់​អ្នករស់​នៅជាមួយ​មេរោគអេដស៍​ ចាស់ជរាគ្មាន​ទីពឹង​ ស្ត្រីមេម៉ាយ​ គ្រួសារ​ទីទ័លក្រ​ កុមារកំព្រា ​និងគ្រួសារ​ជនពិការ​ចំនួន១២៨៨គ្រួសារ​ នៅស្រុក​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ នៅព្រឹកថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧​ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានថ្លែង​បញ្ជាក់​ទៅកាន់​ប្រជាពលរដ្ឋ​ថា​ "បេសកកម្ម​របស់​កាកបាទក្រហម​កម្ពុជា​ បានធ្វើ​ឡើងជាយូរ​ណាស់​មកហើយ​ គិតចាប់តាំង​ពីជួយ​ជំលៀសជនភៀសសឹក​នៅក្នុង​សម័យសង្គ្រាម​ឱ្យមានទី​មានសុវត្ថិភាព​ និងជួយ​សម្រាល​ទុក្ខលំបាកជូន​ប្រជាពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះ​បំផុត​ ជាបន្តបន្ទាប់​ គ្រប់ពេលវេលា​ ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ"។

 

ទន្ទឹមនឹងនោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានផ្តល់​អនុសាសន៍​សំខាន់​ដូច​ខាងក្រោម​ ៖

 

១/​សូមយុវជន​កាកបាទ​ក្រហម​កម្ពុជា ត្រូវធ្វើ​ជាគំរូ​ល្អដល់​យុវជន ឬសិស្ស​ដទៃ ដោយជួយ​អូសទាញ​សិស្ស​នានា​ឱ្យដើរ​ក្នុងផ្លូវ​ត្រឹមត្រូវ​របស់សង្គម​ និងចូលរួម​កាន់តែ​សកម្ម​ក្នុងការងារ​មនុស្សធម៌​នៅតាម​សាលារៀន​ ឬសហគមន៍​របស់ខ្លួន​ ដើម្បី​ឆ្លើយតប​តាមតម្រូវការ​ដល់ជន​រងគ្រោះ ​និងងាយ​រងគ្រោះ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

 

២/​សូមប្រជាពលរដ្ឋ​ក្នុងគ្រួសារ​នីមួយៗ​យកចិត្តទុកដាក់​ គិតគូរ​ពីសុខភាព​រស់នៅ​ប្រចាំថ្ងៃ​ ដោយត្រូវ​ពិសារ​ទឹកឆ្អិន និងមាន​អនាម័យ​ជុំវិញផ្ទះ ​ដើម្បីជួយសម្រាលអត្រា​ឈឺក្នុងផ្ទះ​ និងលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ។

 

៣/សូមអ្នក​ផ្ទុកមេរោគអេដស៍​ទាំងអស់ ​អញ្ជើញ​ទៅមណ្ឌល​សុខភាព ​ឬមន្ទីរពេទ្យ​ឱ្យបាន​ទៀងទាត់​ ទៅតាមកាលកំណត់​របស់គ្រូពេទ្យ​ ហើយបើយើង​ជាអ្នកផ្ទុក​ សូមកុំ​ចម្លងទៅ​អ្នកដទៃទៀត។​ ចំពោះអ្នក​មានផ្ទៃពោះ ​ត្រូវទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ និងសម្រាលកូ​ននៅមណ្ឌល​សុខភាព​ ដើម្បី​កុំឱ្យ​ឆ្លងពី​ម្តាយទៅទារក។ ចំណែកស្ត្រីមាន​ផ្ទៃពោះទូទៅត្រូវទៅ​ពិនិត្យសុខភាព​ឱ្យបានទៀងទាត់ ហើយត្រូវ​សម្រាលកូននៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដើម្បីសុខភាព​ទាំងម្តាយ​ និងទារក។

 

៤/​ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ យកចិត្តទុកដាក់​ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា ដើម្បី​កាត់បន្ថយ​អត្រាស្លាប់​ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

 

៥/​សូម​ប្រជាពលរដ្ឋ​ទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ចូលរួមទប់ស្កាត់​ និងលុបបំបាត់គ្រឿងញៀន​ ល្បែងស៊ីសង​ គ្រឿងស្រវឹង​ -ល-​ ដែលជាមូលហេតុ​នៃអំពើហិង្សា​ក្នុងគ្រួសារ​ អំពើ​ចារកម្ម ចោរកម្ម​ និងឈានដល់សម្លាប់មនុស្សជាដើម។

 

៦/​សូមមីក្រូហិរញ្ញវត្ថុទាំងអស់​ត្រូវចេះគិតគូរ​យោគល់​ និងអាណិត​អាសូរដល់​ប្រជាពលរដ្ឋ​ដែលខ្ចី លុយយកទៅ​ប្រើប្រាស់​ក្នុងមុខរបរ​ត្រឹមត្រូវ​របស់​ពួកគាត់។

 

៧/​ សូមប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​ករណីភ្លើងផ្សែង​នៅរដូវប្រាំង​នេះ​ ដែលអាច​បង្កឧបទ្ទវហេតុ​ផ្សេងៗបាន។

 

៨/​សូមអាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ យកចិត្តទុក​ដាក់ចុះពិនិត្យ​តំបន់ដែល​ប្រឈម​នឹងកង្វះទឹកស្អាត​ប្រើប្រាស់​ ដើម្បីស្នើ​មកសាខា​ ឬទីស្នាក់ការកណ្តាល​កាកបាទក្រហម​កម្ពុជា​ ដោះស្រាយជូន៕

 

ក្លឹបយុវជនកាកបាទក្រហមកម្ពុជារៀបចំតាំងពិព័រណ៍ និងតន្ត្រី សប្បុរសធម៌លើកទី៤

កក្រក៖​ នៅព្រឹក​ថ្ងៃទី​១០ ​ខែមីនា​ ឆ្នាំ២០១៧ ​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បានរៀបចំ​ពិធី​ពិព័រណ៍ ​និង​តន្ត្រីសប្បុរសធម៌​លើកទី៤​ របស់ខ្លួន​ក្រោមអធិបតីភាព​ ឯកឧត្តម ពិត ចំណាន សមាជិក​គណៈកម្មាធិការ​កណ្ដាល​កក្រក​ ឯកឧត្តម​បណ្ឌិត​ សាន វឌ្ឍនា តំណាង​ឯកឧត្តម​ ហ៊ុន ម៉ានី និងឯកឧត្តម អ៊ុម រម្យណី ព្រមទាំង​មានការ​ចូលរួម​ពីភ្ញៀវកិត្តិយស ​គណៈគ្រប់គ្រង​ សាស្ត្រាចារ្យ និស្សិត និងយុវជន​ កាកបាទក្រហម​កម្ពុជា ​សរុប ៦០០នាក់។

 

​ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ពិត ចំណាន​ មាន​ប្រសាសន៍​ថា ​ការរៀបចំ​ពិធី​ពិព័រណ៍​ និង​តន្ដ្រី ​សប្បុរសធម៌​លើកទី៤​ រៀបចំ​ឡើងក្នុង​គោលបំណង​ផ្សារភ្ជាប់​នូវ​សកម្មភាព​មនុស្សធម៌​ កៀរគរ​មូលនិធិ​ពីសប្បុរសជន​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ នៅក្នុង​គ្រឹះស្ថាន​ឧត្តមសិក្សា ​ចុះសាកសួរ​សុខទុក្ខ​កុមារកំព្រា​ ចាស់ជរា​ និងអ្នកជំងឺ​សម្រាក​ព្យាបាល​នៅតាមមន្ទីរ​ ពេទ្យនានា​ក្នុង​រាជធានីភ្នំពេញ​។

គួរបញ្ជាក់​ផងដែរ​ ក្នុងពិធី​ពិព័រណ៍ និង​តន្ដ្រី​សប្បុរសធម៌​លើកទី៤ នេះមាន​ការឧបត្ថម្ភ​ថវិកា​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កក្រកចំនួន៥លានរៀល,និងឯកឧត្តម​ហ៊ុន ម៉ានី ថវិកា២លានរៀល និង​សប្បុសជន​ជាច្រើន​បន្ដបន្ទាប់​ទៀត។ ក្រៅពីនេះ​ក៏មាន​ការរៀបចំ​នូវស្ដង់​ពិព័រណ៍​ម្ហូបអាហារ​ នំចំណី និង​ក្រុមហ៊ុន​មួយចំនួន​ផងដែរ៕

 

វគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖​នាល្ងាច​ថ្ងៃទី​០៩​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ នៅ​វិទ្យាល័យជា ស៊ីម​ សាមគ្គី​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បានរៀបចំ​ពិធី​បិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សាយុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន១៣០នាក់​ (ស្រី៨២នាក់)​ ដោយមានការ​ចូលរួម​ពីសំណាក់​លោកគ្រួច សាមឿន ​នាយក​ប្រតិបត្តិសាខា​ដែលវគ្គយល់ដឹងនេះ​បានចាប់ដំណើរ​ការអស់ រយៈពេល១ថ្ងៃ​កន្លងមក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន៧០ភាគរយ​ និងមធ្យម៣០ភាគរយ ។

 

ទន្ទឹមនឹង​ការពាំនាំ​នូវសេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​លោកគ្រូ​អ្នកគ្រូ​ជាទីប្រឹក្សា​យុវជន និងក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ លោក​នាយក​ប្រតិបត្តិសាខា​បានគូស​បញ្ជាក់ថា៖ ការបើកវគ្គ​យល់ដឹង​ជូននា​ពេលនេះគឺ​ ដើម្បីជួយ​ជាពន្លឺស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់ដឹង​ពីសារៈសំខាន់​ក្នុងការអនុវត្ត និង​បំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ ​និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាន​នេះគ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥មក​បង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហមកម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហមកម្ពុជា 
៣/ គ្រោះមហន្តរាយ ​និងការគ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះសួរសុខទុក្ខប្រធានក្រុមអ្នកស្ម័គ្រចិត្តដែលមានជំងឺ

សាខាកក្រក​ខេត្តកំពង់ធំ​ ៖​កាលពីរសៀល​ថ្ងៃទី​០៨ ​ខែមិនា​ ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី ប្រធាន​ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ​ អមដំណើរ​ជាមួយ​នាយិកា​សាខា​ មន្រ្តី​ប្រតិបត្តិ​សាខា លោកស្រីអនុសាខា​ស្រុកសន្ទុក បានចុះសួរ​សុខទុក្ខ​និងនាំយក​អំណោយ​ទៅចែក​ជូនដល់​គ្រួសារ​ឈ្មោះគង់ ស៊ីនឿន ភេទស្រី អាយុ៥២ឆ្នាំ ជាប្រធាន​ក្រុមអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ក្នុងឃុំកកោះ កំពុង​ជួបការលំបាក​និង មានជំងឺ​រស់នៅ ភូមិសន្ទុក​ក្រៅ និងបន្ត​ទៅចែក​ដល់​លោកយាយចាស់​ជរាក្រីក្រ​ចំនួន១គ្រួសារ និងកុមាររី​រងគ្រោះ​ដោយការ​ចាប់រំលោភ ​១នាក់ដែល ​រស់នៅភូមិ​៧មករា ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះ ​លោកជំទាវបានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​គិតគូរ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល​សម្តេច​តែងយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការ​លំបាក​ដោយមិន​ប្រកាន់វណ្ណៈ ​ពូជសាសន៍​ ព័ណ៌​សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលចែក​ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។

 

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអូរជ្រៅ

កក្រក ៖​នៅព្រឹក​ថ្ងៃទី​៩ ​ខែមីនា​ ឆ្នាំ២០១៧​ នេះ ​ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត​ នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ និងមាន​ការអញ្ជើញ​ចូលរួម​ពី​ លោកជំទាវ​ ឆាន់ ច័ន្ទសោភា​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​លោកជំទាវ​ លោក លោកស្រី ​ដែលជា​សមាជិក​ សមាជិកា​ សាខានិងអនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​សួរ​សុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ របស់​កាកបាទក្រហមកម្ពុជា​ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ចំនួន ៣៣៦​គ្រួសារ​ មកពី​ឃុំ​ចំនួន​បីរួមមានឃុំចង្ហា ឃុំសិង្ហ និងឃុំសូភី នៃស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែលពិធី​នេះប្រព្រឹត្ត​ទៅក្នុង​បរិវេណ​វត្តពោធិ៍សម្ភារ​ជ្រៃឈូក។

 

នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផលឯកឧត្តម​វេជ្ជ.​បានមាន​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខពី​សំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់​ និងបាន​ណែនាំ​ដល់​បងប្អូន​សូមថែ​រក្សា​អនាម័យ​ ពិសារទឹកឆ្អិន​ និងគេងក្នុង​មុងជានិច្ច។ ជាងនេះទៅទៀត សូមបងប្អូន​ទាំងអស់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ឬឆ្ងាយ។ បន្ថែមពី​លើនេះ​ទៀត សូមជៀស​ឲ្យឆ្ងាយ​ពីគ្រឿង​ញៀន​ និង​កុំពិសារ​គ្រឿងស្រវឹង។ រឹតតែ​ពិសេស​ជាងនេះ​ទៀត​ សូមការពារ​ខ្លួន​កុំឲ្យឆ្លង​មេរោគ​អេដស៍ និង​កុំរើស​អើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍ ព្រមទាំងត្រូវ​មានស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នូវគ្រាប់មីន​មិនទាន់ផ្ទុះ។

 

ប្រជាពលរដ្ឋ​ងាយរង​គ្រោះទាំងអស់​ រំភើប​រីករាយ​ក្រៃលែង​ និងបាន​ថ្លែងអំណរ​គុណ​ដល់​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្ដេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ជាប្រធាន​ ជានិច្ចកាលតែង​តែយក​ព្រះទ័យ​ និង​ចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​ដែលងាយ​រងគ្រោះ ​គ្រប់ទិសទី​ដោយមិន​ប្រកាន់វណ្ណៈ ​ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកអ្នកពិការ និងចាស់ជរាមួយចំនួន ទទួលបានថវិកាមួយចំនួនបន្ថែមទៀត។

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះជូនស្រ្តីទីទ័លក្រនិងមានជំងឺនៅខេត្តកំពង់ស្ពឺ

កក្រក​ ៖​នៅព្រឹក​ថ្ងៃទី​៩ ​ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់​ផ្ទះថ្មី​១ខ្នង​ ធ្វើពីថ្ម​ប្រក់ស័ង្កសី​ មានទំហំ​៤ម៉ែត្រ​ x ៦ម៉ែត្រ​ និងត​សំយ៉ាប​មុខផ្ទះ​ប្រវែង២.៥ម៉ែត្រ​ រួមជាមួយ​បន្ទប់ទឹក​មួយទំហំ​១.៨ម៉ែត្រ​ x ២.៣ម៉ែត្រ​ជូនស្ត្រី​មេម៉ាយ​ឈ្មោះ ម៉ី សារិន អាយុ៥៣ឆ្នាំ​ ដែលមាន​ទុក្ខផ្ទួនៗ​គ្នាដោយប្តី​ឈឺស្លាប់​ កូនប្រុស​ម្នាក់​ស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​ស្របពេល​កំពុង​ជំពាក់​បំណុល​គេ ហើយ​ត្រូវទទួល​រងគ្រោះ​ដោយសារ​ដើមអំពិល​ដួលរលំ​សង្កត់ផ្ទះ​ខូចខាត​ទាំងស្រុង​ទៀត ​កាលពី​អំឡុង​ខែតុលា ​ឆ្នាំ២០១៦​ កន្លង​ទៅ រស់​នៅភូមិ​សោកម៉ោក ឃុំអង្គ​ពពេល​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

ក្នុង​ឱកាសនោះ​ លោកជំទាវ​ ម៉ែន នារី​សោភ័គ​ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហម​កម្ពុជា ​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា ដែលជា​និច្ចកាល សម្តេច តែង​ យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការលំបាក​ដោយមិន​ប្រកាន់វណ្ណៈ ​ពូជសាសន៍ ​ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ​។ លោកជំទាវ បានផ្តាំផ្ញើ​ដល់អ្នកស្រី​ ម៉ី សារិន ត្រូវថែទាំ​សុខភាព​ឱ្យបាន​ល្អ ប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ និងអប់រំ​កូនឱ្យខិតខំ​សិក្សា​រៀនសូត្រ​ដើម្បីអនាគត​ភ្លឺស្វាង​របស់ខ្លួន។

 

ទន្ទឹមនឹង​នោះ អំណោយ​សម្រាប់​សង្កត់ផ្ទះ​រួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារៈផ្ទះបាយ និងថវិកា​មួយចំនួន៕

 

First Prev 46 47 48 49 50 Next Last