អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

កិច្ចប្រជុំត្រៀមរៀបចំ ទិវា ពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០១៧

កក្រក​ ៖​ ដើម្បីត្រៀមរៀបចំ ទិវាពិភពលោក កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០១៧​ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខ​នៅព្រឹកថ្ងៃទី​៩​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នេះ​ អនុគណៈកម្មការខ្លឹមសារ​ ឯកសារ​ ពិព័រណ៌​ និងផ្សព្វផ្សាយ​ ដែលមាន​ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធាន កាកបាទក្រហមកម្ពុជា​ ជាប្រធានបានរៀបចំកិច្ចប្រជុំលើកទី​ ១​ ដើម្បី​បែងចែកតួនាទី និងភារកិច្ចរបស់សមាជិក​ សមាជិកា អនុគណៈកម្មការ​ សម្រាប់អនុវត្តការងារឱ្យមាន ប្រសិទ្ធភាព។

 

កិច្ចប្រជុំនេះ​ប្រព្រឹត្ត ទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំ​សមាជិក​ សមាជិកា​សរុបចំនួន​២១នាក់​៕

 

កិច្ចប្រជុំបូកសរុបការងារផលិតទឹកបរិសុទ្ធរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នៅសាលប្រជុំ​សហគ្រាស​ផលិតទឹកបរិសុទ្ធ​វីឃែរ​ នាព្រឹកថ្ងៃទី០៦ខែ​កុម្ភ ឆ្នាំ២០១៧នេះ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧​ក្រោមអធិបតីភាព​ ឯកឧត្តម​ចន្ទ័ សុផល​ប្រធានកិត្តិយសសាខា​និងឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។​ សមាសភាព​ចូលរួមក្នុង​កិច្ចប្រជុំ​ឱកាសនោះរួមមាន៖​ឯកឧត្តម​លោកជំទាវ​ លោក​ លោកស្រី ក្នុងជួរ​គណៈកិត្តិយស​ គណៈកម្មាធិការ មន្រ្តីប្រតិបត្តិសាខា​ អនុសាខា​ ប្រធាន​ក្រុមកាកបាទក្រហម​ឃុំសង្កាត់ លោកគ្រូ​ទីប្រឹក្សាយុវជនសរុប៣២រូប។

 

មានប្រសាសន៍បើកកិច្ចប្រជុំ​ ឯកឧត្តម​ប្រធានប្រធានកិត្តិយសសាខា​ បានលើកឡើងថា៖​ នេះជាឱកាសដ៏មានតម្លៃ​ និងជាវេទិកាដ៏គាប់ប្រសើរ​ ដើម្បីឲ្យសមាជិកសមាជិកានៃអង្គប្រជុំអាចធ្វើការបូកសរុបលទ្ធផល​ វាយតម្លៃ​ និងដកស្រង់បទពិសោធន៍ការងារ​ ដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ​ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ​ និងបញ្ហាប្រឈមនានា​ ក្នុងការអនុវត្តយុទ្ធសាស្ត្រ២០១១-២០២០​ របស់កាកបាទក្រហមកម្ពុជា​ ដែលបានផ្តោតលើវិស័យស្នូលទាំង៤​ ក្នុងន័យបង្កើនប្រសិទ្ធភាព​ និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ​ ជាពិសេស​ដើម្បី​ឈានទៅ​សម្រេចបាន​នូវសមិទ្ធផល​ថ្មីបន្ថែមទៀត​ក្នុងបណ្តាឆ្នាំខាងមុខ​ ។

 

តមកកិច្ចប្រជុំ​បានចាប់ដំណើរ​កម្មវិធីរបស់ខ្លួន​ជាបន្តបន្ទាប់​ តាមរបៀបវារៈ​ដែលបានគ្រោងទុក​ប្រកបដោយការ​យកចិត្តដាក់​ និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

 

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីអនាម័យទឹកស្អាតក្នងគ្រាអាសន្ននៅខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖​នៅព្រឹក ថ្ងៃទី០៦​ខែកុម្ភៈ​ឆ្នាំ២០១៧ ឯកត្តមឧកញ៉ា​សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពីអនាម័យ​ទឹកស្អាត​ក្នងគ្រាអាសន្ន​រយៈពេល៣ថ្ងៃ​គឺចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមការ​ឧបត្ថម្ភ​ជំនួយ​ផ្នែក​បច្ចេកទេសពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា និងសហព័ន្ធអន្តរជាតិ ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

 

សិក្ខាកាម​ដែលត្រូវ​បានអញ្ជើញ​ចូលរួមមាន២៨នាក់​មកពីទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា កាកបាទក្រហមស្វីស​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង មន្រ្តីអនុសាខា​ស្រុកពារាំង ស្រុកស៊ីធរ​កណ្តាល និងស្រុកពោធិ៍រៀង។

 

គោលបំណង​នៃវគ្គបណ្តុះបណ្តាល រួមចំណែក​លើកកម្ពស់សុខភាព​ប្រជាជនក្នុងសហគមន៍តាមរយៈការពង្រឹង​សមត្ថភាពមន្រ្តី និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម ឆ្លើយតបបានទាន់ពេលវេលា​នៅពេលមាន​គ្រោះមហន្តរាយ និងត្រៀមលក្ខណៈក្នុងការផ្តល់សេវាកម្ម​ផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន។

ទស្សនៈកិច្ចសិក្សាស្វែងយល់អំពីបរិស្ថាន កសិកម្ម និងដាំដើមឈើរបស់យុវជនកាកបាទក្រហមកម្ពុជា

កក្រក ៖នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​យុវជនកាកបាទក្រហមកម្ពុជាប្រចាំគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ​ និងទីប្រឹក្សាយុវជនប្រមាណ​១៦០នាក់​បានរៀបចំកម្មវិធីដំណើរទស្សនៈកិច្ចសិក្សា ស្វែងយល់ និងលើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន និងកសិកម្ម និងដាំដើមឈើ ក្រោម​ប្រធានបទៈ​"យុវជនស្រឡាញ់បរិស្ថាន​ និងកសិកម្ម"​ នៅកសិដ្ឋានឬទ្ធីគិរីសែនមនោរម្យ​ស្ថិតនៅភូមិសំរោងជើងភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

 

ដំណើរទស្សនកិច្ចសិក្សានេះ​ មានការអញ្ជើញចូលរួមពី​ ឯកឧត្តម សម កុសល នាយកនាយកដ្ឋាន ធនធានមនុស្ស កាកបាទក្រហមកម្ពុជា មន្ត្រី​ ទីស្នាក់ការកណ្តាល​-សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ទីប្រឹក្សាយុវជន យុវជន​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៦០នាក់​ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនកាកបាទក្រហម​កម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ក្នុង រាជធានីភ្នំពេញ បានចូលរួមសិក្សាស្វែងយល់ និងលើកកម្ពស់ចំណេះដឹងកសិកម្ម ធារាសាស្រ្ត និងបរិស្ថាន នៅក្នុងសហគមន៍មូលដ្ឋាន  ដើម្បីផ្សារភ្ជាប់ជីវភាពយុវជនជាមួយសហគមន៍ បន្តផ្សព្វផ្សាយតាមរយៈ​សកម្មភាពបញ្ជ្រាបចំណេះដឹងទាំងនេះដល់ស្រទាប់យុវជន មហាជនឲ្យចេះថែរក្សា ស្រឡាញ់បរិស្ថាន ចូលរួមដាំដើមឈើ ធ្វើជាភ្នាក់ងារចូលរួមកសាងអភិវឌ្ឍសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងជាអ្នកនាំសារដល់សហគមន៍ តាមរយៈ​ សកម្មភាពផ្ទាល់របស់ខ្លួន៕

ប្រជាជនងាយរងគ្រោះនៅស្រុកឧត្តុងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​កាលពីព្រឹកថ្ងៃទី៣​ខែកុម្ភះ​ឆ្នាំ២០១៧​ដឹកនាំដោយ​ឯកឧត្តម តុង សេង​ប្រធានគណៈកម្មាធិការ​សាខា​និងសហការី​បានចុះ​សួរសុខទុក្ខ​និងនាំយក​អំណោយមនុស្សធម៌​ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន​ជូនដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ជនពិការ​ចាស់ជរា​គ្មានទីពឹង​កុមារកំព្រារ​សរុបចំនួន១៩គ្រួសារស្ថិតនៅ៣ភូមិ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

ឆ្លៀត​ក្នុងឱកាសនោះ​ដែរ ឯកឧត្តមបានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ដែលជានិច្ចកាល​សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រមានទុក្ខលំបាក​ជនងាយរងគ្រោះបំផុត​ដោយមិន​ប្រកាន់រើសអើង វណ្ណៈជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយ​ដែលបាន​ផ្ដល់ជូនក្នុង១គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង មី ១កេសទឹកដោះគោខាប់ ១កំប៉ុង ប្រេងឆា១ ដប នំប៊ីស្គី ១ធុង និងថវិកាចំនួន ២០,០០០ រៀល។

 

សូមបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះ​ឯកឧត្តមប្រធាន​បានប្រគល់ផ្ទះ​ចំនួន ៣ខ្នង ជូនដល់គ្រួសារ​ទីទ័លក្រ​ពុំមានជម្រក​ស្នាក់នៅ​ចំនួន ៣គ្រួសារផងដែរ៕

 

យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍ ទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ក៏ដូចជារៀងរាល់​ព្រឹកថ្ងៃសៅរ៍​សប្តាហ៍មុនៗផងដែរ​យុវជន​សាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ចំនួន​៣២០នាក់រួមជាមួយ​គ្រូទីប្រឹក្សា​ដោយមាន​ការចាត់ចែង​ពីមន្រ្តី​ប្រតិបត្តិសាខា​បានចុះ​អប់រំ​សុវត្ថិភាព ចរាចរណ៍​តាមស្តុបគោលដៅ​សំខាន់ៗ​ចំនួន២០​ក្នុងរាជធានីភ្នំពេញ ។

 

គោលបំណង​នៃការចុះអប់រំ​សុវត្ថិភាព​ចរាចរណ៍​នេះ គឺសំដៅ​ជួយដាស់តឿនក្រើន​រំលឹកបន្ថែមទៀត​ដល់​ប្រជាពលរដ្ឋយើង​ដែលធ្វើដំណើរ​តាម ដងផ្លូវ​សូមមាន​ការភ្ញាក់រលឹក​ចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា​ផ្លាកសញ្ញា​គំនូសសញ្ញា​និងបើកបរ​ត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេស​ក្នុងន័យសំដៅ​រួមគ្នា​ធ្វើឲ្យចរាចរណ៍​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើង​ទាំងមូល​មានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព​ ៕

 

កាកបាទក្រហមកម្ពុជាស្វែងយល់ពីស្ថានភាពកុមារខ្សោយសតិបញ្ញា និងកុមារពិការនៃអង្គការជំនួយនៃក្តីសង្ឃឹម

កក្រក​ ៖​នៅព្រឹកថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នេះ​ លោកជំទាវ​ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​បានចុះ​សួរសុខទុក្ខ​សំណេះ​សំណាល​ និងសិក្សា​ស្វែងយល់ពីស្ថានភាព​របស់កុមារ​ខ្សោយ​សតិបញ្ញា​ និង​កុមារពិការ​នៃអង្គការ​ជំនួយ​នៃក្តីសង្ឃឹម​សម្រាប់ ​សហគមន៍​ដែលមាន​ទីតាំង ស្ថិតនៅក្នុង​អនុវិទ្យាល័យ​អនុវត្តន៍​ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

 

សូមបញ្ជាក់ថា​ អង្គការជំនួយ​នៃក្តីសង្ឃឹម​សម្រាប់​សហគមន៍​មានកុមារ​សរុប​៨៩នាក់​ ក្នុងនោះ​ កុមារក្នុងអង្គការ​ចំនួន៤០នាក់​ និង៤៩នាក់ទៀត​នៅតាមសហគមន៍។​ មានបុគ្គលិក​ និងអ្នកស្ម័គ្រចិត្ត​ ១៣នាក់​ ក្នុងនោះ​ នៅក្នុង​អង្គការ​ចំនួន​៩នាក់​ និង៤នាក់​ទៀត​នៅតាម​សហគមន៍៕

គ្រួសារពិកា និងទីទ័លក្រនៅស្រុកឆែប ខេត្តព្រះវិហារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖នៅរសៀល​ថ្ងៃទី០២​ខែកុម្ភៈ​ឆ្នាំ២០១៧ ​នេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន​បានផ្តល់គ្រឿង​ឧបភោគ-បរិភោគ​សម្ភារៈប្រើប្រាស់​និងថវិកា​មួយចំនួន​ជូនគ្រួសារ​ពិការ​ទីទ័លក្រ​ចំនួន២គ្រួសារ​មកពី​ភូមិគុណភាព​​ឃុំឆែប២​​ស្រុកឆែប ​ខេត្តព្រះវិហារ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ លោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី ១ ​កាកបាទក្រហមកម្ពុជា ​បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ​កាកបាទក្រហមកម្ពុជា​ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់ប្រជាពលរដ្ឋ ​ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

ជាកិច្ចឆ្លើយតប ​គ្រួសារទាំងពីរបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ដែលបាន​ជួយដោះស្រាយ​ និងសម្រាល​ការលំបាក​ដល់អ្នក​ទីទ័លក្រ​ពិតប្រាកដ​ និងសូមជូនពរសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​មានសុខភាពល្អ ​អាយុយ៉ឺនយូរ​ដើម្បី​បន្តដឹកនាំ​កាកបាទក្រហមកម្ពុជា​ជួយដល់​ជនងាយរងគ្រោះ​បំផុត​ដទៃទៀត៕

 

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

សាខាកក្រកខេត្តកោះកុង​ ៖​កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​ឯកឧត្តម ប៊ុន លើត ប្រធាន​កិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង និងសហការីបានចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនគ្រួសារក្រីក្ររងគ្រោះដោយអគ្គីភ័យចំនួន០១ ខ្នងផ្ទះនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

 

អំណោយដែលបានផ្តល់ជូនរួមមាន​ ៖​ អង្ករ៥០គក្រ  មី០២កេស​ ទឹកត្រី០៥លីត្រ ទឹកស៊ីអីវ ០១ យួរ ត្រីខ១០កំប៉ុង​ ប្រេងឆា០៥លីត្រ ទឹកសុទ្ធ០២កេស​ ធុងចម្រោះទឹក ០១​តង់ ០១ ចង្ក្រាន ០១ ឆ្នាំងដាំបាយ០១​ ឆ្នាំងសម្ល០១ ខ្ទះឆា ០១​ ចានបាយ១២​ ចានសម្ល​ ១២ ចានទឹកត្រី ១២​ វែកបាយ ៣​ វែកសម្ល​ ៣ វែកឆា ០៣ ស្លាបព្រាវែង ១០ ចានស្រាក់ ០១ ជ្រុញ ០១ កាធុនជ័រ ០២ ឃីត ០១ឈុត ( មុង​ ភួយ​ សារុង​ ក្រមា) និងថវិកា ១.៦៥០.០០០រៀល៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចូលរួមបុណ្យសពក្រុមគ្រួសារលិចទូកស្លាប់

សាខាកក្រក ខេត្តកណ្តាល ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារសព ដែលបានរងគ្រោះដោយលិចទូកបណ្តាលឱ្យបាត់បង់ជីវិតចំនួន២នាក់ ឪពុក និង​កូនកាលពីសប្តាហ៍កន្លងទៅនៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល។

 

លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមការងារក្នុងនាម​ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាបានសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និង​សោកស្តាយ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​ឧបទ្ទវហេតុ​ដែលបានកើតឡើងចំពោះគ្រួសាររងគ្រោះ​ ដែលបានបាត់បង់សាច់ញាតិ​ជាទី​ស្រឡាញ់​ និង​សូមបួងសួងដល់វិញ្ញាណក្ខន្ធសព​ បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​បានចូលបុណ្យនូវគ្រឿង​ឧបភោគ-បរិភោគ​ និងបច្ច័យមួយចំនួនរួមមាន​ ៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ត្រីខកំប៉ុង២យួរ ទឹកដោះគោ៥កំប៉ុង និងបច្ច័យ១,១០០.០០០ រៀល ។ ដោយឡែក​ អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកស្អាង បានចូលបុណ្យចំនួន ២០០,០០០រៀល៕

First Prev 46 47 48 49 50 Next Last