អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី

ខេត្តរតនគិរី ៖ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងអនុសាខាកាកបាទក្រហមស្រុកលំផាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះស្រី ទូច អាយុ៨៧ ឆ្នាំ រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ហើយមានជីវភាពក្រលំបាករស់នៅម្នាក់ឯងគ្មានកូនចៅបានអ្នកជិតខាងមើលថែ។ 


ក្នុងឱកាសនោះលោកនាយសាខា ក៍បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដោយផ្តាំផ្ញើអ្នកជិតខាងបន្តជួយមើលថែ យកអាសារលោកយាយផង។


អំណោយរួមមានៈ អង្ករ ៥០ គីឡូក្រាម មី មួយកេសតូច ត្រីខ មួយ យួរ មុង ភួយ សារ៉ុង ក្រមារ មួយ ទឹកត្រី បីដប ទឹកស៊ីអីវមួយ យួរ ប្រេងឆា មួយដប និង ថវិកា ២០ម៉ឺនរៀល ថវិកាផ្ទាល់របស់សាលាស្រុកលំផាត់ ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

សាខាកក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឃួន ឃុនឌី ប្រធានស្តីទីគណៈកម្មាធិការសាខា ពិធីនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុង ស្រុក និងក្រុមប្រតិបត្តិផងដែរ ។

 

លោកស្រីឌុក ស៊ីដា នាយិកាប្រតិបត្តិសាខា បានធ្វើរបាយការណ៍សង្ខេបទាក់ទង​ការអនុវត្តន៍​ការងារ​ក្នុងឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះមានគោលដៅឆ្លុះបញ្ចាំងចំណុចវិជ្ជមាន ចំណុចអវិជ្ជមានក្នុង​សកម្មភាពការងារលើវិស័យស្នូលទាំងបួន។  អាស្រ័យដោយកត្តាបម្រែបម្រួលអាកាសធាតុជាសកល និងឥទ្ធិពលនៃរដូវវស្សាឆ្នាំ២០១៥ ទឹកជំនន់មានសភាពតូចជាងបណ្តាឆ្នាំមុនគួបផ្សំ និង​ភ្លៀងបង្អុរ​តិចផងនោះឈានចូលមកដល់រដូវប្រាំង២០១៦ធ្វើឲ្យតំបន់ជាច្រើនជួបនិងភាពរាំងស្ងួតខ្វះខាតទឹកស្រោចស្រពដំណាំដាំដុះនិងធ្វើឲ្យសាខាជួបបញ្ហាប្រឈមជាច្រើនដែលត្រូវរិះរកដំណោះស្រាយដូចជាប្រជាពលរដ្ឋច្រើនគ្រួសារខ្វះស្បៀងអាហារ និងខ្វះទឹកប្រើប្រាស់ក្នុងដំណាក់កាលរដូវវស្សា​ភ្លៀងបាន​អំណោយផលល្អធ្វើឲ្យការងារបង្ករបង្កើនផលមានការប្រសើរឡើង។

 

លោក ជំទាវ ឃួន ឃុន ឌី មានប្រសាសន៍ថាការឆ្លុះបញ្ចាំងលើសកម្មភាពអនុវត្តក្នុងមួយឆ្នាំកន្លងមក ដោយមានទិសដៅយុទ្ធសាស្រ្តរបស់ថ្នាក់ជាតិជាត្រីវិស័យ និងស្ថិតក្រោមការដឹកនាំរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងការគាំទ្រររបស់គណៈកិត្តិយស និងករគ្រប់គ្រងផ្ទាល់​របស់​គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ អ្នកអនុវត្ត មានមន្ទីរអង្គភាពនឹងកិច្ចសហការល្អជាមួយដៃគូរ អភិវឌ្ឍន៍នានាវិស័យ ឯកជន សប្បុរសជន។ លើសពីនេះទៅទៀតបន្តលើកកម្ពស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការត្រៀមបំរុង ការឆ្លើយតប​ជា​ប្រចាំ និងមានបញ្ជ្រាបបញ្ចូលនៅពិពិធភាពក្នុងសកម្មភាពនានាតាមវិស័យស្នូល បន្តពង្រឹងប្រព័ន្ធ​គ្រប់គ្រង​និងចែករំលែករបាយការណ៍ និងខិតខំប្រឹងប្រែងរកសមាជិកជួយ​ទ្រទ្រង់ដល់​កាកបាទក្រហម​កម្ពុជាខេត្ត ។

 

ចុងបញ្ចប់លោកជំទាវស្នើឲ្យអនុសាខាកាកបាទក្រហមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅ លើយុវជនស្ម័គ្រចិត្តនៅតាមភូមិនិងបង្ក់នការរកមូលនិធិ ធនធានតាមរូបភាព​ ផ្សេងៗដែលសមស្រប ។

 

នាយចេកទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ជូនដល់តារាកំប្លែង ” នាយចេក” ឈ្មោះដើម ឈុំ ប៊ុនឈឿន អាយុ ៦៣ឆ្នាំ តារាកំប្លែងជើងចាស់ មានទីលំនៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងជួបទុក្ខផ្ទួនគ្នា ដោយភរិយាមានជំងឺត្រូវវះកាត់ រីឯម្តាយបង្កើតជរា មានជំងឺបេះដូងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

ក្រោយទទួលការសណ្តោសប្រណីពីកាកបាទក្រហមកម្ពុជា លោកឈុំ ប៊ុនឈឿន ហៅនាយចេក បានសម្ដែងនូវការដឹងគុណទាំងក្តីរំភើបចិត្តឥតឧបមា ព្រោះមាតាមនុស្សធម៌គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសិល្បករជើងចាស់ ដែលបានរួមចំណែកថែរក្សាសិល្បៈ វប្បធម៌ និងបន្សល់ទុកស្នាដៃជាច្រើនសម្រាប់យុវជនខ្មែរជំនាន់ក្រោយ៕

កិច្ចប្រជុំពិភាក្សាការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែងៈ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានបើកកិច្ចប្រជុំស្តីពីការងារ​​គណៈកម្មាធិការសាខាស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាសរុបចំនួន១៨រូប។

អង្គប្រជុំបានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលសាខាបានជួបប្រទះកន្លងមក ក៍ដូចជាសំណូមពរមួយចំនួន ដែលបានលើកឡើងដោយក្រុមប្រតិបត្តិសាខា និងបានធ្វើការកែសម្រួល និងអនុម័តដាក់អោយប្រើប្រាស់នូវផែនការសកម្មភាព និងថវិកា សម្រាប់សាខាអនុវត្តក្នុងឆ្នាំ២០១៧ នេះដែលក្នុងនោះរួមមានការសាងសង់ផ្ទះជូនគ្រួសារចាស់ជរាក្រីក្រ និងទុរគតជន ចំនួន ២៦ខ្នងផ្ទះ និងសាងសង់បង្គន់អនាម័យ ចំនួន ៥០បង្គន់ ផងដែរ។

 

គ្រួសាររងគ្រោះស្លាប់ដោយសារផ្ទុះមីននៅខេត្តត្បូងឃ្មុំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងមហន្តរាយកាកបាទក្រហមកម្ពុជារួមជាមួយមន្រ្តីសាខានិងយុវជនកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានអញ្ជើញចុះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន១០លានរៀល ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសាសពលោកអនុសេនីយ៍ត្រី សួស យឿន អាយុ ៣៩ឆ្នាំ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ដោយសារផ្ទុះមីន (ក្នុងពេលកំពុងដោះមីន) នៅភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

 

ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ.បានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី សួស យឿន បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ៕

 

វេទិកាសាធារណៈស្ដីពីពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យហ៊ុន សែន សៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយអាជ្ញាធរឃុំកណ្ដែកនិងវិទ្យាល័យហ៊ុន សែនស្វាយធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំធ្វើវេទិកាសាធារណៈស្ដីពីពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដោយមានការចូលរួមពីសំណាក់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានវាគ្មិនអញ្ជើញចូលរួមមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ សម្បទាខេត្ត ស្នងការនគរបាលខេត្ត និងតំណាងអង្គការជនពិការអន្តរជាតិ និងមានយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចូលរួមសរុបចំនួន ១៥៦នាក់ ស្រី៦២នាក់ (ជនពិការ ១១នាក់ ស្រី ៣នាក់) ក្រោមការជួយឧបត្ថមគាំទ្រពីអង្គរ LIGHT FOR THE WORLD។

 

វេទិកានេះបានរៀបចំឡើងក្នុងគោលបំណង៖ លើកកម្ពស់សិទ្ធជនពិការក្នុងការចូលរួមការងារសង្គម និងលប់បំបាត់ការរើសអើងគ្រប់រូបភាពលើជនពិការ។ គាំទ្រឱ្យមានផ្លូវ និងជម្រាលសម្រាប់ជនពិការដើម្បីប្រើប្រាស់សម្រាប់ទទួលសេវាសាធារណៈក្នុងសង្គម។ បង្ហាញពីអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បង្កើនការពាក់ពួកសុវត្ថិភាពរបស់សិស្សានុសិស្សតាមរយៈការយល់ដឹងពីការផ្សព្វផ្សាយនេះ។

 

សាខាកាកបាទក្រហមកម្ពុជាចូលរួមបុណ្យសពកូនប្រុសលោកស្រី អ៊ឹង សុទ្ធា

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះលោកជំទាវចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោកស្រី អ៊ឹង សុទ្ធា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ ដែលកូនប្រុសរបស់គាត់បានស្លាប់មកពីជំងឺនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះលោកជំទាវប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានសំដែងនូវការសោកស្តាយចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់ របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានោះសាខាបាននាំយកសម្ភារផ្តល់ជូនរួមមាន ៖ អង្ករ១០គីឡូ មី៤កេស ត្រីខ២០កំប៉ុង ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល ១កញ្ចប់ ប៊ីចេង ២គីឡូ ទឹកបរិសុទ្ធ៦កេស ថវិកាមួយចំនួន និងថវិកាឯកឧត្តម ម៉ុម ចន្ទលី អនុប្រធានកិត្តិយសសាខាចំនួន២០០,០០០ រៀលគត់។

 

កាកបាទក្រហមកម្ពុជាផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះនៅក្រុងព្រៃវែង

កក្រក៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តព្រៃវែង ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចាស់ជរាគ្មានទីពឹង ស្ត្រីមេមាយ កុមារកំព្រា ជនពិកា និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន៤០៧គ្រួសារ មកពី ១៥ភូមិ ៣ឃុំ ក្រុងព្រៃវែង ខេត្តព្រៃវែង។

 

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត គេងក្នុងមុង កុំឲ្យមូសខាំចៀសវាងឆ្លងជំងឺផ្សេងៗ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខឲ្យបានបាន៤ដងមុនពេលសម្រាល និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងអនុវត្តភូមិឃុំមានសុវត្ថិភាព។

គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ និងក្រមា១។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយរួចមក លោកជំទាវ អគ្គលេខាធិការ និងប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹងដោយមិនអាចមកទទួលណោយដល់ខ្នងផ្ទះ ចំនួន ៦គ្រួសារ ២ភូមិ ២ឃុំ ខេត្តព្រៃវែង។


ចាស់ជរាគ្មានទីពឹងទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ អំពូលប្រើដោយថាមពលព្រះអាទិត្យ(Solar) និងថវិកាមួយចំនួន។

 

បន្ទាប់ពីបញ្ចប់បេសកម្មចុះចែកអំណោយរួមមក លោកជំទាវ អគ្គលេខាធិការ ក៏បានប្រគល់ឧបករណ៍បន្សុទ្ធទឹក និងសម្លាប់មេរោគក្នុងទឹក ដែលឧបករណ៍នេះមានការបន្សុទ្ធ និងសម្លាប់មេរោគ ៧ដំណាក់កាល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីឲ្យសាខាប្រើប្រាស់ក្នុងមានគ្រោះមន្តរាយនានា ជាពិសេសគ្រោះមន្តរាយទឹកជំនន់ ហើយឧបករណ៍នេះកាកបាទក្រហមកម្ពុជា បានទទួលការឧបត្ថម្ភពីសហព័ន្ធអន្តរជាតិផងដែរ។

 

សិក្ខាសាលាស្វែងរកការគាំទ្រពីវិស័យឯកជន និងសប្បុរសជន ស្ដីពីបង្ការពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

កក្រក ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៧ នេះ គម្រោងសុវត្ថិភាពចរាចរណ៍និងពិការភាពរបស់កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាស្វែងរកការគាំទ្រពីវិស័យឯកជន និងសប្បុរសជនស្ដីពី " បង្ការពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ " នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីអ្នកសម្របសម្រួលអង្គការឡៃហ្វដឺវឺល (LFW) របស់ប្រទេសហូឡង់, អគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមការងារគម្រោងថ្នាក់កណ្តាល នាយក នាយករង មន្ត្រីគម្រោង កាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុន វិស័យឯកជន និងសប្បុរសជនសរុបចំនួន៣៦នាក់ ក្នុងពិធីបើកសិក្ខាសាលាឯកឧត្តម អគ្គលេខាធិការរងទី២ បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថមដល់គម្រោងនេះឱ្យមានដំណើរការដល់បច្ចុប្បន្ននេះ ។

 

គោលបំណងនៃសិក្ខាសាលានេះ គឺស្វែងរកការគាំទ្រជាថវិកា សម្ភារៈ បច្ចេកទេស និងការគាំទ្រផ្សេងៗពីវិស័យឯកជន និងសប្បុរសជន ដើម្បីធ្វើការបណ្ដុះបណ្ដាល ផ្សព្វផ្សាយយុទ្ធនាការ វេទិកាសាធារណៈដល់សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិរស់នៅរបស់ជនពិការ ច្បាប់ចរាចរណ៍ផ្លូវគោកផលប៉ះពាល់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ និងវិធីសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចូលរួមសពនាយទាហានឆ័ត្រយោង

សាខាកក្រកខេត្តកំពត ៖ ដើម្បីសំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពនាយទាហានខ្មែរ-ឥស្លាមឈ្មោះលេស កំម៉ារី អាយុ​២២ឆ្នាំ ដែលបាន​ទទួលមរណភាពដោយសារលោតឆ័ត្រយោងខុសបច្ចេកទេសនោះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ ត្រូវបាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចាត់ឲ្យឯកឧត្តម ចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី ចូលរួមរំលែកទុក្ខនិងនាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកា ២លានរៀលទៅចូលបុណ្យដល់ក្រុមគ្រួសារសពដែលមានអាសយដ្ឋានស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

 

មរណភាពរបស់លោក លេស កំម៉ារី គឺជាការបាត់បង់យុទ្ធជនអង់អាចក្លាហានដ៏ឆ្នើមមួយរូបដែលពោរពេញដោយសមត្ថភាពក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាព​ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

 

សូមបញ្ជាក់ថាសពលោក​ លេស​ កំម៉ារី​ ជាសិក្ខាកាមជំនាញឆ័ត្រយោងនៅអង្គភាព ៩១១ ដែលបានទទួលរងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ខណៈពេលកំពុងធ្វើការហ្វឹកហាត់លោតឆ័ត្រយោងពីលើយន្តហោះដោយខុសបច្ចេកទេសកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨:៥០នាទីព្រឹក ស្ថិតនៅទីតាំងចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 

First Prev 42 43 44 45 46 Next Last