អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចែកអំណោយប្រជាជនចាស់ជរានៅស្រុកបុរីជលសារ

នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ ប្រជាពលរដ្ឋចាស់ជរា គ្មានទីពឹង និងទីទ័លក្រ សរុបចំនួន៨៦គ្រួសារ ស្ថិតនៅក្នុងឃុំដូងខ្ពស់ និងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។


ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស មុង១ ភួយ១ កន្ទេល១ ក្រមា១ និងសារ៉ុង១៕

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខមន្រ្តីរបស់ខ្លួនដែលមានជំងឺ

នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសាកសួរសុក្ខទុក្ខលោក អ៊ិត ឈុនលី អាយុ ៥៩ឆ្នាំ ជាមន្ត្រីកាកបាទក្រហមកម្ពុជា មានជំងឺមហារីកក្រពះធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី ១ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ លោក អ៊ិត ឈុនលី ដែលជាមន្ត្រីសកម្មបានលះបង់កម្លាំងកាយ-ចិត្តបម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាជាយូរណាស់មកហើយ។ ទន្ទឹមនឹងនោះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារ និងអ្នកជំងឺ សូមបន្ដការថែទាំសុខភាពឱ្យបានល្អប្រសើរថែមទៀត។

 

ជាមួយគ្នានោះ លោកជំទាវ និងសហការី បានផ្តល់ជូនផ្លែឈើ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺផងដែរ៕

 

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខនាយឆើត

នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា ទឹកដោះគោ និងទឹកផ្លែឈើមួយចំនួន មកជូន លោក ពៅ គីសាន់ (ហៅនាយឆើត) ជាតារាកំប្លែងជើងចាស់ កំពុងមានជំងឺកំពុងសម្រាកនៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

នាឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី ១ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះសិល្បៈករជើងចាស់ ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈ ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើដល់ លោក ពៅ គីសាន់ ក៏ដូចជាសិល្បករ-សិល្បការនីទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ យកពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ទោះជាមមាញឹកជាមួយការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ។

 

ជាកិច្ចឆ្លើយតប លោក ពៅ គីសាន់ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងគិតគូរជាប់ជានិច្ចចំពោះសិល្បករគ្រប់រូបដែលជួបការលំបាកដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕

 

កាកបាទក្រហមកម្ពុជាចូលរួមរាត្រីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

 នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងរាត្រីសមោសរសប្បុរសធម៌២០១៦ "Rendez-Vous Night" ដើម្បីជួយឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

 

លោកជំទាវអគ្គលេខាធិការ ក៏បាននាំយកថវិការរបស់កាកបាទក្រហមកម្ពុជា ចំនួន ១០លានរៀល ចូលរួមក្នុងរាត្រីសមោសរសប្បុរសធម៌ ដើម្បីជួយឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

យុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដាក់ថ្នាំអាបេត

 សង្កាត់អូចារ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តសហកាជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំយុទ្ធនាការដាក់ថ្នាំបាណកឃាដ(អាបេត) ក្នុងភូមិមួយចំនួននៃសង្កាត់អូចារ ក្រុងបាត់ដំបង។

កម្មវិធីនេះក្នុងគោលបំណងចុះដាក់ថ្នាំអាបេតតាមពាងទឹក និងអាងទឹកក្នុងសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបងដើម្បីចូលរួមលំបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងបាណកសាស្រ្តដែលកើតមកលើប្រជាពលរដ្ឋ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដឹកនាំដោយ​លោក យូ ស្រ៊ុន នាយកសាខា រួមជាមួយសមាជិក សមាជិកា អនុសាខាស្រុកកំពង់សៀម បានចុះសួរ​សុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយមនុស្សធម៌របស់សាខា-អនុសាខាជូនប្រជាពលរដ្ឋដែល​រងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៩គ្រួសារ កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ បណ្តាល​ឲ្យរបើកដំបូលធ្ងន់ធ្ងរ១ខ្នងផ្ទះ និងប៉ះពាល់ចំនួន៨ខ្នងផ្ទះ។

 

ក្នុងឱកាសនោះដែរ​ លោកនាយកសាខា​ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា យកចិត្តទុកដាក់ខ្ពស់អំពីខ្យល់កន្រ្តាក់ដែលតែងតែ​កើតមាន​នៅរដូវវស្សា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ហូបស្អាត ផឹងស្អាត​កុំឲ្យមានជំងឺឆ្លងផ្សេងៗនិងគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។

 


គ្រួសាររបើកដំបូល​ធ្ងន់ធ្ងរ​ទទួលបាន៖ ស័ង្កសី៣មចំនួន២០សន្លឹក ទឹកសុទ្ធ២យួរ និងថវិកា​ចំនួន១០ម៉ឺនរៀលព្រមទាំងទទួលបានអំណោយពីព្រះសង្ឃគង់វត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) អង្ករ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ថវិកា២ម៉ឺន និងអនុសាខា១ម៉ឺន។ ចំណែកគ្រួសារ​ប៉ះពាល់ចំនួន៨គ្រួសារទទួលបាន៖ ថវិកា ១ម៉ឺនរៀល និងទឹកសុទ្ធ១យួរ និងអំណោយ​ព្រះសង្ឃគង់នៅវត្តជ័យគីរី(វត្តភ្នំហាន់ជ័យ) មី១កេស ទឹកត្រី១យួរ ថវិកា២ម៉ឺនរៀល៕

កាកបាទក្រហមកម្ពុជាសួរសុខទុក្ខនាយកសាខាកក្រកខេត្តត្បូងឃ្មុំ

 នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦ នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត រួមដំណើរដោយមន្ត្រី និង​យុវជន​កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ លោក ហ៊ី សុវណ្ណ នាយកសាខាកាកបាទក្រហម​កម្ពុជា ខេត្តត្បូងឃ្មុំ ដែលកំពុងមានជំងឺបេះដូង។ លោក ហ៊ី សុវណ្ណ បានទៅព្យាបាលនៅ ប្រទេស​វៀតណាម បច្ចុប្បន្ន កំពុងសម្រាកព្យាបាលដោយចលនា នៅផ្ទះម្តាយ នាបូរីសំបួរមាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

 

នាឱកាសនោះ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរលោកនាយកសាខា​ឆាប់បាន​ជា​សះស្បើយពីជំងឺ ព្រមទាំងបានឧបត្ថម្ភអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា ២លាន​រៀល​ ទឹកដោះឆៅ ២យួរ ស្ករស ១គីឡូក្រាម និងទឹកផ្លែឈើ ២កេស។

 

ជាកិច្ចឆ្លើយតប លោក សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ នៃ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់ មន្ត្រីកាកបាទក្រហម​កម្ពុជា ទាំងថ្នាក់កណ្តាល សាខា អនុសាខា អ្នកស្ម័គ្រចិត្ត ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា និង​សូមសម្តេចមេត្តាទទួលបាននូវពុទ្ធពរ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកក្រកខេត្តស្វាយរៀង

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា និងមន្ត្រីអនុសាខាស្រុកស្វាយជ្រំ បានចុះសួរសុទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ទៅប្រគល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២គ្រួសារ ដោយរលំទាំងស្រុងនិងរបើកដំបូល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំបក់ និងភូមិ ថ្នា ឃុំគ្រួសស្រុកស្វាយជ្រំ។


គ្រួសារនីមួយៗទទួលបាន៖​ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ ទឹកស៊ីអ៊ីវ ១យួរ កន្ទេជ័រ១ និងថវិកា ៥ម៉ឺនរៀល។ ដោយគ្រួសាររលំទាំងស្រុង ទទួលបាន ធុងទឹកជ័រ១ ឆ្នាំងបាយសម្ល២ និងថវិកា ២០ម៉ឺនរៀល បន្ថែមទៀត។

 

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតដល់ប្រជាជនស្រុកស្នួលខេត្តក្រចេះ

នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ នេះ ក្រុមការងារស្រះ និងអណ្តូងទឹកស្អាត កាកបាទក្រហម​កម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានរៀបចំពិធីប្រគល់អណ្តូងទឹកប្រភេទអាហ្រ្វីដេហ្វចំនួន ២០ ជាជំហានទី ២ ក្នុងឆ្នាំ២០១៦ ដែលមានលេខរៀងពី ១១ ដល់ ៣០ មានជម្រៅជាមធ្យម ៣០ម៉ែត្រ កម្ពស់​ទឹកជាមធ្យម ៦ម៉ែត្រ ធាទឹកជាមធ្យម ៤ម៉ែត្រគីប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ២,៥៨៨ គ្រួសារ ស្មើនឹងមនុស្ស ១៨,២៣៨នាក់ រស់នៅភូមិចំនួន ១០ នៃឃុំ២ធ្នូ និង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

 

នាឱកាសអបអរសាទរពិធីសម្ពោធសមិទ្ធផលថ្មីនេះ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្ត​ទុកដាក់​ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់រង់ចាំយូរឡើយ។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមចំណែកទាំងអស់គ្នា ថែរក្សាអណ្តូងនេះ ឱ្យបាន​គង់វង្សយូរអង្វែង។ អណ្តូងទឹកទាំង ២០នេះ មិនមែនជាសមិទ្ធផលចុងក្រោយទេ ពីព្រោះនេះជា​យុទ្ធសាស្ត្រ​ត្រៀមបង្ការ ដែលជាចក្ខុវិស័យយូរអង្វែងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏ដូចជា​យុទ្ធសាស្រ្តចតុកោណនៃរាជរដ្ឋាភិបាលផងដែរ។

 

ជាមួយគ្នានោះ ប្រជាពលរដ្ឋចំនួន ៥០ នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបាននូវ​វត្ថុអនុស្សាវីយ៍ កំដរដៃ ក្នុងម្នាក់ៗ ៖ សារុង១ឬក្រមា១ និងលោកតា លោកយាយ ស្ត្រីមានផ្ទៃពោះ បាន​ទទួលបន្ថែមនូវថវិកាមួយចំនួន៕

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា

 នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយ​សតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ២៥០នាក់ គ្រូ បុគ្គលិក និងពេទ្យ ចំនួន ៩១នាក់ នៅបុរីទារក និង កុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចូលរួមក្នុងកម្មវិធីនេះមានកុមារ បុគ្គលិកមកពី អង្គការសាលាទន្សាយ អង្គការ​ហេបភីទ្រី និងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ដែលមានទីតាំងបណ្តោះអាសន្ននៅ​អនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​បានអញ្ជើញ​ចុះជួបសំណេះសំណាល​ សួរសុខទុក្ខ ​ផ្តល់ក្តីអាណិត​ ស្រឡាញ់ មេត្តា ករុណា និងពិនិត្យសកម្មភាពប្រចាំថ្ងៃរបស់កុមារដែលនៅតាមបន្ទប់លេងល្បែងកម្សាន្ត បន្ទប់ស្តារ​និតិសម្បទា បន្ទប់រស់នៅរបស់ពួកគេ ដែលជាការលើកទឹកចិត្តយ៉ាងធំធេងដល់កុមារពិការ កុមារកំព្រា​ទាំងនោះ។ សម្តេចប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិក​ទាំងអស់ ពិសេស អ្នកស្ម័គ្រចិត្តបរទេស ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ចូលរួមមើលថែទាំកុមារ​ទាំងនេះ ដោយក្តីអាណិត ស្រឡាញ់ ពិតៗ។

ចំពោះកុមារមកពី អង្គការជំនួយនៃក្តីសង្ឃឹម​សម្រាប់​សហគមន៍ ដែលរស់នៅតាមផ្ទះជាមួយឪពុកម្តាយ សូមបន្តចូលរួមលើកទឹកចិត្តឱ្យកុមារៗជាកូន​របស់​ខ្លួន បានមកទទួលការអប់រំ បណ្តុះបណ្តាល ពីអង្គការឱ្យបានទៀងទាត់។

 

ជាមួយនឹងក្តីមេត្តា ករុណា អាណិត ស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះ កុមារទាំងអស់នេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភកុមារចំនួន ២៥០នាក់ ម្នាក់ៗ ទទួលបាន មុង១ ភួយ១ និងថវិកា ២០,០០០រៀល ដែលក្នុងនោះ មកពី បុរីទារក និងកុមារជាតិ ចំនួន ១២៥នាក់ មកពីអង្គការសាលាទន្សាយ ៤៥នាក់ មកពីអង្គការហេបភីទ្រី ១០នាក់ និងមកពីអង្គការជំនួយនៃក្តី​សង្ឃឹមសម្រាប់សហគមន៍ ចំនួន ៧០នាក់ និងឧបត្ថម្ភបុគ្គលិក គ្រូ និងពេទ្យ ចំនួន ៩១នាក់ ម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀល ក្នុងនោះមកពី បុរីទារក និងកុមារជាតិ ចំនួន ៥៦នាក់ មកពី អង្គការសាលាទន្សាយ ១៣នាក់ មកពីអង្គការហេបភីទ្រី ១០នាក់ និងមកពីអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន ១២នាក់ ព្រមទាំង ឧបត្ថម្ភអ្នកស្ម័គ្រចិត្ត​ជនជាតិបរទេសនៃបុរីទារក និងកុមារជាតិ ចំនួន ២៥នាក់ ម្នាកៗ ថវិកា ១០០,០០០រៀល។

 

អង្គការចំនួនពីរ ក្នុងនោះ បុរីទារក និង កុមារជាតិ ទទួលបានការឧបត្ថម្ភជា ថវិកា ១០,០០០,០០០​រៀល អង្ករ ២តោន មី ៥០កេស ត្រីខ ២០កេស សៀង(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ឆៃប៉ូវ(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៥០កេស នំធុង ២០ធុង ផ្លែប៉ោម ១០កេស ផ្លែទំពាំងបាយជូ ១០កេស ម្សៅសាប៊ូ ៦០គីឡូក្រាម សាប៊ូដុំ ៣៦០ដុំ ថ្នាំបាញ់មូស ៦០ដប ទឹកជូតឥដ្ឋ ២០ធុងតូច ឆ្នាំង ៣២ឆ្នាំង ខ្ទះធំ ២ខ្ទះ ចានដែកធំបោកខោអាវ ២ចានដែក វែកសម្ល ១៥វែក វែកឆាធំ ២វែក ពូក(មានស្រោម) ទំហំ ២ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន ២០ពូក និងខ្នើយកើយចំនួន ១២៥ខ្នើយ។

 

ដោយឡែក អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមកពីក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបាន ថវិកា ៥,០០០,០០០រៀល មី ១០កេស ត្រីខ ២កេស ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ១០កេស ផ្លែប៉ោម ២កេស និងផ្លែទំពាំងបាយជូ ២កេស៕

First Prev 40 41 42 43 44