អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

គ្រូបង្រៀនចាប៊ីដងវែងមានជំងឺធ្ងន់ធ្ងរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​ នៅ​រសៀល​ថ្ងៃទី​ ២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភ​អំណោយ​មនុស្សធម៌​ជាលើកទី​ ៣​ ជូន​ លោកតា​ សួន​ ម៉ាប់​ (ហៅ​ សួន​ សាន)​ អាយុ​ ៦៩ឆ្នាំ​ ជាគ្រូបង្រៀន​ចាប៊ី​ដងវែង​ និងជាម្ចាស់​ពានរង្វាន់​ចាប៉ីដង​វែងជ័យលាភី​លេខ២ ប្រចាំ​ប្រទេស​កម្ពុជា នាឆ្នាំ២០០២​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

 

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំនូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើ​នូវការ​គិតគូរពី​សុខភាព​របស់លោកតា ដែល​ជាសិល្បករ​ជើងចាស់​ បានបន្សល់​ទុកស្នាដៃ​សិល្បៈជាច្រើន​សម្រាប់អ្នក​ជំនាន់ក្រោយ​ និងសូមជូនពរ​លោកតា ឆាប់​បានជា​សះស្បើយពីជំងឺ។

 

កូនប្រុសទី​ ៥​ របស់លោកតា​ សួន​ សាន​ ដែលមកទទួលអំណោយនាពេលនោះ​ បានសំដែងក្តីរំភើប​ និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែលតែង​គិតគូរ​ចំពោះទុក្ខ​លំបាកគ្រួសារលោកតា និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​បានចំនួន​ ៣លើករួចមកហើយ។

 

សូមបញ្ជាក់ថា​ លោកតា​ សួន សាន ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង​ ប្រចាំប្រទេស​កម្ពុជា នាឆ្នាំ២០០២​ ដែលលោកតា​អាចច្រៀង​បញ្ចេញ​សំនៀង​វោហារ លាយឡំនឹង​ការដេញ​ចាប៉ីដងវែង​របស់ខ្លួនបាន​យ៉ាងពិរោះ​រណ្តំបំផុត។ លោកតា​ បានធ្លាក់ខ្លួន​ឈឺដើរពុំរួចអំឡុងឆ្នាំ២០១៤ បន្ទាប់​ពីមកច្រៀង​ចាប៉ីនៅ​ប្រទេសចិន បានជាង​មួយខែ ដែលបាន​ធ្វើឱ្យជីវភាព​របស់គ្រួសារ​លោកតា ចុះដុនដាប​ជាបន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន៕

 

ខេត្តបាត់ដំបងប្រារព្ធខួបទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តបាត់ដំបង៖ ​នាព្រឹក​ថ្ងៃ​ទី​០២​ខែឧសភា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តបាត់ដំបង​ បានរៀបចំ​ប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា​ ឆ្នាំ២០១៧​ ក្រោម​ប្រធានបទ​ «កាកបាទក្រហម​កម្ពុជា​មាន​គ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា»​ ក្រោមអធិបតីភាព​ឯកឧត្តម​ ចន្ទ័ សុផល​ ប្រធាន​កិត្តិយស​សាខា ​ឯកឧត្តម​ អ៊ុយ រី​ អនុប្រធាន​កិត្តិយស​សាខា ​និង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក​ឧកញ៉ា លោក​ លោកស្រី សប្បុរសជន​ អាជីវករ​ កងកម្លាំង​ប្រដាប់អាវុធ​ មន្រ្តីរាជការ​ អង្គភាព​ជុំវិញខេត្ត​ យុវជនកាកបាទក្រហម​កម្ពុជា​ យុវជន​កាយរិទ្ធិ​ សិស្សនិស្សិត​ និងប្រជាពលរដ្ឋ​ជាច្រើន​រូបទៀត​ ។ក្នុង​កម្មវិធី​នេះសាខាខេត្ត​បានទទួល​ចំណូល​ពីសប្បុរសជន​ជាបឋម​បានថវិកា​ចំនួន ៨២ ,៣៩៩$ ផងដែរ ។


ទិវានេះ​ប្រព្រឹត្ត​ទៅនៅ​ក្នុងគោល​បំណង៖


១.ដើម្បី​រំលឹក​ដល់ថ្ងៃកំណើត​លោក ហង់ រី ឌុយណង់ ជាស្ថាបនិក​កាកាបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម
២.ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពីទូទៅ​អំពីសកម្មភាព​ដែលកំពុងធ្វើ​​និងបន្តធ្វើ​របស់សាខា​ពិសេសការឆ្លើយ​ទៅនឹងគ្រោះមហន្តរាយ​ផ្សេងៗ
៣.កៀរគររក​មូលនិធិ​សប្បុសធម៌​ ពីគ្រប់មជ្ឈដ្ឋាន​ដើម្បី​បន្តនិរន្តរភាព​សាខា៕​និងបាន​បំពាក់កន្សែង​ទទួលស្គាល់​យុវជនកក្រកថ្មី​ចំនួន100នាក់​ផងដែរ។

លោក ឆន ថាណន់រងគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅទីស្នាក់ការ​កណ្តាល ​នារសៀល​ថ្ងៃទី​ ៣ ​ខែឧសភា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែល​មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​-បរិ​ភោគ សម្ភារៈប្រើប្រាស់​ និង​ថវិកា​មួយចំនួន​ ជូន លោក​ ឆន ថាណន់ ជា​តន្ត្រីករ​ និង​ជាម្ចាស់បទ​ “ជីវិតក្មេងកំព្រា” ដែលមាន​ទុក្ខផ្ទួនគ្នា​ ដោយទទួល​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​ ២៨ ​ខែមេសា ​ឆ្នាំ២០១៧ បន្ទាប់​ពីប្រពន្ធ​ទើបស្លាប់​បាន ២ខែ ​ដោយសារ​ជំងឺមហារីក​ បច្ចុប្បន្ន​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវការ​សួរសុខទុក្ខ ​ក្តីអាណិត​អាសូរ ចំពោះ​លោក ឆន ថាណន់ ដែលបាន​ជួបឧបទ្ទវហេតុ​នេះ និងជូនពរ​ ឆាប់បាន​ជាសះស្បើយ ឆាប់វិល​ត្រឡប់បំពេញ​ការងារដូច​ដើមវិញ។

បងស្រីបង្កើត លោក ឆន ថាណន់ ដែលមក​ទទួលអំណោយ​នាឱកាសនោះ បានសំដែង​ក្តីរំភើបមិននឹកស្មានដល់ ​ដោយបាន​កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរ​ជួយ​សម្រាល​ទុក្ខលំបាកដល់​ក្រុមគ្រួសារ​ និង​សូមជូនពរ​ដល់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត មានសុខភាពល្អ កម្លាំ​ងមាំមួន អាយុ​យ៉ឺនយូរ ដើម្បីនៅ​ជាម្លប់ និងផ្តល់ភាព​កក់ក្តៅ ដល់ប្រជាជន​រងគ្រោះគ្រប់ៗគ្នា៕

 

ស្រ្តីដែលមានជំងឺមហារីកសុដន់ និងមានផ្ទៃពោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៧ ​នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្ដល់​អំណោយ​មនុស្សធម៌​ ជូនគ្រួសារ​ស្ត្រីទី​ទ័លក្រ​ រី សេង​ រស់នៅ​ភូមិឈើទាលភ្លោះ​ ឃុំព្រៃអំពក​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ដែលមានជំងឺមហារីកសុដន់​ និងមានផ្ទៃពោះ​ ៨​ខែផង​នោះ​ បានមក​ធ្វើការ​ព្យាបាល​ធ្វើការ​វះកាត់​យកទារក​ចេញពី​ផ្ទៃម្តាយ​ បានប្រកប​ដោយ​សុខភាពល្អ​ កាលពីថ្ងៃទី​ ២៨​ ខែមេសា​ ឆ្នាំ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ (មន្ទីរពេទ្យរុស្ស៊ី)​។

 

ជាមួយនឹងប្រសាសន៍​ផ្ដាំផ្ញើសួរ​សុខទុក្ខ​របស់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ​លោកជំទាវ ​ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា​ បានផ្ដាំ​ផ្ញើ លោក ឯម ម៉ែងហ៊ាន ​ដែលត្រូវ​ជាប្ដី របស់​ស្រ្តី រី សេង សូមមើល​ថែរក្សា​សុខភាព​ប្រពន្ធ កូន និងតាមដាន​នូវស្ថានភាព​សុខភាព​ប្រពន្ធ កូន​ជានិច្ច។​

 

លោក ឯម ម៉េងហ៊ាន ​មានក្តីរំភើប​ និងសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅបំផុត​ចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​ មាតា​មនុស្សធម៌ តែង​គិតគូរ​ និងយកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​ក្រុមគ្រួសារ​លោក​ ដោយបាន​ជួយឧបត្ថម្ភ​ជាបន្តបន្ទាប់​។

 

អំណោយ​ដែល​ផ្ដល់ជូន​នាឱកាស​នោះរួមមាន៖ សម្ភារៈសម្រាប់​ទារក ម្សៅទឹក​ដោះគោ អាហារបំប៉ន និងថវិកាមួយចំនួន៕

 

ក្លឹបយុវជនកក្រកខេត្តព្រះវិហារ សួរសុខទុក្ខសិស្សក្រីក្រ

សាខាកក្រកខេត្តព្រះវិហារ៖ ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែ មេសា ​ឆ្នាំ​២០១៧ ​នេះ​ លោក​ ពៅ លីហៀង​ ប្រធាន​កិត្តិយស​ក្លឹប​យុវជន​កាកបាទក្រហម​ប្រចាំ ​វិទ្យាល័យ​ ជា ស៊ឹម​ ត្បែងមានជ័យ​ បានដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​ ជា ស៊ីម​ ត្បែងមានជ័យ​ចំនួន១០នាក់​ ចុះសាក​សួរសុខទុក្ខ​ និង​នាំយក​សម្ភារផ្តល់​ជូន ​ដល់សិស្ស​ដែលមាន​ជីវភាព​ខ្វះ ខាត​ និងឪពុក​ឈ្មោះ ប៉ាង កា អាយុ ៥៨ ឆ្នាំ មានសមាជិក​គ្រួសារ​ចំនួន ៥ នាក់ រស់នៅ​ភូមិ​គោកបេង សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះ​ដែរ​លោកប្រធាន​កិត្តិយស​ក្លឹប​ បានពាំនាំ​នូវប្រសាសន៍​សាកសួរសុខទុក្ខ​របស់​សម្តេច​កិត្តិព្រិទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​សម្តេច​តែងតែ​គិតគូរ​ពីបងប្អូន​ប្រជាពលរដ្ឋ ​ពិសេស​ប្អូនៗ យុវជន។

សម្ភារទាំងនេះ​គឺបាន​មកពី​ការចូលរួម​របស់ប្អូន​ៗយុវជន​តាមរយៈ​ក្លឹបយុវជន​កាកបាទ ក្រហម​កម្ពុជា​ប្រចាំវិទ្យាល័យ​ ក្នុងនោះ​រួមមាន : អង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអីវ០១យួរ ទឹកត្រី ១ យួរ ប៊ិចេង០១គីឡូក្រាម ស្កសរ០១គីឡូក្រាម អំបិល០១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ប្រេងកូឡា ថ្នាំលេប ១ឈុត ទឹកក្រូច ១ដបធំ ប្រេងឆា១លីត្រ សៀវភៅសិក្សាចំនួន២០ក្បាល ប៊ិច១០ដើម និងថវិកាចំនួន៦០,០០០ រៀល ។

 

ខេត្តកែបប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកែប៖ នា​រសៀល​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកែប ​បានរៀបចំ​ប្រារព្ធខួប​ទី១៥៤​ ទិវា​ពិភពលោក​
កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ឆ្នាំ២០១៧ ក្រោម​ប្រធានបទ​ «កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា» ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និងសប្បុរសជន​ជាច្រើន​រូបទៀត ។

 

ទិវានេះ​ប្រព្រឹត្ត​ទៅនៅ​ក្នុងគោល​បំណង៖


១.ដើម្បីរំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយណង់ ជាស្ថាបនិក​កាកាបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម
២.ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពីទូទៅ​អំពី​សកម្មភាព​សាខាដែល​កំពុងធ្វើ​និងបន្តធ្វើ​
៣.កៀរគរ​រកមូលនិធិ​សប្បុសធម៌​ ពីគ្រប់​មជ្ឈដ្ឋានដើម្បី​បន្ត​និរន្តរភាព​សាខា៕

 

ខេត្តកំពង់ចាមប្រគល់ផ្ទះជូនប្រជាជនងាយរងគ្រោះបំផុតនៅស្រុកកោះសូទិន

សាខាកក្រក ខេត្តកំពង់ចាម ៖ ​នៅ​រសៀល​ថ្ងៃទី​ ២៩​ ខែ​មេសា ​ឆ្នាំ​២០១៧​ ឯកឧត្តម​ ជឹម លាវ​ អនុប្រធាន​គណៈកម្មាធិការ​សាខា ​និង​ក្រុម​ការងារ​សាខា​ អនុសាខា​ស្រុកកោះសូទិន​ បានចុះ​ជួប​សំណេះ ​សំណាល​ និង​ប្រគល់​ផ្ទះកាកបាទក្រហម​ជូនប្រជាពលរដ្ឋ​ ៦ខ្នង ដល់​ប្រជាពលរដ្ឋ​ ៦គ្រួសារ​ក្នុងនោះ​ នៅឃុំ​ពាម​ប្រធ្នោះ​ចំនួន ៣គ្រួសារនិង​ឃុំមហាខ្ញូង​ចំនួន២គ្រួសារ​ក្នុងស្រុក​កោះសូទិន ​និងមាន​ប្រជាជន​ចូលរួម ចំនួន១៧នាក់។

នាឱកាសនោះ ​ឯកឧត្តម ​បានមាន​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងចូលរួម​ត្រេកអរ​ ដែលបងប្អូន​ទទួលបាន​ផ្ទះនេះ ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះ​គ្រប់​ប្រភេទ គ្រប់ពេល​វេលា ទីកន្លែង គ្រប់ស្រទាប់​វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រៅពីផ្តល់ផ្ទះ ក៍មាន​សំភារ:ផ្សេង​ទៀតរួមមាន អង្ករក្នុង១គ្រួសារ ២៥ គីឡូ មី ១កេះ ត្រីខកំប៉ុង១យួ ភួយ១ មុង១ សារ៉ុង១ ក្រម៉ា១និង ថវិកាមួយចំនួន ។

 

ខេត្តព្រះសីហនុប្រជុំផ្សព្វផ្សាយគៀងគររកមូលនិធិនៅក្នុងទិវា ៨ ឧសភាឆ្នាំ ២០១៧

សាខាកក្រក​ខេត្តព្រះសីហនុ ៖ ​នៅ​រសៀល​ថ្ងៃទី​ ២៨ ​ខែ​មេសា​ ឆ្នាំ ​២០១៧ ​សាខា​កាកបាទក្រហម​ខេត្ត ​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គៀងគរ​រកមូលនិធិ​សំរាប់​ទិវា​ ៨ ឧសភា​ឆ្នាំ ២០១៧​ ក្រោម​អធិបតីភាព​ឯកឧត្តម​ យន្ត មីន ប្រធាន​កិត្តិយស​សាខា​ ឯកឧត្តម​ លូ គីមឈន់​ ប្រធាន​គណៈកម្មាធិការ​សាខា​ និង​មាន​ការចូលរួម​ពីឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា ​លោក លោកស្រី ដែលជា​តំណាង​សប្បុរសជន​ ចូលរួម​មួយចំនួន​ធំ។

ឯកឧត្តម​ប្រធាន​ បាន​ជំរាបជូន​ឯកឧត្តម​ លោកជំទាវ ​លោកឧកញ៉ា ​លោក លោកស្រី​សមាជិក​ សមាជិកា​អង្គប្រជុំ​នូវរបាយ​ការណ៍ខ្លះៗ​ពី​ទំហំ​តម្រូវការ​របស់​សាខា ​ដើម្បី​ជុំរុញ​ឲ្យ​សាខា​មាន​និរន្តរភាព​ក្នុង​ការប្រតិបត្តិការ​ ការងារ​មនុស្សធម៌ ជួយដល់​ជនរងគ្រោះ​ គ្រប់ប្រភេទ​ ដោយមិនប្រកាន់​និន្នាការ​នយោបាយ​អ្វីឡើយ ។

ក្នុងនោះដែរ​ឯកឧត្តម​បានអំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទាំងអស់ចូលរួម និងជួយ​ឧបត្ថម្ភ​ដល់សាខា ក្នុងពេល​ធ្វើ​ទិវា​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ។

 

ខេត្តឧត្តរមានជ័យប្រារព្ធទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧

សាខាកក្រកខេត្តឧត្តរមានជ័យ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានប្រារព្ធ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ​៨ ឧសភា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ ឯកឧត្តម ស ថាវី ​ប្រធាន​កិត្តិយស​សាខា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី ​ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ អនុសាខា​ មន្ត្រីប្រតិបត្តិ​សាខា​ អនុសាខា​ប្រមាណ​ជាង ៣០០នាក់​ នៅសាល​ប្រជុំធំ​សាលាខេត្ត។

ទិវានេះប្រារព្ធ​ឡើង​ក្នុងគោលបំណង​ ដើម្បី​ស្វែងរកមូល​និធិ​សប្បុរធម៌ ​សម្រាប់​ជួយដល់​ជនរងគ្រោះ ​និងជនងាយ​រងគ្រោះ គ្រប់ប្រភេទ​ និងអបអរសាទរ​ខួបទី១៥៤ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា៕

 

គ្រួសារសពកុមារស្លាប់ដោយអគ្គីភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ​រសៀល​ថ្ងៃទី​២៨​ ខែ​មេសា ​ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចូលរួម​រំលែក​ទុក្ខយ៉ាង​ក្រៀមក្រំ​ និង​នាំយក​នូវ​គ្រឿង​ឧបភោគ-បរិភោគ​ និង​បច្ច័យមួយ​ចំនួន​ចូលបុណ្យ​សពកុមារ​២នាក់​បងប្អូន​ ដែលបាន​ស្លាប់​ដោយសារ​ភ្លើងឆេះផ្ទះ។

 

នៅក្នុង​សមានទុក្ខ​ដ៏ក្រៀម​ក្រំនេះ ​ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ បានផ្ដាំផ្ញើ​នូវការ​សោកស្ដាយ ​និងរំលែកទុក្ខ​យ៉ាងក្រៀមក្រំ​របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ជាមួយក្រុម​គ្រួសារ​សព​ ដែលបាន​បាត់បង់​ កូនប្រុស កូនស្រី ជាទី​ស្រឡាញ់​ទាំងនៅ​ក្មេងខ្ចី​ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងស្រុង​ និងសូម​ឧទ្ទិសបួងសួង​ដល់វិញ្ញាណក្ខន្ធ​ កុមារទាំងពីរ​បងប្អូន​ បានទៅ​កាន់សុគតិភព​ កុំបី​ឃ្លៀងឃ្លាតឡើយ។

 

សូមបញ្ជាក់ថា​ នៅវេលាម៉ោង​២៖១៥នាទី រំលង​អាធ្រាត្រ​ ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ២០១៧ ​មានអគ្គិភ័យ​បានឆាបឆេះ​ផ្ទះប្រជា​ពលរដ្ឋ ចំនួន១ខ្នង ស្ថិត​ក្នុង​ភូមិជើងឯក​ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​មាន​ម្ចាស់ឈ្មោះ ស្រិញ ឈន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ​ប្រជា​ការពារ ភូមិជើងឯក និងប្រពន្ធឈ្មោះ យ៉ែម រ៉េត អាយុ៤៥ឆ្នាំ ​ហើយបាន​បណ្តាលឲ្យ​បាត់បង់​ជីវិត​មនុស្សចំនួន២នាក់ និងរបួសម្នាក់។


ជនរងគ្រោះ​ទាំង៣នាក់​រួមមាន ៖ទី១ឈ្មោះ ស្រិញ ឈន អាយុ៥២ឆ្នាំ មុខរបរ​ប្រជាការពារ​ភូមិជើង​ឯក (រងរបួស) ទី២ឈ្មោះ យ៉ែម រមន្នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន) និងជា​យុវជន​កាកបាទក្រហម​ប្រចាំ​វិទ្យាល័យ​ទួលអំពិល (បានបាត់បង់ជីវិត) និងទី៣​ឈ្មោះ ឈន វណ្ណៈ អាយុ១៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន)​បានបាត់បង់​ជីវិត។

 

First Prev 39 40 41 42 43 Next Last