អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

ពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

គ្រួសារលោក តេងតន ដែលកើតជំងឺខ្មៅជើងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ ​បន្ថែម​ពីលើការ​សម្របសម្រួល​ជាមួយក្រុម​គ្រូពេទ្យ​ឱ្យជួយ​វះកាត់ជើង​ឡើងខ្មៅ​ស្អុយ​រលួយ​របស់​អ្នកជំងឺ​ តេង តន​ បានដោយ​ជោគជ័យ​ហើយនោះ​នៅរសៀល​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់ ​និង​ថវិកាមួយ​ចំនួន​បន្ថែមទៀត​ដល់ក្រុម​គ្រួសារ​របស់​អ្នកជំងឺ​ ដើម្បី​ដោះស្រាយ​ដល់ការ​បរិភោគ​ប្រចាំថ្ងៃ​ក្នុងកំឡុង​ពេលកំពុង​សម្រាក​ព្យាបាល​នេះ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​នោះ ​លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី​ ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើការ​សួរសុខ​ទុក្ខ និង​សូមឱ្យក្រុម​គ្រួសារ​យកចិត្តទុក​ដាក់ថែទាំ​អ្នកជំងឺ​ឱ្យបានល្អ ​ផ្តល់អាហារ​ឱ្យបាន​គ្រប់គ្រាន់​ ដើម្បី​ឆាប់បានជា​សះស្បើយ​ពីជំងឺ​ នឹងត្រឡប់​ទៅស្រុក​កំណើត​វិញ​។

 

ក្រុមគ្រួសារ​អ្នកជំងឺ ​បានសម្តែង​នូវការដឹង​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ដែលបាន​គិតគូរ​ យកចិត្ត​ទុកដាក់ ​ជួយសម្រាល​ការលំបាក​ម្តងហើយ​ម្តងទៀត​ដល់អ្នក​ដែលជួប​ការលំបាក​ពិតប្រាកដ ​ដោយមិន​លំអៀង ​មិនប្រកាន់​និន្នាការ​នយោបាយ​អ្វីឡើយ។

 

សូមបញ្ជាក់ថា ​កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កន្លង​ទៅនេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានជួយ​ឱ្យលោក​តេង តន​ អាយុ​៦៥ឆ្នាំ​ ដែលកើត​ជំងឺ​ឡើង​ខ្មៅជើង​ម្ខាងហើយ​ស្អុយរលួយ​ រស់នៅ​ភូមិព្រៃ​បន្លិច​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ​ ឱ្យទទួល​បានការវះកាត់​ព្យាបាល​ដោយឥតគិត​ថ្លៃក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​ ពីក្រុម​គ្រូពេទ្យ​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ ​សហការ​ជាមួយ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ (TYDA)៕

 

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ៖ នៅព្រឹក​ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ពិត ចំណាន​ សមាជិក​ គណៈកម្មាធិការ​កណ្ដាល​ កាកបាទក្រហម​កម្ពុជា​ និង​ជាអនុប្រធាន​អចិន្ត្រៃយ៍ ​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន និង​អ្នកស្ម័គ្រចិត្ត​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បំពាក់​កន្សែង​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​ថ្មីលើក​ទី៨​ ចំនួន១៣៥នាក់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

នាក្នុង​ឱកាសនោះ ​ឯកឧត្តម ​បានថ្លែង​កោតសរសើរ​ដល់យុវជន​ដែលតែងតែ​ធ្វើសកម្មភាព​យ៉ាងល្អ​ ប្រពៃមិន​ចេះដាច់​ដូចភ្លៀង​រលឹម​ និងបានផ្ដល់​អនុសាសន៍​មួយ​ចំនួន​ជូនយុវជន​ទាំងអស់​ដែលចូលរួម​ ក្នុងពិធី​នេះដូចខាង​ក្រោម៖


១/ សូមរក្សា​នូវសកម្មភាព​ដ៏ល្អប្រពៃ​ដែលបាន​អនុវត្ត​នាពេល​កន្លងមក
២/ ត្រូវ​ចេះជួយ​គ្នាទៅវិញ​ទៅមក និងអ្នក​ចេះច្រើន​បង្រៀនអ្នក​ចេះតិច សមដូច​ពាក្យថា​ មិត្តអប់រំមិត្ត
៣/ ត្រូវធ្វើជា កូនល្អ មិត្តល្អ និស្សិតល្អ និងជា​យុវជន​ល្អ ជាគំរូល្អ​សម្រាប់​អ្នកដទៃ៕

កាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់កុមារីកំព្រានៅភូមិម័ល ខណ្ឌដង្កោ

កក្រក ៖​នៅព្រឹក​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ​ សម្ភារៈ​សិក្សា​ និង​ថវិកា​មួយចំនួន​ ដល់កុមារី​ វីរៈ ពេជ្ររដ្ឋា​ អាយុ ៨ឆ្នាំ ជាក្មេង​កំព្រាម្តាយ​ដោយសារ​ ឪពុក​យកខ្សែ​រឹតក​ និងដុត​សម្លាប់ ​បណ្តាល​ឱ្យបាត់បង់​ជីវិត​ក្រោយបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យអស់​រយៈពេល​៦ថ្ងៃ​ ហើយ​ដែល​ហេតុការណ៍​នេះ​បានកើត​ឡើង​ កាលពី​ថ្ងៃទី​ ៦​ ខែ​មីនា​ ឆ្នាំ​២០១៧ ​កន្លង​ទៅ​នៅ​គេហដ្ឋាន​ដែល​ស្ថិត​នៅភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី​ ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើការរំលែក​ទុក្ខក្តី​អាណិត​អាសូរ​ និង​សម្តែង​ការសោកស្តាយ​យ៉ាង​ក្រៃលែង​ ចំពោះ​ហេតុការណ៍​ដែលមិន​គួរ​ឱ្យកើត​មានទាល់​តែសោះ​ ហើយបាន​បន្សល់​ទុកកូន​កំព្រា​ដ៏គួរ​ឱ្យអាណិត​បែបនេះ​។ ទន្ទឹម​នឹងនេះ ​លោកជំទាវ​ បានផ្តាំ​ផ្ញើដល់​ លោកតា ស៊ឹម សត្ថា អាយុ​៧៣​ឆ្នាំ ​ត្រូវជា​ជីតា​បង្កើត​របស់​កុមារី​កំព្រា​ សូមបន្ត​ចិញ្ចឹមបីបាច់​ចៅស្រី​ឱ្យទទួល​បានសិក្សា​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ ព្រោះ​អំណោយ​ដែលបាន​ផ្តល់ជូន​ពេលនេះ​សម្រាប់ជួយ​សម្រាល​ទុក្ខលំបាក​បានមួយគ្រា​ប៉ុណ្ណោះ​។

 

ជីតា និងកុមារីកំព្រា មានក្តីរំភើប​យ៉ាងក្រៃលែង​ដោយបាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលើក​ទឹកចិត្ត​ឱ្យខិតខំ​ប្រឹងប្រែង​ចិញ្ចឹមជីវិត​រស់នៅ​ដើម្បី​អនាគត​យូរអង្វែង​ទៅមុខ​ទៀត៕

 

កិច្ចប្រជុំស្តីពី“ការឆ្លុះបញ្ចាំងពីផែនការសកម្មភាព យុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ

ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ៖​នៅព្រឹក​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ នាយកដ្ឋាន​ធនធាន​មនុស្ស​បានបើក​កិច្ចប្រជុំ​ស្តីពី​“ការឆ្លុះ​បញ្ចាំង​ពីផែនការ​សកម្មភាព​ យុវជន​កាកបាទក្រហម​កម្ពុជា​ នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ ក្នុង​រាជធានី​ភ្នំពេញ​ ប្រចាំ​ត្រីមាស​ទី១​ និងលើកផែនការ​សកម្មភាព​ ត្រីមាស​ទី២​ ឆ្នាំ២០១៧​” ក្រោមវត្តមាន​ឯកឧត្តម​ សម កុសល​ ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស ​និង​ឯកឧត្តម​ តាំង សាមឿន​ លេខាធិការ​ផ្ទាល់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ និងបាន​ការអញ្ជើញ​ចូលរួម​ពីលោកគ្រូ​ អ្នកគ្រូ​ ទីប្រឹក្សា ​ព្រមទាំង​សមាជិក សមាជិកា​ យុវជន​កាកបាទក្រហម​កម្ពុជា​ តំណាង​មកពី​គ្រឹះស្ថាន​ឧត្តមសិក្សា​ចំនួន២២ ក្នុង​រាជធានី​ភ្នំពេញ ​សារុប​ចំនួន៦៥នាក់ បាន​ចូលរួម។

 

កិច្ចប្រជុំ​មាន​របៀប​វារៈដូច​ខាងក្រោម៖


១/របាយការណ៍​សកម្មភាព​របស់​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុង​រាជធានី​ភ្នំពេញ
២/កិច្ចពិភាក្សា​លើការឆ្លុះ​បញ្ចាំង​ពីផែនការ​សកម្មភាព​យុវជន​កាកបាទក្រហម​កម្ពុជា​ ត្រីមាស​ទី១​ និង​លើក​ផែនការ​សកម្មភាព ​ត្រីមាសទី២
៣/កិច្ចពិភាក្សា​ជ្រើសរើស​យុវជនបំពេញ​បន្ថែម ផ្តល់វគ្គ​បណ្តុះបណ្តាល​ និងត្រៀម​កម្លាំង​សមាជិក សមាជិកា​យុវជន ចូលរួម​អបអរ​សាទរ ខួបទី ១៥៤ ទិវាពិភព​លោក​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ ៨ ឧសភា

យុវជន និងនិស្សិតប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលការផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នា​រសៀល​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា​ បានរៀបចំ​ផ្សព្វផ្សាយ​អំពី​ ប្រវត្តិ​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​បេសកកម្ម​របស់​កាកបាទក្រហម​កម្ពុជា​ ជូនដល់​និស្សិត​ជាយុវជន​កាកបាទក្រហមកម្ពុជា​ និង​និស្សិត​ទូទៅ ​ប្រចាំ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ព្រមទាំង​វត្តមាន​អញ្ជើញ​ចូលរួម​ពីសំណាក់​ លោកសាស្ត្រាចារ្យ​ និងនិស្សិត​សរុបចំនួន ១៥០នាក់​ នៅសាល​ប្រជុំវិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។

 

ការផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​សកម្មភាព​នៃវិស័យស្នូល​ទាំង៤​ របស់​កាកបាទក្រហម​កម្ពុជា​ដល់និសិ្សត​ ហើយ​បន្តការ​ផ្សព្វផ្សាយនេះ​នៅតាម​សាលារៀន​ និងនៅតាម​សហគមន៍​ផងដែរ​ ជាពិសេស​ដើម្បី​ចូលរួម​អបអរសាទរ​ខួបទី​១៥៤​ នៃទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ដែលនឹង​ប្រារព្ធ​ធ្វើឡើង ​នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ​នេះ ​ក្រោមប្រធាន​បទ “កាកបាទក្រហម​មាននៅ​គ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា”។

 

ក្នុងនោះ​ទាំងយុវជន​កាកបាទក្រហម​កម្ពុជា​ និងយុវជន​នៃបណ្តា​អង្គការ​មហាជន​ទូទៅ ​ដែលភាគច្រើន​ជាអ្នកស្ម័គ្រចិត្ត​វ័យក្មេង​ ត្រូវបាន​ទទួលស្គាល់​ថាជាកម្លាំង​ដ៏សំខាន់​បំផុត ​និងសកម្ម​ក្នុងការផ្តល់​សេវាមនុស្ស​ធម៌ នៅគ្រប់​ពេលវេលា ​គ្រប់ទីកន្លែង​ យុវជនជា​កម្លាំង​ចលករ បានលះបង់​កម្លាំងកាយ​ កម្លាំងចិត្ត និងស្មារតី ដើម្បីជំនះ​រាល់​ឧបសគ្គ និងការលំបាក​នានា កាកបាទក្រហម​កម្ពុជា​បានប្រសិទ្ធ​នាមជូន​ថា “យុវជន​ជាឆ្អឹងខ្នង​របស់ចលនា” យុវជន​ជាសសរទ្រូង​សម្រាប់​ប្រទេសជាតិ​ទាំងក្នុង​បច្ចុប្បន្ន ​និងអនាគត។

 

ចាស់ជរាគ្មានទីពឹងទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖ ​នាព្រឹក​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះសីហនុ​ ដឹកនាំ​ដោយ ​ឯកឧត្តម​ លូ គីមឈន់​ ប្រធាន​គណៈកម្មាធិការ​សាខា​ រួមដំណើរ​ដោយ​ ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុម​ប្រត្តិបត្តិ​សាខា​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ បាន​ចុះសួរ​សុខ​ទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ព្រមទាំ​ងបាន​ពិនិត្យ​ស្ថានភាព​ជំងឺ​ជូន​ដល់​លោក មុំ វ៉ាន់ថៃ អាយុ ៦៥ឆ្នាំ ជាជន​ងាយរងគ្រោះ​បំផុត​ គ្មាន​ទីពឹង​ គ្មាន​កូនចៅ​ ញាតិសន្តាន​ គាត់មាន​ជំងឺ​ជាទម្ងន់​ រហូត​ដល់​បន្ទោបង់គ្មាន​ដឹងអ្វី​ទាំងអស់​ រស់នៅ​ក្នុងក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

ក្នុងឱកាស​នោះដែរ​ ឯកឧត្តម​ប្រធាន ​បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើនិង​ក្ដីនឹក​រលឹក​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែលមាន​ទុក្ខលំបាក​ ជនងាយ​រងគ្រោះ​បំផុត​ ដោយមិន​ប្រកាន់​រើសអើង​ វណ្ណៈ ​ជាតិសាសន៍​ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយ​ដែល​បានផ្ដល់​ជូនរួម​មាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ មី១កេស ឃីត១ (មុង១ ក្រមា១ ភួយ១ សារុង១) តង់១ កន្ទេល១ និងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែក​ សម្រាប់​ក្រុមគ្រូពេទ្យ​ជួយទិញ​ចំណីអាហារ​បំប៉ន​ជូនលោក មុំ វ៉ាន់ថៃ។

 

សូម​បញ្ជាក់ថា៖ ឯកឧត្តម​ប្រធាន ​បានផ្ដល់​ថវិកា​ចំនួន ​៣០,០០០រៀល ក្នុងមួយ​ថ្ងៃ ជូនដល់​អ្នកថែ​ទាំជំងឺ​លោក មុំ វ៉ាន់ថៃ រហូត​ទាល់តែ​ជាសះស្បើយ​ផងដែរ៕

 

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប ៖​នៅព្រឹក​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​បានចូលរួម​ក្នុងពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន​១០០​ នាក់​នៅ​វិទ្យាល័យ​ ១០ ​មករា ​១៩៧៩ ។

 

ក្នុងឱកាសនោះ ​តាងនាម​ឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ លោកជំទាវ​បានមាន​ប្រសាសន៍​ថា៖ កាកបាទក្រហម​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា យុវជន​កាកបាទក្រហម​កម្ពុជា​ គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​ ដែលជា​កម្លាំង​ស្នូល​មួយ​ដ៏មាន​សារៈសំខាន់​ និង​សកម្ម​បំផុត​ក្នុងការ​ផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌​ លោកជំទាវ​ បានជម្រាប​ជូនពី​តួនាទី​ភារកិច្ច​ដល់ប្អូនៗ​មានដូច​ខាងក្រោម៖


- ជាតំណាង​ឱ្យយុវជន​កាកបាទក្រហម​កម្ពុជា​ គ្រប់ស្រទាប់យុវវ័យ
- ជាទំពាំងស្នងឫស្សី ជាអ្នកបន្ត​វេនក្នុង​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា
-​ ត្រូវ​គោរព​វិន័យ​សាលា និងខិតខំរៀន​សូត្រឱ្យ​បានពូកែ ​ធ្វើជាគំរូ​ល្អគ្រប់​សម្មភាព​ក្នុងស្រទាប់​យុវវ័យ
-​ ផ្សព្វផ្សាយ​ពីគោលការណ៍គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទក្រហម​នៅក្នុង​សាលា និង​សហគមន៍
​- ចូលរួម​សកម្មភាព​មនុស្សធម៌ ​ទាំងក្នុង​សាលា​ និង​សហគមន៍
-​​ ធ្វើជា​គំរូល្អ​ក្នុងការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រួមចំណែក​កាក់បន្ថយ​ អត្រា​គ្រោះថ្នាក់​ ស្លាប់ របួស ​និងពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

 

ការប្រឡងគំនូរកុមារផ្តោតលើសកម្មភាពកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បានរៀបចំ​ការប្រឡង​គំនូរ​កុមារ​ ផ្ដោត​លើ​សកម្មភាព​ចម្រុះ​វិស័យ​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​ការអញ្ជើ្ញញ​ចូលរួម​ពី ​លោក លោកស្រី ជាសមាជិក ​សមាជិកា​គណៈកម្មាធិការ​សាខា ​ក្រុមប្រតិបត្តិ​សាខា ​និងសិស្សានុ​សិស្ស​ចូលរួម​ចំនួន​ ៤០​នាក់​(ស្រី ១៩នាក់) ស្ថិត​នៅ​សាលា​បឋម​សិក្សា​ស្វាយលួង​ ឃុំស្វាយលួង​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

 

ការប្រលង​នេះមាន​គោលបំណង​ ដើម្បី​ឲ្យសិស្សានុសិស្ស​មានការ​យល់ដឹង​អំពី​សកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​ និង​ជ្រើសរើស​យកគំនូរ​កុមារ​ដែល​បាន​ទទួល​ជ័យលាភី​ ធ្វើការ​ប្រកួត​ប្រជែង​ក្នុងឱកាស​ប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧ ​ខាងមុខនេះ៕

សន្និបាតវិសាមញ្ញរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

សាខាកក្រកខេត្តកំពង់ធំ៖​ នាព្រឹកថ្ងៃ​ទី៣​០​ ខែ​មីនា​ ឆ្នាំ២០១៦​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ​ បានរៀបចំ​សន្និបាត​វិសាមញ្ញ ​បន្តអាណត្តិទី៤​ ក្រោម​អធិបតីភាព​លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា ​និងមានការ​ចូលរួម​ពីឯកឧត្តម​ អ៊ុត សំអន​ ប្រធាន​គណៈកម្មាធិកា​រសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ធំ​ និងមានការចូលរួម​ពី​សមាជិក​ពេញសិទ្ធិ​ចំនួន​ ១៤៤នាក់ និង​តំណាង​សមាជិកភាព​មក​ពីក្រសួង​ ស្ថាប័ន​ អង្គភាព​ និង​អ្នក​សង្កេតការណ៍​ចំនួន​ ៥​នាក់​ ជាសមាជិក​ សមាជិកា ​មន្ត្រីប្រតិបត្តិសាខា​ យុវជន​ និង​អ្នកស្ម័គ្រចិត្ត សរុប​ចំនួន​ ២០១នាក់​ ហើយ​ពិធីនេះ​បានប្រារព្ធ​ធ្វើឡើង​នៅក្នុង​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ​។


សន្និបាត​វិសាមញ្ញនេះ​ក្នុង​គោលបំណង​ បូកសរុប​លទ្ធផល​ការងារ​ និង​ការងារ​ហិរញ្ញវត្ថុ​ រយៈពេល​ ៣ឆ្នាំ ​និងអនុវត្ត​ផែនការបន្ត​ អភិវឌ្ឍសាខា​ នូវ​អាណត្តិទី៤​ បន្ត ២០១៦-២០១៩​ និង​ធ្វើការ​បោះឆ្នោត​អនុម័ត​ជ្រើសរើស ​គណៈកម្មាធិការ​សាខា ​បន្ត​អាណត្តិ​ទី ៤។

 

ក្នុងមីទ្ទីញ​អង្គសន្និបាត​វិសាមញ្ញ​សាខាបន្ត​អាណត្តិ​ទី៤ បាន​ដំណើរការ​យ៉ាង​ផុលផុស​ និង​បាន​បោះឆ្នោត​អនុម័ត​សម្រេច​បានជ្រើសរើស​សមាជិក​គណៈកម្មាធិការ​សាខា​ចំនួន ១៤រូប និង​សមាជិក​បម្រុងចំ​នួន​ ២រូប និងប្រកាស ដែលមាន​រាយនាម​ដូចខាងក្រោម៖


- ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា
- លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានគណៈកម្មាធិការសាខា
- លោកជំទាវ ទូច ស៊ីថុល ជាហិរញ្ញឹកគណៈកម្មាធិការសាខា
- ឯកឧត្តម ជា វ៉ាន់ចាន់ ជាលេខាគណៈកម្មាធិការសាខា
- លោកឧត្តមសេនីយ៍ ង៉ាង ស សមាជិក គណៈកម្មាធិការសាខា
- ឯកឧត្តម អ៊ុក កុសល សមាជិក គណៈកម្មាធិការសាខា
- លោក ឆាង កង សមាជិក គណៈកម្មាធិការសាខា
- លោកវេជ្ជ. ស្រី ស៊ីន សមាជិក គណៈកម្មាធិការសាខា
- លោក ធីវ វណ្ណធីរ សមាជិកា គណៈកម្មាធិការសាខា
- លោក សេង អាន សមាជិក គណៈកម្មាធិការសាខា
- លោក អៀង សុភាព សមាជិក គណៈកម្មាធិការសាខា
- លោក ជូ វុនធី សមាជិក គណៈកម្មាធិការសាខា
- លោក កើត រ័ត្ន សមាជិក គណៈកម្មាធិការសាខា
- លោកស្រី លឹម ផល្លា សមាជិកា គណៈកម្មាធិការសាខា 
- លោកស្រី ង៉ែត ណារីន សមាជិកាបម្រុង គណៈកម្មាធិការសាខា
- លោកស្រី ស៊ិន ស៊ីផាន សមាជិកាបម្រុង គណៈកម្មាធិការសាខា

 

ជាកិច្ចបញ្ចប់​ លោកជំទាវ​អគ្គលេខាធិការ​ បានកោតសរសើរ​នៅ​សកម្មភាព​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ធំ​ ដែរ​តែងតែ​បានជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​ងាយ​រងគ្រោះបា​នទាន់​ពេលវេលា ​និងសុំឲ្យ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ធំ​ ដែលទើប​នឹង​អនុម័ត​ជ្រើសរើស​ថ្មី ​ខិតខំ​ប្រឹងប្រែង​ជួយសាខា​ ដ៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​ងាយរងគ្រោះ ​ឲ្យ​បាន​ល្អ និង​កាន់តែ​ប្រសើរជាង​មុន និងប្រកាស​បិទសន្និបាត​វិសាមញ្ញ​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ បន្តអាណត្តិទី ៤។

First Prev 38 39 40 41 42 Next Last