អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

អនុសាខាកក្រកខណ្ឌ៧ មករា ទទួលទេយ្យទានពីវត្តចំនួន៣នៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦​ ខែ តុលា ឆ្នាំ​ ២០១៧នេះ​ នៅវត្តសំពៅមាស​ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ៧មករា​ ដឹកនាំដោយ ​លោក លីម សុភា ប្រធានកិត្តិយស​អនុសាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌​ជាគ្រឿងឧបភោគបរិភោគ ​សម្ភារៈប្រើប្រាស់​ចំនួន៩មុខ និងថវិកាចំនួន៦.០០០.០០០រៀល​ ពីវត្តចំនួន៣រួមមាន៖ វត្តសំពៅមាស វត្តមង្គលវ័ន និងវត្តព្រះពុទ្ធមាន​បុណ្យ ។

 

នាឱកាសនោះ លោកប្រធាន​កិត្តិយស​អនុសាខា បានមាន​ប្រសាសន៍​សូមថ្លែងអំណរ​ព្រះគុណ ​អំណរគុណចំពោះព្រះចៅអធិការ ​ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំង៣ ព្រមទាំង​បានសន្យានឹ​ងចាត់ចែងប្រើប្រាស់នូវទេយ្យទាន​ទាំងនេះជួយ​ឲ្យដល់ដៃជន​រងគ្រោះ​គ្រប់ប្រភេទ ឲ្យស្រប​តាមគោលការណ៍​គ្រឹះទាំង៧ប្រការរបស់​ចលនា​កាកបាទក្រហម ។

 

ជាការឆ្លើយតប​ ក្នុងនាមវត្តទាំង៣ ព្រះមង្គល​សត្ថា កង ណាម៉ានី ព្រះចៅ​អធិការវត្ត​សំពៅមាស បានមានព្រះថេរដី​កាគាំទ្រ និងមានទឹក​ព្រះទ័យរីករាយ ក្នុង​ការចូលរួម​ចំណែក​ជាមួយ​សកម្មភា​ពមនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ៕

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាមួយចំនួន ជូន លោក យូ ឌីស្កូ ដែលមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល​ នាព្រឹកថ្ងៃទី ៦​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានឧបត្ថម្ភ​គ្រឿងឧបភោគ-​បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ​ចំនួន ជូន​ លោក​ យូ​ ឌីស្កូ អាយុ​ ៣៩ឆ្នាំ​ ជាពិធីករ​ និងជាតារាសម្តែង​ ដែលមានជំងឺទឹកនោម​ប្រៃ​ធ្ងន់ធ្ងរ​ឈានដល់ការផ្លាស់ប្តូរ​តម្រងនោម​ កំពុងសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវការសួរ​សុខទុក្ខ​ចំពោះលោក ​យូ​ ឌីស្កូ​ និងផ្តាំផ្ញើ​ឱ្យខិតខំបរិភោគ​អាហារ បំប៉នសុខភាព​ឱ្យបានល្អ និងអនុវត្ត​តាមការណែនាំ​របស់គ្រូពេទ្យ​ ព្រមទាំង​ជូនពរឆាប់បាន​ជាសះស្បើយ​ឡើងវិញ។

 

លោកស្រី​ ម៉ៅ​ គីម​ អាយុ​ ៦៨ឆ្នាំ​ ត្រូវជាម្តាយ​បង្កើតដែល​មកទទួល​អំណោយ​នាពេលនេះ​ បានសំដែង​ក្តីរំភើបឥត​ឧបមា​ ដោយបានកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល​ តែងគិតគូរ​ជួយសម្រាល​ទុក្ខលំបាក​ដល់ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយមិនមានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយ​អ្វីឡើយ​៕

កាកបាទក្រហមកម្ពុជាជួបប្រជុំ ប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ី-អាគ្នេយ៍កម្ពុជា

កក្រក​ ៖​ នៅព្រឹកទី ៦ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ​ ឃួន សុដារី អនុប្រធាន​កាកបាទក្រហម​កម្ពុជា និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានអនុញ្ញាត​ឱ្យប្រតិភូ​យុវជនចំនួន ២៩នាក់ នៃសមាគម​នាវា​យុវជន​អាស៊ី-អាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល​ សម្តែងការ​គួរសម​ ដើម្បីសុំ​អនុសាសន៍ ​និងដំបូន្មាន​មួយចំនួន មុនពេល​ចេញដំណើរ​ទៅចូលរួម​ក្នុងកម្មវិធី​នាវាយុវជន​អាស៊ី-អាគ្នេយ៍​ និងជប៉ុន លើកទី ៤៤ ចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។

 

ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធានកាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដែង​នូវក្ដី​សោមនស្សរីករាយ​ក្រៃលែងដែលបានជួប​សំណេះសំណាល​ជាមួយយុវជនទាំង ២៩នាក់ ព្រមទាំង​បានបញ្ជាក់ថា «ឱកាស​របស់ក្មួយៗទាំងអស់ ដែលបានចូលរួម​ក្នុងកម្មវិធីនេះ គឺជាចំណែក​មួយក្នុងការ​លើកកម្ពស់​កិត្តិនាម និងមុខមាត់​របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ចែករំលែកនូវ​ចំណេះដឹង បទពិសោធន៍ល្អៗ​រវាងគ្នាទៅវិញ-ទៅមក ទាំងការងារ​សង្គម ការងា​រមនុស្សធម៌ ការអភិវឌ្ឍជំនាញ និងបំណិនជីវិត ជាពិសេស គឺការចែករំលែកនូវវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់របស់កម្ពុជា»។

 

ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវ​អនុសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនប្រតិភូ​សមាគមនាវា​យុវជនអាស៊ី-អាគ្នេយ៍កម្ពុជា ដើម្បីជាពុទ្ធិ និងចំណេះដឹងសម្រាប់​ក្មួយៗយកទៅបំពេញបេសកម្ម ក្នុងកម្មវិធី​នាវាយុវជន​អាស៊ី-អាគ្នេយ៍​ និងជប៉ុន​ លើកទី ៤៤ នាពេលខាងមុខ​នេះរួមមាន ៖


១/ សូមរក្សាឲ្យ​បាននូវ​សាមគ្គីភាព​ជិតស្និទ្ធ និងសុខដុម​រមនីយកម្ម​រវាងគ្នានិងគ្នា ពិសេស​រឹតចំណង​មិត្តភាព ក្នុងចំណោម​សមាជិកប្រតិភូ​នាវាយុវជន​នៃបណ្ដា​ប្រទេសនានា។
២/ បន្ដពង្រឹងការកសាង និងបង្កើនសមត្ថភាពរបស់ខ្លួន លើពហុជំនាញ ទាំងភាសាទំនាក់ទំនង វប្បធម៌ ប្រពៃណី ចំណេះដឹងទូទៅពីអាស៊ាន ប្រវត្តិសាស្រ្ដក្នុងតំបន់។ល។
៣/ បន្ដលើកកម្ពស់ និងការពារនូវសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា សន្ដិភាព បូរណភាពដែនដីនៃរដ្ឋឯករាជ្យ និងរក្សាកិត្តិយសឱ្យប្រទេសជាតិប្រកបដោយភាពមោទនៈ ចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
៤/ ចែករំលែកវប្បធម៌ ទំនៀមទម្លាប់​ ប្រពៃណី គ្នាទៅវិញទៅមក ដើម្បីកសាងវប្បធម៌ ពីបណ្ដាប្រទេសនីមួយៗ ឱ្យមានភាពស៊ីសង្វាក់គ្នា ចាក់ស្រែះជាវប្បធម៌ប្រចាំតំបន់។

 

ជាកិច្ចឆ្លើយតប លោក ហោ សំណាង អនុប្រធានសមាគមនាវាយុវជនអាស៊ី-អាគ្នេយ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រតិភូចូលជួប និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានល្អៗពីថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញានាំភាពជោគជ័យក្នុងបេសសកម្មជូនជាតិមាតុភូមិ។

 

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍​ និងជប៉ុន លើកទី ៤៤ នឹងចូលចតនៅបណ្តាប្រទេសចំនួន ៥ រួមមាន ជប៉ុន កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ហើយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រតិភូយុវជន ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕

 

កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តត្បូងឃ្មុំ

សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តត្បូងឃ្មុំ ​បានរៀបចំ​កិច្ចប្រជុំ​ ស្តីពី​ការផ្សព្វផ្សាយ​លក្ខខណ្ឌ​ការងារថ្មី​ របស់​កាកបាទក្រហម​កម្ពុជា និង​ប្រាក់បំពេញ​បេសកកម្មក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហម​កម្ពុជា និងលោកជំទាវ ឡេង សុខា អនុប្រធាន​គណ:កម្មាធិការ​សាខាខេត្ត ។ វត្តមានចូលរួម​ក្នុងពិធីនេះ រួមមាន សមាជិក សមាជិកា​គណ:កម្មាធិការ​សាខា, មន្ត្រីប្រតិបត្តិ​សាខា, មន្ត្រីគម្រោង និងលោក លោកស្រីប្រធាន និងមន្ត្រីបណ្តា​អនុសាខាក្រុង​ស្រុកទាំង៧សរុប ៣៣នាក់ បានចូលរួម។


ជាកិច្ចចាប់ផ្តើម​ លោកជំទាវ ឡេង សុខា អនុប្រធាន​គណ:កម្មាធិការ​សាខាបាន​ឡើងថ្លែង​មតិ​ស្វាគមន៍ចំពោះ​អង្គពិធីទាំងមូល​ដែលបានរៀបចំ​ឲ្យមានកិច្ចប្រជុំ​ដ៍មានសារ:សំខាន់​ដែលទាក់ទង​ទៅនិង​លក្ខខណ្ឌការងារថ្មីនេះ។

 

បន្ទាប់មកឯកឧត្តម អ៊ុយ សំអាត បានមានប្រសាសន៍​បើកកម្មវិធី​ផ្សព្វផ្សាយ ដោយបានសង្កត់ធ្ងន់ថាកាកបាទក្រហម​កម្ពុជាមាន​តែមួយគត់ ដែល​សាខាទាំង២៥ខេត្តក្រុង​ស្ថិតនៅក្រោមដំបូល​តែមួយ ដែលមាន​គោលការណ៍គ្រឹះទាំង៧ ​កំណត់ផ្លូវ​ឲ្យធ្វើ​សកម្មភាព និងស្នើ​យកចិត្តទុកដាក់​អនុវត្តតាមលក្ខខណ្ឌការងារថ្មីឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

 

អង្គប្រជុំបានបញ្ចាប់ ដែលបាន​ដំណើរការតាមប្រធានបទខាងលើរួចមក ឯកឧត្តម​ក៍បានថ្លែងនូវ​មតិបូកសរុបបិទកម្មវិធី និងចុងបញ្ចប់​ក៍បានថ្លែងនូវការពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ប្រធា​នកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក​នៃអង្គប្រជុំទាំងមូលផងដែរ។

 

កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី ០៥ តុលា ឆ្នាំ ២០១៧ នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបន្ទាយ​មានជ័យ​មានបើកការប្រជុំផ្សព្វផ្សាយពី​លក្ខខណ្ឌ​ការងារថ្មី របស់កាកបាទក្រហមកម្ពុជាដោយមានការចូលរួមពីសំណាក់ឯកឧត្តមសមកុសល​ នាយកនាយកដ្ឋាន​ធនធានមនុស្ស​កាកបាទក្រហមកម្ពុជា​និងឯកឧត្តម លីសារី​ ប្រធាន​គណៈកម្មាធិការសាខា​ព្រមទាំង​លោកជំទាវឆាន់ចន្ទសោភា ​អនុប្រធាន​គណៈកម្មាធិការសាខា​ជាមួយអនុ​សាខា៩ ស្រុកក្រុង​ក្រុមប្រតិបត្តិ​សាខា។

 

គោលបំណងក្នុង​ការផ្សព្វផ្សាយ​នេះគឺ សំដៅ​ឲ្យមន្រ្តី អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ជ្រួតជ្រាប​ពីដំណើរការ និងសម្រួល​ការបំពេញ​ភារកិច្ច​មនុស្សធម៌​ឲ្យបានកាន់តែ​មានប្រសិទ្ធភាព។ 

កាកបាទក្រហមកម្ពុជាចូលរួម អបអរ សាទរ "ទិវា មនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់ អន្តរជាតិ

កក្រក​ ៖ ដើម្បីចូលរួម អបអរសាទរ​ "ទិវាមនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់​អន្តរជាតិ ១​ តុលា​"​ និងដើម្បី​ផ្តល់ឱកាស​ដល់មន្ត្រី-បុគ្គលិក​ជើងចាស់ និងអ្នក​បន្តវេន បាន​ជួបជុំគ្នា ចែករំលែក​បទពិសោធន៍​គ្នាទៅវិញទៅមក​ផងនោះ នៅព្រឹកថ្ងៃទី​ ៤​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិខ្មែរ​ គង់ប្រថាប់ជា​ព្រះប្រធាន​កិត្តិយស​ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានរៀបចំ​ឱ្យមាន​ពិធី​ជួបជុំ និងសំណេះ​សំណាល​មួយជាមួយ​និវត្តជន និង​ក្រុមគ្រួសា​រមន្ត្រី-បុគ្គលិក​ដែល​បានទទួល​មរណភាព ចំនួន​ ៧៣នាក់ ដែលធ្លាប់​បម្រើការងារមនុស្សធម៌​ជាមួយ​កាកបាទក្រហម​កម្ពុជា នាពេលកន្លងមក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ-មន្ត្រី និង​យុវជន​កាកបាទក្រហម​កម្ពុជា​ នៅ​ភោជនីយដ្ឋាន​ឡឺប្រេស៊ីដង់​ រាជធានី​ភ្នំពេញ។

 

ទន្ទឹមនឹងប្រសាសន៍ផ្តាំ​ផ្ញើសួរសុខ​ទុក្ខនិងក្តី​នឹករលឹកពី​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា​ លោកជំទាវ​អគ្គលេខាធិការ បានអាននូវសារលិខិត​របស់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាស​ទិវាមនុស្ស​ចាស់កម្ពុជា​ និងទិវាមនុស្សចាស់អន្តរជាតិ​ លើកទី​ ១៩​​ ជូនចំពោះ​និវត្តជន​ និងមន្ត្រី-បុគ្គលិក​ទាំងអស់​ដែល​បានអញ្ជើញ​ចូលរួម។

 

ក្នុងពិធីសំណេះសំណាលនោះ និវត្តជន បានរំលឹកឡើងវិញ​នូវអនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទដាច់ស្រយ៉ាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយកអំណោយជូនដល់ដៃជនរងគ្រោះ។

 

ជាមួយគ្នានោះ និវត្តជនបានថ្លែងថា ទោះបីពួកគាត់បាន ចូល​និវត្តរ៍ហើយក្តី តែពួកគាត់មានមោទនភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលធំធេងរបស់កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាក​អន្តរជាតិ ហើយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត នៅតែនឹក​រលឹក ចងចាំមិនភ្លេចពីស្នាដៃជាច្រើនដែលមន្ត្រី-បុគ្គលិក​ជំនាន់​មុន បានកសាងឡើង ហើយបន្សល់ទុក ជា​មូលដ្ឋានគ្រឹះ នៃការបន្តអភិវឌ្ឍ ដល់អ្នកបន្តវេន ជាពិសេស ថែមទាំងគិតគូរពីសុខទុក្ខរបស់ពួកគាត់ គ្រប់​ពេលវេលា មិនភ្លេច​មួយគ្រាណាឡើយ។

 

យ៉ាងណាម៉ិញ ទិវាមនុស្សចាស់ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ ក្រោមប្រធានបទ «សមាគម​មនុស្សចាស់ គឺជាយន្តការ​ដ៏សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច​ សង្គមកិច្ច​ វប្បធម៌​ គ្រួសារ​ និងសង្គមជាតិ» ដែលជាទិវាមួយ​សម្រាប់ រំលឹកគុណដល់មនុស្សចាស់នៅកម្ពុជា​ ក៏ដូចជា​មនុស្សចាស់​នៅទូទាំង​សាកលលោក​ដែរ ហើយ​ក៏មានគោលបំណង​លើកកម្ពស់​មនសិការ​ទទួលខុស​ត្រូវរបស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស ជាពិសេស​ ក្នុងការចូលរួមកសាង​សង្គមជាតិ​មួយ ដែលមាន​ការយកចិត្តទុកដាក់​កាន់តែខ្ពស់ ចំពោះសុខុមាលភាព​របស់ប្រជាពលរដ្ឋ​គ្រប់វ័យ ពិសេស ចំពោះ​មនុស្សចាស់។

 

ជាចំណងដៃក្នុងឱកាសជួបជុំនេះ និវត្តជន និងក្រុមគ្រួសារអ្នកទទួលមរណភាពទាំង​ ៧៣នាក់ បានទទួលអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ ថវិកា ២លានរៀល​ និងការពិសារអាហារសាមគ្គីមួយពេលទៀតផង៕

ពិធីចុះបឋមសិលាសាងសង់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ និងសហការី ​មាន​អញ្ជើញ​ចូលរួម​ពិធីក្រុងពាលី និងបញ្ចុះបឋម​សិលា សាងសង់​អគារទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកពួក ដែលមាន​ទីតាំងស្ថិត​នៅភូមិ​ពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមប្លង់ ​អគារនេះ​មានក្រលាផ្ទៃ ១៣៦ម៉ែត្រការ៉េ ត្រូវសាងសង់​លើផ្ទៃដីទំហំ ២,០៣០ម៉ែត្រការ៉េ សាងសង់ឡើង​ដើម្បី​បម្រើ​ការងារមនុស្សធម៌ ដល់​ជនរងគ្រោះ និងងាយរង​គ្រោះ​នៅមូលដ្ឋាន។

 

សូមបញ្ជាក់ថា៖ នេះជាទីស្នាក់ការ​អនុសាខាទី១១ នៅក្នុងខេត្ត​សៀមរាប ហើយក៏ជា​ទីស្នាក់ការ​អនុសាខាទី១០ ដែល​សាងសង់​ដោយ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប អាណត្តិទី៤នេះ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តចេតិយថ្មី

សាខាកក្រកខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​ ២០១៧នេះ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកណ្តាល​ ដឹកនាំដោយ​ឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិការ​សាខា​ និងជាតំណាង​ឯកឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌ពីព្រះតេជគុណ ភោគ ជ័យរិទ្ធិ ព្រះចៅអធិការ​វត្តចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។

 

ក្នុងឱកាសនោះ​ ព្រះអង្ដមាន​សង្ឃដីកាគាំទ្រ និងមានទឹក​ព្រះទ័យ​រីករាយ ក្នុងការចូលរួម​ចំណែកជាមួយសកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ។

 

ជាការឆ្លើយតប​ ឯកឧត្តម​អនុប្រធានគណៈកម្មាធិការ​សាខា បាន​មានប្រសាសន៍​ថ្លែងអំណរ​ចំពោះព្រះតេជគុណព្រះចៅ​អធិការវត្ត ដែលជានិច្ចកាល​នៅរៀងរាល់​ឆ្នាំព្រះអង្គ​តែងបានឧបត្ថម្ភ​អំណោយ​ដល់សាខា​ខេត្ត និងបានសន្យា​ចាត់ចែងប្រើ ប្រាស់នូវ​ទេយ្យទាន​ទាំងនេះ ដើម្បីជួយដល់​ជនរង​គ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍​គ្រឹះទាំង៧ប្រការ​របស់ចលនា​កាកបាទក្រហម ។

 

អំណោយមនុស្សធម៌ ដែលសាខាបានទទួលរួមមាន ៖ អង្ករ ២៥០ គីឡូក្រាម មី ១៦ កេស ទឹកដោះគោ ៤០ កំប៉ុង ស្ករស ១១ គីឡូក្រាម តែ ២០ កញ្ចប់ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១៦ កេស សម្ភារដំណេក ១១ សម្រាប់ និងថវិកាចំនួន ៤៥ ម៉ឺនរៀល ។ ក្នុងពេលជា​មួយគ្នានេះ​ដែរព្រះចៅ អធិការវត្ត ក៏បានចែកទេយ្យទាន​ដល់ចាស់​ជរាទីទ័លក្រគ្មានទីពឹង លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​សាលាបឋម​សិក្សាវត្តចេតិយថ្មី សរុបចំនួន ៥០ នាក់ផងដែរ ។

 

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ២៨​ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ អំណោយ មនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ ចំនួន​ ជូនបុរសពោះម៉ាយ ឈ្មោះ ម៉ម ហេង អាយុ ៤៨ឆ្នាំ ដែលជួបទុក្ខផ្ទួនៗគ្នា ដោយត្រូវ ភរិយា ទើបស្លាប់ ចោលបាន ៥ខែ ហើយ បានរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ​ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ សព្វថ្ងៃនេះ​ លោក​ ម៉ម​ ហេង​ និងកូន ២នាក់ ក្នុងបន្ទុក​ (កូនស្រីពៅអាយុ​ ១៧ឆ្នាំ​ មានជំងឺបេះដូងចំហ) កំពុងស្នាក់ នៅបណ្តោះអាសន្នជាមួយប្អូន​ នៅរាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ការអាណិតអាសូរ និងការសោកស្តាយចំពោះ លោក ម៉ម ហេង ដែលកំពុង​ជួបទុក្ខផ្ទួនៗគ្នានេះ។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកទឹកចិត្ត​ដល់លោក ម៉ម ហេង សូមកុំបាក់​ទឹកចិត្ត និងត្រូវខិត​ខំប្រកប​របរបន្តទៀតដើម្បីស្តារ​ជីវភាពគ្រួសារ និងផ្តល់ភាព​កក់ក្តៅដល់​កូនៗបន្តទៀត​ ព្រោះអំណោយ​មនុស្សធម៌ពេលនេះ​ អាចជួយផ្តល់​ជម្រកថ្មីសមរម្យដែរ។

 

លោក ម៉ម ហេង បានសម្តែង​នូវការដឹងគុណ​ចំពោះ កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​គិតគូរ មានក្តីមេត្តា ករុណា ផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់​ប្រជាជន​រងគ្រោះជួ​បការលំបាក ដោយគ្មាន​ការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

សូមបញ្ជាក់ថា​ អនុសាខាកាកបាទក្រហម​កម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ​ ក៏បានចុះសួរសុខ​ទុក្ខដល់ផ្ទះរងគ្រោះ​ និងបាន​ឧបត្ថម្ភគ្រឿង​ឧបភោគ-បរិភោគ​ ថវិកាមួយចំនួនរួចហើយដែរ៕

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាសម្រាប់ខួងអណ្តូងទឹកស្អាតនៅស្រុកថាឡាបរិវ៉ាត់ និង ស្រុកកូនមុំ

កក្រក ៖ នៅថ្ងៃទី ២៦​ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានសម្រេច​ផ្តល់ថវិកា​ចំនួន ៣៣.៤៦៨ដុល្លារ (បីម៉ឺន​បីពាន់​បួនរយ​ហុកសិប​ប្រាំបីដុល្លារអាមេរិក)​ ដើម្បីខួងអណ្តូង​ទឹកស្អាត ចំនួន ៧​ ជូនប្រជាពលរដ្ឋ​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន ១៣៥គ្រួសារ ស្មើនឹង​មនុស្ស​ ៦២៣នាក់ រស់នៅ​ភូមិចំនួន២ ឃុំអន្លង់ជ្រៃ ក្នុងស្រុក​ថាឡាប​រិវ៉ាត់​ ខេត្តស្ទឹងត្រែង​ និងអណ្តូង​ទឹកស្អាតចំនួន​ ៥ទៀត​ ជូនប្រជាពលរដ្ឋចំនួន​ ១២៧គ្រួសារ​ ស្មើមនុស្ស​ ៦៣៣នាក់​ រស់នៅភូមិចំនួន​ ៤​ ឃុំចំនួន​ ៣​ នៃស្រុកកូនមុំ​ ខេត្តរតនគិរី។

 

សូមបញ្ជាក់ថា​ ក្នុងឆ្នាំ២០១៧​ នេះ​ ​ កាកបាទក្រហមកម្ពុជា​បានផ្តល់អណ្តូងចំនួន​ ២៥៥​ និងស្រះទឹកចំនួន​ ៤​ រួចមកហើយ​ សម្រាប់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ នៅទូទាំង​ប្រទេសកម្ពុជា៕

 

First Prev 2 3 4 5 6 Next Last