អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

កក្រក​ ៖​ នៅព្រឹកថ្ងៃពុធ ទី ២៣ ខែ​មករា​ ឆ្នាំ​២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង​ ស្ត្រីមេម៉ាយកូនច្រើន​ កុមារកំព្រា ជនពិការ​ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន​ ១,២៥១គ្រួសារ​ (ក្នុងនោះមានជនជាតិខ្មែរ-ឥស្លាមចំនួន​ ៤គ្រួសារ)​ រស់នៅភូមិចំនួន​ ២៥​ ឃុំ​ ចំនួន​ ២​ នៃស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។ កម្មវិធីនេះ​ បានប្រារព្ធធ្វើឡើងនៅភូមិអូរកន្ធាងវ៉ា​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។

នេះជាការចុះសួរសុខទុក្ខនិងចែកអំណោយលើកទី៤នៅខេត្តប៉ៃលិនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលលើកទី១នៅឆ្នាំ១៩៩៩ លើកទី២ ឆ្នាំ២០១០ និងលើកទី៣ឆ្នាំ២០១៣។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងក្តីអាណិត​ស្រឡាញ់ពី​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្រ្ត។

ជាមួយនឹងការសួរសុខទុក្ខ និងចែកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព សុភមង្គល​ សុខដុមរមនា​ នៅក្នុងគ្រួសារ​ និងសង្គមជាតិ​ ដែលមានខ្លឹមសារថា​ ៖

-​ សូមបងប្អូនប្រជាពលរដ្ឋ ពិសេស​ ក្មួយៗយុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ។​
-​ សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបឱសថប្រឆាំងមេរោគឱ្យបានទៀតទាត់ ទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
-​ សូមថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅ​ ជាពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ។ 
-​ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។

-​ សូមជៀសវាង​ការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ​ ហេីយ​អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងតាមដានការសិក្សាកូនៗឱ្យបានជាប់ជានិច្ច។
-​ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តព្យាយាមដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក​ សម្រាប់ជនពិការ​ នៅទទួលបានរទេះជនពិការបន្ថែម​ចំនួន​ ១គ្រឿង៕

 

កាកបាទក្រហមកម្ពុជា ប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់នៅវត្តភ្នំយ៉ាត និងវត្តរតនៈសោភ័ណ (ហៅវត្តកោងកាង)

កក្រក​ ៖​ នៅរសៀលថ្ងៃអង្គារ​ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ២២ ខែមករា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញថ្វាយផ្កាភ្ញី​ ផ្លែឈើ និងគ្រឿងសក្ការៈបូជាជាច្រើនដល់អាស្រមលោកយាយយ៉ាត នៅលើភ្នំយ៉ាតនៃខេត្តប៉ៃលិន។​

បន្ទាប់មក​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ និងគណៈប្រតិភូ​ បាន​ អញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ផ្លែឈេី​ ថ្វាយព្រះរតនត្រ័យ​ ព្រមទាំងប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់នៅវត្តភ្នំយ៉ាត​ និងវត្តរតនៈសោភ័ណ​ (ហៅវត្តកោងកាង)​ ទៀតផង។

សូមបញ្ជាក់ថា​ ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន​ ៖​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ត្រីខ​ ៣កេស​ សាច់ក្រក​ ១០គីឡូក្រាម​ ត្រីងៀត​ ១០គីឡូក្រាម​ ស្ករស​ ១០គីឡូក្រាម​ ទឹកដោះគោខាប់​ ៥កេស​ អូវ៉ាន់ទីន​ ៥កេស​ មៀនកំប៉ុង​ ២កេស​ តែ​ ៥គីឡូក្រាម​ ទឹកក្រូច​ ១០កេស​ ទឹកបរិសុទ្ធ​ ១០កេស​ និងបច្ច័យ​ ៥លានរៀល​ ព្រមទាំងបច្ច័យរបស់លោកជំទាវថ្នាក់ដឹកនាំជាសប្បុរសជនចំនួន​ ៣,៥០០ដុល្លារអាមេរិក​ និង​ ៥០ម៉ឺនរៀល។ ដោយឡែក​ ប្រគេន​ព្រះចៅអធិការ​វត្ត​នីមួយៗ សាដក ១​ និងបច្ច័យ​ ១លានរៀល។ ប្រគេនព្រះសង្ឃ​ ៩អង្គ​ គង់នៅវត្តភ្នំយ៉ាត​ និងព្រះសង្ឃ​ ៦៩អង្គ​ នៅវត្តរតនៈសោភ័ណ​ ក្នុង​ ១អង្គ​ៗ​ សាដក​ ១​ និងបច្ច័យ​ ១០ម៉ឺនរៀល។ ជូនយាយជី​ តាជី​ ទាំងពីរវត្តសរុបចំនួន​ ៣២នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ៥ម៉ឺនរៀល​ និងក្រណាត់ស​ ១ដុំ​ ថវិកា​ ១ម៉ឺនរៀល​ទៀត ជាអំណោយរបស់​ សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​។ ជូនក្រណាត់ស​ ២០ដុំ​ ថវិកា​ ២លានរៀល​ ដល់សិស្សវត្តភ្នំយ៉ាត​ ចំនួន​ ២០នាក់៕

 

កាកបាទក្រហមកម្ពុជា ទទួល អង្ករក្រអូបផ្កាម្លិះចំនួន ៧៥៩តោន ពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន

កក្រក ៖ នៅទីស្នាក់ការ​កណ្តាល នាព្រឹកថ្ងៃចន្ទ​ ១រោច ខែបុស្ស​ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានទទួល​ជួបសវនការ និង​ទទួលអំណោយ​អង្ករក្រអូប​ផ្កាម្លិះចំនួន ៧៥៩តោន ពីរដ្ឋាភិបាល​តំបន់ស្វយ័ត​ក្វាងស៊ី​ប្រទេសចិន តាមរយៈ ក្រុមហ៊ុន​ហ្គូហុង (GUOHONG) នៅកម្ពុជា។

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការ បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខ និងថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះប្រតិភូ​នៃក្រុមហ៊ុន​ហ្គូហុង ដែលបាន​វេចខ្ចប់ និងនាំយកអង្ករ​ជាអំណោយ​របស់ រដ្ឋាភិបាល​តំបន់ស្វយ័តក្វាងស៊ីប្រ​ទេសចិន មកជូនរាជរដ្ឋាភិបាល​កម្ពុជា ហើយ​ប្រគល់ជូន​កាកបាទក្រហមកម្ពុជា។ លោកជំទាវ បានបញ្ជាក់ថា កាកបាទក្រហម​កម្ពុជា នឹងអនុវត្ត​តាមការណែនាំ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកអង្ករ​ទាំងនេះទៅចែក​ជូនប្រជាពលរដ្ឋ​ដែលខ្វះខាតស្បៀង​ខ្លាំងបំផុត​ដែលមានមុខ​សញ្ញាជា ចាស់ៗដែលគ្មាន​បង្គោលក្នុង​គ្រួសារ គ្រួសារមានជំងឺ​ប្រចាំកាយ គ្រួសារគ្មានដីធ្លីប្រកបរបរ​ស្រែចម្ការ គ្រួសារស្រី្តមេម៉ាយ​មានកូនច្រើន គ្រួសារពិការ និងអ្នកផ្ទុក​មេរោគអេដស៍។ល។

លោក Wang Xiangshe លេខាធិការទី២​នៃស្ថានទូតចិនប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា តំណាង​ឱ្យរដ្ឋាភិបាលតំបន់ស្វយ័ត​ក្វាងស៊ីប្រទេសចិន និងប្រជាជនចិន បានថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហម​កម្ពុជា ដែលអនុញ្ញាត​ឱ្យ រដ្ឋាភិបាល និងប្រជាជនចិន បានចូលរួម​ចំណែកការងារមនុស្សធម៌​មួយផ្នែក តាមរយៈ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាល​ការលំបាក​ដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយគ្រោះមហន្តរាយ​ផ្សេងៗ។ តំណាងឱ្យ រដ្ឋាភិបាល និងប្រជាជន​ចិន លោក Wang Xiangshe ប្តេជ្ញាបន្ត​ពង្រឹងមិត្តភាព​ជាបងប្អូន និងកិច្ចសហប្រតិបត្តិការ ​រវាងប្រជាជន-ប្រទេសទាំងពីរគ្រប់កាលៈទេសៈ ឱ្យកាន់តែ​ស្អិតរមួត និងយូរអង្វែង​ថែមទៀត៕

 

កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ​លើកទី៨ នៃគណៈកម្មាធិការ​សាខា ក្រោមអធិបតី​ភាព ឯកឧត្តមបណ្ឌិត​ ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា​ និងឯកឧត្តមអ្នក​ឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស​សាខា ដោយមានការអញ្ជើញ​ចូលរួ​មពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន​កិត្តិយស អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រីសាខា ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះត្រូវបាន​ប្រារព្ធឡើងដោយមាន​របៀបវរៈ សំខាន់ៗដូចខាងក្រោម៖ 
- ឆ្លង និងអនុម័ត​របាយការណ៍​សរុបលទ្ធផល​សកម្មភាព​សាខាឆ្នាំ២០១៨ និងលើក​ទិសដៅ​ឆ្នាំ២០១៩
- ឆ្លង និងអនុម័តរបាយការណ៍​ថវិកាឆ្នាំ២០១៨ និងផែនការ​ថវិកាឆ្នាំ២០១៩
- ការត្រៀមផែនការបើក​សន្និបាតគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ អាណត្តិទី៥
-ការត្រៀមសកម្មភាព​អបអរខួបលើកទី៦៤ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨កុម្ភៈ១៩៥៥-១៨កុម្ភៈ២០១៩)

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះមហន្តរាយស្រុតច្រាំងទន្លេនៅ ស្រុកមុខកំពូល

សាខា កក្រក ខេត្តកណ្តាល ៖ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ២ឲ១៩ ប្រតិភូ​សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​កិត្តិយសសាខា និងប្រតិភូរួម​ដំណើរ បានចុះ​សួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌ ជូនប្រជាពលរដ្ឋរង​ផលប៉ះពាល់ដោយ​គ្រោះមហន្តរាយ​ស្រុតច្រាំង​ទន្លេ ចំនួន ៨៥ គ្រួសារ សមាជិក ៣៧០ នាក់ មកពីភូមិចំនួន៦ នៃឃុំចំនួន៣ ក្នុងនោះមាន ៖ ឃុំរកាកោងទី១ចំនួន ៥ គ្រួសារ ឃុំព្រែកដំបង ចំនួន ១៣ គ្រួសារ និងឃុំឫស្សីជ្រោយ ចំនួន ៦៧ គ្រួសារ ទីតាំចែកចាយអំណោយនៅចំណុចភូមិព្រែកយាយហុិន ២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានពាំនាំ​មកនូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេច​តែងតែយកចិត្តទុកដាក់​គិតគូរពីសុខទុក្ខ​ប្រជាពលរដ្ឋទូទៅដែលរងគ្រោះ និងងាយរងគ្រោះ​គ្រប់ពេលវេលា និងព្រមទាំងបាន​ចាត់តាំងឲ្យក្រុមការងារឲ្យចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាប្រចាំ ដោយ​មិនគិតពីវណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះ​ឯកឧត្តមក៏បានក្រើនរំឭកដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋាន នៅជាប់មាត់ទន្លេ​ជិតចំណុចរងគ្រោះ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ បើចាំបាច់ត្រូវរុះរើលំនៅឋានបន្ទាន់ចេញពី​តំបន់គ្រោះថ្នាក់នេះ ចៀសវាងខ្លាច​វាបង្កឲ្យករណីរងគ្រោះ​បន្តទៀត បណ្តាល​  ឲ្យមានផលប៉ះពាល់​ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សទៅមុខ ។

អំណោយបានចែកជូនក្នុង១គ្រួសារមាន ៖ អង្ករ ៣០ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ថវិកាចំនួន ៤០ ម៉ឺនរៀល ។ ដោយឡែកចំពោះ​គ្រួសារដែលមានក្មេងលង់ទឹកស្លាប់ ១ នាក់ នៅភូមិពាម ឃុំព្រែកដំបងបានឧបត្ថម្ភថវិកាចំនួន ១ លានរៀល និងសម្ភារគ្រឿងបរិភោគមួយចំនួន ៕

 

សាខាកក្រក ខេត្តស្ទឹងត្រែង សួរសុខទុក្ខ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត នៅភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នៅព្រឹក​ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០១៩នេះ លោក លោក អ៊ុក ធាវី សមាជិកគណៈកម្មាធិការ​សាខាខេត្តស្ទឹងត្រែង និងនាយក​ប្រតិបត្តិសាខា ក្រុមប្រតិបត្តិ​សាខា លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិការអនុសាខាស្រុកសេសាន បានចុះ​សាកសួរសុខទុក្ខ និងផ្ដល់អំណោយ​មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ​ដែលមាន​ជីវភាពខ្វះខាត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឆ្លៀតក្នុងឱកាសនោះដែរ​លោក លោក អ៊ុក ធាវី សមាជិកគណៈកម្មាធិការ​សាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិង​ក្ដីនឹករលឹកពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្ដេចតែងតែគិតគូរ​សុខទុក្ខបងប្អូន​ប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត សូមមើលថែទាំ ចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អជៀសវាង​គ្រោះថ្នាក់ដោយ​យថាហេតុផ្សេងៗ និងត្រូវប្រុងប្រយ័ត្ន​ចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ហើយពេលគេង​ត្រូវដាក់មុងការពារកុំឲ្យមូសខ្លាខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ បើមានបញ្ហា​សុខភាពសូមបងប្អូន​ប្រញាប់ទៅមណ្ឌល​សុខភាពឲ្យបាន​ឆាប់រហ័ស ហើយត្រូវខិតខំប្រកបមុខរបរ​បង្កបង្កើនផល ដើម្បីស្ដារជីវភាព​គ្រួសារឱ្យកាន់តែប្រសើរឡើង។

អំណោយសម្រាប់គ្រួសារនិមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) ។

 

កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការងារអភិបាល និងគ្រប់គ្រងសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល។

កក្រក ៖ នៅរសៀល​ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ កាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបើកកិច្ច​ប្រជុំពិគ្រោះយោបល់​ ស្ដីពីការងារ​អភិបាល និងគ្រប់គ្រង​សាខា ដែលធ្វើឡើង​នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកណ្ដាល។

កិច្ចប្រជុំបាន ប្រព្រឹត្តទៅក្រោម​អធិបតីភាព​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា និងលោកវេជ្ជ. គួយ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកណ្ដាល និងមានការអញ្ជើញ​ចូលរួមពី ជាសមាជិក សមាជិកា​គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ​សាខា និងអនុសាខាគ្រប់ក្រុង ស្រុក សរុបចំនួន ២៩នាក់ (ស្រី ១០នាក់)។

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសាកសួរសុខទុក្ខ​និងក្ដីនឹករលឹកពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម​កម្ពុជា ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំ ជាពិសេសគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកណ្ដាល​ទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំង​កាយចិត្ត ប្រមូលផ្ដុំនូវបញ្ញាញ្ញាណ បំពេញបេសកកម្ម​មនុស្សធម៌ ការរៀបចំរចនាសម្ព័ន្ធរបស់​សាខា ពីថ្នាក់ខេត្តរហូត​ដល់សហគមន៍ ក្នុងការផ្ដល់សេវាកម្ម​ត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ដើម្បីជួយសម្រាល​រាល់ការលំបាករបស់​ជនរងគ្រោះ និងជនងាយ​រងគ្រោះក្នុងរដ្ឋបាលដែនដីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ កត្តាទាំងនេះទទួលបាន​ជោគជ័យ ដោយមានការដឹកនាំតម្រង់ទិស របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន រួមជាមួយការ​ប្រឹងប្រែងរបស់គណៈកម្មាធិការ សាខា អនុសាខា មន្ត្រីបុគ្គលិកនៃក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជានៅគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានលើកទ្បើង​នូវអនុសាសន៍ណែនាំ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​នូវទិសដៅការងារឆ្នាំ២០១៩ មានខ្លឹមសារ​ដូចតទៅ៖
១. លើកកម្ពស់សមត្ថភាពសហគមន៍ មន្ត្រីសាខា អនុសាខា ក្នុងការកាត់បន្ថយ​ហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប និងការស្តារឡើងវិញ​ឱ្យបានទាន់ពេលវេលា​និងមានប្រសិទ្ធភាព
២. បន្តលើកកម្ពស់ការងារឥស្សរជនឆ្នើម​ថ្នាក់ជាតិ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក 

ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០១៩ នៅខេត្តស្វាយរៀង

សាខាកក្រក​ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង បានប្រជុំបូក​សរុបលទ្ធផល​សកម្មភាព​ការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅ​អនុវត្តបន្ត ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា លោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិការសាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការ​អនុសាខាក្រុង ស្រុកទាំង ៨ ព្រមទាំង​បុគ្គលិក​ក្រុមប្រតិបត្តិ​សាខាសរុបចំនួន ២៥ នាក់ ។ គោលបំណង​នៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុប​លទ្ធផលការងារ​ដែលសម្រច​បានក្នុងឆ្នាំ ២០១៨ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា​ជួបប្រទះ និងធ្វើការ​ដោះស្រាយនូវ​សំណូមពរ​មួយចំនួន​ដែលមាន​នៅថ្នាក់សាខា និងអនុសាខា ។ 


មានប្រសាសន៍បើកកិច្ចប្រជុំ នាឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ចូលរួមយ៉ាងសកម្មទោះបី សមាជិក សមាជិការ ពេលខ្លះមិនបានចូលរួមដោយសារជាប់រវល់ការងារស្នូលច្រើន នេះជាសក្ខីភាពបញ្ជាក់អំពីដំណើរការល្អនាពេលកន្លងមក ។

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយ ជូន លោកស្រី ឯក គឹមរឿនដែលមានស្វាមី មានជំងឺលើសឈាមដើរពុំរួច

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមករា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយ​មនុស្សធម៌ជូន​ លោកស្រី​ ឯក​ គឹមរឿន​ អាយុ​ ៦៥ឆ្នាំ​ បុគ្គលិកនៃមន្ទីរពេទ្យព្រះកុសុមៈ​ ដែលមានជីវភាព​លំបាក​ ហេីយ​ស្វាមីជានិវត្តជន​អាយុ​ ៧៥ឆ្នាំ​ មាន​ជំងឺលើស​ឈាម​ដើរពុំរួច​កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម​ ម៉ែន​ បូរីកា​ ប្រធានការិល័យភស្តុភា​រ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីជីវភាពរស់នៅ​ និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ​​ និងខិតខំបន្តប្រកបរបរប្រចាំជីវិត​ព្រោះអំណោយផ្តល់ជូននេះ​អាចជួយសម្រាលការលំបាក​បាន​មួយគ្រាប៉ុណ្ណោះ។

លោកស្រី​ ឯក​ គឹមរឿន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​បានលេីកទឹកចិត្ត​ និងជួយសម្រាលការ​លំបាកដល់គ្រួសាររបស់លោកស្រី ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន​ ៖​ អង្ករ​ ៥០គីឡូក្រាម​ មី​ ២កេស​ ត្រីខ​ ២០កំប៉ុង​ មុង២​ ភួយ២​ សារុង២​ ក្រមា២​ អាវយឺត២​ និងថវិកាមួយចំនួន​ ព្រមទាំងរទេះសម្រាប់ជនពិការ​ ១គ្រឿង​ ជូនដល់ស្វាមីលោកស្រី​ ឯក​ គឹមរឿន​ ដែលមានជំងឺដើរពុំរួច៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សួរសុខទុក្ខជាពលរដ្ឋងាយរងគ្រោះបំផុតនៅឃុំត្រពាំងគង ស្រុកសំរោងទង

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ស្ពឺ ដឹកនាំដោយ​ឯកឧត្តម តុង សេង ប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចំនួន ៣៥គ្រួសារ និងប្រគល់ផ្ទះ១ខ្នងចំនួន ១គ្រួសារ ធ្វើ​អំពីដែក ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ព្រមទាំង​ស្ត្រីមេម៉ាយ​ដែលស្លាប់កំឡុងពេល​សម្រាលកូន ស្ថិតនៅ២ភូមិ ឃុំត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវ​ប្រសាសន៌ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា​នកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ​ពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខ​លំបាកជន​រងគ្រោះ ជនងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត ឯកឧត្តម បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្ត​ទុកដាក់ថែរក្សា​ឲ្យបានល្អ សម្អាតបរិស្ថាន​ជុំវិញផ្ទះ បរិភោគអាហារ​ដែលមានជីជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវខិតខំប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

អំណោយ​ដែលផ្ដល់ជូន​គ្រួសារនីមួយៗទទួលបានផ្ទះមានដូចជា ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។
សម្រាប់​ប្រជាពលរដ្ឋងាយ​រងគ្រោះបំផុតទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកាមួយចំនួន។
ចំណែកឯស្ត្រីដែល​ស្លាប់កំឡុងពេល​សម្រាលកូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ នំធុង ១ធុង ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកដោះគោ ១កំប៉ុង ឃីតកូនក្មេង ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

First Prev 1 2 3 4 5 Next Last