អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក៖ ​នាព្រឹក​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧ ​កាកបាទ​ក្រហម​កម្ពុជា​ដែល​មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ ស្ត្រី​មេមាយ​ក្រីក្រ​ កុមារ​កំព្រា​ ជនពិការ​ និង​អ្នករស់​នៅជា​មួយ​មេរោគ​អេដស៍​សរុប​ចំនួន​១៦៩៥​គ្រួសារ​នៅក្នុង​នោះ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មាន​ចំនួន​២៨១​គ្រួសារ​ និង​១៤១៤​គ្រួសារ​ទៀត​មក​ពី​៥០​ភូមិ​១៤​ឃុំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 


ក្នុង​ពិធី​ផ្តល់​អំណោយ​នោះ ​លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ទោះបី​ជា​សម្តេច​មិនបាន​អញ្ជើញមក​ផ្ទាល់​ក៏ដោយ​ក៏សម្តេច​តែងតែ​គិតគូ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​ និង​សូមបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​សុខភាព​ រស់នៅ​ត្រូវ​មាន​អនាម័យ​ ហូបស្អាត​ ផឹកស្អាត​ រស់នៅ​មានអនាម័យ​ សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់ចរាចរណ៍ ​ដើម្បី​កាត់អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ជាជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន​ ស្ត្រីមាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​សុខ​ឲ្យបាន​៤ដង​មុនពេល​សម្រាល​ និងបងប្អូន​ដែលរស់​នៅជាមួយ​មេរោគ​អេដស៍ ​ជំងឺអេដស៍ ​ត្រូវ​ទៅទទួល​ថ្នាំពន្យា​ជីវិត​ឲ្យបាន​ត្រឹមត្រូវ​តាមវេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ ហើយបើសិន​ជាមាន​ផ្ទៃពោះ​ដែលមាន​មេរោគ​អេដស៍​សូមទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​កុំឲ្យជំងឺនេះ​ឆ្លង​ពីម្តាយ​ទៅទារក​។

 

លោកជំទាវ​អគ្គលេខាធិការ​បានអំពាវ​នាវ​បន្ថែម​ទៀតថា​ សូមបង-ប្អូន​ទាំងអស់​កុំធ្វើ​ចំណាកស្រុក​ទៅប្រទេស​ជិតខាង​ ព្រោះប្រទេស​យើងសព្វថ្ងៃ​មានការ​រីកចម្រើន​ និងកំពុង​មានការអភិវឌ្ឍន៍​គួរឲ្យ​កត់សម្គាល់ ​និងមាន​ការងារ​ច្រើនទៀត​សម្រាប់ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត។

 

គ្រួសារ​នីមួយៗ​ទទួលបាន៖ អង្ករ​៣០​គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង១ មុង១ ភួយ១និងក្រមា១។ ជាមួយ​គ្នានោះ​នៅបាន​ទទួល​អំណោយ​ពីសាខា​នូវ នំបុ័ង ទឹកសុទ្ធ និងថវិកា ១ម៉ឺនរៀល។

 

...

ប្រជាជនស្រុកកោះញែកទទួលអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តមណ្ឌលគិរី​ ៖​នៅថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជាដែល​មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ប្រគល់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ​អណ្តូងទឹក​ស្អាត​ចំនួន១៦ (មានលេខរៀងពីទី៧៩ ដល់ទី៩៤) ក្រោម​អធិបតី​ភាព​ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត​ នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី ដែលជា​សមាជិក សមាជិកា សាខា​និង​អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តមណ្ឌលគិរី​ជូន​ប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ៣៤៥គ្រួសារ​ ស្មើនឹង​មនុស្ស ១,៧៤៥នាក់​ ក្នុង​ឃុំទាំង៦ ​នៃ​ស្រុក​កោះញែក​ ខេត្តមណ្ឌលគិរី​ ដែល​មាន​ចម្ងាយ​៦១៣គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ។

 

នៅក្នុង​ពិធីប្រគល់​អណ្តូ​ងទឹកទាំងនោះ​ ឯកឧត្តមវេជ្ជ.បាននាំនូវ​ប្រសាសន៍​ផ្តាំផ្ញេី​សួរសុខទុក្ខ​ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ជូនដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​និងបានផ្ដាំផ្ញើរ​ សូម​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយត្រូវ​បរិភោគ​ទឹក​ដាំពុះ​ និងរាល់ពេល​ធ្វើទៅទីជិត​ឬឆ្ងាយ​ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ និងគោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​គ្រោះថ្នាក់ដែលកើតមានឡើង​ដោយយ​ថាហេតុ។ បន្ថែមពី​លើនេះ​ទៅទៀត​ សូមបង​ប្អូនជៀស​ឲ្យឆ្ងាយ​ពីគ្រឿង​ញៀន និងគ្រឿង​​ស្រវឹងផ្សេងៗព្រមទាំង​ការពារខ្លួន​កុំឲ្យ​ឆ្លងមេរោគ​អេដស៍ ​និងកុំរើស​អើង​អ្នករស់​នៅជា​មួយមេរោគ​អេដស៍ ​ហើយត្រូវ​ចូលរួម​ថែរក្សា​នូវសមិទ្ធផល​ទាំងនេះឱ្យ​បានគង់វង្ស​យូរអង្វែង។

 

ប្រជាពលរដ្ឋ​ ដែលមកចូលរួម​ក្នុងពិធី​ប្រគល់​សមិទ្ធផល​អណ្ដូង​ទឹកនេះ​ស្ត្រីម្នាក់ៗ​ទទួល​បានសារុង ១ រីឯបុរស​ម្នាក់ៗ​ទទួលបាន​ ក្រមា១ ដោយឡែក​ចាស់ៗ​ទទួល​បានថវិកា​មួយចំនួន​បន្ថែមទៀត។​ សូមបញ្ជាក់​ផងដែរថា​ គិតចាប់​តាំងពី​ឆ្នាំ ២០១០​ រៀងរហូត​មក កាកបាទក្រហម​កម្ពុជា​ បានដោះស្រាយ​បញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺន​គ្រួសារ​នៅទូទាំង​ប្រទេស​ ក្នុងនោះ ​បានផ្តល់​អណ្តូងទឹក​ស្អាត (អណ្តូង​ស្នប់-លូចំរុះ)ស្រះទឹក​សហគមន៍​ និងស៊ីទែន​ទឹកបាន​សរុបចំនួន​រាប់ពាន់​អណ្ដូង​ ហើយបាន​និងកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ជាបន្ត​បន្ទាប់ទៀត​។​ ដោយឡែក​ សម្រាប់​ខេត្តមណ្ឌល​គិរី មកដល់​ពេលនេះ ​ទទួលបាន​ចំនួន ៩៤អណ្តូង ​ពីកាកបាទក្រហម​កម្ពុជា៕

 

...

កាកបាទក្រហមកម្ពុជាចែកអំណោយដល់ជនងាយរងគ្រោះនៅខេត្តកំពង់ឆ្នាំង

សាខាកក្រកខេត្តកំពង់ឆ្នាំង​ ៖​នៅថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ​២០១៧​ នេះ​ សម្ដេចចៅហ្វាវាំង​ គង់ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា​ អមដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ និង​សហការី​នៃសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញចុះ​សួរសុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​ ជូនដល់​ចាស់​ជរា​គ្មាន​ទីពឹង​ ស្ត្រី​មេម៉ាយ​ កុមារកំព្រា​ ជនពិការ​ និងអ្នក​រស់​នៅជាមួយ​មេរោគ​អេដស៍​ចំនួន១៥៥គ្រួសារ ដែលមក​ពីឃុំ​ពាមឆ្កោក និងឃុំកំពង់អុស​ក្នុងស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង។​

 

អំណោយ​ផ្តល់ជូន​ក្នុងមួយ​គ្រួសារៗទទួលបាន៖​ អង្ករ ៣០គ.ក មី​ ១កេស​ ត្រីខ ១០ កំប៉ុង ទឹកសុទ្ធ​ ១ដប​ នំប៉័ង​ ១ដើម​ ភួយ ១ សារុង ១ ក្រមា ១ មុង ១ និងថវិកា ចំនួន ២០.០០០រៀល៕

...

កាកបាទក្រហមកម្ពុជាផ្សព្វផ្សាយពីសកម្មភាពកាកបាទក្រហមដល់កងវិស្វកម្មនៅព្រំដែន

កក្រក៖ ​នៅថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា​ទីស្នាក់ការ​កណ្តាល​ដឹកនាំ​ដោយ​លោកជំទាវ​ ហួន ​ច័ន្ទបូរ៉ា​ នាយិកា​នាយកដ្ឋាន​ទំនាក់​ទំនង​ និង​មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​មាន​ប្រតិភូ​អម​ដំណើរ​ដោយ​លោក​ រ៉ូមែន​ ប៉ារ៉ាម៉ូណុហ្វ​ ប្រធាន​បេសកកម្ម​ប្រចាំ​កម្ពុជា ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ ព្រមទាំង​មាន​ការសម្រប​សម្រួល​ពីលោក​ឧត្តម​សេនីយ៍​ត្រី ​ឯក ស៊ីដន​ ស្នងការ​រង​នគរបាល​ខេត្តស្ទឹងត្រែង​ទទួល​បន្ទុក​ការងារ​ព្រំដែន​បានចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពីសកម្មភាព​របស់​ចលនា​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហមដល់ការ​ដ្ឋាន​កងវិស្វកម្ម​លេខ៧១៧ ​និង​វរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៧០១​ ប៉ុស្តិ​កោះឬស្សី ​ដែលមាន​អ្នកចូលរួ​មសរុប​ចំនួន​៣៧​នាក់។

 

ការផ្សព្វផ្សាយ​ពីសកម្មភាព​របស់​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ក្នុងគោលបំណង​បញ្ជ្រៀប​ការយល់ដឹង​កាន់តែច្បាស់​អំពី​សកម្មភាព​មនុស្សធម៌​ និង​ការប្រើប្រាស់​បដិរូប​កាកបាទ​ក្រហម​កម្ពុជា ​ឲ្យកាន់​តែទូលំ​ទូលាយ។

 

...

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា

កក្រក​ ៖​ នៅរសៀលថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​គណៈកម្មការ​ អនុគណៈកម្មការ​ រៀបចំពិធីខួបទី១៥៤ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ​ឆ្នាំ២០១៧ ​បានរៀបចំ​កិច្ចប្រជុំ​លើកទីពីរ​ ក្រោម​អធិបតី​ភាពសម្តេច​ចៅហ្វាវាំង​ គង់ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហម​កម្ពុជា​ និងជា​ប្រធាន​គណៈកម្មការ ​ព្រមទាំង​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ សរុបចំនួន​ ៤១នាក់។

 

កិច្ចប្រជុំនេះ​ បានពិភាក្សា​ ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ទិវា​ ៨​ ឧសភា​ របស់​អនុ​គណៈកម្មការនីមួយៗ​ដែលបាន​អនុវត្ត​ក្នុងពេល​កន្លងមក​ និងលើកទិសដៅ​បន្ត​នៃគណៈកម្មការ​ និង​អនុ​គណៈកម្មការ​នីមួយៗ​ ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព៕

 

Fist Prev 1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តសៀមរាប ៖​នៅព្រឹក​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​បានចូលរួម​ក្នុងពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន​១០០​ នាក់​នៅ​វិទ្យាល័យ​ ១០ ​មករា ​១៩៧៩ ។

 

ក្នុងឱកាសនោះ ​តាងនាម​ឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ លោកជំទាវ​បានមាន​ប្រសាសន៍​ថា៖ កាកបាទក្រហម​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា យុវជន​កាកបាទក្រហម​កម្ពុជា​ គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​ ដែលជា​កម្លាំង​ស្នូល​មួយ​ដ៏មាន​សារៈសំខាន់​ និង​សកម្ម​បំផុត​ក្នុងការ​ផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌​ លោកជំទាវ​ បានជម្រាប​ជូនពី​តួនាទី​ភារកិច្ច​ដល់ប្អូនៗ​មានដូច​ខាងក្រោម៖


- ជាតំណាង​ឱ្យយុវជន​កាកបាទក្រហម​កម្ពុជា​ គ្រប់ស្រទាប់យុវវ័យ
- ជាទំពាំងស្នងឫស្សី ជាអ្នកបន្ត​វេនក្នុង​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា
-​ ត្រូវ​គោរព​វិន័យ​សាលា និងខិតខំរៀន​សូត្រឱ្យ​បានពូកែ ​ធ្វើជាគំរូ​ល្អគ្រប់​សម្មភាព​ក្នុងស្រទាប់​យុវវ័យ
-​ ផ្សព្វផ្សាយ​ពីគោលការណ៍គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទក្រហម​នៅក្នុង​សាលា និង​សហគមន៍
​- ចូលរួម​សកម្មភាព​មនុស្សធម៌ ​ទាំងក្នុង​សាលា​ និង​សហគមន៍
-​​ ធ្វើជា​គំរូល្អ​ក្នុងការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រួមចំណែក​កាក់បន្ថយ​ អត្រា​គ្រោះថ្នាក់​ ស្លាប់ របួស ​និងពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ ​នាល្ងាច​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​នៅ​វិទ្យាល័យ​អនុវត្ត​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​បិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សា​យុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន​១១៨នាក់​ (ស្រី៥៨នាក់)​ ដោយមានការចូលរួមពីសំណាក់​លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ដែល​វគ្គយល់ដឹង​នេះបាន​ចាប់​ដំណើរ​ការអស់​រយៈពេល១​ថ្ងៃកន្លង​មក​ ។

 

នាឱកាសនោះ​ លោកជំទាវ​ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ប៊ុន រ៉ានី ហ៊ុន សែន​ ជូន​ដល់​ក្មួយៗ​យុវជ​នទាំង​អស់​ ព្រមទាំង​សូមកោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការ​បញ្ចប់វគ្គ​នាថ្ងៃនេះ​ ។​

 

លោកជំទាវ​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹងនេះ​ហើយ​ក្មួយៗពិត​ជាបាន​យល់ច្បាស់​ពីប្រវត្តិ​ចលនា​បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទី​ភារកិច្ច​យុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជា​សង្គ្រោះ​បឋម​ ។ល។​ ដែលជាមុខ​វិជ្ជា​មូលដ្ឋាន​សម្រាប់​ជាគ្រឹះ​ឲ្យក្មួយៗ​យកទៅ​អនុវត្ត​សំដៅ​ជួយដល់​ជនរងគ្រោះ​ និងងាយរង​គ្រោះគ្រប់​ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្ត​អប់រំ​មិត្ត​ ។

 

សូម​បញ្ជាក់ថា៖​ ក្នុងវគ្គ​យល់ដឹងនេះ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន​៨០ភាគរយ និងមធ្យម​២០ភាគរយ​ ៕

 

អានបន្ថែម...

សាខាកក្រកខេត្តស្វាយរៀង៖ ​នៅថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​បានរៀបចំ​ពិធី​ប្រលង​គំនូរ​កុមារ​លើកកម្ពស់​ស្នាដៃ​អំពី​សកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​ ដើម្បី​ចូលរួម​អបអរសាទរ​ខួបលើក​ទី១៥៤​ ទិវា​ពិភព​លោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ២០១៧ ក្រោម​ប្រធានបទ​សកម្មភាព​ចម្រុះវិស័យ​របស់​កាកបាទក្រហម​កម្ពុជា​សាខា​បានផ្សព្វផ្សាយ​នឹងណែនាំ​រូបភាព​ពីវិស័យ​ស្នួល​ទាំងបួន​ដើម្បី​ឲ្យសិស្សា​នុសិស្ស​ជ្រើសរើស​យកគំនូរ​ដែលខ្លួន​ពេញចិត្ត​សម្រាប់គូរ​រួចជ្រើសរើស​យក​អ្នកមាន​សា្នដៃ​ល្អពី​លេខ ១​ ដល់លេខ ​៣ ​យកទៅ​ប្រកូត​ប្រជែង​ទូទាំង​ប្រទេស​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ។

 

ពិធី​នេះបាន​ការអញ្ជើញ​ចូលរួម​ពីលោកជំទាវ ពៅ សុភាព ហេរ​ញ្ញិក​គណៈកម្មាធិការ​សាខា​ មន្ទីរអប់រំ​យុវជន​ និងកីឡាខេត្ត​ លោកនាយក​សាលា ​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​មកពី​សាលា​បឋម​សិក្សា​អនុវត្តន៍​១០នាក់ សាលា​បឋមសិក្សា​ស្វាយជ្រំ៤នាក់ និង​សាលា​បឋម​សិក្សា​ឬស្សីព្រៃ១០នាក់ សរុប ២៤នាក់ ស្រី្ត១២នាក់ ។ ដោយមុន​នឹងគូ​គំនូរ​ក្រុមប្រត្តិបត្តិ​សាខា ​បានធ្វើការ​ផ្សព្វផ្សាយ​ដល់សាលា​ទាំង ៣​ ដើម្បីទទួល​ការណែនាំ​អំពី​ការគូរ​គំនូរ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ​ដោយសំដៅ​ទៅលើ​អត្ថន័យ​ សោភ័ណភាព​ និងស្នាដៃ​តាមស្ថានភាព​ជាក់ស្តែង​ជាលក្ខណៈបុគ្គល​ ផ្តោត​ លើនិមិត្ត​សញ្ញា​កាកបាទក្រហម ។ ក្រោយពី​បានវាយ​តម្លៃ​រូបភាព​នីមួយៗ​ បានទទួល​ចំណាត់​ថ្នាក់លេខ​ ១ ទៅលើ​សិស្ស​ឈ្មោះ ហ៊ន ធាន សិស្សថ្នាក់ទី ៦ (ក)សាលាបឋមសិក្សាស្វាយជ្រំ លេខ ២ ឈ្មោះ សំ ឆដា សិស្សថ្នាក់ទី ៦ (ខ) សាលាបឋម​សិក្សាអនុវត្តន៍ និងលេខ ៣ ឈ្មោះ ពេជ្រ ម៉ូលី​ណា សិស្ស​ថ្នាក់ទី ៦ (ខ)សាលា​បឋមសិក្សា​អនុវត្តន៍ ។

 

ក្នុងពិធី​នោះដែរ​លោកជំទាវ ​ពៅ សុភាព បានផ្តល់​ប័ណ្ណ​សរសើរ ​និងរង្វាន់​សំភារៈសិក្សាជា​អនុស្សាវរីយ៍១កញ្ចប់ដល់សិស្ស​ដែលជាប់​ចំណាត់ថ្នាក់​លេខ១ និងថវិកា៥ ម៉ឺនរៀល លេខ២ ថវិកា៤ ម៉ឺនរៀល និងលេខ៣ ថវិកា៣ ម៉ឺនរៀល និងសិស្សានុសិស្ស​ដែលមិនបាន​ទទួល​ជ័យ​លាភីទទួល​បានសំភារៈ​សិក្សា​ និងថវិកា២ ម៉ឺនរៀលក្នុងម្នាក់ៗ ។

អានបន្ថែម...

សាខាកក្រកខេត្តស្ទឹងត្រែង ៖ កាលពី ថ្ងៃទី ២០ -២១  ខែមីនា  ឆ្នាំ២០១៧  សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំ វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានដល់យុវជនកាកបាទ​ក្រហម​កម្ពុជា​ចំនួន៨០​ នាក់​ នៃវិទ្យាល័យ​ ហ៊ុន សែន​ ស្ទឹងត្រែង​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ សាយ ព្រលឹង នាយក​សាខា​កក្រក​ខេត្តស្ទឹងត្រែង​ តំណាង​មន្រ្តី​ការិយាល័យ​អភិវឌ្ឍន៍​ទីស្នាក់ការ​កណ្ដាល​ នាយករង​សាខា​ និងនាយករង​វិទ្យាល័យ ​ហ៊ុន សែន​ ស្ទឹងត្រែង ​ជាគណៈអធិបតី​ក្នុង​ពិធី​បើក-បិទវគ្គបណ្ដុះ​បណ្ដាល​ជាមូលដ្ឋាន​ និង​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ថ្មីចំនួន​៨០ នាក់ ផងដែរ។

 

វគ្គ​បណ្ដុះបណ្ដាល​នេះរៀបចំ​ឡើង​ក្នុងគោល​បំណង​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ ​ពង្រឹង​សមត្ថភាព ​និងតួនាទី​របស់​យុវជន កក្រក ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌ ​ប្រកប​ដោយប្រសិទ្ធភាព​និរន្តរន៍ភាព ​តាមរយៈកាកបាទក្រហម​កម្ពុជា។ វគ្គបណ្ដុះបណ្ដាល​នេះផ្ដោត​សំខាន់​លើប្រធាន​បទរួមមាន៖
-ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងច្បាប់មនុស្សធម៌អន្ដរជាតិ
-មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម
-ការងារគ្រប់គ្រងក្លឹបយុវជន និងគោលនយោបាយ យុវជន កក្រក និង
-ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក

បន្ទាប់ពី​ទទួលបាន​វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន​នេះ យុវជនកក្រកថ្មីទាំងអស់នឹងត្រូវ​ចូលរួម​បំពេញសកម្មភាព​មនុស្សធម៌ ការងារ​សង្គម ​ការងារ​បរិស្ថាន​ អនាម័យ​ នៅក្នុងពិធី​បុណ្យ​ទន្លេ ​ដែលប្រព្រឹត្ត​នៅក្រុង​ស្ទឹងត្រែង នាពេល​ខាងមុខនេះ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ