អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកកំពង់លែងទទួលអំណោយពី កាកបាទក្រហមកម្ពុជា

កក្រក ៖​នៅព្រឹក​ថ្ងៃទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះឯកឧត្តម​វេជ្ជ.​ អ៊ុយ សំអាត​ នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងមាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម​ អ៊ុន សំអុល​ ប្រធាន​គណៈកម្មាធិការ​សាខា​ និងលោក លោកស្រី ដែលជា​សមាជិក សមាជិកា​សាខា​និង​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ បានចុះសួរ​សុខទុក្ខ​ និងនាំ​យកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំ​ផុត​ចំនួន៦០៩គ្រួសារ​ មកពី​ឃុំចំនួន​ប្រាំបី​រួមមាន​ ឃុំច្រណូក ឃុំពោធិ៍ ឃុំត្រងិល ឃុំកំពង់ហៅ ឃុំស្វាយរំពារ ឃុំដារ ឃុំសំរោងសែន និងឃុំប្រឡាយមាសនៃស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ​ដែលពិធីនេះ​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលាស្រុក​កំពង់លែង។

 

នៅក្នុង​ឱកាសសំណេះ​សំណាល​ជាមួយ​គ្រួសារ​ទទួលផល​ឯកឧត្តម​វេជ្ជ. ​បានមាន​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់​ និងបានណៃនាំ​ដល់បងប្អូន​សូមថែរក្សា​សុខភាព​ និងអនាម័យ​ដោយត្រូវ​ពិសារទឹកឆ្អិន និងគេង​ក្នុងមុងជានិច្ច។

 

ជាងនេះ​ទៅទៀត​ សូមការពារខ្លួន​កុំឲ្យ​ឆ្លង​មេរោគអេដស៍ ​និងកុំរើសអើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍ ​ព្រមទាំង​សូមមាន​ស្មារតីប្រុង​ប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ឬឆ្ងាយ​ដើម្បី​ការពារ​ពីគ្រោះ​ថ្នាក់​ចរាចរណ៍​ដែលកើតមាន​ឡើង​ជាយថា​ហេតុ។ បន្ថែមពីលើ​នេះទៀត សូមជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន​ និងកុំ​ពិសារ​គ្រឿងស្រវឹង​ ដែលជា​កត្តា​បង្កឲ្យ​មានអំពើហិ​ង្សា ចោរកម្ម និងអសន្តិសុខ​ក្នុងសង្គម។

 

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែក​ជនពិការ និងចាស់ជរា​ទទួលបាន​ថវិកាមួយ​ចំនួន​បន្ថែមទៀត។

 

...

សម្ពោធអណ្តូងទឹកស្អាតនៅឃុំចំនួន ៣ នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង

កក្រក ៖​នៅព្រឹក​ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​ បានសម្ពោធ​ឱ្យប្រើប្រាស់​អណ្តូង​ទឹកស្អាត​ ចំនួន​១៧ (មានលេខរៀង​ចាប់ពី​៧១ ដល់​លេខរៀង​ទី៨៧) ជូន​ប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣៦៤​គ្រួសារ​ស្មើ​នឹងមនុស្ស១,៨៧៦នាក់ រស់នៅ​ក្នុងឃុំ​ចំនួន៣​ នៃ​ស្រុក​សៀមបូក​ និងស្រុក​ថាឡាប​រិវ៉ាត់​ ដែលពិធីនេះ​ធ្វើនៅ​ភូមិរំដេង​ ឃុំចំការលើ​ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​។

 

ក្នុងឱកាស​ប្រគល់​អណ្តូងទឹក​ទាំងនោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ កាកបាទក្រហមកម្ពុជា ​បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ ក្តីនឹក​រលឹក​ជូនលោកយាយ​លោកតា​ និងសូមផ្តាំ​ផ្ញើឱ្យ​យកចិត្តទុក​ដាក់ថែទាំ​សុខភាព​ឱ្យបានល្អ ​ពិសេស​ត្រូវបរិភោគ​ទឹកដាំពុះ ​និងចូលរួម​ដាំដំណាំ ​ឬបន្លែ​ផ្សេងៗ​នៅក្បែរ​អណ្តូង​ ដើម្បីជាប្រយោជន៍​ដល់គ្រួសារ​ និងសហគមន៍​ ហើយត្រូវ​ថែរក្សា​រាល់សមិទ្ធផល​ទាំងនេះ​ឱ្យបានគង់វង្ស​យូរអង្វែង។

 

លោកយាយ​លោកតា​ដែលមក​ចូលរួម​ក្នុងពិធី​សម្ពោធ​អណ្ដូង​ទឹកនេះ​បានសំដែង​នូវក្តីរំភើប​រីករាយដោយបាន​ការយកចិត្ត​ទុកដាក់ពី​ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយដោះស្រាយ​បញ្ហាទឹក​ស្អាតជូន​ប្រជាពលរដ្ឋ​ខ្វះខាតទឹក​ប្រើប្រាស់​ ហើយដែល​ពួកគាត់មិន​ពិបាកទៅរែក​ទឹកអូរនៅ​ឆ្ងាយផ្ទះ​ ឬចំណាយ​ថវិកាទិញទឹក​គេដូចមុន​ទៀតឡើយ។

ជាមួយគ្នានេះ​ កាកបាទក្រហម​កម្ពុជា​ នៅបានផ្តល់​អំណោយ​មនុស្សធម៌​ជូនចាស់ៗ​

 

ជនពិការ​ និងកុមារកំព្រា​ ចំនួន៨១គ្រួសារ​ មកពីភូមិរំដេង​ និងភូមិចំការលើ​នៃឃុំចំការលើ​ ដែលក្នុងមួយគ្រួសារៗទទួលបាន​៖​ អង្ករ​ ៣០គីឡូក្រាម​ មី​១កេស​ ត្រីខ​១០កំប៉ុង​ អាហារវីតាមីន​ ២កញ្ចប់​ មុង​១​ ភួយ​១​ សារុង​១​ ក្រមា​១​ និងថវិកា​២០.០០០រៀល៕

 

...

កាកបាទក្រហមកម្ពុជាចូលរួមបុណ្យសពកុមារលង់ទឹកស្លាប់៤នាក់នៅខេត្តកំពង់ធំ

កក្រក៖ ​នារសៀល​ថ្ងៃទី​១៧​ ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សពកុមារា​ទាំង៤នាក់ ដែល​បានលង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិត​នៅភូមិ​សំរោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 

ក្នុងមរណ​ទុក្ខដ៏ក្តុកក្តួល​នេះ​ឯកឧត្តម​ អ៊ុយ សំអាត ​នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ការរំលែក​ទុក្ខ​ សោកស្តាយ​ពីសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​ សូមសម្ដែង​នូវទុក្ខ​យ៉ាងក្រៀមក្រំ ​និងសូមបួង​សួង​ដល់គុណ​បុណ្យ​ព្រះរតនត្រ័យ​ និងវត្ថុ​ស័ក្តិសិទ្ធិ​ក្នុងលោក​ទាំងអស់​ សូមឲ្យ​វិញ្ញាណក្ខន្ធ​របស់ កុមារា​ទាំង៤ រួមមាន​៖ កុមារាទី១៖ ឈ្មោះ វ៉ា រ៉េត ភេទប្រុស អាយុ៤ឆ្នាំ, កុមារាទី២៖ ឈ្មោះ មាន ម៉ន ភេទប្រុស អាយុ៤ឆ្នាំ, កុមារាទី៣៖ ឈ្មោះ មាន​ សុផៃ ភេទប្រុស អាយុ៤ឆ្នាំ, កុមារាទី៤៖ ឈ្មោះ អែល​ រ៉ាវី ភេទប្រុស អាយុ៦ឆ្នាំ, បានទៅ​កាន់ក្នុង​សុគតិភព​ជានិច្ច​និរន្តរ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ។ ទន្ទឹមនឹង​នេះដែរ​ សូមបងប្អូន​ក្រុមគ្រួសារ​សព​ ថែរក្សា​សុភាព​ឲ្យបាន​ល្អប្រសើរ​ និងខិតខំ​ប្រឹងប្រែង​ប្រកប​ការងារ​ចិញ្ចឹមជីវិត​បន្តទៀត​។ ឯកឧត្តម បានប្រគល់​គ្រឿង​ឧបភោគ-បរិភោគ និងថវិកា​មួយចំនួន​ជូនគ្រួសារ​សពកុមារា​ទាំង៤នាក់ ។

 

ក្រុមគ្រួសារ​សពកុមារា​ទាំង៤នាក់ បានលើកដៃ​ប្រណម្យ​សម្ដែង​នូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន​ទឹកចិត្ត​ជ្រះថ្លា​សណ្តោស​ប្រណីបានចាត់​ឲ្យសហការីនាំយក​បច្ច័យ និងគ្រឿង​ឧបភោគ-បរិភោគ មកចូល​បុណ្យ និងសូមជូន​ពរដល់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ព្រមទាំង​ក្រុមគ្រួសា​រសូមជួប​ប្រទះតែ​សេចក្តី​សុខ និងពុទ្ធពរ​ទាំងបួន​ប្រការ ​កុំបីឃ្លៀងឃ្លាត​ឡើយ៕

...

ពិធីសម្ពោធអណ្តូងទឹកស្អាតនៅឃុំរំដោះស្រែខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ ៖​នៅព្រឹក​ថ្ងៃទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជា​ប្រធាន​បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូង​ទឹក​ស្អាត​ចំនួន១៩ (មានលេខ រៀងពីទី១៧៥ដល់ទី១៩៣) ដោយមាន​ការ​ចូលរួម​ពីសំណាក់​ ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​កាកបាទក្រហម​កម្ពុជា​ និង​លោក រ៉ាត់ សោភា ​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​មាន​ការអញ្ជើញ​ចូលរួម​ពីសមាជិក សមាជិការ ​គណៈកម្មាធិការ​សាខា ព្រមទាំង​នាយក សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជ​នខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន​៣២០​គ្រួសារ​ ស្មើនឹង​មនុស្ស​១,១៤៣​នាក់ ​រស់​នៅ​ឃុំរំដោះស្រែ​ និង​ឃុំកន្ទួត​ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

ទន្ទឹមនឹង​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខ​ទុក្ខពី​សំណាក់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​ នៅក្នុង​ពិធី​ប្រគល់​អណ្តូងទឹក​ទាំងនោះ ​ឯកឧត្តម​វេជ្ជ. បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ​សូមថែ​រក្សាសុខភាព​ឱ្យបា​នល្អ ដោយ​ត្រូវបរិភោគ​ទឹកដាំ​ពុះ និងជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន​ព្រមទាំង​សូមកុំ​សេពគ្រឿង​ស្រវឹង​ផ្សេងៗ​ដែលជា​ប្រភពនៃ​អំពើហិង្សា ចោរកម្ម និង​អសន្តិសុខ​សង្គម។ ទន្ទឹមនឹង​នេះត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ រាល់ពេល​ធ្វើដំណើរ​ទៅកាន់​ទីជិត​ ឬឆ្ងាយ​ ដើម្បី​ជៀសវាង​នូវគ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឡើងជាយថា​ហេតុ និងសូម​ការពារខ្លួន​កុំឲ្យ​ឆ្លងមេរោគអេដស៍ ​ព្រមទាំង​សូមកុំរើស​អើងអ្នក​រស់នៅ​ជាមួយ​មេរោគអេដស៍ និង​ត្រូវចូលរួម​ថែរក្សា​នូវសមិទ្ធផល​ទាំងនេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង

 

ប្រជាពលរដ្ឋ​ចំនួន ៥៨នាក់ ដែល​ចូលរួម​ក្នុងពិធី​នោះ មានក្តីរីករាយ​យ៉ាងក្រៃលែង​ ក្រោយ​ទទួល​បានសមិទ្ធផល​ថ្មីនេះ ហើយ​ស្ត្រីម្នាក់​ៗទទួល​បាន សារុង ១ រីឯ​បុរសម្នាក់ៗ​ទទួល​បាន ក្រមា១ ដោយឡែកចាស់ៗ​ទទួលបាន​ថវិកាមួយ​ចំនួន​បន្ថែមទៀត។

 

សូមបញ្ជាក់​ផងដែរថាគិតចាប់​តាំងពី​ឆ្នាំ២០១០ ​រហូតរៀង​មកកាកបាទក្រហម​កម្ពុជាបានដោះ​ស្រាយបញ្ហា​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺន​គ្រួសារ​នៅទូទាំង​ប្រទេស​ ក្នុងនោះ​ បានផ្តល់​អណ្តូងទឹក​ស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹក​សហគមន៍​ និងស៊ីទែន​ទឹកបាន​សរុប​ចំនួន​រាប់ពាន់​អណ្ដូង ​ហើយបាន​ និងកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ជាបន្ត​បន្ទាប់​ទៀត។ ជាក់ស្ដែង​ខេត្តព្រះវិហារ​ទទួល​បាន១៩៣​អណ្ដូង​គិតមក​ដល់​ពេលនេះ៕

...

កាកបាទក្រហមកម្ពុជា សម្ពោធ អាគារថ្មីកម្ពស់ ៥ជាន់ របស់ អង្គការលើកស្ទួយប្រជាពលរដ្ឋ

កក្រក​ ៖​ នៅព្រឹក​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០១៧ ​នេះ​លោកជំទាវ​ ឃួន​ សុដារី​ អនុ​ប្រធាន​កាកបាទក្រហម​កម្ពុជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ រួមជាមួយ​ថ្នាក់ដឹកនាំ​-សហការី​ នៃ​កាកបាទក្រហម​កម្ពុជា​បានអញ្ជើញ​សម្ពោធ​ឱ្យប្រើប្រាស់​ជាផ្លូវការ​អាគារ​ថ្មី​កម្ពស់​ ៥ជាន់​ របស់​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​គម្រប់​ខួបទី​១៥​ឆ្នាំ​របស់​អង្គការ​ព្រមទាំង​ជួបសំណេះ​សំណាល​សួរសុខទុក្ខ​ និង​រៀបចំ​អាហារ​ជូន​កុមារ​ គ្រូ-បុគ្គលិក​នៃអង្គការ​សរុបចំនួន១.៥៤៤នាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់ធំ​១ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​អនុប្រធាន​កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ ក្តីនឹករលឹក ​អាណិត​ ស្រឡាញ់ ​ចំពោះក្មួយៗ ​និងចៅៗ​កុមារទាំងអស់​ពិសេស ​ថ្លែងនូវ​ការកោត​សរសើរ​ចំពោះស្ថាបនិក ​និងគ្រូ-បុគ្គលិក​អង្គការ​ ដែលបាន​និងកំពុង​យកចិត្ត​ទុកដាក់​ ខិតខំ​អស់​កម្លាំងកាយ​-ចិត្ត ដើម្បី​ជួយដល់​កុមារកំព្រា ​និង​កុមាររស់​នៅក្នុង​គ្រួសារ​ក្រីក្រ ​ឱ្យមាន​ឱកាស​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុងការរស់រាន​មានជីវិត​ សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ការពារ​ និងសិទ្ធិ​ក្នុងការ​ចូលរួម​នានា។

 

លោកជំទាវ​ បានបញ្ជាក់ថា ​កាកបាទក្រហម​កម្ពុជា​ ក្នុងនាម​ជាជំនួយការ​ឱ្យអាជ្ញាធរ​សារធារណៈ​ បាន និងកំពុង​ចូលរួម​ពន្លឿន​កាត់បន្ថយ​ភាពក្រីក្រ ​ដើម្បីកាត់​បន្ថយភាព​ងាយរងគ្រោះ​ និងលុបបំបាត់​ការរំលោភ​បំពាន​ ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និងអំពើ​ហិង្សា​ លើកុមារ​។ល។

ជាមួយគ្នានេះ​ លោកជំទាវ ​បានផ្តាំផ្ញើ​ដល់កុមារ​ទាំងអស់​ ត្រូវប្រឹងប្រែង​ សិក្សារៀនសូត្រ​ និង​អភិវឌ្ឍ​ខ្លួនដើម្បីអនាគត​ភ្លឺស្វាង​របស់ខ្លួន ​ហើយជៀស​ឱ្យឆ្ងាយ​ពីគ្រឿងញៀន​ ពីមេរោគអេដស៍​ និងគ្រោះថ្នាក់​ចរាចរណ៍​ ដែលជា​ឃាតករ​ដ៏សាហាវ ​និងត្រូវចេះ​ជួយយក​អាសារគ្នា​ សាមគ្គីគ្នា ​ផ្តល់ក្តី​ស្រឡាញ់​ឱ្យគ្នា​ទៅវិញ​ទៅមក។

 

សូមបញ្ជាក់ថា កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន បានឧបត្ថម្ភ​ជូនអង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ ​ក្នុងនោះ ៖


- បានផ្តល់អំណោយ​ជាគ្រឿង​ឧបភោគ-បរិភោគ សម្ភារៈ​ប្រើប្រាស់ និងរៀបចំ​អាហារ​ដល់កុមារ។
- បានផ្តល់​ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) សម្រាប់សាងសង់​អគារថ្មី​កម្ពស់ ៥ជាន់។
- បានផ្តល់រថយន្ត​សម្រាប់ដឹកសិស្ស​ចំនួន ២គ្រឿង។


- បានបំពាក់ជូន​នូវ តុ-កៅអី សម្រាប់គ្រូ និងសិស្ស និងតុ-កៅអី សម្រាប់ផ្ទះបាយ។

គួររំលឹក​ផងដែរថា​ អង្គការលើកស្ទួយ​ប្រជាពលរដ្ឋ​ មានមណ្ឌល​ស្ថិតនៅ​ស្ទឹងមានជ័​យ ដែលមាន​កុមារ ៨៦០នាក់ និង​បុគ្គលិក ៥៤នាក់​ និងមានសាខាចំនួន​ ២ទៀត​ ក្នុងនោះ​សាខា​បុរីកីឡា មានកុមារ ៣៤១នាក់ បុគ្គលិក ៩នាក់, និងសាខា​បុរីសន្តិភាព​២ មានកុមារ ២៧១នាក់ បុគ្គលិក ៩នាក់៕

 

Fist Prev 1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តស្ទឹងត្រែង ៖ កាលពី ថ្ងៃទី ២០ -២១  ខែមីនា  ឆ្នាំ២០១៧  សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំ វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានដល់យុវជនកាកបាទ​ក្រហម​កម្ពុជា​ចំនួន៨០​ នាក់​ នៃវិទ្យាល័យ​ ហ៊ុន សែន​ ស្ទឹងត្រែង​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ សាយ ព្រលឹង នាយក​សាខា​កក្រក​ខេត្តស្ទឹងត្រែង​ តំណាង​មន្រ្តី​ការិយាល័យ​អភិវឌ្ឍន៍​ទីស្នាក់ការ​កណ្ដាល​ នាយករង​សាខា​ និងនាយករង​វិទ្យាល័យ ​ហ៊ុន សែន​ ស្ទឹងត្រែង ​ជាគណៈអធិបតី​ក្នុង​ពិធី​បើក-បិទវគ្គបណ្ដុះ​បណ្ដាល​ជាមូលដ្ឋាន​ និង​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ថ្មីចំនួន​៨០ នាក់ ផងដែរ។

 

វគ្គ​បណ្ដុះបណ្ដាល​នេះរៀបចំ​ឡើង​ក្នុងគោល​បំណង​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ ​ពង្រឹង​សមត្ថភាព ​និងតួនាទី​របស់​យុវជន កក្រក ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌ ​ប្រកប​ដោយប្រសិទ្ធភាព​និរន្តរន៍ភាព ​តាមរយៈកាកបាទក្រហម​កម្ពុជា។ វគ្គបណ្ដុះបណ្ដាល​នេះផ្ដោត​សំខាន់​លើប្រធាន​បទរួមមាន៖
-ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងច្បាប់មនុស្សធម៌អន្ដរជាតិ
-មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម
-ការងារគ្រប់គ្រងក្លឹបយុវជន និងគោលនយោបាយ យុវជន កក្រក និង
-ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក

បន្ទាប់ពី​ទទួលបាន​វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន​នេះ យុវជនកក្រកថ្មីទាំងអស់នឹងត្រូវ​ចូលរួម​បំពេញសកម្មភាព​មនុស្សធម៌ ការងារ​សង្គម ​ការងារ​បរិស្ថាន​ អនាម័យ​ នៅក្នុងពិធី​បុណ្យ​ទន្លេ ​ដែលប្រព្រឹត្ត​នៅក្រុង​ស្ទឹងត្រែង នាពេល​ខាងមុខនេះ៕

 

អានបន្ថែម...

សាខាកក្រក​ខេត្ត​ព្រះវិហារ​៖កាលពី​ថ្ងៃទី១៨ ​ខែ មីនា ​ឆ្នាំ ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជាខេត្តព្រះវិហារ​ បានបើក​វគ្គបណ្តុះបណ្តាល​ជាមូលដ្ឋាន​ និង​បំពាក់កន្សែង​ដល់​យុវជន​កាកបាទក្រហ​មកម្ពុជា​ វិទ្យាល័យ​រវៀង​ចំនួន៥០នាក់ ស្រី២៥នាក់ នៅវិទ្យាល័យរវៀង ឋិតក្នុងឃុំងរឿង ស្រុករវៀង។

 

ពិធីមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ​ ចឹកហេង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ និងមាន​ការចូលរួម​ពីក្រុម​ប្រតិបត្តិ​សាខា ​លោកនាយក​វិទ្យាល័យ​រវៀង​ និងទីប្រឹក្សាយុវជន។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​លោកជំទាវ​ ចឹក ហេង ​ប្រធាន​គណៈកម្មា​ធិ ការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ មានប្រសាសន៍​ថា​កាកបាទ​ក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយ​យុវជន​ក្លាយជាធនធាន​ដ៏មាន​សមត្ថភាព ចូលរួមក្នុង​សម្មភាព​មនុស្សធម៌ ​និងចូលរួម​ចំណែក​ក្នុងការ ​អភិវឌ្ឍន៍ប្រទេសជាតិ។ លោកជំទាវ​ក៏ បានផ្តាំផ្ញើ​ប្អូនៗយុវជន ​នូវចំនុច​មួយចំនួន​ដូចខាង ក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រ​ដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ  ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន ត្រូវគោរពច្បាប់ក្នុងពេលបើកបរ​   កុំប្រើគ្រឿងស្រវឹងក្នុងវ័យសិក្សាត្រូវចេះសាមគ្គីគ្នា​ ចេះជួយយកអសារគ្នាត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់អនុវត្ត ​និងមានរបាយការណ៍​ជូនទៅអនុសាខា​អំពីសកម្មភាពរបស់ខ្លួន ចូលរួមធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ ក្នុងនោះសាខា​កាកបាទក្រហម​កម្ពុជាខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យរវៀង ចំនួន ២០០,០០០ រៀលគត់

 

អានបន្ថែម...

កក្រក៖​ ព្រឹក​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០១៧​ ទីប្រឹក្សា​ក្លឹប​យុវជន​កក្រក​និង​សាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​នាំ​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ដល់​និស្សិត​ឈ្មោះ​ លន់ ហេន​ ភេទ​ស្រីស្រុកកំណើតភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចប្បន្ន​កំពុង​សិក្សា​ជំនាញ​ទេសចរណ៍​ហើយ​មាន​ជីវភាព​ខ្វះខាត​ក្នុងការរស់​នៅ​និង​ការសិក្សា​។ អំណោយ​មនុស្សធម៌​រួមមាន​កង់១​គ្រឿង​ មីយើង១កេស សៀវភៅសរសេរ ១០ក្បាល ប៊ិច បន្ទាត់ ខ្មៅដៃ និងថវិកាចំនួន២០០ ០០០ រៀល។

 

សកម្មភាព​នេះ ធ្វើឡើង​ដើម្បី​ជំរុញ និង​លើកទឹក​ចិត្ត​ដល់​និស្សិត​ដែលមាន​ជីវភាព​ខ្វះខាត​ តស៊ូ ​ខិតខំ​ប្រឹង​ រៀនសូត្រ​ ដើម្បី​អនាគត​ភ្លឺស្វាង​នាពេល​ខាងមុខ​។ លើស​ពីនេះ ​គឺ​លើក​កម្ពស់​ការ​ស្រឡាញ់​នូវ​វប្បធម៌​ ចែក​រំលែក​ក្នុងចំណោម​យុវជន និងនិស្សិត។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​ និង​ថវិកា​ ទាំងនេះ​បាន​មក​ពីពិធី​សប្បុរសធម៌​លើក​ទី៨​ របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នាពេលកន្លងមក៕

 

អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖ ​នៅថ្ងៃ​ទី​១៣​ខែមីនា​ឆ្នាំ២០១៧ ​នេះ​មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ បានចុះ​រៀបចំ​ប្រឡងគំនូរ​អបអរសាទរ​ខួបទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​០៨ ឧសភា២០១៧ ចំនួន៤សាលា​ដែលមាន​សិស្សានុសិស្ស​ចូលរួម​ប្រឡង​គំនូរ​ចំនួន ១៨៤ នាក់ ស្រី១០០ នាក់ រួមមាន៖


-បឋមសិក្សា​ត្បែង​មានជ័យចំនួន៥៥ នាក់ ស្រី២៤ នាក់ ។


-បឋមសិក្សា​អនុវត្ត​ចំនួន៦២នាក់ ស្រី៣៨ នាក់


-បឋមសិក្សា ​ហ៊ុន សែន ត្បែងមានជ័យ ចំនួន៣០ នាក់ ស្រី១៤ នាក់ 


-បឋមសិក្សា​ស្ថាពរ​ចំនួន៣៧ នាក់ ស្រី ២៤ នាក់។

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ