អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

វគ្គបណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ដល់អ្នកស្ម័គ្រចិត្ត

សាខាកក្រកខេត្តកំពត ៖  នៅរសៀល​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត​ បានរៀបចំ​ពិធីបិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ​ពិការភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ដ​ល់អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ចំនួន ១៩នាក់​ ក្រោមអធិបតី​ភាព ឯកឧត្តម​ សម កុសល​ នាយក នាយកដ្ឋាន​ធនធាន​មនុស្ស​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី ជាសមាជិក ​សមាជិកា​គណៈកម្មាធិការ​សាខា ​យុវជន​កាកបាទក្រហម​កម្ពុជា ​និងសិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន៤​ ស្ថិតក្នុង​ក្រុងកំពត​ ខេត្តកំពត។

 

វគ្គបណ្តុះបណ្តាល​នេះ​ ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​២ថ្ងៃ​ ចាប់ពី​ថ្ងៃទី​១៩ ដល់ថ្ងៃ​ទី២០ ​ខែមិថុនា ​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង​និងពង្រីក​សមត្ថភាព​យល់ដឹង​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ ការកាត់បន្ថយ​អត្រាស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និងធ្វើការ​អប់រំផ្សព្វផ្សាយ​បន្តដល់​សាលារៀន ​និងនៅតាម​សហគមន៍ផងដែរ៕

 

...

កាកបាទក្រហមកម្ពុជារៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចម៉ែ

កក្រក​ ៖​ នៅព្រឹក​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ២០១៧​ នេះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ និងថ្នាក់​ដឹកនាំ​-មន្ត្រី ​បុគ្គលិក​កាកបាទក្រហម​កម្ពុជា ​ព្រមទាំង​សប្បុរសជន​ ដៃគូ​សហប្រតិបត្តិការ​ជាច្រើននាក់ ​បានរៀបចំ​ពិធី​សូត្រមន្ត​ រាប់បាត្រ​ ប្រគេន​ព្រះសង្ឃ​ចំនួន ៨២​អង្គ ​ក្នុងឱកាស​បុណ្យចម្រើន​ព្រះជន្មវស្សា ​គម្រប់​ខួប៨១​ យាងចូល ៨២​ព្រះវស្សា​ នៅថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ២០១៧​ ថ្វាយសម្ដេច​ព្រះមហាក្សត្រី ​នរោត្ដម ​មុនិនាថ សីហនុ​ ព្រះវររាជ​មាតា​ជាតិខ្មែរ​ ក្នុងសិរីភាព ​សេចក្តី​ថ្លៃថ្នូរ ​និងសុភមង្គល ​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

 

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន និងសហការី​នៃកាកបាទក្រហម​កម្ពុជា​ទាំងអស់ សូមបួងសួង​សូមព្រះអង្គមាន​ព្រះរាជ​ជន្មាយុយឺន​យូរ ដើម្បី​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ត្រជុំ ​នៃប្រជានុរាស្ត្រ​របស់ព្រះអង្គ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ៕

 

...

កិច្ចប្រជុំប្រចាំត្រីមាសជាមួយដៃគូកាកបាទក្រហមកម្ពុជា

កក្រក៖ កិច្ចប្រជុំ​ប្រចាំត្រីមាស​ជាមួយ​ដៃគូ​ (Movement Coordination Meeting ) បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ២០១៧ ​នៅទី​ស្នាក់ការ​ កាកបាទក្រហម​កម្ពុជា ​ដោយមាន​ការចូលរួម​ពីសំណាក់​ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា ​និងដៃគូ​សហប្រតិបត្តិការ​រួមមាន​ សហព័ន្ធ​ អន្តរជាតិ អាយស៊ីអរស៊ី ​កាកបាទក្រហម​ដាណឺម៉ាក​ ហ្វាំងឡង់ និង ស្វីស រួមទាំង​មន្រ្តីជំនាញ​នានា​ជាច្រើនរូប ។


កិច្ចប្រជុំ​មានគោលបំណង​ចែករំលែក​ព័ត៌មាន​ ការវិវឌ្ឍន៍​នៃការរីក​ចម្រើន​របស់​កាកបាទក្រហម​ ជា ដៃគូ​ក្នុងឆ្នាំ ២០១៧​ និងជំហាន​ដែលត្រូវ​អនុវត្ត​បន្ត និង ពង្រឹងកិច្ច​សហប្រតិបត្តិការ​បន្ថែម​នៅពេល​ខាងមុខ 
 របៀបវារៈ​នៃកិច្ចប្រជុំ​មាន៖ 
- របាយការណ៍​សកម្មភាព​របស់​កាកបាទក្រហមកម្ពុជា ឆ្នាំ ២០១៦ និងផែន​ការ​បន្ត
- របាយការណ៍​សកម្មភាព​របស់ដៃគូ ឆ្នាំ ២០១៦ និង​ផែនការបន្ត 
- កំណត់​ពេលវេលា កិច្ចប្រជុំ​លើកក្រោយ

...

កាកបាទក្រហម កម្ពុជាផ្តល់អំណោយជូនសមាគមតន្រ្តីសំនៀងជនពិការ

កក្រក​ ៖​ នៅព្រឹកថ្ងៃទី​ ១៣ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហម កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់ថវិកា​ គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និងអាហារ​ថ្ងៃត្រង់​មួយពេល​ ជូនដល់​ជនពិការ​ចំនួន​ ៨៦នាក់​ នៃសមាគម​តន្ត្រីសំនៀង​ជនពិការ ​ដែលមាន​ទីតាំងស្ថិត​នៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្រៅ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាស​ជួបសំណេះ​សំណាល​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា​ បាន​ពាំនាំ​ប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​ការសួរសុខទុក្ខ​ ក្តីនឹករលឹក​ ជាពិសេស​ គិតគូរ​ពីការរស់​នៅប្រចាំថ្ងៃ​របស់ជន​ពិការទាំងអស់។​ ជាមួយគ្នា​នោះ​ លោកជំទាវ​ ក៏​បានផ្តាំ​ផ្ញើលើក​ទឹកចិត្ត ដល់​ការតស៊ូ​របស់​ក្រុមជនពិការ ដើម្បី​រស់នៅ​ក្នុងសង្គម​ដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខ​ស្មើមាត់ ​ព្រមទាំង​អំពាវនាវ​ ដល់​សប្បុរសជន​ មេត្តាជួយឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត​ដល់​ជនពិការ ដើម្បីឈាន​ទៅលុប​បំបាត់ការ​រើសអើង​ចំពោះជន​ពិការ​នៅកម្ពុជាយើង។

 

លោក​ ចាប​ តូ​ តំណាងឱ្យ​ជនពិការ​ទាំងអស់​ បានសម្តែង​នូវការដឹងគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតា​មនុស្សធម៌​ តែងគិតគូរ​ យកចិត្តទុកដាក់​ និងជួយ​ឧបត្ថម្ភ​ដល់ក្រុម​ជនពិការ​ជាបន្តបន្ទាប់​ ដោយមិនមាន​ការរើសអើង​អ្វីឡើយ។

 

សូមបញ្ជាក់ថា​ អំណោយ​ប្រគល់ជូន​សមាគម​តន្ត្រីសំនៀង​ជនពិការ​រួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ​ទឹកបរិសុទ្ធ ១០កេស​ ទឹកក្រូច ១០កេស អាហារវីតាមីន​ ២០កេស និង​ថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់​ជនពិការ​ទាំង​ ៨៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺន​រៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារ​ថ្ងៃត្រង់​មួយពេល៕

...

វគ្គ បណ្តុះបណ្តាល គ្រូបង្គោល គម្រោង សាកល្បង "សុខភាព មនុស្សចាស់"

កក្រក៖  នាព្រឹក ថ្ងៃទី  ១៣  ខែមិថុនា  ឆ្នាំ២០១៧ ​លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា ​បានអញ្ជើញ​ជាអធិបតី ​ក្នុងពិធី​បើកវគ្គ​បណ្តុះបណ្តាល​គ្រូបង្គោល​គម្រោង​សាកល្បង​ "សុខភាពមនុស្សចាស់"​ មានរយៈពេល៣ថ្ងៃ ​ចាប់ពីថ្ងៃទី​ ១៣ដល់១៥ ខែមិថុនា ​ឆ្នាំ២០១៧ ដែលមាន​ការសម្របសម្រួល​បច្ចេកទេស​ពីសហព័ន្ធ​អន្តរជាតិ​ (IFRC)​ និងហ្សឺណែវ​ និង កាកបាទក្រហម​ថៃ ​កាកបាទក្រហម​ប៊ុលហ្គារី ​កាកបាទក្រហម​ម៉ុងហ្គោលី ​និងតំណាង​គ្រូបង្គោល​មកពី ​មន្ត្រីទីស្នាក់ការ​កណ្តាល​ និងសាខា​កាកបាទក្រហម​កម្ពុជា ​រាជធានី​-ខេត្តទាំង ​២៥ ព្រមទាំងមាន​អ្នកចូលរួម​សរុប​ទាំងអស់​ចំនួន​ ៣៤នាក់។

 

វគ្គបណ្តុះបណ្តាល​នេះមាន​គោលបំណង​ បង្កើន​ការយល់ដឹង​ឲ្យកាន់តែ​ច្បាស់ ​ក្នុងការថែរក្សា​សុខភាព​មនុស្សចាស់​ឲ្យរស់នៅ​បានល្អប្រសើរ​ជាងមុន​ ដល់គ្រូបង្គោល​ ហើយ ​កាកបាទក្រហម​កម្ពុជា​នឹងមាន​គម្រោងសាក​ល្បង​ចំនួន៣​ខេត្ត​ មាន ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពត ក្នុងគោលបំ​ណងសិក្សាស្វែងយល់​នូវតម្រូវការ​ជាក់ស្តែង​ដែលពាក់ព័ន្ធ​នឹងសុខមាលភាព​របស់ប្រជាពលរដ្ឋ​វ័យចំណាស់។

1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រះវិហារ៖​នៅថ្ងៃ​២១​ខែ មិថុនា​ ឆ្នាំ២០១៧​ នេះ​នៅ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ លោក ជំទាវ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា ​ខេត្ត​ព្រះវិហារ​ បានជួប​សម្តែង​ការសម ជាមួយ​ លោក អាយ ក្រាត ប្រធានផ្នែក​សហប្រតិបត្តិការ​កាកបាទ ក្រហម​អន្តរជាតិ​ប្រចាំបាងកក​ និងក្រុមការងារ​កម្មវិធី​សុវត្ថិភាព​សហគមន៍​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ។ បន្ទាប់ពី​បានសម្តែង​ការគួរសមរួចក្រុម​ការងារបាន​បន្តដំណើរ​ចុះពិនិត្យ​ការផ្សព្វ ផ្សាយ​ពីគ្រាប់មីន ​ប្រាក់កម្ចី​ និងស្រាវជ្រាវ​រកគ្រួសារ នៅ​ភូមិ​ឈើទាលគង ​និងភូមិ​អានសេះ ​ឃុំជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ។

អានបន្ថែម...

សាខាកក្រក​រាជធានី​ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ២០១៧នេះ​ នៅវិទ្យាល័យ​ទួលទំពូង​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំវិទ្យាល័យ​សរុបចំនួន​៩៩នាក់(ស្រី៥៣នាក់)​ ដោយបាន​ការចូលរួម​ជាអធិបតីពី​ លោក នាង សុខលី ​នាយករង​វិទ្យាល័យ​ ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជនទទួល​បាននិទ្ទេស​ល្អចំនួន​៧០ភាគរយ​ និងល្អបង្គួរ​៣០ភាគរយ ។

 

នាឱកាសនោះ​ លោកនាយករង​វិទ្យាល័យ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបាន​មកធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់​ដឹងពីសារៈសំខាន់​ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបានកាន់តែ​ល្អប្រសើរ​ និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាននេះ​គ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី ​និង​ភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះ​មហន្តរាយ និងការ​គ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

អានបន្ថែម...

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

ព័ត៌មានផ្សេងៗ