Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

គ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ត្រូវបាន លោក រ៉ាត់ សោភា ប្រធាន ស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត យកមកចែកជូនដល់ក្រុមគ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ។
 
មានមតិសំណេះសំណាលក្នុងឱកាសផ្តល់អំណោយជូនក្រុមគ្រួសារសពនៅពេលនោះ លោក រ៉ាត់ សោភា បានសំដែងនូវទុក្ខក្រៀមក្រំចូលរួមសោកស្តាយជាមួយក្រុម គ្រួសារសព លោក អ៊ុន វ៉ាន់ដា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានចូលមរណៈភាពកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ដោយរោគាពាធ។ លោក អ៊ុន វ៉ាន់ដា គឺជាមន្ត្រីរាជការមួយរូប ដែលមួយជីវិតរបស់លោកបានបូជាកម្លាំងកាយ-ចិត្ត ក្នុងការចុះបំពេញភារកិច្ចយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឬថ្ងៃឈប់សម្រាកឡើយ។ ការទទួលមរណៈភាពរបស់លោក អ៊ុន វ៉ាន់ដា គឺជាការបាត់បង់យ៉ាងធំនៅក្នុងក្រុមគ្រួសារ សាច់ញាតិរបស់លោក ព្រោះលោកគឺជាជនបង្គោលរបស់គ្រួសារ។ ដោយមើលឃើញពីការលំបាកខ្វះខាតរបស់ក្រុមគ្រួសារសព ឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានចាត់ឱ្យយើងខ្ញុំជាមន្ត្រីសាខាកាកបាទក្រហមខេត្ត យកអំណោយមកចែកជូន និងចូលរួមបុណ្យសពតាមប្រពៃណីជាតិ ដែលនេះគឺជាការគិតគូរយកចិត្តទុក ដាក់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា និងក្រុមគ្រួសារផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឋានៈសង្គម ពណ៌សម្បុរ ជនជាតិ ឬសាសនាអ្វីឡើយ ។
 
ជាចុងក្រោយ លោក រ៉ាត់ សោភា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពទាំងអស់ សូមកុំអស់សង្ឃឹមក្នុងការរស់នៅ ត្រូវតែខិតខំប្រកបការងារអាជីវកម្មរបស់ខ្លួនបន្តទៀត ដើម្បីអនាគតកូនចៅយើង។
 
អំណោយដែរបានយកមកចែកជូននៅពេលនេះរួមមាន អង្ករចំនួន ៥០ គ.ក្រ និងថវិកាចំនួន ១លានរៀល៕

ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

លោក យូ ស្រ៊ុន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាចែកជូនប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៥ ។
 
មានប្រសាសន៍ក្នុងឱកាសនោះ លោក យូ ស្រ៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ងើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
 
លោកបានបន្តទៀតថា អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។  លោក យូ ស្រ៊ុន ក៏បានផ្តំាផ្ញើរផងដែរដល់បងប្អូនទំាងអស់ឱ្យខិតខំថែរក្សាសុខភាព និងអនាម័យចៀសវាងជំងឺដងា្កត់ផ្សេងៗមកបៀតបៀននិង សូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។
 
អំណោយដែលបានយកមកចែកជូនក្នុងមួយគ្រួសារៗនាពេលនេះទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី មួយកេស ត្រីខ១០ កំប៉ុង និងថវិកា ២ម៉ឺនរៀល។  
 

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យហសស្រះបន្ទាយ និងវិទ្យាល័យហសតាំងគោក ស្រុកបារាយណ៍

នាព្រឹកកាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រារព្វពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ចំនួន៥២នាក់ស្រី២២ នាក់ ទីប្រឹក្សា ចំនួន២នាក់ និងវិទ្យាល័យហ៊ុនសែនតាំគោកចំនួន៥៣នាក់ ស្រី ៤៤នាក់ទីប្រឹក្សា ចំនួន២នាក់ សរុបចំនួន១០៥នាក់ ស្រី ៦៦ នាក់ទីប្រឹក្សា ចំនួន៤នាក់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម  អ៊ុត សំអន ប្រធានគណៈកម្មាធិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ លោកអភិបាលស្រុក មន្ត្រីអប់រំស្រុក និងសិស្សានុស្ស ចំនួន៥០០នាក់។ 
 
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់​ លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ រួចមក ឯកឧត្តម គណៈអធិបតី បានបំពាក់កន្សែងដល់យុវជននិងមានប្រសាសន៍សំណេះសំណាលជូនដល់អង្គពិធី ដោយលើកឡើងនូវ គោលនយោបាយយុវជនកាកបានក្រហម ដោយសង្កត់ធ្ងន់ លើសកម្មភាពរបស់យុវជនកាកបាទក្រហម ទាំងនៅក្នុងសាលារៀន ឫនៅតាមសហគមន៍នានា នោះជាសកម្មភាព ក្នុងវិស័យមនុស្សធម៏ និងជំរុញយុវជន ខិតខំសិក្សាដើម្បីទទួលនូវចំនេះដឹង និងសូមធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ។
 
ឯកឧត្តមបានបញ្ជាក់ជូនថា ពិធីបំពាក់កន្សែងនេះមានសារសំខាន់ណាស់សំរាប់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយនេះ ជាធនធានបន្ថែមទៀតសំរាប់កម្លាំងមនុស្សធម៌។ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើសង្គមជាតិឲ្យមានការរីកចម្រើនទៅមុខ ។  ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខ សម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ទីណាមានជនរងគ្រោះទីនោះមានកាកបាទក្រហម។
 

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្រោះបឋម និងផ្សព្វផ្សាយចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅសាលាប្រជុំវិទ្យាល័យ ហ៊ុនសែន     ភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ឧបត្ថម្ភថវិកាដោយ កាកបាទក្រហមជប៉ុន តាមរយៈគម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា  ដោយមានការចូលរួមពីសំណាក់ លោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
 
នាឱកាសនោះ លោកស្រី ឌុក ស៊ីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រថវិកា  ឲ្យមានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះឡើងសំរាប់យុវជននិងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមក្នុងទឹកដីស្រុកសន្ទុក និងបានផ្តាំផ្ញើរ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សូមយកចំណេះដឹងដែលទទួលបានពីគ្រូបង្ហាត់ ទៅជួយដល់ប្រជាជន ក្នុងភូមិដែលតែងជួបប្រទះនូវឧបទ្ទេវហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៌ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះរលំផ្ទះ និងជួយផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេស អប់រំសុខភាពទូទៅ ដល់យុវជននៅសាលារៀន និងសហគមន៍មូលដ្ឋាន។ល។
 
ជាពិសេសទៅទៀតនោះ លោកស្រីបានសំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ត្រូវជំរុញការផ្សព្វផ្សាយនូវ សុខភាពស្ត្រីនិងកុមារ និងត្រូវអប់រំអ្នកមានផ្ទៃពោះពិនិត្យផ្ទៃពោះ យ៉ាងតិចអោយបាន ៤ដង មុនសំរាល ។ 
 
 

ពិធី​ប្រកាសសេចក្តី​សម្រេច​ទទួល​ស្គាល់ និង​បណ្តុះបណ្តាល​ដល់​ក្រុមការងារ កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្តស្វាយរៀង

នា​ស​ប្តា​ស៍​កន្លងទៅនេះ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង មាន​រៀបចំ​ពិធី​ប្រកាសសេចក្តី​សម្រេច​ទទួល​ស្គាល់ និង​បណ្តុះបណ្តាល​ដល់​ក្រុមការងារ​កាកបាទក្រហម​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្តស្វាយរៀង ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ែន វិបុល ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា លោកជំទាវ ពៅ សុភាព លេខា​គណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោក លោកស្រី​ជា​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​លោក លោកស្រី​ជា​ក្រុមការងារ​ប្រចាំ​អង្គភាព មន្ទីរ​នានា​ក្នុង​ខេត្ត​សរុប ៨៤ នាក់ ។ បន្ទាប់ពី​លោក សរ វណ្ណា នាយក​សាខា អាន​នូវ​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​កាកបាទក្រហម​ប្រចាំ​អង្គភាព​រួចមក ឯកឧត្តម ម៉ែន វិបុល បាន ប្រគល់​សេចក្តីសម្រេច និង​មានប្រសាសន៍​ផ្តាំផ្ញើ​ដោយ​សំដែង​នូវ​ការពេញចិត្ត​ចំពោះ​លោក លោកស្រី ជា មន្ត្រីរាជការ បុគ្គលិក​ក្នុង​ស្ថាប័នរដ្ឋ ដែលមាន​ការចាត់តាំង​ពី​ប្រធាន​អង្គភាព ដោយ​ឈរលើ​គោលជំហរ​ស្មារតី និង​ឆន្ទៈ​ទទួលខុសត្រូវ​ក្នុងការ​ចូលរួមចំណែក​បម្រើ​បុព្វហេតុ​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត និង​ជា​កម្លាំងចលករ​រស់រ​វើក​ក្នុង​ដែនដី​ខេត្ត ចំពោះ​សកម្មភាព​មនុស្សធម៌ និង​ជា​សេនាធិកា​ឲ្យ​ថ្នាក់​សាខា និង​សមាគមជាតិ​កាកបាទក្រហមកម្ពុជា ។ ឯកឧត្តម បានបញ្ជាក់​ពី​ខ្លឹមសារសំខាន់ៗ សម្រាប់​អនុវត្ត​ឲ្យ​បាន​សមស្រប​តាម​យន្តការ​នៃ​ការដឹកនាំ​ការគ្រប់គ្រង​តាមបែប​វិមជ្ឈការ ផ្សាភ្ជាប់​ទៅ នឹង​វិស័យ​ស្នូល​របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​មូលដ្ឋាន​គ្រឹះ សមត្ថភាព​ជំនាញ និង​ការបម្រើ​ឲ្យ​ការងារ​ដើម្បី​ធានាបាន​នូវ​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល ជា​ជំនួយការ​ឲ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សាធារណៈ ។ ឯកឧត្តម ម៉ែន វិបុល ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​បាន​ផ្តាំផ្ញើ​ចំពោះ​លោក លោកស្រី ជា​មន្ត្រីរាជការ​ដែល​បាន​ស្ម័គ្រ​ចិត្តជា​ក្រុមការងារ​កាក បាទ​ក្រហម​ប្រចាំ​អង្គភាព ត្រូវ​យកចិត្តទុកដាក់​ចូលរួមចំណែក​លើកកម្ពស់​ការងារ​មនុស្សធម៌ ចលនា បំផុស​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្នុង​អង្គភាព និង​មិត្ត​ភ​ក្រ័​រួមការ​ងារ និង​ចលនា​មហាជន​ឲ្យ​ចូលរួម​កម្លាំង មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ និង​រងគ្រោះ​មហន្តរាយផ្សេងៗបាន​ទាន់ពេលវេលា ។ បន្ទាប់ពី​ពិធី ប្រកាស​តែងតាំង​រួចមក​សមាជិក សមាជិការ​ទាំងអស់​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​ទៅនឹង​ប្រធានបទ និង​ខ្លឹមសារ​រួមមាន​ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម សមាសភាគ​របស់​ចលនា​កាក បាទ​ក្រហម លក្ខណៈវិនិច្ឆ័យ ១០ យ៉ាង នៃ​ការទទួលស្គាល់​សមាគម​ជាតិ គោលការណ៍​គ្រឹះ​ទាំង ៧ មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ បដិរូប​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​សកម្មភាព​របស់​កាកបាទ ក្រហម​កម្ពុជា ។

Fist Prev 96 97 98 99 100 Next Last