Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា

កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានសិក្ខាកាមចូលរួមដែលជាមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា សរុបចំនួន២៤រូប អញ្ជើញមកពីក្រុងស្រុកទាំង១២ក្នុងខេត្តសៀមរាប ។ 
 
បន្ទាប់ពី លោក ស៊ុំ សំអ៊ន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរាយការណ៍និងបូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ច មន្ត្រីប្រចាំការអនុសាខា ដែលបានឆ្លងតាមវគ្គសិក្សា រយៈពេល២ថ្ងៃរួចមកហើយ ចាប់ពីថ្ងៃទី ២៨ដល់២៩ ខែកក្កដា ឆ្នាំ២០១៥នេះ តំណាងសិក្ខាមក្នុងវគ្គសិក្សាក៏បានឡើងធ្វើការប្តេជ្ញាចិត្ត និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានបើកវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវចំណេះ ដឹងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង.ស្រុក ព្រមទាំងទម្រង់បែបបទ ឯកសារជាច្រើនទៀត ដើម្បីយកទៅបំពេញការងារនៅតាមមូលដ្ឋាន ក្រុង ស្រុករបស់ខ្លួន ។
 
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនាពេលនោះដែរ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា ឆ្លងតាមវគ្គសិក្សារយៈពេល២ថ្ងៃកន្លងមកនេះ សិក្ខាមទាំងអស់បានជ្រាប ហើយពីមូលដ្ឋានគ្រឹះរបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម មានជាអាទិ៍ប្រវត្តិនៃចលនាមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដែលកន្លងទៅបាន១៥៦ឆ្នាំហើយ តាមរយៈសកម្មភាពសង្គ្រោះជនរងរបួសក្នុងសង្គ្រាមរបស់កំពូលស្ថាបនិក ហង់រី ឌុយណង់ ។  ដូច្នេះការបើកវគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមនាពេលនេះ គឺជាការចាំបាច់ដើម្បីកសាងសមត្ថភាពមន្ត្រីប្រចាំការអនុសាខាក្រុង.ស្រុក ទាំង១២របស់ខេត្តសៀមរាបផងដែរ។ 
 
ឯកឧត្តម គុជ លីណា ក៏បានមានប្រសាសន៍នែនាំសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និង សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាយើងនៅតាមមូលដ្ឋាន ត្រូវសហការជាមួយអាជ្ញាធរ មូលដ្ឋានក្នុងការចុះពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាពរងគ្រោះមហន្តរាយក្នុងភូមិសាស្ត្រផ្ទាល់ ដើម្បីរាយការណ៍សុំយោបល់សម្រេចពីប្រធានគណៈកម្មាធិការអនុសាខាផងដែរ៕                                                                                
 

គ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ត្រូវបាន លោក រ៉ាត់ សោភា ប្រធាន ស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត យកមកចែកជូនដល់ក្រុមគ្រួសារសព របស់លោក អ៊ុន វ៉ាន់ដា កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ។
 
មានមតិសំណេះសំណាលក្នុងឱកាសផ្តល់អំណោយជូនក្រុមគ្រួសារសពនៅពេលនោះ លោក រ៉ាត់ សោភា បានសំដែងនូវទុក្ខក្រៀមក្រំចូលរួមសោកស្តាយជាមួយក្រុម គ្រួសារសព លោក អ៊ុន វ៉ាន់ដា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានចូលមរណៈភាពកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ដោយរោគាពាធ។ លោក អ៊ុន វ៉ាន់ដា គឺជាមន្ត្រីរាជការមួយរូប ដែលមួយជីវិតរបស់លោកបានបូជាកម្លាំងកាយ-ចិត្ត ក្នុងការចុះបំពេញភារកិច្ចយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឬថ្ងៃឈប់សម្រាកឡើយ។ ការទទួលមរណៈភាពរបស់លោក អ៊ុន វ៉ាន់ដា គឺជាការបាត់បង់យ៉ាងធំនៅក្នុងក្រុមគ្រួសារ សាច់ញាតិរបស់លោក ព្រោះលោកគឺជាជនបង្គោលរបស់គ្រួសារ។ ដោយមើលឃើញពីការលំបាកខ្វះខាតរបស់ក្រុមគ្រួសារសព ឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានចាត់ឱ្យយើងខ្ញុំជាមន្ត្រីសាខាកាកបាទក្រហមខេត្ត យកអំណោយមកចែកជូន និងចូលរួមបុណ្យសពតាមប្រពៃណីជាតិ ដែលនេះគឺជាការគិតគូរយកចិត្តទុក ដាក់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា និងក្រុមគ្រួសារផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឋានៈសង្គម ពណ៌សម្បុរ ជនជាតិ ឬសាសនាអ្វីឡើយ ។
 
ជាចុងក្រោយ លោក រ៉ាត់ សោភា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពទាំងអស់ សូមកុំអស់សង្ឃឹមក្នុងការរស់នៅ ត្រូវតែខិតខំប្រកបការងារអាជីវកម្មរបស់ខ្លួនបន្តទៀត ដើម្បីអនាគតកូនចៅយើង។
 
អំណោយដែរបានយកមកចែកជូននៅពេលនេះរួមមាន អង្ករចំនួន ៥០ គ.ក្រ និងថវិកាចំនួន ១លានរៀល៕

ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

លោក យូ ស្រ៊ុន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាចែកជូនប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២ គ្រួសារ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៥ ។
 
មានប្រសាសន៍ក្នុងឱកាសនោះ លោក យូ ស្រ៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ងើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
 
លោកបានបន្តទៀតថា អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។  លោក យូ ស្រ៊ុន ក៏បានផ្តំាផ្ញើរផងដែរដល់បងប្អូនទំាងអស់ឱ្យខិតខំថែរក្សាសុខភាព និងអនាម័យចៀសវាងជំងឺដងា្កត់ផ្សេងៗមកបៀតបៀននិង សូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។
 
អំណោយដែលបានយកមកចែកជូនក្នុងមួយគ្រួសារៗនាពេលនេះទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី មួយកេស ត្រីខ១០ កំប៉ុង និងថវិកា ២ម៉ឺនរៀល។  
 

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យហសស្រះបន្ទាយ និងវិទ្យាល័យហសតាំងគោក ស្រុកបារាយណ៍

នាព្រឹកកាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រារព្វពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ចំនួន៥២នាក់ស្រី២២ នាក់ ទីប្រឹក្សា ចំនួន២នាក់ និងវិទ្យាល័យហ៊ុនសែនតាំគោកចំនួន៥៣នាក់ ស្រី ៤៤នាក់ទីប្រឹក្សា ចំនួន២នាក់ សរុបចំនួន១០៥នាក់ ស្រី ៦៦ នាក់ទីប្រឹក្សា ចំនួន៤នាក់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម  អ៊ុត សំអន ប្រធានគណៈកម្មាធិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ លោកអភិបាលស្រុក មន្ត្រីអប់រំស្រុក និងសិស្សានុស្ស ចំនួន៥០០នាក់។ 
 
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់​ លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ រួចមក ឯកឧត្តម គណៈអធិបតី បានបំពាក់កន្សែងដល់យុវជននិងមានប្រសាសន៍សំណេះសំណាលជូនដល់អង្គពិធី ដោយលើកឡើងនូវ គោលនយោបាយយុវជនកាកបានក្រហម ដោយសង្កត់ធ្ងន់ លើសកម្មភាពរបស់យុវជនកាកបាទក្រហម ទាំងនៅក្នុងសាលារៀន ឫនៅតាមសហគមន៍នានា នោះជាសកម្មភាព ក្នុងវិស័យមនុស្សធម៏ និងជំរុញយុវជន ខិតខំសិក្សាដើម្បីទទួលនូវចំនេះដឹង និងសូមធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ។
 
ឯកឧត្តមបានបញ្ជាក់ជូនថា ពិធីបំពាក់កន្សែងនេះមានសារសំខាន់ណាស់សំរាប់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយនេះ ជាធនធានបន្ថែមទៀតសំរាប់កម្លាំងមនុស្សធម៌។ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើសង្គមជាតិឲ្យមានការរីកចម្រើនទៅមុខ ។  ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខ សម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ទីណាមានជនរងគ្រោះទីនោះមានកាកបាទក្រហម។
 

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្រោះបឋម និងផ្សព្វផ្សាយចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅសាលាប្រជុំវិទ្យាល័យ ហ៊ុនសែន     ភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ឧបត្ថម្ភថវិកាដោយ កាកបាទក្រហមជប៉ុន តាមរយៈគម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា  ដោយមានការចូលរួមពីសំណាក់ លោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
 
នាឱកាសនោះ លោកស្រី ឌុក ស៊ីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គម្រោងវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រថវិកា  ឲ្យមានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះឡើងសំរាប់យុវជននិងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមក្នុងទឹកដីស្រុកសន្ទុក និងបានផ្តាំផ្ញើរ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សូមយកចំណេះដឹងដែលទទួលបានពីគ្រូបង្ហាត់ ទៅជួយដល់ប្រជាជន ក្នុងភូមិដែលតែងជួបប្រទះនូវឧបទ្ទេវហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៌ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះរលំផ្ទះ និងជួយផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេស អប់រំសុខភាពទូទៅ ដល់យុវជននៅសាលារៀន និងសហគមន៍មូលដ្ឋាន។ល។
 
ជាពិសេសទៅទៀតនោះ លោកស្រីបានសំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ត្រូវជំរុញការផ្សព្វផ្សាយនូវ សុខភាពស្ត្រីនិងកុមារ និងត្រូវអប់រំអ្នកមានផ្ទៃពោះពិនិត្យផ្ទៃពោះ យ៉ាងតិចអោយបាន ៤ដង មុនសំរាល ។ 
 
 
Fist Prev 92 93 94 95 96 Next Last