Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី២ ដែលត្រូវជាឆ្នាំទី ៨ (លើកទី ៨) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ​ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលជួបសវនាការ ​និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក)​ ជាលើកទី ២ (ថវិកាទទួលបានពី​សប្បុរសជនក្នុងទិវា ​៨ ឧសភា ២០១៩) ជូនមូលនិធិ​គន្ធបុប្ផាកម្ពុជា​ ដែលមានគណៈប្រតិភូ​ដឹកនាំដោយ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងជាប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃមូលនិធិ​គន្ធបុប្ផាកម្ពុជា ហើយដែល​ពិធីនេះប្រព្រឹត្តទៅ​នៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ​ ក៏ត្រូវបានមូលនិធិ​គន្ធបុប្ផាកម្ពុជា ដែលមាន​ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធានកិត្តិយស ប្រគល់ជូន​មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការ​នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន បានសម្តែង​នូវក្តីសោមស្សរីករាយ​ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​ការអញ្ជើញដល់​របស់គណៈប្រតិភូ និង​កោតសរសើរ ជាពិសេស​ចំពោះ ស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​ក៏ដូចជា ក្រុមគ្រូពេទ្យ ​និងបុគ្គលិកនៃ​មន្ទីរពេទ្យគន្ធបុប្ផា​ទាំងអស់ ដែល​បានខិតខំប្រឹងប្រែងកៀរគររកមូលនិធិ​ ហើយជួយព្យាបាលជំងឺ​ជូនស្ត្រីមានផ្ទៃពោះ​ឆ្លងទន្លេ និងកុមារកម្ពុជា​រាប់ពាន់ រាប់ម៉ឺននាក់ ដែលជាផ្នែក​ក្នុងការកាត់បន្ថយ​អត្រាមរណៈ មាតា ទារក និងកុមារ​ និងចូលរួមកាត់​បន្ថយភាពក្រីក្រនៅកម្ពុជា។ ទន្ទឹមនឹងនោះ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ក៏បានរំលឹកពីប្រវត្តិស្នាដៃ​របស់ លោកវេជ្ជ. បេអាត រិចនឺ ដែលបានលះបង់​គ្រប់បែបយ៉ាង​ដើម្បីស្រោចស្រង់​អាយុជីវិតរបស់កុមារកម្ពុជា​បានរាប់លាននាក់ក្នុងពេល​កន្លងមក។

ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ដែលបានអនុញ្ញាត​ឱ្យគណៈប្រតិភូបានចូលជួបសម្តែងការ​គួរសម និងបានជម្រាបជូនពីដំណើរ​ការនៃមូលនិធិ​គន្ធបុប្ផាកម្ពុជា ក៏ដូចជា​របាយការណ៍ឆ្នាំ២០១៨-២០១៩ ​ជាមួយនឹងការខិតខំប្រឹងប្រែងស្វែងរកមូលនិធិពី​វិស័យនានា និង​សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បី​យកថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា​ សម្រាប់ចាត់ចែង​ចំណាយប្រចាំថ្ងៃរបស់​មន្ទីរពេទ្យ។ ជាមួយ​គ្នានេះ ឯកឧត្តម​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា ជាពិសេស សម្តេចតេជោ ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែ​គិតគូរ ជួយសម្រាល​ទុក្ខលំបាក និងទ្រទ្រង់​ដល់សុខុមាលភាព​របស់ស្ត្រី និងកុមារកម្ពុជានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នេះជាលើកទី ២ ​ដែលកាកបាទក្រហម​កម្ពុជា បានផ្តល់ថវិកា​ ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយ​ដែលត្រូវជាឆ្នាំទី ៨ (៨លើក) សម្រាប់មន្ទីរពេទ្យ​គន្ធបុប្ផា គិតពីឆ្នាំ​ ២០១២ បន្តបន្ទាប់មក៕

 

កាកបាទក្រហមកម្ពុជា ប្រារឰមិទ្ទីងថ្នាក់ជាតិ អបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩

កក្រក​ ៖​ នៅព្រឹកថ្ងៃពុធ​ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ​ដែលមានសម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានប្រារឰមិទ្ទីងថ្នាក់ជាតិ ​ដើម្បីអបអរខួបទី ១៥៦​ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីការថ្លែងអំពីវឌ្ឍនភាពរបស់​កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវ​ព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត​ថ្វាយ ព្រះករុណា​ ព្រះមហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិ​ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែ​ព្រះរាជទាននូវព្រះរាជកិច្ចគាំទ្រគ្រប់កាលៈទេសៈ​ដល់កាកបាទក្រហម​កម្ពុជា និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដែលតែងតែបានផ្តល់នូវកិត្តិយ​សអញ្ជេីញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុង​អង្គមិទ្ទីង​ ៨​ ឧសភា​ ជារៀងរាល់ឆ្នាំ​ ព្រមទាំង​ សម្ដេច ឯកឧត្ដម លោកជំទាវ​ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនជាតិ-អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូសហប្រតិបត្តិការ​ទាំងអស់ ដែលតែងតែផ្ដល់​ការគាំទ្រទាំងស្មារតី សម្ភារ និងធនធានហិរញ្ញវត្ថុ ជួយជំរុញឱ្យសមាគមជាតិ​កាកបាទក្រហមមួយនេះ អាចបំពេញបាន​យ៉ាងសក្តិសមនូវតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ​ក្នុងវិស័យមនុស្សធម៌ និងជាជំហ៊ានៗ​ អាចសម្រេចបាននូវទស្សនៈ វិស័យរួម​ចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌​របស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុត។

ជាមួយគ្នានោះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នូវក្តីរីករាយ និងអបអរសាទរ​ចំពោះការប្រារព្ធ​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងបាន​វាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់​កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាព​មនុស្សធម៌កន្លងមក​ក្នុងការជួយ​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត​បានទាន់ពេលវេលា ដែលធ្វើឱ្យពួកគាត់ទទួល​បានភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់ សប្បុរសជន ជាតិ និងអន្តរជាតិ​ទាំងអស់ ដែលបានចំណាយនូវថវិកាទ្រព្យ​ធនផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ដើម្បីបម្រើលើវិស័យ​មនុស្សធម៌​ ហើយតាមរយៈប្រធាន​បទឆ្នាំនេះ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» គឺពិតជាមានន័យ​គ្រប់គ្រាន់​សម្រាប់ឆ្លេីយតបនឹង​អ្នកដែល​មានលទ្ធភាពផ្តល់ជំនួយ​ និងអ្នកដែលទទួល​បានផលពីការ​ផ្តល់ជំនួយ​នៃកាកបាទក្រហមកម្ពុជា៕

លោកជំទាវ ពុំ ចន្ទីនី ទទួលអំណោយ ពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល ​នាព្រឹកថ្ងៃចន្ទ​ ៣កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦​ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​ បានទទួលស្វាគមន៍ និងទទួល​អំណោយជាថវិកាចំនួន​ ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន​ ឌី​ អេហ្វ​ អាយ​ ឡាក់គី​ ប្រាយវេត​ លីមីធីត​ (D F I LUCKY PRIVATE LIMITED) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា​ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា​នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៦​ ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាល​ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា​ ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន​វត្តមានឥស្សរជន​ ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ និងសប្បុរសជនចូលរួមប្រមាណ​ ៤ពាន់នាក់៕

 

ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា អញ្ជេីញចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ

កក្រក​ ៖​ នៅរសៀលថ្ងៃអាទិត្យ ២កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ បានអញ្ជេីញចុះសួរសុខទុក្ខ​ លោកជំទាវ ផ្លេក ភិរុណ ដែល​មានជន្មាយុ​ ៩៩ឆ្នាំ​ (អតីតប្រធានកាក​បាទក្រហមកម្ពុជា​ពីឆ្នាំ​ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២​)​ កំពុងសម្រាកថែទាំសុខភាពនៅ​មន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានពាំនាំមកជា​មួយនូវ​ព្រះរាជទាន​​សេចក្ដី​នឹក​រលឹក និងព្រះរាជឱង្កា​ផ្ញើសួរសុខទុក្ខ​អំពី ព្រះករុណា ​ព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី​ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលមានព្រះរាជហឫទ័យ​ និងទឹកចិត្ត​​ស្រឡាញ់​ដ៏ជ្រាលជ្រៅបំផុតចំពោះ​លោកជំទាវ ផ្លេក​ ភិរុណ​ ដែលជាបុព្វការីជន​ ធ្លាប់បានលះបង់កម្លាំងកាយ-ចិត្ត​បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា​ ចាប់តាំងពីថ្ងៃដែល​កាកបាទក្រហម​កម្ពុជា​ ចាប់បដិសន្ធិក្នុងឆ្នាំ​ ១៩៥៥​ និងសូមបួងសួងជូន​លោកជំទាវ​ មានជន្មាយុយឺនយូរ​ជាងរយឆ្នាំដេីម្បីជាម្លប់ដ៏ត្រជាក់​ដល់កូន​ ចៅ​ជំនាន់ក្រោយ៕

 

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃអាទិត្យ ២កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយ​គណៈប្រតិភូក្រុមហ៊ុន​ ម៉ូឌែនវិសិនគ្រុប​ Co.,LTD​ ដែលដឹកនាំដោយ​ លោក​ យ៉ង់​ ប៊ុននី​ អគ្គនាយកក្រុមហ៊ុន ​និងទទួលអំណោយ​ជាថវិកាចំនួន​ ២០០,០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារអាមេរិក) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ។

សូមបញ្ជាក់ជូនថា ​កាកបាទក្រហមកម្ពុជា​នឹងប្រារឰមិទ្ទីង​ថ្នាក់ជាតិ ដើម្បីអបអរ​ខួបទី ១៥៦​ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាល​ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានវត្តមាន​ឥស្សរជន​ ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ និងសប្បុរសជនចូលរួមប្រមាណ​ ៤ពាន់នាក់៕

 

Fist Prev 7 8 9 10 11 Next Last