Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ កុមារពិការ នៅបុរីទារក នៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

កក្រក​ ៖​ នៅព្រឹកថ្ងៃពុធ​ ៣កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹង​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៩​ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា និងគណៈប្រតិភូ​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​ ផ្តល់អំណោយ​មនុស្សធម៌​ និងរៀបចំ​អាហារដល់​ កុមារពិការ បុគ្គលិក​ និង​អ្នកស្ម័គ្រចិត្តបរទេស​ចំនួន​ ២២៥នាក់ នៃបុរីទារក ​និងកុមារជាតិ និងកុមារ-បុគ្គលិក​ ចំនួន​ ៥០នាក់​ នៃអង្គការទន្សាយ​ (មានថ្នាក់រៀននៅក្នុង​បុរីទារកនិងកុមារជាតិ)​ ដែលស្ថិត​នៅភូមិ​តំណាក់៣ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិក​ទាំងអស់ ពិសេស អ្នកស្ម័គ្រ​ចិត្តបរទេស ដែលបាន​បរិច្ចាគកម្លាំង​កាយ-ចិត្ត ចូលរួម​មើលថែទាំ​កុមារដោយក្តី​អាណិតស្រឡាញ់ ពិតៗ​ និងសូមបន្តយកចិត្ត​ទុកដាក់ថែទាំក្មួយៗកុមារទាំងអស់​នោះទៀត។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានផ្តាំផ្ញើ​ដលកុមារ-សិស្ស​ដែលមាន​កាយសម្បទាល្អ​ ត្រូវកសាងអំពើល្អ​ ខិតខំរៀនសូត្រ​ ស្តាប់លោកគ្រូអ្នកគ្រូ​ និងមានសីលធម៌ល្អក្នុងការរស់នៅ​។

ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងគណៈប្រតិភូ​ បានអញ្ជើញ​ជួបសួរសុខទុក្ខដោយផ្ទាល់ ផ្តល់ក្តីអាណិត​ ស្រឡាញ់ មេត្តា ករុណា​ និងបញ្ចុកអាហារ​ដ៏ឆ្ងាញ់ពិសា​ដល់កុមារ​ទាំងអស់ដោយក្តី​ស្និទ្ធស្នាលជាទីបំផុត។

សូមបញ្ជាក់ថា​ អំណោយឧបត្ថម្ភដល់​ បុរីទារក និង កុមារជាតិ​ និងអង្គការទន្សាយ​ រួមមាន​ ៖​ ថវិកា ១០,០០០,០០០រៀល អង្ករ ៣តោន មី ៥០កេស ត្រីខ ៨កេស ត្រីងៀត​ ១៥គីឡូក្រាម​ សាច់ក្រក​ ១៥គីឡូក្រាម​ ទឹកស៊ីអ៊ីវ​ ៣០ដប​ ទឹកត្រី​ ៣០ដប​ ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស ផ្លែក្រូចឃ្វិច​ ៥កេស​ ផ្លែទំពាំងបាយជូរ​ ៥កេស​ ទឹកដោះគោម្សៅកូនក្មេង​ ៣០កេស​ (ស្មើ​ ១៨០កំប៉ុង)​ សាប៊ូកក់សក់និងសាប៊ូដុសខ្លួន​ ២០កេស​ និងរទេះជនពិការចំនួន​ ៤០គ្រឿង​ ព្រមទាំងឧបត្ថម្ភថវិកាចំនួន​ ៣,៥០០ដុល្លារ​ ដើម្បីទិញម៉ូតូកង់បីទុកប្រើ​ប្រាស់។ ឧបត្ថម្ភដល់បុគ្គលិកចំនួន​ ៩០នាក់​ ម្នាក់ៗទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ ឃីត(មុង​ ភួយ​ សារុង​ ក្រមា)​ ១ឃីត​ និងថវិកា​ ១០ម៉ឺនរៀល។ ឧបត្ថម្ភសិស្ស​កំពុងរៀនជំនាញវិជ្ជាជីវៈ​នៅក្នុងមណ្ឌលចំនួន​ ១៧នាក់​ ក្នុងម្នាក់ៗថវិកា​ ១០ម៉ឺនរៀល​ និងឧបត្ថម្ភ​អ្នកស្ម័គ្រចិត្តបរទេសចំនួន​ ៤នាក់​ នូវ​ ក្រមាកាកបាទក្រហម​ ១​ និងថវិកា​ ១០ម៉ឺន​រៀល​។

គួររំលឹកថា​ នេះជាលេីកទី​ ៤​ ដែល​កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​ដល់បុរីទារក​ និងកុមារជាតិ​ គិតចាប់ពីឆ្នាំ២០១៦​ រៀងមក៕

កាកបាទក្រហមកម្ពុជា រៀបចំពិធីអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ នៅស្រុកបាភ្នំ ខេត្តព្រៃវែង

កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ និងជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ​នៃផែនការ​សកម្មភាពរួមអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ បានរៀបចំ​ពិធីអបអរសាទរ​ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ​ «ឆ្មបជាអ្នកការពារសិទ្ធិស្ត្រី» នៅស្រុកបាភ្នំ ​ខេត្តព្រៃវែង។

ពិធីនេះប្រព្រឹត្តទៅ​នៅព្រឹកថ្ងៃអាទិត្យ ១៥រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ​ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្ដម ពិត ចំណាន​ សមាជិកគណៈកម្មាធិការកណ្ដាល និងលោកជំទាវ​ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី១​ កាកបាទក្រហម​កម្ពុជា ឯកឧត្តមឧកញ៉ា សុខ ផេង​ អនុប្រធានអចិន្ត្រៃយ៍​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង ព្រមទាំង​មន្ត្រីទីស្នាក់ការកណ្ដាល​ អាជ្ញាធរមូលដ្ឋាន យុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា និស្សិតពេទ្យ និង​ស្ត្រីមានផ្ទៃពោះ សរុបប្រមាណ​ ១០១នាក់។

ក្នុងឱកាសនោះដែរ ​លោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី១ បាន​អានសារលិខិត​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រី​ និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ​ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០១៩ ដែលមានខ្លឹមសារ​សំខាន់ថា៖ ក្មួយៗដែលជាឆ្មបជំនាញ សូមចូលរួ​មលើកកម្ពស់​ការការពារ​ សិទ្ធិស្ត្រី រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិរស់នៅប្រកបដោយ​សេចក្តីថ្លៃថ្នូរ គ្មានការរើសអើង​ រំលោភបំពាន មានសមភាពក្នុង​ការរៀនសូត្រ ប្រកបការងារ និងសម្រេច​ចិត្តរៀបចំគ្រួសារ។ ការប្រារព្ធ​ទិវាឆ្មបជាតិ-អន្តរជាតិនេះ​ គឺមានសារៈសំខាន់​ទៅលើឆ្មបជំនាញ ដែលទទួល​បានការបណ្តុះបណ្តាល ហើយជាអ្នកត្រូវ​មានតួនាទី និងភារកិច្ច​ស្រួចស្រាវក្នុងការជួយគាំទ្រ​ស្ត្រីពេញទំហឹង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត តាមរយៈការថែទាំសុខភាព​ក្នុងពេលពរពោះ ពន្យល់ស្ត្រីឱ្យយល់ពី​សញ្ញាគ្រោះថ្នាក់ ដែលស្រ្តីអាច​ជួបប្រទះមុនពេល​និងក្រោយពេលសម្រាលកូនរួច អប់រំអំពីរបប​អាហារឱ្យបានត្រឹមត្រូវ​ទាំងមុន​ពេលសម្រាលកូន ​និងក្រោយពេល​សម្រាលកូនរួច។

ជាមួយគ្នានោះ ​ ឯកឧត្តម ពិត ចំណាន បានមាន​ប្រសាសន៍ផ្ញើជូន​ប្រជាពលរដ្ឋទាំងអស់​ ជាពិសេសស្រ្តីមានផ្ទៃពោះ ក្នុងឱកាស​ទិវាឆ្មបជាតិ-អន្តរជាតិ ដោយសូមឱ្យស្រ្តី​មានផ្ទៃពោះទាំងអស់ប្រតិបត្តិតាមរួមមាន​ ៖
១- សូមឱ្យស្រ្តីមាន​គភ៌ទាំងអស់ អញ្ជើញ​ទៅពិនិត្យសុខភាព ពិគ្រោះយោបល់​ជាមួយគ្រូពេទ្យឆ្មប ជំនាញនៅមណ្ឌល ​សុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះតាមកាលកំណត់​ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបាន​ទៀងទាត់តាមការណែនាំ​របស់គ្រូពេទ្យជំនាញ ​និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាព​មេរោគអេដស៍​ និងមេរោគស្វាយ​ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លង​ជំងឺទាំងពីរនេះ​ពីម្តាយទៅកូន។
២- សូមទៅសម្រាលកូននៅ​ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដែលមានគ្រូពេទ្យ ឆ្មបជំនាញ​ទទួល បានការបណ្តុះបណ្តាល​ត្រឹមត្រូវ។
៣- សូមអញ្ជើញទៅពិនិត្យសុខភាព​ក្រោយ​ពេលសម្រាល​ទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់​របស់គ្រូពេទ្យ។
៤- សូមបំបៅ​ទារកដោយ​ទឹកដោះម្តាយ​តែមួយមុខគត់ ចាប់​ពីពេលទារកប្រសូតភ្លាម​រហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារ​បន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ​ ការបន្តបំបៅទឹកដោះម្តាយ​រហូតដល់កុមារមាន​អាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកទារក​ទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញា​គ្រោះថ្នាក់ណាមួយ​នៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ​ឬជំងឺឆ្លងដទៃទៀត និងយកទារក​ ឬកុមារតូចដែលមាន​រាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់​ និងទទួលការព្យាបាល​ នៅមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យមក​ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល បានផ្ដល់​សេវាអប់រំ ណែនាំ ផ្សព្វផ្សាយសារសុខភាព ពិនិត្យផ្ទៃពោះដោយប្រើម៉ាស៊ីនអេកូទំនើប​ ផ្ដល់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំទម្លាក់ប៉ារ៉ាស៊ីត និងថ្នាំវីតាមីនគ្រប់មុខ​ដោយឥតគិតថ្លៃ ។

ក្នុងនោះដែរដើម្បី​ចូលរួមលើកកម្ពស់​សុខភាពមាតានិងទារក ​កាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយជាសម្ភារៈ សម្រាប់បងប្អូនជាស្ត្រីដែលមានផ្ទៃពោះសម្រាប់ប្រើប្រាស់មុនពេល និងក្រោយពេលសម្រាលកូនរួច អំណោយទាំងនោះរួមមាន៖ កន្សែងពោះគោ ១ , សារុង ១, សាប៊ូ ១ដុំ និងថ្នាំដុសធ្មេញ ១ ដប៕

 

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខលោកស្រី រ័ត្ន ថាវី ដែលមានជំងឺប្រចាំកាយនិងជំងឺសន្លាក់ធ្ងន់ធ្ងរ រស់នៅម្នាក់ឯង

កក្រក​ ៖​ នៅរសៀល​ថ្ងៃអង្គារ ១០រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យលោក​ជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី ១ ​ជួបសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​សម្រាលការលំបាកដល់​លោកស្រី​ រ័ត្ន​ ថាវី​ អាយុ​ ៦២ឆ្នាំ​ អតីតគ្រូបង្រៀនផ្នែកអ៊ុតសក់​និងសំអាងការ​ នៃមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អង្គស្នួល​ ដែលមានជំងឺប្រចាំកាយ​និងជំងឺសន្លាក់ធ្ងន់ធ្ងរ រស់នៅម្នាក់ឯង​នៅផ្ទះជួលស្ថិតនៅភូមិព្រៃពពេល​ ឃុំពើក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីការរស់នៅរបស់លោកស្រី​ រ័ត្ន​ ថាវី​ ព្រមទាំងផ្តាំផ្ញើឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ។

លោកស្រី​ រ័ត្ន​ ថាវី​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានក្តីមេត្តា​ ករុណា គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន៕

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

កក្រក​ ៖​ នៅព្រឹក​ថ្ងៃអង្គារ ១០រោច​ ខែពិសាខ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២៨​ ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ ចូលក្រាប​ថ្វាយបង្គំគាល់ ​និងថ្វាយព្រះពរ​ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី ​នរោត្តម មុនិនាថ ​សីហនុ​ ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ​ជាទីគោរពសក្ការៈដ៏​ខ្ពង់ខ្ពស់បំផុត នាព្រះមហា​ប្រាសាទខេមរិន្ទ​ ព្រះបរមរាជ​វាំង។

ទន្ទឹមនឹង​ការទូលថ្វាយ​របាយការណ៍ស្តី​ពីវឌ្ឍនភាព​របស់កាកបាទក្រហមកម្ពុជា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយ​តង្វាយចំនួន​ ៥០ម៉ឺនដុល្លារ ​ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ​ ជាអម្ចាស់ជីវិតលើត្បូង និង​ ៥០ម៉ឺនដុល្លារ​ ថ្វាយ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិ​ខ្មែរ ជាទីគោរពសក្ការៈ​ ដើម្បីរួមវិភាគទាន ដល់ព្រះរាជសកម្មភាព​មនុស្សធម៌​ដ៏ប្រពៃថ្លៃថ្លានៃ​ព្រះអង្គទាំងទ្វេ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ​បានសម្តែងនូវ​គារវភក្តីដ៏​ខ្ពង់ខ្ពស់​បំផុត និងព្រះមហា​ករុណាទិគុណយ៉ាង​ជ្រាលជ្រៅ​បំផុត និងសូមប្តេជ្ញា​ដង្ហែតាម​លំអានព្រះរាជ​វីរគំរូដ៏ប្រពៃ​ថ្លៃថ្លានៃ ព្រះករុណា​ព្រះមហាក្សត្រជាអម្ចាស់ជីវិត​លើត្បូង និង ​សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតា​ជាតិខ្មែរ ជា​ទីគោរពសក្ការៈដ៏​ខ្ពង់ខ្ពស់ ​ជារៀងដរាប៕

 

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនកុមារី ស៊ិន ស្រីហង្ស សិស្សពូកែ នៃវិទ្យាល័យសំឡូត ខេត្តបាត់ដំបង

កក្រក​​ ៖​ ដោយក្តីអាណិតអាណូរ​ និងមេីលឃេីញថា​ កុមារី​ម្នាក់​ជាមនុស្សពិការដៃជេីងពីកំណេីតហេីយ​ព្យាយាមតស៊ូ​រៀនសូត្របានពូកែផងនោះ​ នៅថ្ងៃព្រហស្បតិ៍​ ៥រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ២៣​ ខែឧសភា​ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះ​សំណាល​ និងផ្តល់អំណោយមនុស្សធម៌ជូនកុមារី​ ស៊ិន​ ស្រីហង្ស​ អាយុ​ ១៧ឆ្នាំ​ ជាសិស្សពូកែរៀនថ្នាក់ទី​ ១១​ នៃវិទ្យាល័យសំឡូត​ ខេត្តបាត់ដំបង​។

ក្នុងឱកាសជួបសំណេះសំណាល​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះ​ ស្រីហង្ស​ ដែលមានចិត្តតស៊ូ​ ជម្នះគ្រប់ឧបសគ្គ​ ដេីម្បី​បានរស់រានមានជីវិត​ និងសិក្សារៀនសូត្របានពូកែដូច​មនុស្សធម្មតាដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តាំផ្ញេីលេីកទឹកចិត្តដល់​ ស្រីហង្ស​ ឱ្យបន្តអត់ធ្មត់​ តស៊ូ​ ប្រឹងប្រែង​រៀនសូត្របន្ថែមទៀត រហូតដល់បញ្ចប់ថ្នាក់ខ្ពង់ខ្ពស់ដេីម្បីអនាគតភ្លឺស្វាង។ ជាមួយនឹងអំណោយជាស្បៀង​ សម្ភារ​ និងថវិកាមួយចំនួន​ដេីម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ នៅបានឧបត្ថម្ភថវិកា​សម្រាប់ការសិក្សារហូតបញ្ចប់ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ទៀតផង។

ជាមួយគ្នានេះ​ កុមារី​ ស៊ិន​ ស្រីហង្ស​ និងម្តាយបង្កេីត​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលមានក្តីមេត្តា​ ករុណា​ លេីកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹមចំពោះ​អ្នកដែលជួបទុក្ខលំបាក​។ ស្រីហង្ស​ សូមសន្យានិងប្តេជ្ញាខិតខំរៀនសូត្រឱ្យពូកែ​ ប្រណិប័តន៍​ឪពុកម្តាយ​ ចាស់ព្រឹទ្ធាចារ្យ​ លោកគ្រូអ្នកគ្រូ​ និងធ្វេីជាគំរូល្អដល់ជនពិការ​កាយសម្បទា​ដទៃទៀតនៅក្នុងសង្គម៕

 

Fist Prev 6 7 8 9 10 Next Last