Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ជំនួយមនុស្សធម៌ផ្តល់ជូនគ្រួសារដាច់ស្បៀងមកពី៤ឃុំ ក្នុងស្រុកអន្លង់វែង

លោកជំទាវ ឯក សុវណ្ណភារៈ ប្រធាន គណៈកម្មាធិការសាខាកក្រកខេត្តឧត្តរមានជ័យ  និងសហការី នៅថ្ងៃទី  ០៧  ខែសីហា   ឆ្នាំ ២០១៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រចំនួន៨០  គ្រួសារ នៅក្នុងឃុំ អន្លង់វែង   ស្រុកអន្លង់វែង   ខេត្តឧត្តរមានជ័យ  ។  
 
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ  លោកជំទាវ បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រ ដោយឈេលើគោលការណ៌គ្រឹះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្ញ និន្នាការអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច មិនថាទីជិត ប្ញទីឆ្ងាយឡើយ។  
 
លោកជំទាវ បានបន្តទៀតថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមានបណ្តាញរបស់ខ្លួននៅតាមឃុំស្រុកទូទំាងខេត្ត ដើម្បីធ្វើសកម្មភាពមនុស្សជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះគ្រប់ពេលវេលា។ ជាក់ស្តែងដូចថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបានធ្វើការសិក្សានិងស្រាវជ្រាវដើម្បីជួយសម្រាលទុក្ខដល់បងប្អូនមិនថានៅទីជិត ប្ញ ធ្វើដំណើររាប់រយគីឡូម៉ែត្រកាត់ព្រៃភ្នំយ៉ាងណាក៏ដោយ ក៏សាខាកាកបាទក្រហមខេត្តព្យាយាមទៅដល់មូលដ្ឋានរបស់បងប្អូនដែរ។ អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។ អំណោយដែលយកមកចែកជូននាពេលនេះគឺបានមកពីសាខាកាកបាទក្រហមខេត្តធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិក្រោមការដឹកនំាប្រកបដោយគតិបណ្ឌិតនិងមានតម្លាភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលធ្វើឱ្យស្ថាប័ននេះមានការរីកចំរើនជាលំដាប់ និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
 
លោកជំទាវ ក៏បានផ្តំាផ្ញើរដល់បងប្អូនទំាងអស់ឱ្យខិតខំថែរក្សាសុខភាពនិងអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀននិងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។
 
អំណោយដែលយកមកចែកជូននាពេលនេះមាន ៖ អង្ករ ២៥ គីឡូក្រាម មី កេស  ត្រីខ១០ កំប៉ុង  មុង១ សារុង ១   ភូយ ១    ក្រមា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ិវ ១យួរ  កន្ទេល១ ។ 
 
 
 
 

កាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារក្រដាច់ស្បៀងនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង

ឯកឧត្តម ស ថាវី ប្រធានកិត្តិយសគណៈកម្មាធិការសាខាកក្រកខេត្តឧត្តរមានជ័យ  និងសហការី នៅថ្ងៃទី  ០៦  ខែសីហា   ឆ្នាំ ២០១៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រចំនួន១៣០  គ្រួសារ នៅក្នុងឃុំ ត្រពាំងតាវ   ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ  ។  
 
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ  ឯកឧត្តម បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រ ដោយឈេលើគោលការណ៌គ្រឹះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្ញ និន្នាការអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច មិនថាទីជិត ប្ញទីឆ្ងាយឡើយ។  
 
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវខិតខំបន្តមុខរបរទទួលទាន និងត្រូវពង្រីកការដាំដុះឲ្យអស់លទ្ធភាព ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងក្នុងរដូវវស្សានេះ។  ឯកឧត្តមបានអំពាវនាវឲ្យ បងប្អូនទាំងអស់ត្រូវខិតខំថែរក្សាសុខភាពអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀន ។ 
 
អំណោយដែលយកមកចែកជូននាពេលនេះមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១កែសត្រីខ១០ កំប៉ុង  មុង១ សារុង ១   ភូយ ១    ក្រមា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ិវ ១យួរ  កន្ទេល១ ។ 
 

ឯកឧត្តមម៉ៅ ធនិន យកអំណោយជួនកុមារីរងគ្រោះដោយការចាប់រំលោភ

ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា បានអញ្ជើញទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តនារសៀលថ្ងៃទី០៧    ខែសីហាឆ្នាំ ២០១៥ ដើម្បីសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌មួយចំនួន ជូនកុមារី រងគ្រោះដោយការចាប់រំលោភសេពសន្ថវៈ ។
 
ឯកឧត្តម ម៉ៅ ធនិន បានសម្តែងនូវក្តីអាណិតអាសូរចំពោះកុមារី ឈ្មោះ ធី ស្រីនិត អាយុទើបតែ៦ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ត្រូវបានឈ្មោះ ម៉ែន ថា ហៅកែ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ និង អមនុស្សធម៌នៅលើផ្ទះជនរងគ្រោះវេលាម៉ោង១០យប់នាថ្ងៃទី០៦ ខែសីហា ហើយត្រូវបានអ្នកភូមិបញ្ជួនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ អ្វីដែលកើតហួសទៅហើយនោះទុកឲ្យកម្លាំងសមត្ថកិច្ចជាអ្នកធ្វើការ តែអ្វីដែលសំខាន់នោះ គឺស្ថានភាពកុមារីរងគ្រោះ ដែលមានភាពធ្ងន់ធ្ងនោះសូមស្នើដល់បុគ្គលិកពេទ្យគប្បីយកចិត្តទុកដាក់ពិនិត្យតាមដាននិងព្យាបាលជម្ងឺជាប្រចាំបើមានបញ្ហាធ្ងន់ធ្ងជាងនេះ ត្រូវបញ្ជួនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញជាបន្ទាន់ ការចំណាយឯកឧត្តមជាអ្នកទទួលខុសត្រូវ ។ នេះមិនមែនជាលើកទី១នោះទេ កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូនិងជួយដោះស្រាយដល់ជនរងគ្រោះជាបន្តបន្តបន្ទាប់មិនដែលមើលរំលងឡើយ។ 
 
នៅក្នុង ខណៈនោះឯកឧត្តម បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៣០ម៉ឺនរៀល និងអំណោយមនុស្សធម៏របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកា ៤០ម៉ឺនរៀល ទឹកដោះគោឆៅ ៦យួ ស្កស២គីឡូក្រាមនិងឃីត ១កញ្ចប់។ សូមជម្រាបជូនថា៖ ក្មេងរងគ្រោះឈ្មោះ ធី ស្រីនិត អាយុ៦ឆ្នាំ ជាក្មេងកំព្រាម្តាយ មានឪពុកឈ្មោះ ធី អាយុ៤៨ឆ្នាំបានយកទៅផ្ញើអ្នកជិតខាង រួចទៅធ្វើការនៅប្រទេសថៃបាត់ ។ 
 

វគ្គបំប៉នសមត្ថភាពជូលដល់ សាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត

ដើម្បីឆ្លើយតបតាមតម្រូវការនៃការពង្រឹងសមត្ថភាពបន្ថែមជូនដល់ សាខា អនុសាខាកាកបាទ ក្រហមកម្ពុជា ខេត្តក្រចេះក្នុងការដំណើការនៃការវិវឌ្ឍទៅរបស់សាខាកាកបាទក្រហមខេត្តដើម្បីបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋ ជាមួយ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ៦ សីហា ២០១៥គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានបើក វគ្គបំប៉នស្ដីពី( គោលការណ៌គ្រឹះរបស់ចលនាច្បាប់មនុស្សធ៌មអន្តរជាតិ និងការលើកកំម្ពស់តម្លៃមនុស្ស )ក្រោមអធិបតីភាពឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពី មន្ត្រីក្រុមប្រតិបត្តិថ្នាក់ជាតិ និងសិក្ខាកាមជា ប្រធានកិតិយស ប្រធានអនុសាខាបណ្ដាស្រុកក្រុង និងមន្ត្រីប្រតិបត្តិប្រមាណជា ៣០នាក់ ។
 
ឯកឧត្តម ធុន គ្រី មានប្រសាសន៏ថា ៖ សម្ដេចកិតិ្តព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ គ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹងកុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកជម្ងឺអេដស៍ ដោយមិនប្រកាន់ពូជសាសន៏ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ជា ពិសេសគឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារអត់អាហារនោះឡើយ។ 
 
ដូច្នេះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រៀបចំវគ្គបំប៉ននេះឡើងក្នុងគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់សាខា អនុសាខា និងមន្ត្រីប្រតិបត្តិទាំងអស់ដោយផ្អែកតាមទិសដៅជាយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិលើការបណ្ដុះបណ្ដាលធនធានមនុស្សអោយមានសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារជូនអង្គភាពអោយមានប្រសិទ្ធភាពខ្ពស់។ វគ្គបំប៉ននេះ គឺធ្វើអោយយើងបានយល់ដឹងពីតួនាទី ភារកិច្ច ចាំបាច់របស់ កាកបាទក្រហម និងធ្វើអោយយល់ដឹងពីគោលការគ្រឹះរបស់ចលនាកាកបាទក្រហម និងរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋ ។
 
ឯកឧត្តមមានប្រសាសន៏បន្តថា ៖ លោក លោកស្រីដែលបានចូលរួមក្នុងវគ្គបំប៉ននេះធ្វើយ៉ាងណាអោយក្លាយ ខ្លួនទៅជាអ្នកចូលរួមជួយកសាងធនធានមនុស្សបន្តដល់មន្ត្រីប្រតិបត្តិ ដល់យុវជន កាកបាទក្រហម ដើម្បីអោយយុវជនបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសមត្ថភាពខ្ពស់ មានឆន្ទៈមុះមុតក្នុងការងារ  ដូចនេះការកសាងធនធានមនុស្សត្រូវផ្ដើមចេញ ពីយុវជន ដែលជាកត្តាធ្វើអោយយុវជនមានអនាគត បានទទួលយកចំណេះដឹងល្អៗ សម្រាប់អនាគតរបស់ខ្លួន និងវិវឌ្ឍរីកចំរើនទាន់បណ្ដាប្រទេសដ៏ទៃទៀត  ៕
 

ពិធីសំណេះសំណាលនិងបំពាក់ឯកសណ្ឋានជុនយុវជនកាកបាទក្រហមកម្ពុជា អនុសាខាស្រុកគងពិសី

នាសបា្តហ៏កន្លងទៅនេះ នៅក្នុងសាលប្រជុំសាលា ស្រុកគងពិសី មានរៀបចំបំពាក់ឯកសណ្ឋានជូនយុវជនកាកបាទក្រហម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម តុងសេង ប្រធានគណៈកម្មាធិការសាខា និងគណៈកិត្តិយស  គណៈកម្មាធិការសាខា អនុសាខា ទីប្រឹក្សាយុវជន រួមទាំងយុវជនកាកបាទក្រហមចូលរួមសរុបចំនួន ១៥៦នាក់ ។    
 
បន្ទាប់ពីលោក ម៉ា សាវ៉ាត ប្រធានកិត្តិយសអនុសាខា បានអានរបាយការណ៌ស្វាគមន៌  លោកស្រី ឡុង ហ៊ុន ប្រធានគណៈកម្មាធិការអនុសាខាស្រុក  បានឡើងអានសេចក្តីប្រកាសទទួលស្គាល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម ទាំង១៥៦នាក់ស្រី ៧៥ នាក់ មកពីសាលាគោលដៅ៣គឺវិទ្យាល័យព្រះបីតាឯករាជ្យ   វិទ្យាល័យព្រះនរោត្តម រណឬទ្ធិ និងវិទ្យាល័យ ទ័ពមានជ័យ របស់ស្រុកគងពិសី រួចមក  ។
 
ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា មានប្រសាសន៌សំណេះសំណាលដោយពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់ក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមបំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
 
ឯកឧត្តមបន្តទៀតថា នៅគ្រប់សម័យកាលនិងសង្គមយុវជនជាកំលាំងដ៏មុតស្រួច ប្រកបដោយកម្លាំងកាយ ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានទឹកចិត្តក្លាហានមោះមុតពុះពារគ្រប់ឧបសគ្គ ទុក្ខលំបាកមិនរុញរា លក្ខណៈទាំងនេះ បានធ្វើអោយយុវជនកាកបាទក្រហមកម្ពុជា ជាធនធានមានតម្លៃមិនអាចខ្វះបាន នៅក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សម្រាប់បំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម នៅពាសពេញពិភពលោក  ។ និយាយដោយឡែក យុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺទាំងអស់បាននឹងកំពុងបន្តនូវការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជា៖ការប្រែប្រួលអកាសធាតុ សុវត្ថិភាពចរាចរណ៌ ភាពក្រីក្រ អំពើហឹង្សា ជម្ងឺឆ្លង ការសង្គ្រោះបឋមតាមសហគមន៌ និងអនាម័យបរិស្ថាន ។ល៕    
 
ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់យុវជនទាំងអស់ ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀននិងល្បែងពីលាអាសែ ដែលបង្ករ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ  ត្រូវខិតខំ រៀនសូត្រ ចំណេះដឹងទូទៅនៅក្នុងសាលានិង ចំណេះដឹងជំនាញផ្សេងៗពីវគ្គបណ្តុះបណ្តាលដែលកាកបាទក្រហមកម្ពុជាផ្តល់អោយ ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ទៅថ្ងៃអនាគត  ។ 
 
 
 
 
Fist Prev 77 78 79 80 81 Next Last