Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកអំណោយ ដល់ជនរងគ្រោះដោយអគ្គិភ័យ

សាខាកក្រកខេត្តព្រះសីហនុ៖ នៅរសៀល​ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ដឹកនាំដោយ ​លោក គាំ សុខុម ​នាយករងសាខា ​និង​អនុសាខា​ស្រុកព្រៃនប់​ បានចុះ​សួរសុខទុក្ខ ​និងនាំ​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ ១គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅវេលា​ម៉ោង២ និង៣០នាទី នៅភូមិ​បឹងវែង​ ឃុំវាលរេញ ​ស្រុកព្រៃនប់​។


ក្នុងឱកាស​នោះដែរ​ លោកនាយករង​សាខា ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​ប្រធាន​គណៈកម្មាធិការ​សាខា ​និងចូលរួម​សោកស្តាយ​នូវ​ឧបទ្ទវហេតុនេះ។ លោកបាន​លើកទឹកចិត្ត ​និង​សំណូម​ពរដល់​ជនរងគ្រោះ​សូមកុំ​អស់សង្ឃឹម ​និងខិតខំ​ប្រឹងប្រែង​ ប្រកបរបរ​ទទួលទាន ​ដើម្បី​ស្តារជីវភាព​ឡើងវិញ។


អំណោយ​រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ឃីត ១( មុង១ ភួយ១ ក្រមា១ សារុង១) តង់ ១ កន្ទេល ១ និងថវិកា ១០០.០០០រៀល ។

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញចូលរួម ផ្តល់ឈាមដើម្បីសង្រ្គោះជីវិត

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦​ ក្លឹប​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ ប្រចាំ​សាកលវិទ្យាល័យជាតិ​គ្រប់គ្រង​ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ​និងក្រុមហ៊ុន​ផលិតទឹកបរិសុទ្ធ​វីតាល់ ​បានប្រារព្ធ​យុទ្ធនា​ការបរិច្ចាគឈាម​ ក្រោមប្រធានបទ​ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ​ក្រោមអធិបតីភាព​ លោក គួច ចំរើន​ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌដូនពេញ​ និងអញ្ជើញ​ចូលរួមពី ​សមាជិក ​សមាជិកា​អនុសាខា​ អ្នកស្មគ្រ័ចិត្ត​ យុវជនកាកបាទក្រហម​ លោកគ្រូ​អ្នកគ្រូ​ ប្អូនៗនិស្សិត​ ប្រជាពលរដ្ឋ ​យ៉ាងច្រើនកុះករ​ដែលស្មគ្រ័ចិត្ត​អញ្ជើញ​មកបរិច្ចាគឈាម​ ដែលប្រព្រឹត្តទៅ​នៅបរិវេណ​សាកល​វិទ្យាល័យជាតិ​គ្រប់គ្រង។

 

គោលបំណង​នៃយុទ្ធនាការ​បរិច្ចាគឈាម​នេះ គឺចង់បង្ហាញ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​យើងចេះ​ចូលរួម​ក្នុងការងារ​សង្គម ​និងចេះចែករំលែក​នូវអំពើល្អ​ឱ្យគ្នាទៅវិញ​ទៅមក ​ហើយការបរិច្ចាគ​ឈាមនេះ​ គឺមានសារៈសំខាន់ណាស់​សម្រាប់​មនុស្សគ្រប់រូប​ នៅពេលណា​ដែលបងប្អូន​ប្រជាពលរដ្ឋ​ជួបគ្រោះថ្នាក់​ដោយប្រការផ្សេងៗ​ដូចជា៖ ការវះកាត់ ស្ត្រីឆ្លងទន្លេ គ្រោះថ្នាក់​ចររាចរណ៍។ ល។ គឺឈាម​ដែលបងប្អូន​បានបរិច្ចាគ​នេះហើយ អាចយក​ទៅជួយ​សង្គ្រោះអាយុជីវិត​ពួកគាត់​ឲ្យរួចផុតពី​សេចក្តីស្លាប់បាន។

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទក្រហម​ កម្ពុជា​ខេត្តប៉ៃលិន ​បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន៣១គ្រួសារ​ ដែលរងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ​នៅក្នុងសង្កាត់​ទួលល្វា សង្កាត់បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

 

លោកជំទាវ បាន ស្រីមុំ ​ប្រធានគណៈកម្មាធិការសាខា ​បានសំដែងការ​សោកស្តាយ​ និងអំពាវនាវឱ្យ​បងប្អូន​ងអស់ក្នុងខេត្ត ​មានការប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់ខ្លួន​និងក្រុមគ្រួសារ​ព្រោះថា​នៅក្នុងរដូវនេះ​មានការប្រែប្រួល​អាកាសធាតុ​ពេលភ្លៀង​មានរន្ទះ ​និង​ខ្យល់កន្ត្រាក់​មកជា​មួយផង។

 

អំណោយមនុស្សធម៌​ក្នុងមួយ​គ្រួសារ​ទទួលបាន ៖
អង្ករ៣០គីឡូក្រាម, មី ៣កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ឃីត១មាន ( មុង ភួយ ក្រមា សារុង តង់១ ) និងថវិកាមួយចំនួន។
គ្រួសាររងគ្រោះ​ធ្ងន់ ២គ្រួសារ​ដែលរលំផ្ទះ​ទាំងស្រុង​ទទួល​បានបន្ថែម ​ក្នុងមួយគ្រួសារៗ ​ស័ង្កសី២៨សន្លឹក​ ហើយ​ប្រធានកិត្តិយស​សាខា​ និង​ក្រុមការងារ​ជួយ​ជួសជុល​ សាងសង់ផ្ទះ​ទាំង២ខ្នង ជូន​ប្រជាពលរដ្ឋ ​ទាំ២គ្រួសារ​ ដើម្បី​សម្រួល​ទុក្ខលំបាក៕

 

ប្រជាជនខ្វះខាតស្បៀងទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦នេះ អនុសាខា​កាកបាទ​ក្រហម​កម្ពុជា ​ខណ្ឌឬស្សីកែវ ​ដឹកនាំ​ដោយ​ លោក ជា ពិសី ​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​ផ្តល់​ជូន​ចាស់​ជរាគ្មាន​ទីពឹង ប្រជាពលរដ្ឋ​មានជីវភាព​ខ្វះខាត​ចំនួន​២០គ្រួសារ ​រស់នៅក្នុង​ភូមិលូ ​សង្កាត់ស្វាយប៉ាក។

 

មានប្រសាសន៍​នាខណៈ​នោះ លោក​អនុប្រធាន​គណៈកម្មាធិការ​អនុសាខា ​បានលើកឡើង​ពីការ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​នៅតាមមូលដ្ឋាន​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់។

 

អំណោយ​មនុស្សធម៌​ដែលបាន​ចែកជូនក្នុង​១គ្រួសារៗ​ទទួលបាន៖ អង្ករ​៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) ធុងទឹកកក១ និងថវិកា​មួយចំនួន។

 

នារសៀលថ្ងៃដែលនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខា បានមកសាកសួរសុខទុក្ខលោក ជុន ទិត្យ ជាអនុប្រធានក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ស្វាយប៉ាក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងបានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោក ផងដែរ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចែកអំណោយមនុស្សធម៌ ជូនលោក មិន ណាង

ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ​ក្រុមប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តសៀមរាប ​បានជួប​សួរសុខទុក្ខ ​និងនាំ​យកអំណោយ​មនុស្សធម៌​ជូន​លោក មិន ណាង ដែល​រងគ្រោះ​ដោយសារ​គ្រាប់មិន​ទាន់ផ្ទុះ​កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦​ នៅ​ឃុំអូរស្វាយ ​ស្រុក​ត្រពាំងប្រាសាទ ​ខេត្តឧត្តរមានជ័យ​ហើយបច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។​

 

ក្នុងឱកាសនោះ​ក្រុមប្រតិបត្តិសាខា​បានសម្តែង​នូវការសោកស្តាយ​ចំពោះឧប្បត្តិហេតុនេះ​និងបានលើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​កុំឱ្យ​អស់សង្ឃឹមនិងសូមឲ្យលោកមិន ណាងខិតខំថែទាំសុខភាពដើម្បីឲ្យឆាប់ជាសះស្បើយ​ វិលទៅផ្ទះវិញ ប្រកបរបរទទួលទាន

 

អំណោយ​ដែលបាន​ផ្ដល់ជូនមាន៖ មុង១, ភួយ១, សារុង២, ក្រមា២, កន្ទេល១, អាវយឺត៣, ទឹកស៊ីអ៊ីវ១យួរ, ឆ្នាំង១, ចាន៥, ស្លាបព្រា៥, ត្រីខ១០កំប៉ុង, ទឹកដោះគោ​៥កំប៉ុង, ស្ករស២គ.ក្រ, មី១កេស, អង្ករ២៥គ.ក្រ និង​ថវិកា​២០ម៉ឺនរៀល។

 

Fist Prev 73 74 75 76 77 Next Last