Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេស នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

កក្រក​ ៖​ នៅថ្ងៃព្រហស្បតិ៍ ៣រោច​ ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ២០​ ខែមិថុនា​ ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាល ​សួរសុខទុក្ខ ផ្តល់អំណោយ​មនុស្សធម៌ និងរៀបចំ​អាហារមួយពេល​ដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុប​ចំនួន ១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិ​សម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ​ដែលស្ថិតនៅផ្លូវបេតុងព្រៃស​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវក្តីនឹករលឹក​ អាណិត​ ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ​ទាំងអស់​ ជាពិសេសថ្លែងនូវការកោតសរសើរ​ និងអរគុណចំពោះអ្នកគ្រប់គ្រង​ បុគ្គលិក​ អ្នកស្ម័គ្រចិត្តបរទេស​ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលជួយធ្វើឱ្យក្មួយៗចៅៗទាំងអស់មានភាពកក់ក្តៅ មានទីពឹងពាក់ និងមានពន្លឺរស្មីនៃជីវិតសារឡេីងវិញ។​ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់​ត្រូវយកចិត្តទុកដាក់គោរពវិន័យរបស់​មណ្ឌល មានសីលធម៌​ និងគុណធម៌​ក្នុងការរស់នៅ​ ចេះជួយគ្នា អធ្យាស្រ័យឱ្យ​គ្នាទៅវិញទៅមក​ ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ​ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនាគតភ្លឺស្វាង។

ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអំពាវនាវដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ មន្ត្រីពាក់ព័ន្ធ​ និងអាណាព្យាបាលទាំងអស់​ បន្តយកចិត្តទុកដាក់ទប់ស្កាត់​ និងលុបបំបាត់គ្រឿងញៀន​ អំពេីហិង្សា ល្បែងស៊ីសង​ អំពេីរំលោភ​បំពាន ប្លន់​ សម្លាប់មនុស្ស-ល-​ ដេីម្បីសង្គមគ្រួសារមានភាពសុខដុមរមនា។

សូមបញ្ជាក់ថា​ នេះជាលេីកទី​ ២​ ហេីយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងគណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ ផ្តល់អំណោយមនុស្សធម៌​ និងរៀបចំអាហារដ៏ឆ្ងាញ់ពិសាដល់​ កុមារី​ យុវនារី​ និងបុគ្គលិក​ នៃមណ្ឌលអាហ្វេស៊ីប​ ទុំឌី​។

អំណោយសម្រាប់មណ្ឌលរួមមាន​ ផ្លែក្រូចឃ្វិច​ ៣កេស​ ផ្លែទំពាំងបាយជូ​ ៣កេស​ ផ្លែប៉ោម​ ៣កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ និងថវិកា​ ៥លានរៀល។ កុមារី​ យុវនារី​ ៧៧នាក់​ ម្នាក់ៗទទួលបានថវិកា​ ៥ម៉ឺនរៀល។ បុគ្គលិក-គ្រូ​ ៣១នាក់​ ម្នាក់ៗទទួលបានថវិកា​ ១០ម៉ឺនរៀល។ អ្នកស្ម័គ្រចិត្តបរទេស​ ៣នាក់​ ម្នាក់ៗទទួលបាន​ ក្រមា ១​ និងថវិកា​ ១០ម៉ឺនរៀល៕

កាកបាទក្រហមកម្ពុជា ប្រារព្វព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃអាទិត្យ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា​ ព្រមទាំងសប្បុរសជន យុវជន​កាកបាទក្រហម​កម្ពុជា​ជាច្រើននាក់ បានរៀបចំពិធីសូត្រ​មន្ត រាប់បាត្រ ប្រគេន​ សម្តេចសង្ឃ​ ព្រះសង្ឃ​ ៨៤អង្គ ក្នុងឱកាសបុណ្យ​ចម្រើនព្រះជន្មវស្សា គម្រប់​ ៨៣​ យាងចូល ៨៤ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ និងសហការីនៃកាកបាទក្រហម​កម្ពុជាទាំងអស់​ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យ​កែវទាំងបី គុណបុណ្យ​វត្ថុស័ក្តិសិទ្ធិ​ទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សា​ព្រះមហាស្វេត្រឆត្រ បារមី​ព្រះវិញ្ញាណក្ខន្ធនៃ​អតីតព្រះមហាក្សត្រ​ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ​ សូមឫទី្ធតេជៈបារមី​ខ្លាំងក្លាទាំងអស់ ជាពិសេស​បារមី ព្រះវិញ្ញាណក្ខន្ធ ​អតីតព្រះករុណា​ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ​សូមប្រោសព្រះរាជប្រទាន​ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយ​បីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតា ជាទីគោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គ​ប្រកបដោយព្រះបរមសុខ​គ្រប់ប្រការ​មានព្រះរាជ​សុខភាពល្អបរិបូរណ៍ ​និងព្រះជន្មាយុជាងរយព្រះវ​ស្សា ដើម្បីគង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់​ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ​ទូទាំងប្រទេសយូរអង្វែង​រៀងដរាបតទៅ៕

 

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំចូលរួមពិធីបញ្ចុះសព លោកជំទាវ ផ្លេក ភិរុណ អតីតសមាជិកសភាកម្ពុជា និងជាអតីតប្រធានកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ឃួន សុដារី ​អនុប្រធានកាកបាទក្រហម​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានដឹកនាំ​គណៈប្រតិភូចូលរួម​ពិធីបញ្ចុះសព លោកជំទាវ ផ្លេក ភិរុណ អតីតសមាជិក​សភាកម្ពុជា និងជាអតីត​ប្រធានកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ និងសម្ដេចចៅហ្វាវាំង​ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅក្នុង​បរិវេណវត្តព្រះសុគន្ធមានបុណ្យ ​ស្ថិតនៅក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។

មរណភាពរបស់ ​លោកជំទាវ ផ្លេក ភិរុណ ​គឺជាការបាត់បង់ ឥស្សរជន​កម្ពុជាមួយរូបមាន​អត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ ជាទីគោរព​ស្រឡាញ់ប្រកបដោយ​ព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោស​ប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត​ ចំពោះ ក្រុមគ្រួសារ ​មន្ត្រី បុគ្គលិក នៃកាកបាទក្រហមកម្ពុជា​ បានលះបង់ពេលវេលា ​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី​ បំពេញភារកិច្ចយ៉ាងសកម្ម​មិនខ្លាចការលំបាកនឿយហត់ក្នុង​បុព្វហេតុមនុស្សធម៌ ជួយដល់ជនរងគ្រោះ ងាយរងគ្រោះបំផុតទូទាំងប្រទេស និងបានពលិកម្មជាច្រើន បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកយ៉ាង​សកម្មប្រកបដោយស្នាដៃ​ដ៏ច្រើន ក្នុងការស្តារ​ កសាងប្រទេសឱ្យមាន​សុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាព ​និងការរីកចម្រើន​ឥតឈប់ឈរ ដើម្បី​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ។

សូមបញ្ជាក់ថា លោកជំទាវ ផ្លេក ភិរុណ បានអនិច្ចកម្ម ​កាលពីវេលាម៉ោង ១៥ម៉៣០ ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុង​ជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ៕

 

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជូន ដល់មន្ទីរពេទ្យកុមារអង្គរ

កក្រក​​ ៖​ នៅរសៀលថ្ងៃអាទិត្យ​ ៧កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភថវិកា​ចំនួន​ ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក)​​ ដល់មន្ទីរពេទ្យ​កុមារអង្គរ​ ខេត្តសៀមរាប​ ក្នុងឱកាសដែល​មន្ទីរពេទ្យនេះ​ ប្រារព្ធកម្មវិធី​បុណ្យផ្កាប្រាក់​មហាសាមគ្គី​ ឆ្នាំទី​ ៦​ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាលនិងថែទាំសុខភាព​កុមារ-ទារក​ប្រមាណ៥០០នាក់​ទៅ៦០០នាក់​ក្នុង​មួយថ្ងៃ​ ដោយឥតគិតថ្លៃ។

បន្ទាប់ពីកម្មវិធីប្រគល់ថវិកានេះរួចមក​ គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ ដែលដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ បានអញ្ជើញ​ជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយដោយផ្ទាល់​ជូនដល់កុមារ-ទារកសរុបចំនួន​ ៩៤នាក់​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ​ ដោយក្នុងម្នាក់ៗទទួលបាន​ ឃីត​ (មុង ភួយ សារុង​ ក្រមា)​ ចំនួន​ ១ និងថវិកាចំនួន​ ៥ម៉ឺនរៀល។ ដោយឡែក​ ចំពោះកុមារកំពុងសង្គ្រោះបន្ទាន់ធ្ងន់ធ្ងរចំនួន​ ១៨នាក់​ ម្នាក់ៗទទួលបាន​ ឃីត​ ១​ និងថវិកា​ ១០ម៉ឺនរៀល។ រីឯ​ អាណាព្យាបាល​ដែលនៅកំដរក្នុងម្នាក់ៗទទួលបានថវិកា​ ២ម៉ឺនរៀល។

​ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើម​ថ្នាក់ជាតិនៃ​ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រី​ និងកុមារ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែគិតគូរ​ យកចិត្តទុកដាក់បំផុតលេីការលើកកម្ពស់​សុខុមាលភាពរបស់​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលក្នុងនោះ​ការរួមចំណែកជួយព្យាបាលកុមារកម្ពុជា​រាប់ម៉ឺននាក់​ តាមរយៈ​ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា​ នូវថវិកា​ ១លាន​ដុល្លារអាមេរិក​ជារៀងរាល់ឆ្នាំ​ គិតចាប់តាំងពីឆ្នាំ២០១២​ រៀងមក។

សូមបញ្ជាក់ថា​ នៅថ្ងៃដដែលនេះដែរ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ ក៏បានវិភាគទាននូវថវិកាចំនួន​ ៣៥,០០០ដុល្លារអាមេរិក​ ដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕

 

កាកបាទក្រហមកម្ពុជា ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនសប្បុរសជន

នៅព្រឹកថ្ងៃសុក្រ​ ៥កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៧​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញ​ជួបសំណេះសំណាល​ និងប្រគល់បណ្ណថ្លែងអំណរគុណជូនសប្បុរសជន​ ​ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា​ និងសម្ភារ​ ដល់គម្រោងយុវជនកាកបាទក្រហមកម្ពុជា​ និង​សុវត្ថិភាពចរាចរណ៍​ ក្នុងសិក្ខាសាលាស្វែងរកការគាំទ្រពីវិស័យឯកជន​និងសប្បុរសជន​ ស្តីពី​ «បង្ការពិការភាពពីគ្រោះថ្នាក់ចរាចរណ៍» កាលពីថ្ងៃទី​ ២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ កន្លងទៅ។

កាកបាទក្រហមកម្ពុជា​ ទទួលបាន​ថវិកាសរុបចំនួន​ ៩,៥០០ដុល្លារអាមេរិក​ ក្នុងនោះទទួលបានពី​ ៖
១/ បុរី​អ័រគីដេ​ វីឡា​ ថវិកា​ចំនួន ៥,០០០ដុល្លា​រ សម្រាប់រៀបចំ​យុទ្ធនាការ​ សិក្ខាសាលា​ វគ្គបណ្តុះបណ្តាល​ និងសាងសង់ជម្រាល​សម្រាប់ជនពិការប្រើ​ប្រាស់ក្នុង​សហគមន៍​។ 
២/ ក្រុមហ៊ុនប្រេងឥន្ធនៈ​ សូគីម៉ិច​ ថវិកាចំនួន​ ៣,០០០ដុល្លា​រ​ សម្រាប់ផលិតមួកសុវត្ថិភាពចំនួន​ ២០០មួក​។ និង
៣/ ក្រុមហ៊ុន​ Legend Cinema ថវិកាចំនួន​ ១,៥០០ដុល្លារ​ សម្រាប់ផលិតមួកសុវត្ថិភាពចំនួន​ ១០០មួក​៕

 

Fist Prev 5 6 7 8 9 Next Last