Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចែកអំណោយដល់ ជនរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ ​នេះ​ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​មណ្ឌលគិរី​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ស្វាយ សំអ៊ាង​ ប្រធាន​គណៈកម្មាធិការ​សាខា​ បាន​ចុះ​សួរសុខទុក្ខ ​និងនាំ​យកអំណោយ​មនុស្សធម៌​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦៥គ្រួសារ​ ក្នុងនោះ ​ឃុំក្រង់តេះ ​ចំនួន៣៦​គ្រួសារ​ និងឃុំពូជ្រៃ​ចំនួន​ ២៩គ្រួសារ​ ដែលរងគ្រោះ​ដោយខ្យល់​កន្ត្រាក់ ​កាលពីថ្ងៃទី១៧​ ម្សិលមិញនេះ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ ឯកឧត្តម​ ប្រធាន​គណៈកម្មាធិការ​សាខា​ បានពាំនាំ​ការសាកសួរ​សុខទុក្ខ​ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​និងផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ​សូមខិតខំ​ថែទាំ​សុខភាព​ឲ្យបានល្អ​ និង​ដាំដំណាំ​រួមផ្សំ ​ដើម្បី​ស្តារជីវភាព​រស់នៅឡើងវិញ។

 

អំណោយ​មនុស្សធម៌​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗទទួល​បាន ៖ អង្ករ 25kg មុង1​ ភួយ1 ​កន្ទេល1 សារុង1​ ក្រម៉ា1​ ទឹកត្រី5ដប ​ទឹកស៊ីអីវ5ដប​ ត្រីខ1ឡូ ​មី1កេស ​ប្រេងឆា1លីត្រ ​និងថវិកា40.000៛ ​(បួនមុឺនរៀល)៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងរៀបចំឃីតសម្រាប់ចែកជូន គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង៖ ​ដោយទទួលបាន​ពត៌មាន​ពី​អនុសាខា​ស្រុកគាស់ក្រឡ ​ស្តីពី​ករណីខ្យល់​កន្រ្តាក់ ​កាលពី​ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០១៦ ​វេលាម៉ោង​៥និង៣០នាទី​ ដែលមាន​ភ្លៀងមួយមេ ​និង​មាន​ខ្យល់កន្រ្តាក់ ​នៅ​ឃុំធិបតី​ស្រុកគាស់​ក្រឡ​ បណ្ដាល​ឲ្យ​របើក​ដំបូល​ផ្ទះអស់​ចំនួន​៧១ខ្នង ​តែមិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​និងសត្វ នោះ។

 

នៅរសៀល​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ​នេះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត ​ប៊ុត គឹមស៊ាន​ ប្រធាន​គណៈកម្មាធិកាសាខា​ នឹងសហការី ​បានរូតរះ​រៀបចំ​ខ្ចប់​ឃីតមនុស្សធម៌​សម្រាប់​ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន៧១គ្រួសារ​នៅស្រុក​គាស់ក្រឡ​ នៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៦ ​សំដៅឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា។

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យយកអំណោយមនុស្សធម៌ ចែកជូន គ្រួសារទទួលរងគ្រោះដោយអគ្គិភ័យ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៦ ​លោក​ ពេជ្រ​ កែវមុន្នី​ ប្រធាន​កិត្តិយស​អនុសាខា​ខណ្ឌមានជ័យ​ បានអញ្ជើញ​ចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ ទៅចែក​ជូនដល់​គ្រួសារ​ទទួល​រងគ្រោះ​ដោយ​ភ្លើង​ឆេះផ្ទះ​ ចំនួន៥០ខ្នង ​ស្មើនឹង​៥៥ គ្រួសារ ​នៅភូមិ​ព្រែក​តាគង់ ​និងភូមិ​ព្រែក​តានូ ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ​ដែល​អគ្គីភ័យ​នេះ បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី១៤ ​ខែមេសា ​ឆ្នាំ២០១៦ ​វេលាម៉ោង​៨.៤៥នាទី ​មូលហេតុ  ​បណ្តាល​មក​ពីឆ្លង​ចរន្តភ្លើង។

 

អំណោយ​ដែល​ផ្តល់​ជូន​ក្នុង១គ្រួសារ​ទទួលបាន​៖ អង្ករ ៣០ គ.ក្រ មី១កេស ត្រីខ១យួរ ឃីត១មាន ( មុង១ ភួយ១ សារុង១ ក្រមា១ ) ជាអំណោយ​របស់កក្រក​ និង​ថវិកា​ចំនួន​២០០.០០០៛ ( ម្ភៃមឺុនរៀល )​ជាអំណោយ​របស់លោក​ឧកញ៉ា​ ជា សឿន៕

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀបទីតាំងសម្រាប់ សង្រ្គោះបឋម

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៦  មន្ត្រី សាខា កាកបាទ ក្រហម ខេត្ត  បានដឹកនាំ កំលាំង អ្នកស្ម័គ្រចិត្ត  យុវជន កាកបាទក្រហម  រៀបចំ បោះ ទីតាំង ប្រចាំការ សង្គ្រោះបឋម  នៅ ឆ្នេរ អូរឈើទាល  ជ្រុង ខាងកើត ភូមិគ្រឹះ  សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដោយប្រចាំ ការពីរ វេន  មួយវេន ៨នាក់  ចាប់ពីម៉ោង ៧.៣០ ដល់ម៉ោង  ១២.០០ និង ម៉ោង ១២.០០ ដល់ម៉ោង ៤.៣០  ល្ងាច រយៈពេល ប្រចាំការ​ មាន​ ៤ថ្ងៃ ចាប់ពីថ្ងៃទី ​១៣​ដល់​ថ្ងៃទី ​១៦​ខែមេសា ​ឆ្នាំ២០១៦ ​។

 

គោលបំណង​ លើកកំពស់​សេវា​សុខភាព​សាធារណៈ ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​ក្នុងការ សង្គ្រោះបឋម ​ដោយសហការណ៍​ជាមួយ​មន្ទីរសុខាភិបាល ​ក្នុងការ​អន្តរាគមន៍​ពីរថយន្ត​សង្គ្រោះ​បន្ទាន់​ និង​ផ្សព្វផ្សាយ​សេវាកម្ម​អនាម័យ ​បរិស្ថាន​តាមឆ្នេរ ​។

 

ការរៀបចំទីតាំងនេះ គឺដើម្បី​សង្គ្រោះបឋម​ គឺការពារ​កុំឲ្យមានគ្រោះថ្នាក់ កាត់បន្ថយការឈឺចាប់ដល់ជនរងគ្រោះ និងបានដឹងពី​អាការៈ​ជនរង​គ្រោះ​ប្រាប់ដល់​ ក្រុម​សង្គ្រោះ​បន្ទាន់ ។ SBR

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី ចែកអំណោយដល់ កុមាររងគ្រោះដោយខ្យល់កន្ត្រាក់

មណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃទី១៧ ​ខែមេសា​ ឆ្នាំ២០១៦​នេះ​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​មណ្ឌលគិរី ​ដឹកនាំ​ដោយ ​ឯកឧត្តម​ ស្វាយ សំអ៊ាង ​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​អញ្ជើញ​ចុះសួរ​សុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​កុមារី​បីនាក់​បងប្អូន​ដល់មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដែល​ទទួល​រង​គ្រោះថ្នាក់​ដោយសារ​ខ្យល់កន្ត្រាក់​ស្ថិតនៅ​ ភូមិពូជ្រៃ ​ឃុំពូជ្រៃ​ ស្រុក​ពេជ្រាដា​ ខេត្តមណ្ឌលគិរី។

 

ការចុះសួរ​សុខទុក្ខ​ កុមារី​បីនាក់​បងប្អូន ដែលរងរបួស​ស្រាល​ពីរនាក់​ និងបាក់ឆ្អឹងភ្លៅម្នាក់ ​ធ្វើឡើង​ភ្លាមៗបន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ ហើយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ក្នុងឱកាសនោះ​ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​ផ្តាំ​ផ្ញើ​ក្មួយៗ​ សូម​មានការប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដែល​អាចកើត​មាន​ឡើងជា​យថាហេតុ​និងសូម​ឲ្យក្មួយៗ​ខិតខំ​សម្រាក​ព្យាបាល​របួស​ ស្តាប់​ការណែនាំ​របស់គ្រូពេទ្យ​ ដើម្បី​ឆាប់ជាសះស្បើយ​។

 

អំណោយ​មនុស្សធម៌​ដែលផ្តល់​ជូនកុមារី​ទាំង​បីនាក់​រួមមាន ៖ មុង១ ភួយ១ សារុង ២ ក្រម៉ា ២ ស្ករស ៣គីឡូក្រាម ទឹកដោះគោឆៅ ៣ឡូ ទឹកដោះគោខាប់ ១០កំប៉ុង មី ៣កេស សាប៊ូ ៣ដុំ និងថវិកា 500.000៛ (ហា​សិប​ម៉ឺន​រៀល)៕

 

Fist Prev 58 59 60 61 62 Next Last