Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន២ ក្នុងរាជធានីភ្នំពេញ

សាខាកក្រក​រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍​ ១១រោច​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជន​កាកបាទក្រហមកម្ពុជា​ ចំនួន៤០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន២នាក់​ និងមានការចាត់ចែងពី​មន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍​តាមស្តុបគោលដៅចំនួន២​ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបណានជីង និងស្តុបដេអិន​ ។

នៅតាមបណ្តាស្តុប​គោលដៅនីមួយៗ​ យុវជនយើងខ្លះ​បានឈរកាន់ទង់បញ្ជាចរាចរណ៍​ ខ្លះឈរអំពាវនាវតាមឧឃោសនស័ព្ទ​ ខ្លះឈរកាន់បដាដែលមាន​ខ្លឹមសារពាក់ព័ន្ធនឹង​សុវត្ថិភាពចរាចរណ៍​ ខិតខំដោយយកចិត្តទុកដាក់​ ក្នុងគោលបំណង​សំដៅជួយដាស់​តឿនក្រើនរំលឹកបន្ថែមទៀត​ដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដង​ផ្លូវសូមមានការភ្ញាក់រលឹក ​ចេះគោរពច្បាប់​ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា​ និងបើកបរត្រូវមានសុជីវធម៌ ​សីលធម៌ ចេះ​យោគយល់អធ្យាស្រ័យ​គ្នាទៅវិញទៅមក ដើម្បី​ចៀសវាងនូវ​គ្រោះថ្នាក់ចរាចរណ៍ដែលអាច​កើតឡើងជាយថាហេតុ​ និងជាពិ​សេសក្នុងន័យសំដៅរួមគ្នា​ធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើងទាំង​មូលមានរបៀបរៀបរយ​ និងធ្វើដំណើរប្រកប​ដោយសុវតិ្ថភាព​ ៕

 

វគ្គផ្សព្វផ្សាយអប់រំក្នុងសហគមន៍អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ នៅភូមិ តាវែង ឃុំ តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី

សាខា កក្រក ​ខេត្តរតនគិរី៖ នៅរសៀល​ ថ្ងៃទី ២៦ ខែកក្កដា​ ឆ្នាំ២០១៩ លោក ​ឌឹម ណាត នាយក សាខាកាកបាទក្រហម​ ខេត្តរតនគិរី ​បានដឹកនាំមន្ត្រីសាខា​ និងអ្នកស្ម័គ្រចិត្តប្រចាំ​ស្រុកតាវែង ចំនួន ១៧ នាក់ ស្រី ៧ នាក់​ ចុះផ្សព្វផ្សាយអប់រំក្នុង​សហគមន៍អំពី​ការបង្ការ និងការពារជំងឺ​គ្រុនឈាម ដល់ប្រជាពលរដ្ឋប្រមាណចំនួន​ ១៥៥ នាក់ នៅភូមិ តាវែង​ ឃុំ តាវែងក្រោម ស្រុកតាវែង​ ខេត្តរតនគិរី។

ឆ្លៀតក្នុងឱកាសនោះ​ លោកនាយកក៏បាន​ជម្រាបជូន ពីប្រវត្តិចលនា​កាកបាទ ក្រហម ​អឌ្ឍចន្ទក្រហម និងសកម្មភាព​នានាតាមវិស័យ​ស្នូលទាំង៤របស់​កាកបាទក្រហមកម្ពុជា ។ បន្ទាប់មក​ក៏បានផ្តល់ជូនសារសំខាន់ៗទាក់ទង​នឹងការការពារ ​និងការត្រៀមបង្ការ​ជំងឺគ្រុន ឈាមរួមមាន៖

-ដើម្បីការពារជំងឺ​គ្រុនឈាម ត្រូវរួមគ្នាបំបាត់​ជម្រកមូសខ្លាតាមរយៈ​ការកាប់ឆ្ការព្រៃ និង លាងសំអាតពាងឬអាងទឹក ​ហើយគ្របវាអោយបានជិតល្អ
-កប់ឬកម្ទេចចោល​វត្ថុដក់ទឹកនៅ ជិតផ្ទះ ដូចជា​សំបកកំប៉ុង សំបកកង់ឡាន-ម៉ូតូ ។ល។
-ត្រូវសម្រាន្ត​ក្នុងមុងជានិច្ច និង​ស្លៀកពាក់ខោអាវ​អោយជិតៗ
-ករណីសង្ស័យថា​អ្នកជំងឺមានជំងឺ គ្រុនឈាម​ ដោយមានរោគសញ្ញា​ដូចក្នុងខិត្តប័ណ្ណ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ/មណ្ឌលសុខភាពដើម្បី​ទទួលការព្យាលបាលអោយ​បានត្រឹមត្រូវ។

ផងដែរលោកនាយក​ក៏បានណែនាំបន្ថែម​ដល់អ្នកស្ម័គ្រចិត្ត ​ជួយណែនាំបន្ថែមដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន​ អោយបានយល់ និង​ការចូលរួម ទប់​ស្កាត់ការរីករាលដាលជំងឺគ្រុន​ឈាមទាំងអស់គ្នា ។ ក្នុងនោះសាខា​បានចែកជូន ខិត្តប័ណ្ណ​ អប់រំអំពីការបង្ការ ​និងការពារជំងឺគ្រុនឈាម ​និង សាប៊ូដុំសម្រាប់លាងដៃដល់​អ្នកចូលរួមទាំងអស់ ផងដែរ។

 

វគ្គ ផ្សព្វផ្សាយមូលដ្ឋានគ្រឹះចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៅ ឃុំកណ្កែក ស្រុកប្រាសាទបាគង

សាខាកក្រកខេត្តសៀមរាប៖ ​នៅថ្ងៃសុក្រ ១០រោចខែអាសាឍ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទទី ២៦ខែកក្កដាឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ ការិយាល័យអភិវឌ្ឍសាខា ដឹកនាំ​ដោយលោកលិវ ឡន​ និងមន្រ្តី២រូប បានបើកវគ្គ ផ្សព្វផ្សាយ​មូលដ្ឋានគ្រឹះចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជន​កាកបាទក្រហមកម្ពុជា​ ចំនួន៤៣នាក់ ស្រី ៣៦នាក់ នៅវិទ្យាល័យ ​ហ៊ុនសែន ស្វាយធំ​ ស្ថិតនៅ ឃុំកណ្កែក ស្រុកប្រាសាទបាគង ​។ វគ្គនេះរៀបចំឡើង ក្នុងគោលបំណងផ្ដល់​នូវចំណេះដឹងអំពីចលនា កាកបាទក្រហម​ អឌ្ឍចន្ទក្រហម អំពីវិជ្ជា​សង្គ្រោះបឋម ដើម្បី បណ្តុះស្មារតី​មនុស្សធម៌ ចេះចែករំលែក ​និងជួយសង្គ្រោះជន​រងគ្រោះដោយ​ឧបទ្ទវហេតុ​ផ្សេងៗ បានទាន់ពេលវេលា ។ ​ហើយនៅចុងបញ្ចប់​នៃកម្មវិធីផ្សព្វផ្សាយ គឹបាន​បញ្រ្ជាបអំពីវិធីកំចាត់​ជំរកមូសខ្លា និងវិធីការពារជម្ងឺ​ គ្រុនឈាម។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីមេម៉ាយគ្មានទីពឹងក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍

សាខាកក្រក​ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃពុធ ៨រោច​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៤​ ខែ កក្កដា ឆ្នាំ​ ២០១៩នេះ​ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ដឹកនាំ​ដោយ ឯកឧត្តម​ សុខ លូ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ និងសហការី​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយ​ មនុស្សធម៌ ទៅចែកជូន​ដល់ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាត ​ចាស់ជរាគ្មានទីពឹង ជនពិការ​ ស្រ្តីមេម៉ាយគ្មានទីពឹង​ ចំនួន ៧៤គ្រួសារ មកពីភូមិ​ចំនួន៧ ក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។

មានប្រសាសន៍ទៅកាន់​លោកតាលោកយាយបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម​ប្រធានគណៈកម្មាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរ​សុខទុក្ខពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលសម្តេចតែងតែ​យកចិត្តទុកដាក់គិតគូរ​ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេស​ជនរងគ្រោះ និងងាយរងគ្រោះ ​ដោយមិនប្រកាន់ពីវណ្ណៈ​ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល ​"ទីណាមានការលំបាក​ ទីនោះមាន​កាកបាទក្រហមកម្ពុជា" ។

ឯកឧត្តមបានគូសបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា ក្នុងនាម​ជាជំនួយការឲ្យអាជ្ញាធរ​សាធារណៈលើវិស័យមនុស្សធម៌​ គឺបានដើរតួនាទីយ៉ាងសកម្ម​ ក្នុងការចុះជួយដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ និងងាយរងគ្រោះដោយប្រការផ្សេងៗ​ នៅតាមមូលដ្ឋានទូទាំង២៥រាជធានីខេត្ត​ និងគ្រប់ទីកន្លែងដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយ​យើងមិនបានដឹងនោះទ្បើយ​ សំដៅចូលរួមជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង​ឱ្យធ្លាក់មកនៅកំរិតទាបបំផុត ។

ជាទីបញ្ចប់ ឯកឧត្តម​ប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវ​ដល់គ្រួសារទាំងអស់​ត្រូវប្រុងប្រយ័ត្នការពារកុំឱ្យមូសខ្លាខាំ ត្រូវ​គេងក្នុងមុង និងត្រូវ​បំបាត់ជម្រកមូសជុំវិញផ្ទះ ​និងក្នុងសហគមន៍របស់ខ្លួន ដេីម្បីជៀសវាងជំងឺគ្រុនឈាម​ដែលកំពុងរាលដាលលើ​មនុស្សគ្រប់វ័យ និងត្រូវជៀស​ឱ្យឆ្ងាយយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​​ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍​ បេីកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង​ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះផ្សព្វផ្សាយអប់រំក្នុងសហគមន៍អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ នៅ ស្រុកអណ្តូងមាស

សាខាកាកបាទក្រហម ​ខេត្តរតនគិរី បន្តចុះផ្សព្វ​ផ្សាយអប់រំ​ក្នុងសហគមន៍អំពី​ការបង្ការ និង​ការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ​ចំនួន ១៣៥ នាក់ ស្រី៦៨ នាក់ ​នៅភូមិ លោម ឃុំម៉ាលិក​ ស្រុកអណ្តូងមាស ​ខេត្តរតនគិរី នាព្រឹក ថ្ងៃទី ២៤ ​ខែកក្កដា ឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនោះ ​លោក ឌឹម ណាត ​នាយកសាខា​ បានផ្សព្វផ្សាយសង្ខេ​បពីប្រវត្តិចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម, សកម្មភាព​នានាតាមវិស័យស្នូលទាំង៤ ​និងសមាសភាពថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ជាប្រធាន និងសាខាខេត្ត​ មានឯកឧត្តម ថង សាវុន ​ជាប្រធានផងដែរ។

នៅក្នុងការផ្សព្វផ្សាយសាខាបាន​ចែកជូននូវខិត្តប័ណ្ណ និង​ផ្តល់សារអប់រំអំពីការបង្ការ​ និងការពារជំងឺគ្រុនឈាម មួយចំនួនដល់​ប្រជាពលរដ្ឋដូចជា៖
-ដើម្បីការពារជំងឺគ្រុនឈាម ​ត្រូវរួមគ្នាបំបាត់ជម្រកមូស​ខ្លាតាមរយៈការកាប់ឆ្ការព្រៃ ​និង លាងសំអាតពាងឬអាងទឹក ហើយគ្របវា​អោយបានជិតល្អ
-កប់ឬកម្ទេចចោលវត្ថុដក់​ទឹកនៅ ជិតផ្ទះ ដូចជាសំបកកំប៉ុង​ សំបកកង់ឡាន-ម៉ូតូ ។ល។
-ត្រូវសម្រាន្តក្នុងមុង​ជានិច្ច និងស្លៀកពាក់​ខោអាវអោយជិតៗ
-ករណីសង្ស័យថាអ្នកជំងឺមាន​ជំងឺ គ្រុនឈាម ដោយមានរោគសញ្ញា​ដូចក្នុងខិត្តប័ណ្ណ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ/មណ្ឌល​សុខភាពដើម្បីទទួលការព្យាល​បាលអោយបានត្រឹមត្រូវ។

លោកនាយកក៏បានសំណូម​ពរដល់អ្នកដែលបាន​ចូលស្តាប់ការផ្សព្វផ្សាយ​នាពេលនេះ ជួយបន្តដល់អ្នកនៅជុំវិញយើងអោយបានយល់ពីការ​ការពារ និងការចូលរួម​ទាំងអស់គ្នា ព្រោះថា​បើការពារតែផ្ទះយើង អ្នកជិតខាងមិនបានចូលរួមកាពារ នោះ​ការរីករាលដាលនៃជំងឺគ្រុនឈាម​នៅតែកើតមានដដែល។

 

Fist Prev 4 5 6 7 8 Next Last