Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ

កម្មវិធីប្រឡងគំនូរកុមារនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ

កក្រក​ ៖​ ដើម្បីឈានឆ្ពោះ​អបអរខួប​ទី១៥៦ ទិវាពិភព​លោកកាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០១៩ ​ខាងមុខនេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមាន​កម្មវិធីប្រឡង​គំនូរកុមារក្រោមប្រធានបទ “ខ្ញុំស្រឡាញ់​កាកបាទក្រហមកម្ពុជា” ដែលកម្មវិធីនេះ​បានផ្តល់ឱកាសដល់​កុមារគូររូបគ្រប់ទិដ្ឋភាព​នៃសកម្មភាព​ដោយផ្តោតលើសេចក្តីស្រឡាញ់ចំពោះ​កុមារ ជនពិការ ចាស់ជរា ឱ្យបានគ្រប់​ជ្រុងជ្រោយ ដែលមាន​ការពាក់ព័ន្ធវិស័យស្នូលទាំង៤ របស់កាកបាទ​ក្រហមកម្ពុជា គឺការងារ​គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាពនិង​ការថែទាំសុខភាពតាមសហគមន៍, ការលើកកម្ពស់​គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍ​ស្ថាប័ន។

ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ 
បានចុះពិនិត្យមើលការគូរគំនូរ​កុមារ ដើម្បីជ្រើសរើស​គំនូរដែលជាប់ចំណាត់ថ្នាក់ យកទៅចូល​រួមប្រឡងគំនូរថ្នាក់ជាតិ ដោយមានការអញ្ជើញ​ចូលរួមពីលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងចូលរួមត្រួតពិនិត្យបច្ចេក
ទេសពីសំណាក់លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា។

គំនូរជ័យលាភីថ្នាក់ខេត្តដែលត្រូវ​ជ្រើសយកទៅ​ប្រឡងថ្នាក់ជាតិបានទៅលើ ៖
១. កុមារី វលក្ខ បូរ៉ាហ្សាណាហេនាជូលី មកពីសាលាបឋមសិក្សា កំពង់ស្លែង
២. កុមារា សយ លីហេង មកពីសាលាបឋមសិក្សាអង្គប្រិយ៍ 
៣. កុមារា កាន វណ្ណៈ មកពីសាលាបឋមសិក្សាត្រាំ។

សូមបញ្ជាក់ថា៖ ជ័យលាភីលេខ១ ទទួលបានថវិកា ១០ម៉ឺនរៀល, លេខ២ ថវិកា ៨ម៉ឺនរៀល និងលេខ៣ ថវិកា ៦ម៉ឺនរៀល។ ដោយឡែកកុមារ ដែលពុំទទួលបានជ័យលាភី ក៏ទទួលបានប្រាក់លើកទឹកចិត្ត និងសម្ភារសិក្សាមួយចំនួន ព្រមទាំងជូនលោកគ្រូ អ្នកគ្រូដែលជូនសិស្សមកប្រឡង ក្នុងម្នាក់ៗនូវថវិកា ៣ម៉ឺនរៀល៕

 

យុវជនកាកបាទក្រហមកម្ពុជា ចូលរួមយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថាន

សាខាកក្រកខេត្ត​បាត់ដំបង​,នៅព្រឹកថ្ងៃពុធ ១៥ កើត ខែផល្គុន​ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ​ក្រុមការងារសាខា​កក្រកខេត្តដឹកនាំ​ដោយលោក យ៉ាន ឧត្តម នាយករង​សាខា បានដឹកនាំកម្លាំង​យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ស្រី​៣០នាក់ចូលរួមយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថាន​ក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ​ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តមសឿម ប៊ុន រិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្ត បាត់ដំបង ព្រមទាំងវត្តមាន ឯកឧត្តម លោក ជំទាវ អស់លោក លោក ស្រី មកពីស្ថាប័ន មន្ទីរពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធ ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អង្គការសង្គមសីុវិល ប្រមាណ ៥០០ នាក់ ចូលរួម។ គូសបញ្ជាក់ថា យុទ្ធនាការនេះរៀបចំទ្បើង ក្នុងគោលបំណងដើម្បីអោយសាធារណ:ជន ​យល់ដឹង និងអនុវត្តឱ្យបានល្អលើការគ្រប់គ្រងសំរាម សំណល់រឹង ដោយអនុលោម ទៅតាមគោលការណ៍ណែនាំ​ស្តីពីបច្ចេកទេសដ៏ប្រសើរ​ដែលអាចរកបាន( BAT) និងការប្រតិបត្តិបរិស្ថានដ៏ប្រសើរ​ (BEP) នៃ អនុសញ្ញា​ស្តុកខុម ស្តីពីសារធាតុពុល​សរីរាង្គមិនងាយបំបែកធាតុ (POPs)រៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាននៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន ដោយសហការ​ជាមួយអង្គការ UNIDO ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រក​ខេត្តព្រះវិហារ៖នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩ នេះសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋាន​យុវជនកាកបាទក្រហម​កម្ពុជា ជូនយុវជនកាកបាទក្រហម​កម្ពុជាវិទ្យាល័យសម្តេច ហ៊ុន សែន ក្រពុំឈូកចំនួន៥២នាក់ និងធ្វើពិធីបំពាក់​កន្សែងជូនយុវជនទើប​រើសថ្មីចំនួន១៧នាក់ ស្រី ១៧នាក់ នៅភូមិស្វាយប៉ាត ​ឃុំរំដោះ ស្រុករវៀង ក្រោមវត្តមាន លោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ លោកអនុប្រធានគណ:កម្មាធិការសាខា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់​ហើយទៅបន្តការសិក្សា សាលា​បានរើសយុវជនបំពេញ​ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះ​គោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជន​កាកបាទក្រហម​ ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះ​ដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយ​ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយ​ពីគ្រឿងញៀន ។
-គោរពច្បាប់​ចរាចរអោយខ្ចាប់ខ្ជួន ។
-ចូលរួមថែរក្សាអនាម័យនិងសំអាត​នៅសាលានិងតាមកន្លែងផ្សេងៗ 
-ជួយកិច្ចការផ្ទះ បន្ទាប់​ពីការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់កញ្ចប់វិជ្ជាសង្គ្រោះបឋម​ចំនួន១ និងថវិកាឯកឧត្តម អ៊ុន ចាន់ដា ​ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ ជូនក្លឹបយុវជន​ចំនួន ៥០០,០០០រៀលផងដែរ ។

 

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងវិជ្ជាសង្គ្រោះបឋមនៅខេត្តកំពង់ធំ

សាខាកក្រកខេត្តកំពង់ធំ ៖​ នៅព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីបើក​វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា​អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ ព្រមទាំងវិជ្ជាសង្គ្រោះបឋម ដល់អ្នកស័្មគ្រចិត្តដែលបាន
ជ្រើសរើសថ្មីចំនួន ៣០នាក់ មកពីឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ដែលមានរយៈ ពេល ​៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ក្រោមវត្តមាន ​លោក សាយ គឹមឡម អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ។

វគ្គបណ្តុះបណ្តាលនេះ​មានគោលបំណង ដើម្បីផ្តល់ចំណេះដឹងពង្រឹ​ងនិងពង្រីកសមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត កាកបាកបាទក្រហម​កម្ពុជា ឱ្យយល់ដឹងពីប្រវត្តិ​ចលនាអន្តរជាតិកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម ព្រមទាំងវិជ្ជាសង្គ្រោះបឋម។

ក្នុងឱកាសពិធីបើកវគ្គ​បណ្ដុះបណ្ដាលនេះ លោក សាយ គឹមឡម បានពាំនាំនូវ​ប្រសាសន៏ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹក​បំផុតពីសំណាក់ ឯកឧត្តម សុខ លូ ប្រធាន​គណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ដោយមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា សូមឱ្យមានសុខភាពល្អបរិបូរណ៍ ​ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំ​មាំមួន សម្រាប់បំពេញសកម្មភាព​ការងារមនុស្សធម៌បន្តទៀត ។ ជាមួយគ្នានេះដែរ​លោក អនុប្រធានអនុសាខា​បានកោតសរសើរ​ចំពោះអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់​ពង្រឹងនិងពង្រីកសកម្មភាព​មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹម​ចាប់តាំងពីមុនមក រហូតមកដល់ពេល​ច្ចុប្បន្ននេះដោយពុំបានគិត​ពីផលប្រយោជន៏ផ្ទាល់ខ្លួនឡើយ។

ក្នុងនោះដែរ លោកអនុ​ប្រធាន អនុសាខាសុំឲ្យ​សិក្ខាកាមទាំងអស់ ខិតខំ​យកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះ និងជំនាញដែល​បានបណ្តុះបណ្តាល យកទៅផ្សព្វផ្សាយ​បន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និង
សហគមន៏ ជាពិសេស​នៅពេលដែល​ប្រជាពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់ អាចជួយសង្គ្រោះ​បានទាន់ពេលវេលា៕

វគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យ ដល់គណៈកម្មការថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យនៅខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្នាក់ការ​អនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើន​និរន្តរភាពការ​ប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍​អនាម័យ នៃសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក្រោមការ​ឧបត្ថម្ភពីមូលនិធិសប្បុរសធម៌កាទ្យេ តាមរយៈសហពន្ធ័​អន្តរជាតិ កាកបាទក្រហម​ អឌ្ឈចន្ទក្រហម បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងជួសជុល​ឧបករណ៍ សម្ភារអនាម័យ ដល់គណៈកម្មការ​ថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យ ​ដែលវគ្គ បណ្តុះបណ្តាលនេះ​មានរយៈពេល ១ ថ្ងៃ ក្រោមការ សម្របសម្រួល​ពី មន្ត្រីគម្រោង សហការជាមួយបុគ្គលិក​មកពី ក្រុមហ៊ុនប្រពន្ធ័​សូឡាបូមទឹក​ដោយស្វ័យប្រព័ន្ធ ​ក្រោមប្រធានបទ ​ការប្រើប្រាស់ ការថែទាំ និងជួសជុលប្រពន្ធ័សូឡាបូមទឹកដោយស្វ័យប្រពន្ធ័ ។ ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា ព្រមទាំង លោក លោកស្រី ជាប្រធានក្រុមអ្នកស្មគ្រ័ចិត្ត និងអ្នកទទួលផលពីគម្រោង សរុបចំនួន ២៥ នាក់ មកពីឃុំគោលដៅ ​៣ ក្នុងស្រុកចន្ទ្រាគឺឃុំ ចន្ទ្រា​ ទួលស្តី និងឃុំសំរោង ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ​ផ្តល់ចំណេះដឹង ដល់ក្រុមគាំទ្រសហគមន៍​ ស្តីពីការថែទាំ និងជួសជុលសម្ភារអនាម័យ ដើម្បីឲ្យឧបករណ៍សម្ភារអនាម័យទាំងនោះ​មាននិរន្តរភាព និងប្រើប្រាស់បានយូអង្វែង។


លោក សរ វណ្ណា នាយកសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា មានមតិសំណេះសំណាលក្នុងពិធី​បើកវគ្គនេះដោយបញ្ជាក់​ពីសារៈសំខាន់នៃវគ្គនេះក្នុងការថែរក្សា​សម្ភារ ដែលបានទទួលពីគម្រោង ។ លោកនាយកសាខា​ក៍បានបញ្ជាក់ផងដែរ​អំពីការជ្រើសរើស និងគ្រប់គ្រង​កំលាំង អ្នកស្មគ្រ័ចិត្តដែលជាប្រភពធនធានមនុស្ស​កំពុងរស់នៅជាមួយ​សហគមន៍នៅពេលជួបគ្រោះភ័យ​ ហើយសកម្មភាពនេះឆ្លើយតបទៅនឹងអនុសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលត្រូវពង្រឹងកំលាំងធនធាន​មនុស្ស និង សមត្ថភាព ​ដល់អ្នកស្មគ្រ័ចិត្ត​ឲ្យបានទាំងបរិមាណ និង គុណភាព ហើយក្រោយពីបញ្ចប់វគ្គនេះ​ទៅត្រូវយកចិត្តទុកដាក់​ ក្នុងនាមជាអ្នកស្មគ្រ័ចិត្ត ​ជាអ្នកសង្គ្រោះ ឆ្លើយតប​ទៅនឹងគោលការណ៍គ្រឹះទាំង ៧ របស់ចលនា​កាកបាទក្រហម ហើយត្រូវយក​វិជ្ជានេះទៅអប់រំបន្តដល់ប្រជាពលរដ្ឋ នៅសហគមន៍​ដែលខ្លួនកំពុងរស់នៅ ។

Fist Prev 3 4 5 6 7 Next Last