Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

យុទ្ធនាការដាក់ថ្នាំអាបែត តាម អាងទឹក ពាងទឹក ធុងទឹកនៅក្នុងភូមិអាចារ្យលាក់ ភូមិក្រចាប់ ភូមិព្រៃបន្លិច ក្នុង សង្កាត់រអាចារ្យលាក់ ក្រុងស្ទឹងសែន

សាខាកក្រកខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០១៩ នេះ លោកស្រី ​ឌុក ស៊ីដា នាយកប្រតិបត្តិ​សាខាកាកបាទកម្ពុជា​ខេត្តកំពង់ធំ បានដឹកនាំមន្រ្តីសាខា អ្នកស្មគ្រ័ចិត្ត​ យុវជនកាកបាទក្រហម​កម្ពុជា មន្ត្រីមណ្ឌលសុខភាព ​អាជ្ញាធរដែនដី សហការ​ជាមួយមន្ទីរសុខាភិបាល​ខេត្តកំពង់ធំ ដោយបានការអញ្ជើញចូលរួ​មពីលោកវេជ្ជ.ស្រី ស៊ីន ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បានចុះធ្វើយុទ្ធនាការ​ដាក់ថ្នាំអាបែត តាម អាងទឹក ពាងទឹក ធុងទឹកនៅក្នុងភូមិអាចារ្យលាក់ ​ភូមិក្រចាប់ ភូមិព្រៃបន្លិច ក្នុង ​សង្កាត់រអាចារ្យលាក់ ​ក្រុងស្ទឹងសែន បានចំនួន៨១៣ គ្រួសារ ស្មើនឹង​ទឹកចំនួន១២.០០០.៣៥៣ លីត្រ ក្នុងនោះមាន២.៤០៥ អាង/ពាង។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង​ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម​ ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ហើយយុទ្ធនាកានេះ​ត្រូវបានធ្វើឡើង​ជាក្រុមដើម្បីផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖

១. សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា ​និងធានាថា មិនមានដង្កូវទឹក​ នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល ​នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិនប្រើប្រាស់​ សំបកដប សំបកដូង ​និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេន​ផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ​ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ​ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត​ ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២. ត្រូវកំចាត់សត្វមូសខ្លា តាមរយៈ​រៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ​ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ ​និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ​ក្នុងករណីមានការបាញ់​ថ្នាំសម្លាប់មូស។

៣. ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ​ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាក​នៅកន្លែងដែលមិនមាន​ពន្លឺគ្រប់គ្រាន់នោះទេ។

៤. ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព​ ដែលនៅជិតអ្នកបំផុត​ ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ ​របស់អ្នកមានសញ្ញា ឬសញ្ញាណជំងឺ ​ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញា​បន្ទាប់បន្សុំផ្សេងទៀត​ ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ​ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕

 

យុវជនស្ម័គ្រនៃអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសៀមប៉ាង ដែលទើបតែបំពាក់កន្សែងចំនួន ២០នាក់ ក្នុងនោះស្រី១០នាក់ នាកន្លងទៅថ្មីៗនេះ បាននាំគ្នាដាំកូនឈើ នៅក្នុងបរិវេណនៃវិទ្យាល័យសៀមប៉ាង ខេត្តស្ទឹងត្រែង។

សាខាកក្រកខេត្តស្ទឹងត្រែង៖​ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ​គឺជាកម្លាំងស្នូល​មិនអាចខ្វះ​បាន ដើម្បីសម្រេចបានគោលដៅ សកម្មភាពមនុស្សធម៌ ក្រោម​ប្រធានបទ « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល » ។

នាថ្ងៃ សៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩ យុវជនស្ម័គ្រនៃអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសៀមប៉ាង ​ដែលទើបតែបំពាក់​កន្សែងចំនួន ២០នាក់ ក្នុងនោះស្រី១០នាក់ នាកន្លង​ទៅថ្មីៗនេះ បាន​នាំគ្នាដាំកូនឈើ នៅក្នុង​បរិវេណនៃវិទ្យាល័យ​សៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពដ៏ល្អខាងលើនេះ​ ពួកគាត់ទាំង​អស់គ្នាមានគោលបំណង រួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ជួយឱ្យមានខ្យល់អាកាសបរិសុទ្ធធ្វើឲ្យផែនដី នឹងទីធ្លាសាលារៀនមាន​ភាពស្រស់ បំព្រងព្រមទាំងចូលរួមបណ្តុះគំនិតមិត្តអប់រំមិត្ត ​នៅក្នុងសាលាឱ្យមានទឹកចិត្តស្រឡាញ់ដើមឈើ​ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា​ ព្រមទាំងបន្តរួមគ្នាដាំកូនឈើ​នៅតាមសហគមន៍​ ទីអារាមសាលា ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន ​និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍​ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍​យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។

 

យុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចណ៍នៅ តាមស្តុបគោលដៅចំនួន៣ ក្នុងខេត្តព្រះសីហនុ។

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ​ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ​ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាន​ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ក្នុងការ​ជួយសម្រួលចរាចណ៍នៅ​ចំណុចផ្លូវកែងស្តុបទៅតាម​ស្តុបគោលដៅចំនួន៣គឺ ស្តុបផ្សារពាណិជ្ជកម្ម ស្តុបកាល់តិច​ និងស្តុបផ្សារលើ ​ក្នុងខេត្តព្រះសីហនុ។

ការសម្រួលចរាចរណ៍នេះ ​មានការចូលរួមពីមន្ត្រីប្រតិបត្តិសាខា ​កងកម្លាំងប៉ូលីសចរាចរណ៍ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម​កម្ពុជា ដែលមកពីវិទ្យាល័យ​ចំនួន៣ សរុបចំនួន ៤១នាក់ (ស្រី ២៣នាក់) ក្នុងគោលបំណង ដើម្បីប្រជាពលរដ្ឋ​យល់ដឹងជាមូលដ្ឋានអំពីច្បាប់​ចរាចរណ៍ផ្លូវគោកនៃ​ព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយនូវ​អត្រាស្លាប់ និងរបួសដោយសារ​គ្រោះថ្នាក់ចរាចរណ៍ មិនបើកបរ​ក្រោមឥទ្ធិពលគ្រឿងស្រវឹង មានសុជីវធម៌ល្អ ​សីលធម៌ល្អ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញ​ទៅមក និងជាពិសេស​ក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងខេត្ត ​ក៏ដូចជាក្នុងប្រទេស​យើងទាំងមូលមានរបៀបរៀប​រយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាពផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រគល់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេហ្វ ជូនប្រជាពលរដ្ឋ នៅភូមិព្រៃមង្គល់ សង្កាត់អូរតាវ៉ៅ

សាខាកក្រកខេត្តប៉ៃលិន​ ៖​ នៅថ្ងៃសៅរ៍ ៥កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវទី០៦ ខែកក្កដា ឆ្នាំ២០១៦៩ នេះ ​លោកជំទាវ ពៅ សុខ​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តប៉ៃលិន​ និងឯកឧត្តម​ ផាន់ ចាន់ធុល រួមដំណើរ​ដោយសមាជិកសមាជិកាសាខា អនុសាខាក្រុងប៉ៃលិន និងសហការី​ បានអញ្ជើញប្រគល់​អណ្តូងទឹកស្អាតប្រភេទ​អាហ្រ្វីដេហ្វចំនួន​ ១ ជាអំណោយកាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ​ ៤០០នាក់ រស់នៅភូមិព្រៃមង្គល់​ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ​ លោកជំទាវ​អនុប្រធានគណៈកម្មាធិការសាខា​ មានប្រសាសន៍ឱ្យដឹងថា អណ្តូងទឹកស្អាត១នេះ មានលេខរៀងទី២៧ ហើយ អណ្តូងនីមួយៗ មានជម្រៅ​ ៤០ម៉ែត្រ ដល់៥០ម៉ែត្រ និងមានកម្ពស់ទឹកមធ្យម ៦ម៉ែត្រគូប​ និងធាទឹក៤ម៉ែត្រគូប។​ ទន្ទឹមនឹងនោះ លោកជំទាវ​ បានពាំនាំប្រសាសន៍​ផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកជំទាវ​ បាន ស្រីមុំ​ ប្រធានគណ:កម្មាធិការ​សាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយបានចាត់ឲ្យក្រុមការងារ​ចុះធ្វើ និងប្រគល់ឲ្យភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ​ ដោយមិនឲ្យពួកគាត់ទន្ទឹង​ចាំយូរឡើយ។ ជាមួយគ្នានោះ​ លោកជំទាវ​ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមចំណែកទាំងអស់គ្នា​ ថែរក្សាអណ្តូងថ្មីនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ហើយអណ្តូងទាំងនេះក៏មិនមែនសមិទ្ធផល​ចុងក្រោយនោះទេ ពីព្រោះនេះជាយុទ្ធសាស្រ្តត្រៀមបង្ការ ដែលជា​ចក្ខុវិស័យ​យូរអង្វែងរបស់​កាកបាទក្រហមកម្ពុជា៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

សាខាកក្រក ខេត្តកោះកុង ​៖ នាល្ងាចថ្ងៃសៅរ៍ ​៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ៦ ខែកក្កដា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ដឹកនាំដោយ​ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ​និងសហការី​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ទ្រាក់ចំនួន​ ២៩គ្រួសារ (ក្នុងនោះរស់នៅ ​ភូមិ២ ឃុំពាមក្រសោប ២៦គ្រួសារ និងភូមិតាចាត​ ឃុំទួលគគីរ ចំនួន០៣គ្រួសារ) នៃស្រុក​មណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ ​លោកជំទាវប្រធានគណៈកម្មាធិការសាខា​ បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច ​តែងតែ​គិតគូរអំពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ​ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ជាមួយគ្នានេះ​ លោកជំទាវ បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ពិសេសបងប្អូនប្រជានេសាទ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗ​ខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ​ ត្រូវស្លៀក​ខោអាវវែង និងគេងនៅក្នុង​មុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល​ ព្រមទាំងចេះសម្អាត​អនាម័យជុំវិញខ្លួន និងចូលរួមគោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម ​មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ឡូ តង់១ និងអាវយឺត២។ ដោយឡែក​ ហ្វីប្រូស៊ីម៉ង់​ ៧៥២សន្លឹក និងស័ង្កសី ២២សន្លឹក ព្រំ១០គូរ ឆ្លើយតប ទៅតាមទំហំនៃការខូចខាតរបស់​គ្រួសាររងគ្រោះនីមួយៗ៕

 

Fist Prev 3 4 5 6 7 Next Last