សាខាកាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង នាំអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិត្នោយម្លូ ខេត្តព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ លោក ហោ ប៊ុនហួរ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោក សុខ សុផាត អាយុ ៥៥ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិត្នោយម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរលោកអនុប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុករវៀង បានសម្ដែងនូវការសោកស្ដាយចំពោះឧប ទ្ទវហេតុភ្លើងឆេះផ្ទះនេះហើយ បានផ្តាំផ្ញើសូមលោកកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹម ជីវិតដើម្បីសម្រាលនូវជីវ ភាពរស់នៅ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ឡើងជាយថា ហេតុ ។
សម្ភារដែលបានផ្តល់ជូនរួមមាន៖អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ តង់១ សារុង១ ក្រមា១ មុង១ ភួយ ១ និងថវិការបស់លោក ហោ ប៊ុនហួរ និងសប្បុរសជនចំនួន ២,៤៧៣,០០០ រៀល ។

យុទ្ធនាការ ផ្សព្វផ្សាយពីការបង្ការ និងការពារជំងឺគ្រុនឈាម នៅ ស្រុកវើនសៃ ខេត្តរតនគិរី
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត រតនគិរីដឹកនាំដោយលោកឌឹម ណាត នាយកសាខា សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំធ្វើយុទ្ធនាការ ផ្សព្វផ្សាយពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋចំនួន ៥៥ នាក់ ស្រី ២៣ នាក់ នៅសាលាឆទានភូមិកាចូន និងដាក់ថ្នាំអាបែតជូនប្រជាពលរដ្ឋ នៅក្នុងភូមិកាចូន ឃុំកចូន ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីសម្លាប់ដង្កូវទឹកមូសខ្លា រួមចំណែកទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅឆ្នាំ ២០១៩នេះ។
បន្ទាប់ពីយុទ្ធនាការនៅភូមិកាចូន ក្រុមការងារបានអោយអ្នកស្ម័គ្រចិត្តនៅភូមិផ្សេងទៀត ជួយណែនាំបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អោយបានយល់ពីការទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម និងបន្តដាក់ថ្នាំអាបែតនៅភូមិចំនួន៥ភូមិទៀតរួមមានៈ ភូមិទៀមលើ ភូមិកាឡឹម ភូមិកាចូនលើ ភូមិវ៉ង និងភូមិវ៉ាយ។ ក្នុងយុទ្ធនាការនេះសាខាបានចែកជូន ខិត្តប័ណ្ណ អប់រំអំពីការបង្ការ និងការពារជំងឺគ្រុនឈាម និង សាប៊ូដុំសម្រាប់លាងដៃដល់អ្នកចូលរួមទាំងអស់ ផងដែរ ចំណែកមន្ទីរសុខាភិបាលប្រើប្រាស់ថ្នាំអាបែតចំនួន៦០គីឡូក្រាម។

យុវជនកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍នៅតាមគោលដៅ ក្នុងទីរួមខេត្តព្រះសីហនុ
សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពីថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍នៅតាមគោលដៅចំនួន ២កន្លែងរួមមាន ស្តុបកាល់តិច និងស្តុបផ្សារលើ ដែលមានការចូលរួមសម្របសម្រួលពីមន្ត្រីសាខា កងកម្លាំងប៉ូលីសចរាចរណ៍ខេត្ត គ្រូទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៤នាក់ (ស្រី ១១នាក់) មានរយៈពេល ២ថ្ងៃ ដោយគិតចាប់ថ្ងៃទៅ ២៧ ដល់ទី ២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅក្នុងទីរួមខេត្តព្រះសីហនុ។
ការចុះជួយសម្រួលចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងជួយផ្សព្វផ្សាយដល់សាធារណជនទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងគ្រូទីប្រឹក្សា សរុបចំនួន ២៨ នាក់ ស្រី ១០នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងស្តុបចំនួន២រួមមាន៖ ផ្លូវកែងស្តុប ( ១១៥-២១ ) និងផ្លូវកែងស្តុប ( ១១០-២១) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍នៅតាមស្តុបគោលដៅនីមួយៗគឺ៖ ក្នុងគោលបំណងសំដៅជួយដាស់តឿនក្រើនរម្លឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងធ្វើដំណើរតាមដងផ្លូវ សូមមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ ព្រមទាំងចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងក្រុង ក៏ដូចជានៅទូទាំងប្រទេសទាំងមូល មានរបៀបរៀបរយ និងការធ្វើដំណើរប្រកបដោយសុវតិ្ថភាព ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ មកពី ឃុំអន្លង់ជ្រៃ ក្នុងស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង
សាខាកក្រកខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី សន សុខា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា ប្រធានកិត្តិយសអនុសាខាស្រុកថាឡាបរិវ៉ាត់ ក្រុមប្រតិបត្តិសាខា ព្រមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២០ខ្នង ស្មើនឹង២០គ្រួសារ មកពីភូមិអន្លង់ស្វាយ ឃុំអូររៃរងគ្រោះ១៨គ្រួសារ, ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃចំនួន២គ្រួសារ ក្នុងស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នាឱកាសនោះ លោកស្រីក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះផ្ទាល់ ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ អ្វីទាំងអស់។
ទន្ទឹមគ្នានេះដែរ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ការគោរពច្បាប់ចរាចរណ៍ ការបង្ការជម្ងឺឆ្លងនានា ជាពិសេសជំងឺគ្រុនឈាមដែលកំពុងរាលដាលយ៉ាងខ្លាំងទៅលើកុមារតូចៗ ហើយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ហើយមានខ្យល់ខ្លាំង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រកទីកន្លែងណាដែលមានសុវត្ថិភាពដើម្បីធានាបាននូវសុវត្តិភាព ក្រែងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គក្រ ត្រីខ១យួរ មី១កេស តង់១ ឃីត១កញ្ចប់(អាវ មុង ភួយ សារុង ក្រម៉ា) ថវិកាចំនួន៥០,០០០រៀល ព្រមទាំងស័ង្គសី ១៧០សន្លឹក ដែកគោលមួក ១២គក្រ ប្រគល់ជូនតាម រយៈអនុសាខាស្រុក ដើម្បីបែងចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះតាមទំហំនៃការខូចខាតជាក់ស្តែងរបស់គ្រួសារនីមួយៗ ។