Webmail
E-Learning
សេវាយើង

សេវាយើង

ក្លិបយុវជនកាកបាទក្រហមកម្ពុជាផ្តល់កង់ដល់និស្សិតទីទ័លក្រ

កក្រក៖​ ព្រឹក​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០១៧​ ទីប្រឹក្សា​ក្លឹប​យុវជន​កក្រក​និង​សាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​នាំ​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ដល់​និស្សិត​ឈ្មោះ​ លន់ ហេន​ ភេទ​ស្រីស្រុកកំណើតភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចប្បន្ន​កំពុង​សិក្សា​ជំនាញ​ទេសចរណ៍​ហើយ​មាន​ជីវភាព​ខ្វះខាត​ក្នុងការរស់​នៅ​និង​ការសិក្សា​។ អំណោយ​មនុស្សធម៌​រួមមាន​កង់១​គ្រឿង​ មីយើង១កេស សៀវភៅសរសេរ ១០ក្បាល ប៊ិច បន្ទាត់ ខ្មៅដៃ និងថវិកាចំនួន២០០ ០០០ រៀល។

 

សកម្មភាព​នេះ ធ្វើឡើង​ដើម្បី​ជំរុញ និង​លើកទឹក​ចិត្ត​ដល់​និស្សិត​ដែលមាន​ជីវភាព​ខ្វះខាត​ តស៊ូ ​ខិតខំ​ប្រឹង​ រៀនសូត្រ​ ដើម្បី​អនាគត​ភ្លឺស្វាង​នាពេល​ខាងមុខ​។ លើស​ពីនេះ ​គឺ​លើក​កម្ពស់​ការ​ស្រឡាញ់​នូវ​វប្បធម៌​ ចែក​រំលែក​ក្នុងចំណោម​យុវជន និងនិស្សិត។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​ និង​ថវិកា​ ទាំងនេះ​បាន​មក​ពីពិធី​សប្បុរសធម៌​លើក​ទី៨​ របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នាពេលកន្លងមក៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហាររៀបចំប្រឡងគំនូរកុមារ

សាខាកក្រកខេត្តព្រះវិហារ៖ ​នៅថ្ងៃ​ទី​១៣​ខែមីនា​ឆ្នាំ២០១៧ ​នេះ​មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ បានចុះ​រៀបចំ​ប្រឡងគំនូរ​អបអរសាទរ​ខួបទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​០៨ ឧសភា២០១៧ ចំនួន៤សាលា​ដែលមាន​សិស្សានុសិស្ស​ចូលរួម​ប្រឡង​គំនូរ​ចំនួន ១៨៤ នាក់ ស្រី១០០ នាក់ រួមមាន៖


-បឋមសិក្សា​ត្បែង​មានជ័យចំនួន៥៥ នាក់ ស្រី២៤ នាក់ ។


-បឋមសិក្សា​អនុវត្ត​ចំនួន៦២នាក់ ស្រី៣៨ នាក់


-បឋមសិក្សា ​ហ៊ុន សែន ត្បែងមានជ័យ ចំនួន៣០ នាក់ ស្រី១៤ នាក់ 


-បឋមសិក្សា​ស្ថាពរ​ចំនួន៣៧ នាក់ ស្រី ២៤ នាក់។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យការសាងសង់អណ្តូងទឹកស្អាត

ព្រះវិហារ៖​ នៅថ្ងៃទី​១១​ ខែមីនា ​ឆ្នាំ២០១៧​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ ចុះពិនិត្យ​ការសាងសង់​អណ្តូងទឹក​ស្អាត​ចំនួន១៩​អណ្តូង​ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។


សូម​បញ្ជាក់ថា​ អណ្តូង​ទាំងនេះ​ត្រូវបាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សម្រេច​ផ្តល់​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៧ ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣២០ គ្រួសារ ស្មើមនុស្ស១,១៤៣ នាក់ នៅឃុំកន្ទួត និងឃុំរំដោះ​ស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្រុមហ៊ុន​បានធ្វើការ​សាងសង់​ចាប់ពីថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នេះខួង​បានរួចរាល់​ទាំង១៩ អណ្តូង (ខួង និងចាក់​សាប​បាន១០០៖ចំនួន១៣ អណ្តូង)

 

នៅក្នុង​ការចុះ​ពិនិត្យ​ការសាងសង់​នេះបាន​ ជម្រុញ​អោយក្រុម​ប្រើ ប្រាស់​ទឹកធ្វើ​របង​ជុំវិញ​អណ្តូង​ ដាំដំណាំ​ជាលក្ខណៈគ្រួសារ សម្អាត​ជុំវិញ​អណ្តូង​ និងបានអោយ​ក្រុមហ៊ុន​សាង សង់ចុះពិនិត្យ​កែសម្អ​អណ្តូង​លេខ១៨២ និង១៨៧ ដែលសប់តឹង ។

ការសាងសង់​នេះនិង​បញ្ចប់១០០% នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៧។

 

វគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖​នាល្ងាច​ថ្ងៃទី​០៩​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ នៅ​វិទ្យាល័យជា ស៊ីម​ សាមគ្គី​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បានរៀបចំ​ពិធី​បិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សាយុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន១៣០នាក់​ (ស្រី៨២នាក់)​ ដោយមានការ​ចូលរួម​ពីសំណាក់​លោកគ្រួច សាមឿន ​នាយក​ប្រតិបត្តិសាខា​ដែលវគ្គយល់ដឹងនេះ​បានចាប់ដំណើរ​ការអស់ រយៈពេល១ថ្ងៃ​កន្លងមក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន៧០ភាគរយ​ និងមធ្យម៣០ភាគរយ ។

 

ទន្ទឹមនឹង​ការពាំនាំ​នូវសេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​លោកគ្រូ​អ្នកគ្រូ​ជាទីប្រឹក្សា​យុវជន និងក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ លោក​នាយក​ប្រតិបត្តិសាខា​បានគូស​បញ្ជាក់ថា៖ ការបើកវគ្គ​យល់ដឹង​ជូននា​ពេលនេះគឺ​ ដើម្បីជួយ​ជាពន្លឺស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់ដឹង​ពីសារៈសំខាន់​ក្នុងការអនុវត្ត និង​បំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ ​និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាន​នេះគ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥មក​បង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហមកម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហមកម្ពុជា 
៣/ គ្រោះមហន្តរាយ ​និងការគ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

ពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ ​នាល្ងាច​ថ្ងៃទី​០៧​ ខែមីនា ​ឆ្នាំ២០១៧​ នៅវិទ្យាល័យ ​ហ៊ុន សែន​ បូរី១០០ខ្នង​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ​បានរៀបចំ​ពិធីបិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សា​យុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន១៣៥នាក់ ​(ស្រី៩២នាក់) ក្រោមអធិបតីភាព​ លោកជំទាវ​ មុំ សណ្តាប់ ហេរញ្ញិក​គណៈកម្មាធិការ​សាខា ​ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​ល្អចំនួន៨០ភាគរយ និងមធ្យម២០ភាគរយ ។

 

នាឱកាសនោះ​ លោកជំទាវ​ហេរញ្ញិក​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ក្មួយៗយុវជន​ទាំងអស់ ព្រមទាំងសូមកោត​សរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការ​បញ្ចប់វគ្គ​នាថ្ងៃនេះ ។ លោកជំទាវ​សង្ឃឹម ​និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយក្មួយៗពិត​ជាបានយល់​ច្បាស់ពី​ប្រវត្តិ​ចលនា បដិរូប គោលការណ៍​គ្រឹះទាំង៧, តួនាទីភារកិច្ច​យុវជន​កាកបាទក្រហម, ការគ្រប់គ្រង​គ្រោះមហន្តរាយ, ច្បាប់ចរាចរណ៍ និងវិជ្ជា​សង្គ្រោះបឋម ។ល។ ដែលជា​មុខវិជ្ជា​មូលដ្ឋាន​សម្រាប់ជា​គ្រឹះឲ្យក្មួយៗយក​ទៅអនុវត្តសំដៅជួយ​ដល់ជន​រងគ្រោះ និងងាយរង​គ្រោះគ្រប់​ប្រភេទ ក៏ដូចជា​កម្មវិធី​មិត្តអប់រំមិត្ត ៕

 

Fist Prev 3 4 5 6 7 Next Last