Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្វាយរៀង

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃ ១៥ព្រហស្បត្តិ៍ ១៥រោច ​ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមេនា ឆ្នាំ២០១៩ នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ​បានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ​ក្រោមការដឹកនាំ​កិច្ចប្រជុំដោយ ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា និងឯកឧត្តម​ឧកញ៉ា សៀង ណាំ ប្រធាន​កិត្តិយសសាខា ព្រមទាំងមានការ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ​ អនុប្រធានកិត្តិយស ឯកឧត្តម លោកជំទាវ លោក អនុប្រធាន​ និងសមាជិក សមាជិកា គណៈកម្មាធិការ​សាខា រួមទាំងក្រុមប្រតិបត្តិ​សាខា សរុប៤៣រូប។

កិច្ចប្រជុំនេះត្រូវបាន​រៀបចំឡើងដោយមាន​របៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ការបង្ហាញសមាសភាព​ក្រុមប្រតិបត្តិសាខា​ជូនគណៈកម្មាធិការ​សាខាអាត្តិទី៥
២- របាយការណ៍​មូលនិធិសាខា
៣- ការត្រៀមប្រារព្ធ​ខួបលើកទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប

ចំពោះ​ការត្រៀមរៀបចំ​ប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប ក្រោមប្រធានបទ “ខ្ញុំ ❤️️ កាកបាទក្រហកម្ពុជា” ។ ជាលទ្ធផល​នៃកិច្ចប្រជុំនេះ​ បានសម្រេចថា ខួបលើក​ទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​នៅខេត្តសៀមរាប នឹងប្រារព្ធធ្វើ​នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងចុះសួរសុខទុក្ខ កុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍/ជម្ងឺអេដស៍ នៅស្រុកព្រះស្តេច

សាខាកក្រក ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម​ ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍គណ:កម្មាធិការ​សាខា តំណាង ឯកឧត្តម ​ជា សុមេធី ប្រធានគណ:កម្មាធិកា​សាខា បានដឹកនាំសមាជិក​គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា​ មន្រ្តីអនុសាខាក្រុងព្រៃវែង ​ទីប្រឹក្សាយុវជន យុវជន​កាកបាទក្រហម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ចែកជូន​ដល់កុមារកំព្រាដែលងាយរងគ្រោះដោយ​មេរោគអេដស៍/ជម្ងឺអេដស៍ ចំនួន ៣០នាក់ ស្រី ១១នាក់ ស្ថិត​ក្នុងស្រុកព្រះស្តេច(១៦នាក់ ស្រី ១០នាក់) និងស្រុកកំពង់ត្របែក (១៤នាក់ ស្រី ៧នាក់)។

ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា ក៍បាននាំយក​នូវប្រសាសន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និងក្នុងនាម ឯកឧត្តម ឧកញ៉ាផ្ទាល់ សូមធ្វើការ​ផ្តាំផ្ញើដល់ក្មួយៗដែល​ផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវលេបថ្នាំពន្យា​អោយបានទៀងទាត់ត្រឹមត្រូវតាមការណែនាំរបស់ក្រុម​គ្រូពេទ្យ ចេះអនាម័យខ្លួន​ប្រាណអោយ​បានស្អាត និងពិសេស​ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយ​បានល្អ ប្រសើរ ដើម្បីក្លាយខ្លួន​ជាពលរដ្ឋល្អ ​សម្រាប់ជួយ​បម្រើការងារសង្គមជាតិ ។

សម្ភារៈដែលបានផ្តល់ជូនក្នុង ១នាក់ ទទួលបាន៖ អង្ករ ២៥គក មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។

ពិធីបិទវគ្គផ្សព្វផ្សាយជាមូលដ្ឋាន ស្តីពីចលនាកាកបាទក្រហម ដល់យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យសម្តេចតេជោហ៊ុនសែនត្រើយស្លា

សាខា កក្រក ខេត្តកណ្តាល ៖ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បានរៀបចំ​ពិធីបិទវគ្គផ្សព្វផ្សាយជាមូលដ្ឋាន ស្តីពី​ចលនាកាកបាទក្រហម​ ដល់យុវជនកាកបាទក្រហម​កម្ពុជានៃ​វិទ្យាល័យសម្តេច​តេជោហ៊ុនសែន​ត្រើយស្លា ស្រុកស្អាង សរុបចំនួន ៤០ នាក់ ស្រី ៣៣ នាក់ មានរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៩ ។ ពិធីនេះប្រព្រឹត្ត​ទៅក្រោមវត្តមានលោកស្រី គង់ ចាន់បុស្សិបា ​លេខាធិការគណៈកម្មា ធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា រួមនឹងមន្រ្តីក្រុម​ប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រូ យុវជន​កាកបាទក្រហមកម្ពុជា សរុបចំនួន ៥២ នាក់ ។ 
មានប្រសាសន៍នាឱកាស​នោះលោកស្រី គង់ ចាន់បុស្សិបា ក្នុងនាម​ឯកឧត្តម គង់ សោ ភ័ណ្ឌ ប្រធាន គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនដល់​លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនទាំងអស់ ប្រកប ដោយ​សេចក្តីនឹករលឹក ។ លោកស្រីលេខាធិការគណៈកម្មាធិការ​សាខា បានគូសបញ្ជាក់ថា៖ វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុង​គោលបំណងបញ្ជ្រាបនូវចំណេះដឹង​ជាមូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ចលនា ,គោលការណ៍គ្រឹះទាំង៧ ,គោលនយោបាយ​យុវជន និងការផ្តល់នូវ​ជំនាញវិជ្ជាសង្គ្រោះបឋម ​ដល់យុវជនកាកបាទក្រហម​កម្ពុជា ដើម្បីឲ្យពួកគាត់​មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការជួយសង្រ្គោះខ្លួនឯង ក្រុមគ្រួសារ មិត្តភក្តិក្នុង សាលា និងប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ ដែលបានជួបនូវឧបទ្ទវហេតុផ្សេងៗ និងការ​ចូលរួមរាល់សកម្មភាព​មនុស្សធម៌ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។

សាខាកាកបាទក្រហម ខេត្តក្រចេះ យកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ

សាខាកក្រកខេត្តក្រចេះ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ ដឹកនាំ​ដោយ លោកវេជ្ជ. ឈ្នាង សុវត្ថា សមាជិកគណៈកម្មាធិការ​សាខាកាកបាទក្រហម ខេត្តក្រចេះ និងមន្រ្តីអនុសាខា​ស្រុកសំបូរ បាននាំយកអំណោយ​មនុស្សធម៌កាកបាទ​ក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្តាក់ ចំនួន ៩ គ្រួសារ នៅ​ភូមិរលួស ឃុំរលួស​មានជ័យ ស្រុកសំបូរ ​ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក វេជ្ជ. ក៏បានពាំនាំប្រសាសន៍​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ចូលរួមសោកស្តាយ ជាមួយបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ដែលត្រូវរងគ្រោះដោយសារបាតុភូត​ធម្មជាតិខ្យល់កន្ត្រាក់នេះ និងសូមបងប្អូន​ប្រជាពលរដ្ឋត្រូវ​ចេះថែរក្សាសុខភាព ដោយរស់នៅស្អាត ពិសាទឹកឆ្អិន ជាពិសេស​នៅពេលមានភ្លៀងត្រូវរក​កន្លែងសុវត្តិភាព​ដើម្បីជ្រក និងត្រូវត្រៀមបង្ការ​ជានិច្ចនូវគ្រោះមហន្តរាយដែលកើតមានឡើង។

អំណោយដែល​បានចែកជូនគ្រួសារ​រងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និង ថវិកាមួយចំនួន។ ដោយឡែក​សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២ គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម សារ៉ុង ១ ភួយ ១ មុង ១ ក្រមា ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ តង់ធំ ១ និងថវិកាមួយចំនួន៕

 

ពិធីបំពាក់ កន្សែងជូនយុវជន នៅ ភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី២៣  ខែមីនា ឆ្នាំ ២០១៩ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបិទវគ្គជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា ជូនយុវជន កាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ  ចំនួន ៤៦នាក់ និងធ្វើពិធីបំពាក់ កន្សែងជូនយុវជន ទើបរើសថ្មីចំនួន ២៦នាក់ ស្រី ២២នាក់ ឋិតនៅ ភូមិស្រឡៅទូង ឃុំពោធិ៍  ស្រុកត្បែងមានជ័យ ក្រោមវត្តមានឯកឧត្តម រ៉ាត់ សោភា អនុប្រធាន គណ:កម្មាធិការ សាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ ឯកឧត្តម អនុប្រធាន គណ:កម្មាធិការសាខា បាន លើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែល បានប្រឡងជាប់ ហើយទៅបន្តការសិក្សា សាលាបាន រើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជន កាកបាទ​ក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនា​អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជា​សង្គ្រោះបឋម ។ ជាមួយគ្នានោះ​ដែរក៏បានធ្វើការផ្តាំផ្ញើ​ដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយពីគ្រឿងញៀន ។
-គោរពច្បាប់ចរាចរអោយខ្ចាប់ខ្ជួន ។
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ 
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់​កញ្ចប់វិជ្ជាសង្គ្រោះបឋម​ចំនួន១ និងបានផ្តល់ប័ណ្ណ​សសើរជូនយុវជនចំនួន៤ រូបផងដែរ។

 

Fist Prev 3 4 5 6 7 Next Last