Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កោះកុង

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ប្រារព្ធ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍​ ៧រោច ខែពិសាខ ​ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ​ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ ​បានប្រារព្ធ​មិទ្ទីងអបអរខួប​លើកទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ ៨ ឧសភា​ ឆ្នាំ២០១៩​ ក្រោមប្រធានបទ “ខ្ញុំ ❤ កាកបាទក្រហម​កម្ពុជា នៅសាលប្រជុំ​សណ្ឋាគារ សុខាម៉ូតែល។

ពិធីនេះបានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិចុះជួយ​ខេត្តព្រះសីហនុ និងរដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ឯកឧត្តម​អ្នកឧកញ៉ា កុក អាន ប្រធានកិត្តិយសសាខា ឯកឧត្តម យន្ត មីន​ ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំងមាន​ការនិមន្ត និងអញ្ជើញ​ចូលរួមពីគណៈកិត្តិយស​ គណៈកម្មាធិការ​សាខា សមាជិក​សមាជិកា រាជរដ្ឋាភិបាល​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ​-អង្គភាពនានាជុំវិញ​ខេត្ត អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជន​កម្ពុជាខេត្ត កាយរឹទ្ធិជាតិ​កម្ពុជា ឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា តំណាង​ក្រុមហ៊ុន អាជីវករ សប្បុរស​ជនជាតិ អន្តរជាតិ សរុបប្រមាណ​ ជាង២,០០០ អង្គ/នាក់ ក្នុងគោលបំណង៖
១.រំលឹក​ដល់ថ្ងៃកំណើតរបស់​លោក ហង់រី ឌុយណង់ ដែល​ជាស្ថាបនិករបស់​កាកបាទក្រហម
២.យល់ដឹង​ពីប្រវត្តិ​ចលនាកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម និង​ច្បាប់មនុស្សធម៌​អន្តរជាតិ
៣.កៀរគរ​រកមូលនិធិពី​សប្បុរសជន ដើម្បី​ត្រៀមឆ្លើយតបឲ្យ​បានទាន់ពេលវេលា​ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងងាយរងគ្រោះ។

សូមបញ្ជាក់ផង​ដែរថា៖ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ បានទទួល​ថវិកា​ពីសប្បុរសជនសរុប​ចំនួន ១,៦១០,៩២៧ ដុល្លារអាមេរិក៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រារព្ធ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

សាខាកក្រក​ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹង​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​បានប្រារព្ធ​ពិធីអបអរ​ខួបលើកទី​១៥៦ ទិវាពិភពលោក​កាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ៨ ឧសភា ឆ្នាំ២០១៩ ​ក្រោមប្រធានបទ “ខ្ញុំ ❤កាកបាទក្រហមកម្ពុជា” ក្រោមអធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ានី គណៈកិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ និងមានការ​ចូលរួមពី​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា ​និងបាននំាយកថវិកា​កាកបាទក្រហមកម្ពុជា​ចំនួន ៥,០០០,០០០រៀល ព្រម​ទាំងមានការ​ចូលរួម ឯកឧត្តម លោកជំទាវ ​លោកឧញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា តាមស្ថាប័ន នានា សប្បុរសជន អាជីវក សរុបចំនួន ២,៥២៥នាក់។

 

បន្ទាប់ពីអាន​សេចក្តីថ្លែងការណ៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជារួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ​ដល់សប្បុរសជន​ទាំងអស់ដែល​បានជួយគាំទ្រ និងចំណាយថវិកា​ផ្តាល់ខ្លួនផ្តល់​ជូនសាខាកាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ស្ពឺ ដើម្បីឲ្យ​សាខាមាន​លទ្ធភាពគ្រប់គ្រាន់ជួយ​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ និងរងគ្រោះដោយ​គ្រោះធម្មជាតិ​នានាបានទាន់​ពេលវេលា។

គូសបញ្ជាក់​ផងដែរ នៅក្នុងពិធីនេះ សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកំពង់ស្ពឺ ​ទទួលបានឧបត្ថម្ភ​គាំទ្រជាថវិកាពីសប្បុរសជន​ទាំងអស់ សរុបចំនួន ២៤០,០៨៦ ​ដុល្លារអាមេរិក៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ៥រោច ខែពិសាខ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦៣​ ត្រូវនិងថ្ងៃទី ២៣ ខែឧសភា ​ឆ្នាំ ២០១៩ នេះ ​សាខាកាកបាទក្រហម​កម្ពុជាខេត្តក្រចេះ ​ដឹកនាំដោយ​លោក គង់ សុជាតិ លេខាធិការសមាជិក​គណៈកម្មាធិការ​សាខា សមាជិក​សមាជិការ មន្រ្តីអនុសាខា​ស្រុកព្រែកប្រសព្វ ​បាននាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ ​ទៅចែកជូនដល់​គ្រួសាររងគ្រោះ​ដោយខ្យល់កន្រ្តាក់ ចំនួន ២០ គ្រួសារ នៅមូលដ្ឋាន​ឃុំសោប និងឃុំជ្រោយ​បន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

នៅក្នុងឱកាស​សំណះសំណាល​នោះដែរ លោកបាន​ចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយ​បងប្អូនប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារ​ខ្យល់កន្ត្រាក់​នេះដែលបាន​បណ្តាលឱ្យខូចខាត់​ទ្រព្យសម្បត្តិ និងរងរបួស​ដោយហេតុការណ៏នេះ ព្រមទាំង​បានសំណូមពរដល់​បងប្អូន​ប្រជាពលរដ្ឋមាន​ការប្រុងប្រយ័ត្នខ្ពស់ ​នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាម​ទីវាលត្រូវ​រកកន្លែងដែល​មានសុវត្ថិភាពជ្រក ។

ជាមួយគ្នា​នេះលោក​ ក៏បានពាំនាំផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់​ឱ្យថែទាំសុខភាព​ឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសា​ទឹកឆ្អិន ប្រកប​ដោយអនាម័យល្អជានិច្ច។

សូមបញ្ជាក់ថា​អំណោយ​ដែលចែកជូនគ្រួសារ​រងគ្រោះនាពេលនោះ​សម្រាប់គ្រួសាររង​គ្រោះស្រាល ១១ គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម , មី ១ កេស, ត្រីខ ១០ កំប៉ុង និងថវិកាមួយចំនួន ដោយឡែកសម្រាប់គ្រួសារ​រងគ្រោះធ្ងន់ ៩ ក្នុង១គ្រួសារ​ទទួលបាន៖ អង្ករ ២៥ គីឡូក្រាមសារ៉ុង ១, ភួយ ១, មុង ១, ក្រម៉ា ១, មី ១ កេស, ត្រីខ ១០ កំប៉ុង, តង់ ១ និងថវិកាមួយចំនួន៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយជ្រំ

ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ​ដឹកនាំ ដោយ​លោកជំទាវ ពៅ សុភាព  ហេរញ្ញឹកគណៈកម្មាធិការ សាខា ​បាននាំយកអំណោយ​មនុស្សធម៌ របស់​សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់​កន្ត្រាក់កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ បណ្តាល​ឲ្យប៉ះ ពាល់ផ្ទះប្រជាពលរដ្ឋ ​ក្នុងស្រុកស្វាយជ្រំ ​នៅឃុំដូនស ខូចខាតទាំងស្រុង ៣ ខ្នង ក្នុង​ស្រុករមាសហែក នៅ​ឃុំត្រពាំងស្តៅ ខូចខាត​ទាំងស្រុង ១ ខ្នង នៅឃុំចន្ត្រី ខូចខាតទាំងស្រុង ២ ខ្នង ប៉ះពាល់មួយផ្នែក ១ ខ្នង សរុបចំនួន ៧ ខ្នង សរុបខូចខាត​ទាំងស្រុងចំនួន ៦ ខ្នង ខូចខាត​មួយផ្នែក ១ ខ្នង និងរបួសមនុស្សម្នាក់(របួសស្រាល) ។ 


ឆ្លើយតបទៅនឹង​ស្ថានភាពនេះ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល​ ប្រធានគណៈកម្មាធិការសាខា​ បាននាំមកនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល​សម្តេចតែងតែគិតគូពី​សុខទុក្ខរបស់​បងប្អូនគ្រប់ពេលវេលា និងបានសំដែង​នូវការអាណិត​អាសូរដល់​ប្រជាពលរដ្ឋដែលរងគ្រោះ​ដោយបាន​ខិតខំប្រកបរបររកស៊ី​ចិញ្ចឹមជីវិត​មានជីវភាព នឹង​ផ្ទះសំបែងរស់នៅ​សមរម្យ តែមួយរយៈពេលខ្លី​តែប៉ុណ្ណោះបណ្តាល​ឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត​ បែកបាត់ផ្ទះ​សប្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូត​ធម្មជាតិដែល​យើងនឹកស្មានមិនដល់ ។ លោកជំទាវ​ក៏បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ​មានការប្រុងប្រយ័ត្ន​នៅពេលមានភ្លៀង​ផ្គរ រន្ទះត្រូវរកកន្លែង​ដែលមានសុវត្ថិភាព បិទទូរទស្សន៍ ទូរស័ព​ ដាំដើមឈើជុំវិញផ្ទះ ដើម្បីការពារ​ខ្យល់បក់​បោក​​ខ្លាំង និងត្រៀម​លក្ខណៈបង្ករបង្កើនផលព្រោះរដូវវស្សាហ៍​បានចូលមកដល់ហើយ ។


អំណោយដែលបាន​ចែកជូនគ្រួសាររងគ្រោះ​ទាំងស្រុង ៦ គ្រួសារក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសាររងគ្រោះស្រាល ១ គ្រួសារទទួល​បាន អង្ករ ៣០ គ.ក្រ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ១០០.០០០ រៀល សម្រាប់ជួសជុល​ផ្ទះឡើងវិញ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ប្រារព្ធសន្និបាតសាខា អាណត្តិទី៥ (២០១៩-២០២៥)

កក្រក ៖ យោងតាមលក្ខន្តិកៈ និងវិធាន​នៃនីតិក្រមរបស់​កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា ២៤ កថាខណ្ឌទី​ ៣ នៃលក្ខន្តិកៈកាកបាទក្រហម​កម្ពុជា នៅព្រឹកថ្ងៃចន្ទ ១០កើត ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃទី ១៣ ​ខែឧសភា ឆ្នាំ២០១៩​ សាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ បានប្រារព្ធ​សន្និបាតសាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ ​អាណត្តិទី៥ (២០១៩-២០២៥)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ឯកឧត្តម​ ជាម ហ៊ីម អនុប្រធានកិត្តិយស​អាណត្តិទី៥ ព្រមទាំង​គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ ​មន្ត្រីបច្ចេកទេសទី​ស្នាក់ការកណ្តាល​ យុវជនកាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្តសរុបចំនួន ១៥៥នាក់ នៅសាលប្រជុំ​សាលាខេត្តព្រះសីហនុ។

គោលបំណងសំខាន់នៃ​សន្និបាតនេះគឺ៖ 
១- ពិនិត្យ និងអនុម័តរបាយការណ៍​សកម្មភាពការងារ និងរបាយការណ៍​ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤​ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើស ​គណៈកម្មាធិការសាខាអាណត្តិទី៥ 
៣- ប្រកាសសេចក្ដីសម្រេចតែងតាំង​ ប្រធាន អនុប្រធានកិត្តិយសសាខា

ក្នុងឱកាសនោះ សន្និបាតសាខា​ បានបោះឆ្នោតជ្រើសរើស​សមាសភាពគណៈកម្មាធិការ​សាខា អាណត្តិទី៥ ដែលមានសមាសភាព ១៥រូប។ យោងកំណត់​ហេតុកិច្ចប្រជុំលើកទី១​នៃគណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាពគ្នាជា​ឯកឆន្ទ ជ្រើសរើស ឯកឧត្តម យន្ត មីន​ ជាប្រធាន ឯកឧត្តម​ លូ គឹមឈន់ ឯកឧត្តម ម៉ាង ស៊ីណេត​ លោកជំទាវ គឹម ញ៉ ជាអនុប្រធាន ​លោកជំទាវ ប្រាក់ ច័ន្ទសុខា​ ហេរញ្ញឹកសាខា និង ឯកឧត្តម ណុប ហេង ជាលេខាធិការ​សាខា។

តំណាងគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេតព្រះសីហនុ អាណត្តិទី៥ ឯកឧត្តម យន្ត មីន បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំគឺ៖ 
១/ កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧​ នៃចលនាអន្តរជាតិកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម មាន៖
-ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
២/ យកចិត្តទុកដាក់ប្រតិបត្តិ​តាមគោលការណ៍​ណែនាំ របស់កាកបាទក្រហមកម្ពុជា​ ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
៣/ រក្សាសាមគ្គីភាព​ក្នុងជួរគណៈកម្មាធិការ​សាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតី​ទទួលខុសត្រូវខ្ពស់។
៤/ ដឹកនាំតម្រង់ទិស​ ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបាន​ល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល ៤រួមមាន៖ -ការគ្រប់គ្រង​គ្រោះមហន្តរាយ -សុខភាព​ និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់​គោលការណ៍គ្រឹះ និងតម្លៃ​មនុស្សធម៌របស់ចលនា -អភិវឌ្ឍស្ថាប័ន ​និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន​ ដើម្បីបម្រើការ​មនុស្សធម៌របស់សាខា និងយកចិត្ត​ទុកដាក់ណែនាំអនុសាខា ឱ្យបំពេញ​ភារកិច្ចមនុស្សធម៌​ឱ្យបានល្អ​ ស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា។ 
៥/ យកចិត្តទុកដាក់បន្ត​ការងារពង្រីកអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​នៅមូលដ្ឋាន និងពង្រឹងសកម្មភាព​អប់រំសុខភាពសហគមន៍។
៦/ យកចិត្តទុកដាក់ពង្រីក​ និងពង្រឹងសកម្មភាពយុវជន​កាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថាន​សិក្សា ជាគំរូក្នុងការងារ​មនុស្សធម៌ ​ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕

 

Fist Prev 3 4 5 6 7 Next Last