Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅភូមិចំនួន២ ឃុំចំនួន២ ស្រុកចំនួន២ ខេត្តកំពង់ស្ពឺ។

សាខាកក្រក ​ខេត្តកំពង់ស្ពឺ ៖ នារសៀល​ថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹង​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ ​ដឹកនាំដោយ​លោកស្រី អោម ចន្នា នាយិកាសាខា និងសហការី ​បានចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយសារភ្លើង​ឆេះផ្ទះចំនួន​ ២គ្រួសារ ស្ថិតនៅភូមិចំនួន២ នៃស្រុកថ្ពង និង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ​លោកស្រីនាយិកា បានសម្ដែងនូវ​ការសោកស្ដាយចំពោះ​ឧបទ្ទវហេតុភ្លើងឆេះ​ផ្ទះនេះ ហើយកុំអស់សង្ឃឹម ត្រូវខិតខំ​ប្រកបរបរចិញ្ចឹម​ជីវិតដើម្បីសម្រាលនូវជីវភាពរស់នៅ​លើសពីនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ មេត្តាប្រុងប្រយ័ត្ន​ភ្លើងទៀនផ្សេងៗ ជៀសវាងកើត​ឡើងដូចករណីខាងលើ។

អំណោយដែលបានផ្តល់​ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង តង់១ សារុង១ ក្រមា១ មុង១ កន្ទេល១ ភួយ ១ នំធុង ១ធុង និងថវិកាមួយចំនួនរៀល​ផងដែរ៕

 

វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧នៃចលនា និងវិជ្ជាសង្រ្គោះបឋម ជូនដល់កំលាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ​ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹង​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះសីហនុ បានរៀបចំពិធីបើក​វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពី​ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម គោលការណ៏គ្រឹះ​ទាំង៧នៃចលនា និងវិជ្ជា​សង្រ្គោះបឋម ជូនដល់​កំលាំងកងទ័ព​ជើងទឹកមូលដ្ឋាន​សមុទ្ររាម ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី គី យ៉ាដេត នាយសេនាធិការ​រងមូលដ្ឋានរាម រួមជាមួយនឹងវត្តមាន​ លោក អុប ពុទ្ធា ប្រធានការិយាល័យ​សង្គ្រោះបឋម កាកបាទក្រហមកម្ពុជា​ គ្រូបង្គោល ក្រុមប្រតិបត្តិសាខា និងកំលាំងកងទ័ព​សរុបចំនួន ២៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ​មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០១៩ នៅ​គិលានដ្ឋានមូលដ្ឋានសមុទ្ររាម​ ខេត្តព្រះសីហនុ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុង​គោលបំណង ដើម្បីបង្កើន​សមត្ថភាព និងក្លាយជា​គ្រូបង្គោលវិជ្ជាសង្គ្រោះបឋមដើម្បី​បណ្តុះបណ្តាល ផ្សព្វផ្សាយ​បន្តដល់មិត្តភក្ដិនៅចំណុច​ឈរជើងនៅតាមកោះនីមួយៗ និងកងកំលាំងនានារបស់មូលដ្ឋាន​ ដើម្បីជួយសង្រ្គោះជន​រងគ្រោះ កងកំលាំង ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ ​ដោយឧប្បទវហេតុផ្សេងៗប្រកបដោយសុវត្ថិភាព និងចូលរួម​សកម្មភាពមនុស្សធម៌ ​ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

 

ពិធីបំពាក់កន្សែងដល់យុវជន កាកបាទក្រហមកម្ពុជា ថ្មី នៅខេត្តស្វាយរៀង

សាខាកក្រក​ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ បានរៀបចំពិធី​បំពាក់កន្សែងដល់យុវជន កាកបាទក្រហម​កម្ពុជា ថ្មី ចំនួន ៤៧ នាក់ មកពីវិទ្យាល័យ​ស្វាយរៀង ២៨ នាក់ វិទ្យាល័យ ហ៊ុនសែន ចេក ១៩ នាក់ ក្រោមអធិបតីភាព​ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ​ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិការសាខា និងមាន​ការចូលរួម​ពី បុគ្គលិកសាខា ​ទីប្រឹក្សា និង​យុវជនកាកបាទក្រហម​កម្ពុជា សរុប ៦០ នាក់ ។


ក្នុងឱកាសនោះ លោកជំទាវ ​អនុប្រធានគណៈកម្មាធិការ​សាខា បាននាំមក​នូវការផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ដោយក្ដីស្រឡាញ់ និង​នឹករលឹកបំផុត​ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះ​ គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក​ទាំងអស់ ដែលមានវត្តមាន​នៅទីនេះ សូម​មានសុខភាពល្អ​បរិបូរណ៍ ប្រាជ្ញា​ឈ្លាសវៃ កម្លាំងពលំ​មាំមួន សម្រាប់បំពេញ​សកម្មភាពការងារ​មនុស្សធម៌ និងការងារសង្គម​បន្ដទៀត ។
លោកជំទាវ ក៏បាន​ថ្លែងនូវការកោតសរសើរ​ចំពោះគណៈគ្រប់គ្រង​នៃវិទ្យាល័យ និងយុវជន​កាកបាទ ក្រហមកម្ពុជា ដែលតែង​តែយកចិត្តទុក​ដាក់ពង្រឹង និងពង្រីក​បណ្ដាញយុវជន និង​សកម្មភាព​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដូចភ្លៀង​រលឹមចាប់តាំង​ពីការបង្កើតក្លឹប​យុវជន រហូត​មកដល់បច្ចុប្បន្ននេះ ។


ស្ថិតក្នុងបរិយាកាស​នេះដែរ លោកជំទាវ​បានពាំនាំ​នូវអនុសាសន៍​របស់ សម្ដេ​ចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនអង្គ​ពិធីទាំងមូល​នូវខ្លឹមសាររួមមាន៖
- សូមបន្ដខិតខំប្រឹងប្រែង​រៀនសូត្រ ដើម្បីពង្រឹង និងពង្រីក​ចំណេះដឹងរបស់ខ្លួន​ឱ្យកាន់តែប្រសើរ​ឡើងថែមទៀត ស្របតាមស្ថានភាព​រីកចម្រើនរបស់​ប្រទេសជាតិ ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។


- បន្ដពង្រឹង និងពង្រីក​បណ្ដាញយុវជន កក្រក ពីក្នុង​ចំណោមនិស្សិត​នៅសាកលវិទ្យាល័យ ដើម្បីផ្ដល់​ឱកាសឱ្យពួកគេចូលរួម​ការងារមនុស្សធម៌ ជាប់ជាប្រចាំ។
- សូមយកចិត្តទុកដាក់​ចំពោះសិស្ស និស្សិត និងយុវជនកាកបាទក្រហម​កម្ពុជា ដែលមានជីវភាព​ខ្វះខាត ហើយកំពុង​សិក្សានៅក្នុងសាកល​វិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា​ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ ។
- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
- បន្ដលើកកម្ពស់នូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្ស និស្សិត និងយុវជន កក្រក នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍នានា។


- សូមបន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ សិស្សល្អ និងពលរដ្ឋល្អ​ ជៀសវាងចាញ់បោក​ការឃោសនារបស់ជន​អគតិមួយក្ដាប់ តូចដែលតែង​តែបំពុលសង្គមតាមគ្រប់រូបភាព។

យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យអង្គរ បាន ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងចែកខិតប័ណ្ណ ដល់លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស

សាខា កក្រក ខេត្តសៀមរាប៖ ក្នុងគោលបំណង​ចូលរួមទប់ស្កាត់ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​នារដូវបុណចូលឆ្នាំខែ្មរ​ប្រពៃណី​ជាតិខាងមុខនេះ នៅព្រឹកថ្ងៃសៅរ៍​២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី ៦ ខែមេសា ឆ្នាំ២០១៩ យុវជនកាកបាទក្រហម​កម្ពុជា៣៤នាក់ នៃវិទ្យាល័យ​អង្គរ បានសហការ​ជាមួយក្រុមតន្រ្តីជនពិការ​អនុវត្តសកម្មភាព​ផ្សព្វផ្សាយអម​ដោយបទចំរៀង​សុវត្ថិភាពចរាចរណ៍ និងចែកខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ដល់​លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស​ក្នុងឱកាសដែល​វិទ្យាល័យបានរៀបចំ​ប្រារព្ធពិធី សង្ក្រានឆ្នាំថ្មី។ 


នាពេលនោះផងដែរ​មន្រ្តីសាខាកាកបាទក្រហមកម្ពុជា​ខេត្ត និងលោកស្រីនាយិកា​វិទ្យាល័យអង្គរ បានចូលរួមផ្តល់បច្ចេកទេស សម្ភារ និងរបៀប​ផ្សព្វផ្សាយដល់ពួកគាត់​ដើម្បីអនុវត្តសកម្មភាពដោយរលូ​នមានដូចជា៖ ផ្សព្វផ្សាយព័ត៌មានពី​ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ​វិធីពាក់មួក ឱ្យបានត្រឹមត្រូវ​ តាមរយៈយុវជនអនុវត្តសកម្មភាព​ផ្ទាល់ ហើយមានសិស្សានុសិស្ស​ឡើងអនុវត្ត ជាបន្តបន្ទាប់ ​ចែកខិតប័ណ្ណស្តីពីស្លាក​សញ្ញាចរាចរណ៍សំខាន់ៗ ច្បាប់​ផាកពិន័យ​អន្តរការ សារសុវត្ថិភាព ​ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមាន​គ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន ៥៣៥សន្លឹក និងមួកសុវត្ថិភាព​ចំនួន ២ ដែលសម្ភារ​ទាំងនេះ មានការឧបត្ថម្ភ​ពីមន្ទីរសាធារណការ ​និងដឹកជញ្ជូន​ខេត្តសៀមរាប។

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ឱសថប្រភេទ Paracetamol និង Multivitamin ដល់អនុសាខា កាកបាទក្រហមកម្ពុជាស្រុក-ក្រុងទាំង១១

សាខា កក្រក ខេត្តកណ្តាល ៖ នៅរសៀល​ថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ បានរៀបចំពិធី​ប្រគល់ឱសថប្រភេទ Paracetamol ចំនួន ៣២០ ប្រអប់ និង Multivitamin ចំនួន ៣១០ ប្រអប់ ដល់​អនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក-ក្រុងទាំង១១ ​ដើម្បីបន្តទៅចែកជូន​ដល់មណ្ឌលសុខភាព​ចំនួន ៩៨ ទូទាំងខេត្ត នៅទីស្នាក់ការ​សាខា ។ ពិធីនេះប្រព្រឹត្ត​ទៅក្រោមវត្តមាន​លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន​ អនុប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញ​ចូលរួមជាកិត្តិយស​ពីសមាជិកសមាជិកា​គណៈកម្មាធិការសាខា លោកលោកស្រី​តំណាងអនុសាខាគ្រប់​ស្រុក-ក្រុង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៧ នាក់ ។

មានមតិសំណេះសំណាលលោក​វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ក្នុងនាម​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដោយសេចក្តី​នឹករឭកជាទីបំផុត ។ លោកវេជ្ជបណ្ឌិត​អនុប្រធានបានបញ្ជាក់ថា ៖ ឱសថទាំងពីរ​ប្រភេទខាងលើ ជាអំណោយ​របស់ឧត្តមសេនីយ៍ ឡាវ វ៉ាន់ មេបញ្ជាការរង បញ្ជាការដ្ឋាន​វិស្វកម្មកងពលតូច​ថ្មើរជើងលេខ៧០ ដែលបានឧបត្តម្ភ​ជាអំណោយតាមរយៈ​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធាន​កិត្តិយសសាខា ជូនដល់សាខា​កាកបាទក្រហមកម្ពុជាខេត្ត ដើម្បី​ចាត់ចែងចែកជូន​ដល់ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានជំងឺ​ជាក់ស្តែងនៅក្នុងសហគមន៍ ៕

 

Fist Prev 2 3 4 5 6 Next Last