Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម

សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកជំទាវ ​គួយ ណាលីន ​ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បានទទួលស្វាគមន៍ ​និងសំណេះសំណាល​ជាមួយគណៈប្រតិភូកាកបាទក្រហម​វៀតណាម ដែល​ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ ត្រាន់ គួកហ៊ុង ​អនុប្រធានកាកបាទក្រហម​វៀតណាម ដែលពិធី​នេះប្រព្រឹត្តទៅនៅ​សាលប្រជុំសណ្ឋាគារ​បុរីអង្គរ រីសត និង ស្ប៉ា ។

 

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលបានមិនមកទទួលផ្ទាល់នាពេលនេះ លោកជំទាវក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅចំពោះ​ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម។ ជាមួយគ្នា​នេះដែរ លោកជំទាវ និងក្រុមប្រតិបត្តិ​សាខា បានធ្វើការបង្ហាញពីសមិទ្ធផល និងសកម្មភាពនានា​របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើកម្មភាព​មនុស្សធម៌ និងការកៀរគរ​រកមូលនិធិសម្រាប់​ទ្រទ្រង់សមកម្មភាពមនុស្សធម៌របស់សាខា ក្នុងការ​ជួយសម្រាល​ការលំបាកជូន​ប្រជាជនរងគ្រោះ និងជនងាយ​រងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។

នាឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ត្រាន់ គួកហ៊ុង អនុប្រធានកាកបាទក្រហមវៀតណាម ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែក​បទពិសោធន៍ ល្អៗជាច្រើន សម្រាប់អនុវត្តន៍​ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងវប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនា​អន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្ម​មនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយ​រងគ្រោះទាំងឡាយ។

 

កិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីគម្រោងស្តារទំនាក់ទំនងគ្រួសារ និងការកសាងផែនការ សកម្មភាព ការងារស្តារទំនាក់ទំនងគ្រួសារនៅខេត្តកោះកុង

កក្រក : នាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ កាកបាទក្រហម​កម្ពុជា បានបើកកិច្ច​ប្រជុំប្រចាំឆ្នាំ ស្តីពីគម្រោងស្តារ​ទំនាក់ទំនងគ្រួសារ និងការកសាង​ផែនការ សកម្មភាព ការងារស្តារ​ទំនាក់ទំនងគ្រួសារ សម្រាប់ឆ្នាំ ២០១៨ កិច្ចប្រជុំនេះ​ដំណើរការរយៈពេល១​ថ្ងៃ នៅទីស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានចូលរួមពីសំណាក់ លោក លី សារ៉េត អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង ឯកឧត្តម ឡាយ សំណាង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ អគ្គនាយកដ្ឋានពន្ធនាគា ក្រសួងមហាផ្ទៃ និង តំណាង អាយស៊ីអរស៊ី (ICRC)នៅកម្ពុជា និងភ្នាក់ងារស្តារទំនាក់ទំនងគ្រួសារចំនួន ២៦ នាក់មកពី២៥សាខារាជធានី -ខេត្ត។

 

កិច្ចប្រជុំនេះធ្វើឡើងក្នុង​គោលបំណង​បូកសរុបលទ្ធផល​ការងារ ឆ្នាំ ២០១៧ លើទិសដៅ​ផែនការ ពាក់ព័ន្ធវិស័យ ស្តាទំនាក់ទំនង​គ្រួសារ និង​សកម្មភាព ចុះប្រមូល​លិខិត ដល់ទីកន្លែង​ ចែករំលែកបទពិសោធន៍គ្នា​ទៅវិញ​ទៅមក និងពង្រឹងកិច្ចសហការជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និងបង្កើន​ប្រសិទ្ធភាពការងារ​ស្តារទំនាក់ទំនង​ឲ្យកាន់តែប្រសើរឡើង ។

 

សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី ១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨

សាខាកក្រក​ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំ​ប្រារព្ធខួបអបអរ​លើកទី ១៥៥ នៃទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោម​ប្រធានបទ "កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល" ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន យុវជនកាយរឹទ្ធិជាតិកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជាង ២០០០អង្គ/នាក់ ដែលប្រព្រឹត្ត​ទៅនៅមន្ទីរអប់រំ យុវជន និងកីឡា​ខេត្តកំពង់ស្ពឺ។

 

ទិវានេះប្រារព្ធឡើង​នៅក្នុងគោលបំណង៖
-ដើម្បីរំលឹកថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក​កាកបាទក្រហម
-យល់ដឹងពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
-គៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតបឲ្យបាន​ទាន់ពេលវេលា​ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងជនងាយរងគ្រោះផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្វទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំប្រារព្ធ​ទិវាអបអរខួបទី ១៥៥ នៃទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ " កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល" ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ស៊ីម៉ន គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក​ សមាជិកាគណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា អនុសាខា​កាកបាទក្រហមកម្ពុជាទាំង៨ មន្ទីរអង្គភាព​ជុំវិញខេត្ត សហភាព​សហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជន​ស្រលាញ់សន្តិភាព យុវជនកាយរឹទ្ធជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ព្រះសង្ឃ និងសប្បុរសជនទាំងអស់ សរុបចំនួន ៣,៥០០អង្គ/នាក់ ដែលធ្វើឡើង​នៅពហុកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត។

ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១. រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម
២. យល់ដឹងអំពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
៣. គៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមាន​ចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។


មានប្រសាសន៍​នាឱកាសនោះ លោក ស៊ុំ សំអន នាយក​សាខាបានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខា ដែល​តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោក ក៏បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ដែល​បាននាំយកមក​ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសម​ល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាច​ជួយសម្រាល​ទុក្ខបាករបស់បងប្អូនបាន​មួយកម្រិត ហើយក៏​ជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

 

Fist Prev 2 3 4 5 6 Next Last