Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មកពី ៣២ភូមិ ៣ឃុំ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កក្រក៖​ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៣២៧គ្រួសារ ដែលមកពី ៣២ភូមិ ៣ឃុំ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងនាំយកអំណោយសម្រាលការ​លំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់​ ដែលអំណោយទាំងនេះទទួលបានពីសប្បុរសជនជាពិសេសក្នុងឱកាសទិវា​ពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម ៨​ ឧសភា។ ជាមួយគ្នានេះ​ លោកជំទាវអគ្គលេខាធិការ បានពាំនាំសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំ​សុខភាព​ ជាពិសេស សូមប្រុងប្រយ័ត្ន និងកុំឲ្យមូសខាំ កុំឲ្យកើតជំងឺគ្រុនឈាម ត្រូវគេងក្នុងមុង ​និងត្រូវបំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដេីម្បីជៀសវាងជំងឺគ្រុនឈាមដែលកំពុងរាលដាលលើ​មនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ -ល-​ ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងបើកបរដោយ​ប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង។ ជាចុងក្រោយនេះ​ សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យ​សុខភាពឲ្យបាន៤ដងមុនពេលសម្រាល។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការរេីសអេីងអ្វីឡេីយ។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយទាំងពីរកន្លែងរួចមក លោកជំទាវអគ្គលេខាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនចាស់ជរាគ្មានទីពឹងចំនួន ៤គ្រួសារ នៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ អាវយឺត​ ១​ និងថវិកា​មួយចំនួន។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដើម​ និងទឹកសុទ្ធ​ ១ដប។

សូមបញ្ជាក់: ក្នុងឱកាសនោះដែរ​ លោកជំទាវអគ្គលេខាធិការ ​ក៏បាននាំយក ទៀនវស្សា​មួយគូ ទេយ្យទាន និងបច្ច័យមួយចំនួន​ ប្រគេនដល់វត្ត​សង្កែសាទប និងវត្តតាំងរបង សម្រាប់បុណ្យចូលព្រះវស្សា៕

 

ប្រតិភូ អាយ.ស៊ី. អរ.ស៊ី ចុះមើលសកម្មភាពរបស់អ្នកស្ម័គ្រចិត្តភូមិ ធ្វើការផ្សព្វផ្សាយពីការធ្វើចំណាកស្រុកដោយសុវត្តិភាព នៅភូមិចំនួន៤ នៃឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ

កក្រក៖ នៅថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក ម៉ម ដារ៉ូ អនុប្រធាន​ការិយាល័យ ស្តារទំនាក់ទំនងគ្រួសារ​ នៃនាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានអមដំណើរប្រតិភូ ​អាយ.ស៊ី. អរ.ស៊ី ចុះមើលសកម្មភាព​របស់អ្នកស្ម័គ្រចិត្តភូមិ ​ធ្វើការផ្សព្វផ្សាយ​ពីការធ្វើចំណាកស្រុកដោយសុវត្តិភាព ​ជូនដល់ប្រជាពលរដ្ឋ​សរុបចំនួន ១៤៩នាក់ ស្ថិតក្នុងភូមិចំនួន៤ នៃឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើង​រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ៩ ខែកក្កដា​ ឆ្នាំ២០១៩ ក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យ​ទទួលបានព័ត៌មានអំពី​សេវាកម្មស្តារទំនាក់ទំនងគ្រួសារ និងការផ្យព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការធ្វើចំណាក​ស្រុកប្រកបដោយសុវត្តិភាព។

ក្រោយពីការផ្សព្វផ្សាយនេះរួចមក​ប្រជាពលរដ្ឋ បានយល់ដឹងពី​ព័ត៌មានការចំណាក​ស្រុកប្រកបដោយសុវត្តិភាព និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ។ ​ក្នុងនោះក៏មានប្រជាពលរដ្ឋចំនួន​៣គ្រួសារ បានដាក់ពាក្យសុំស្រាវជ្រាវរកកូនដែល​បាត់ដំណឹងដោយការធ្វើចំណាក​ស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ៕

 

កិច្ចសម្ភាសន៍ស្តីពី «ការត្រៀមបង្ការ និងឆ្លេីយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា» ជាមួយភ្នាក់ងារស្ថានីយ៍ទូរទស្សន៍ស៊ីអ៊ិនស៊ី (CNC)

កក្រក​ ៖​ នៅថ្ងៃអង្គារ ទី ៩ ខែកក្កដា​ ឆ្នាំ២០១៩ នេះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានផ្តល់បទកិច្ចសម្ភាសន៍ស្តីពី «ការត្រៀមបង្ការ​ និងឆ្លេីយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា​​» ជាមួយភ្នាក់ងារស្ថានីយ៍ទូ​រទស្សន៍​ស៊ីអ៊ិនស៊ី​ (CNC)​ ដែលកិច្ចសម្ភាសន៍នេះ​ប្រព្រឹត្តទៅ​នៅទីស្នាក់ការកណ្តាល​ កាកបាទក្រហមកម្ពុជា​។

បន្ទាប់ពីកិច្ចសម្ភាសន៍ខាងលេីនេះ​ លោកជំទាវ​អគ្គលេខា​ធិការរងទី​១​ បានបន្តផ្តល់កិច្ចសម្ភាសន៍​មួយផ្សេងទៀតស្តីពី​ «សមិទ្ធផលនៃការងារលេច​ធ្លោក្នុងរយៈពេល​ ៦ខែ​ ដេីមឆ្នាំ២០១៩​ និងផែនការអនុវត្តបន្ត​ ជាពិសេស​ ការត្រៀមបង្ការនិងឆ្លេីយ​តបគ្រោះទឹកជំនន់​ និងទប់ស្កាត់ការរីករាលដាល​នៃជំងឺគ្រុនឈាម»​ ជាមួយភ្នាក់ងារទូរទស្សន៍ហង្សមាស៕

 

កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍របស់យុវជនដែលបានទៅចូលរួមកិច្ចប្រជុំ បោះជំរំ និងទស្សនកិច្ចសិក្សានៅក្រៅប្រទេស

កក្រក ៖ នៅព្រឹកថ្ងៃសៅរ៍ ​៥កើត ខែអាសាធ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្ដាល​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន បានរៀបចំកម្មវិធីសំណេះសំណាល ​និងចែករំលែកបទពិសោធន៍​របស់យុវជនដែលបានទៅចូលរួម​កិច្ចប្រជុំ បោះជំរំ និងទស្សនកិច្ច​សិក្សានៅក្រៅប្រទេស​ ចាប់ពីឆ្នាំ២០១៦​-២០១៩ ចំនួន១២នាក់​ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាកជិកគណៈកម្មាធិការកណ្ដាល ​និងជាអនុប្រធានអចិន្ត្រៃយ៍​ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន​ និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមក​ម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា។

ក្រោយពីបានស្ដាប់ការធ្វើបទបង្ហាញ​របស់យុវជន​ទាំង១២នាក់ ឯកឧត្តម ពិត ចំណាន​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ​និងសេចក្ដីកោតសរសើរ ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ព្រមទាំងបានផ្ដល់នូវ​អនុសាសន៍សំខាន់ៗមួយចំនួន​ជូនដល់យុវជនដែលមានវត្តមាន​ក្នុងពិធីនោះរួមមាន៖
១- បន្ដលើកកម្ពស់នូវវប្បធម៌​ចែករំលែក មិត្តអប់រំមិត្ត​ អ្នកចេះច្រើនបង្រៀន​អ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិន​ចេះសោះ ទៅកាន់សិស្ស ​និស្សិត និងយុវជន កក្រក នៅក្នុង​សាកលវិទ្យាល័យ និងសហគមន៍នានា។ 
២- សូមឱ្យក្មួយៗបន្តជួយ​ជាគំនិត និង​រួមគ្នាគិត រួមគូរ និងរួមធ្វើទាំងអស់គ្នា ប្រកប​ដោយភាពស្វាហាប់ ​និងច្បាស់លាស់៕

 

វគ្គបំប៉ន វិជ្ជាសង្គ្រោះបឋម ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ

កក្រក ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែ​អាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា ​ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានរៀបចំពិធីបើកវគ្គបំប៉ន វិជ្ជាសង្គ្រោះបឋម ជូនយុវជន​កាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថា​នឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ ៤២នាក់ ក្រោមអធិបតីភាព ​ឯកឧត្តម ពិត ចំណាន សមាកជិក​គណៈកម្មាធិការកណ្ដាល ​និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ​ទ្រទ្រង់សកម្មភាពយុវជន ​និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម ពិត ចំណាន ​បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ ​និងសេចក្ដីកោតសរសើរ ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ព្រមទាំងបានផ្ដល់នូវអនុសាសន៍​សំខាន់ៗមួយចំនួនជូនដល់យុវជនដែល​មានវត្តមានក្នុងពិធី​នោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែង​រៀន សូត្រ ដើម្បីពង្រឹង និងពង្រីក​ចំណេះដឹងរបស់ខ្លួន​ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាព​រីកចម្រើនរបស់ប្រទេសជាតិ ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ ​របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ 
២- បន្ដពង្រឹង និងពង្រីក​បណ្ដាញយុវជន កក្រក ​ពីក្នុងចំណោមនិស្សិតនៅ​សាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារ​មនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ចំពោះ​សិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ​ជាមុន និងសិស្ស និស្សិត កុមារ​កំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់សមាជិក​យុវជន កក្រក ដែលសកម្មនឹងការងារ​ទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈ​បន្ដសកម្មភាពមនុស្សធម៌នានា​ឱ្យបានកាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវ​វប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិន​ចេះសោះ ទៅកាន់​សិស្ស និស្សិត និងយុវជន កក្រក​ នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍នានា។
៦- សូមបន្ដធ្វើសកម្មភាពទាំងឡាយ​ណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ​ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូច​ដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាព។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដា​លកាកបាទក្រហមកម្ពុជា​ មានរយ:ពេលពីរថ្ងៃ ដើម្បីចូលរួមចំណែកលើកកម្ពស់​ការយល់ដឹងពីវិជ្ជាសង្គ្រោះបឋម និងអាចជួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាព៕

 

Fist Prev 2 3 4 5 6 Next Last