Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

ក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ « បង្ហាញក្ដីស្រលាញ់របស់អ្នក បរិច្ចាគឈាមថ្ងៃនេះ »

កក្រក ៖ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ ក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធី​បរិច្ចាគឈាមក្រោម​ប្រធានបទ « បង្ហាញក្ដីស្រលាញ់របស់អ្នក​ បរិច្ចាគឈាមថ្ងៃនេះ » ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការ​កណ្ដាល កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ​ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ដោយមានការចូលរួម​ពីសំណាក់ ឯកឧត្តមសាកលវិទ្យាធិការរង ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតំណាងគ្រឹះស្ថានឧត្តម​សិក្សាក្នុងរាជធានីភ្នំពេញ មន្ដ្រី​កាកបាទក្រហមកម្ពុជា បុគ្គលិក សាស្ដ្រាចារ្យ និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា សរុប ៤០០នាក់ ដែលប្រព្រឹត្តទៅនៅសាលពហុបំណង មជ្ឈមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

ក្នុងឱកាសបើកពិធីនេះ ​ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស​ និងសមាជិកទាំងអស់ ដែលមាន​វត្តមាននៅទីនេះ សូមមាន​សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំង​ពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារ​មនុស្សធម៌ និងការងារសង្គម​បន្ដទៀត។ ឯកឧត្តម បានថ្លែងនូវ​ការកោតសរសើរចំពោះគណៈគ្រប់គ្រងនៃ​សាកលវិទ្យាល័យ និងក្មួយៗយុវជន​កាកបាទក្រហមកម្ពុជា ដែលតែង
តែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម​ក្នុងសកម្មភាពមនុស្សធម៌ ​កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹមចាប់តាំងពី​ការបង្កើតក្លឹបយុវជន​នៅឆ្នាំ២០១០ រហូតមក​ដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានមានប្រសាសន៍​ថា៖ សកម្មភាពរបស់យុវជន​កាកបាទក្រហមកម្ពុជា​នាពេលនេះ បានឆ្លុះបញ្ចាំង​ឲ្យឃើញថា យុវជនមានភាពក្លាហាន ធ្វើជាគំរូល្អក្នុងសង្គម និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះ​ដល់ជនងាយរងគ្រោះ និងរងគ្រោះ ដែល​មានតម្រូវការឈាមជាចាំបាច់ជារៀងរាល់ថ្ងៃ ក៏ដូចជា​ចង់បង្ហាញដល់សាធារណៈ​ជនឲ្យបានឃើញថាយុវជន​មានការសាមគ្គីភាព​រវាងគ្នានៅគ្រប់កម្រិតទាំងអស់ ​ទាំងយុវជនស្ម័គ្រចិត្ត ​និស្សិត និងសាធារណជន។ ​បន្ថែមពីនេះទៀត ឯកឧត្តម បានមានប្រសាសន៍ថា អំពើល្អរបស់ក្មួយៗ​យុវជន ត្រូវបាន​ទទួលការកោតសរសើរ​យ៉ាងខ្លាំងពីសំណាក់​មហាជន ហើយទង្វើនេះនឹងតបស្នងដល់ក្មួយៗ​វិញនូវផលបុណ្យ និងការអភិវឌ្ឍន៍ខ្លួន កាន់តែប្រសើរដោយសារ​ភាពមនុស្សធម៌មួយនេះ។

 

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះនៅ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

កក្រក​​ ៖ បន្ថែមពីលេីអំណោយរបស់សាខាកាកបាទ​ក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានផ្តល់ជូនកាលពីថ្ងៃម្សិលម៉ិញនេះ​ នៅព្រឹកថ្ងៃអង្គារ​ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារថ្នាក់កណ្តាលចុះសួរសុខទុក្ខ​ និងផ្តល់អំណោយបន្ថែមទៀត​ ដេីម្បីជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះចំនួន​ ៥០គ្រួសារ​ (ស្មេីនឹង​ ៤៨ខ្នងផ្ទះ)​ កាលពីថ្ងៃទី ១៧​ ខែមីនា​ ឆ្នាំ២០១៩ ស្ថិតនៅក្រុម៩ ភូមិព្រែកទាល់១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងសម្តែងការសោកស្តាយ​ ដែលឧបទ្ទវហេតុភ្លេីងឆេះផ្ទះបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ បាន​ពាំនាំនូវការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់​ត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី ធុងហ្គាស់​ ឬភ្លេីងចង្ក្រាន្ត​ ដែលអាចបង្កគ្រោះអគ្គិភ័យដូចករណីខាងលេី​ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិនានាដែលបង្កឡេីងដោយ​បម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមផ្តាំផ្ញេីលេីកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត​ ពង្រឹងស្មារតី​ និងកម្លាំង​ដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ​ ហេីយត្រូវរក្សាអនាម័យក្នុងការរស់នៅ​ជៀសវាងកេីតមានជំងឺផ្សេងៗ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ​ ជួយសម្រាលទុក្ខ​លំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត​ដោយ​គ្មានការរេីសអេីង​ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ​ ក៏សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន​ អ្នកជិតខាង​ និងសប្បុរសជននានា​ ដែលបានជួយឧបត្ថម្ភ​ និងជ្រោមជ្រែងដល់​ការរស់នៅក្នុងស្ថានភាពលំបាកនេះដែរ។

សូមបញ្ជាក់ថា​ បន្ថែមពីលេីអំណោយរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​​ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល​ បានផ្តល់ជូនគ្រួសារនីមួយៗរួម​មាន​ ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ឃីត(មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់​ តង់​ ១ផ្ទាំង​ និងថវិកាមួយចំនួន៕

 

កាកបាទក្រហមកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់កុមារី រងគ្រោះដោយចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋ

កក្រក​ ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា បានសម្រេច​ផ្តល់អំណោយមនុស្សធម៌​រួមមានគ្រឿងឧបភោគបរិភោគ​ សម្ភារប្រើប្រាស់​ និងថវិកាមួយ​ចំនួនដល់កុមារី​ដ៏គួរឱ្យអាណិតឈ្មោះ ឆេង ស្រីភ័ក្រ អាយុ ៩ឆ្នាំ រងគ្រោះដោយចូលដៃ​ក្នុងម៉ាស៊ីនកិន​ឥដ្ឋ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្ម​ឡឥដ្ឋ ក្នុងភូមិព្រះប្រសប់ ​ឃុំព្រះប្រសប់​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសជួបជាមួយ​ម្តាយបង្កើតកុមារីរងគ្រោះ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមីនា ឆ្នាំ២០១៩ នេះ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិត​អាសូរដល់កុមារីរងគ្រោះដែល​ជួបឧបទ្ទវហេតុ​រហូតបណ្តាល​ឱ្យពិការដៃស្តាំ​ទាំងក្មេងខ្ចី។ ជាមួយគ្នានេះ ​លោកជំទាវ បានពាំនាំនូវការអំពាវនាវ​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់អាណាព្យាបាល​គ្រប់រូប​ត្រូវយកចិត្តទុកដាក់​មើលថែទាំកូន​ក្មួយឱ្យបានល្អ ជៀសវាង​ការប្រើពលកម្ម​លើកុមារតូចៗ ជាពិសេស​ត្រូវគិតគូរបញ្ជូនកូនក្មួយ ចៅៗ ទៅសាលារៀន​ឱ្យបានគ្រប់គ្នា​ដើម្បីអនាគត​ភ្លឺស្វាង និងជួយលើក​ស្ទួយជីវភាពគ្រួសារ។

អ្នកស្រី ឃឹម ចាន់ណា អាយុ ៣៣ឆ្នាំ (ស្វាមី និងកូនស្រីទាំង៣នាក់ ធ្វើការ​នៅសិប្បកម្ម​ឡឥដ្ឋរយៈពេល ៦ឆ្នាំ) ត្រូវជាម្តាយ​បង្កើតរបស់​កុមារីរងគ្រោះ ​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ ​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ដែលមាន​ចិត្តមេត្តា ករុណា និងលើកទឹកចិត្ត​ដល់ក្រុមគ្រួសារ​អ្នកស្រី។ អ្នកស្រី ក៏សូមថ្លែងអំណរគុណដល់ក្រុម​គ្រូពេទ្យបង្អែក​ស្រុកខ្សាច់កណ្តាល និងមន្ទីរពេទ្យ​គន្ធបុប្ផារាជធានី​ភ្នំពេញ ដែលបាន​យកចិត្តទុកដាក់​វះកាត់ព្យាបាលរបួស​ដៃកូនស្រីអ្នកស្រី​ឱ្យបានធូរស្បើយជាបន្តបន្ទាប់៕

 

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌លើកទី ៨ ដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍

កក្រក​ ៖ នៅទីស្នាក់ការកណ្តាល​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានសម្រេចផ្តល់​អំណោយមនុស្សធម៌​លើកទី ៨ ដល់អង្គការ​សកម្មភាពលើ​យុវវ័យពិការដើម្បី​អភិវឌ្ឍន៍ ​ដែលមានសមាជិកជា​ជនពិការ ចាស់ជរា ចំនួន ៧១នាក់ រស់នៅក្នុងរាជធានី​ភ្នំពេញ និងមកពីបណ្តា​ខេត្តមួយចំនួន។

ក្នុងឱកាសជួប​សំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍របស់ សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ លើកទឹកចិត្ត ​និងការកោតសរសើរ​ចំពោះជនពិការ​ទាំងអស់ ដែល​តស៊ូជំនះគ្រប់ឧបសគ្គ​ក្នុងជីវិតរស់នៅ ខិតខំតាម​ជំនាញរៀងៗខ្លួន​ប្រកបដោយគុណធម៌ ​និងសីលធម៌។ នេះជាផ្នែកមួយ​នៃការចូលរួមជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ​ជាតិលើកកម្ពស់ជន​ពិការ ឱ្យរស់នៅស្មើ​មុខស្មើមាត់​ក្នុងសង្គមដែលមាន​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ​ លោកជំទាវ បានពាំនាំ​នូវការណែនាំ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ​ទាំងអស់ ឱ្យគួរ​បង្កើនទំនាក់ទំនងជាមួយ​ស្ថាប័នពាក់ព័ន្ធ ឬសប្បុរសជនដើម្បីសុំការអនុញ្ញាត​ឬសហការរៀបចំ​ការប្រគុំតន្ត្រីនៅក្នុងឱកាស​នៃពិធីបុណ្យនានា​ ដូចជាបុណ្យទន្លេ​ ព្រះរាជពិធីបុណ្យអុំទូក -ល- ព្រោះឱកាសនេះនឹង​មានមនុស្សចូលរួម​ច្រើនកុះករដែលអាចឱ្យជនពិការទទួលបានការគាំទ្រកាន់​តែច្រើន។

ជាមួយគ្នានេះដែរ ​ជនពិការទាំង ៧១នាក់ បានសម្តែង​នូវក្តីរំភើប​ និងដឹងគុណយ៉ាងជ្រាល​ជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ដែលតែងតែ​ផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីមេត្តា ករុណា និងលើកទឹកចិត្តចំពោះជន​ងាយរងគ្រោះទាំងអស់​ដោយគ្មានការរើស​អើងអ្វីឡើយ។ ជាពិសេស បន្ថែម​ពីការឧបត្ថម្ភអំណោយជាស្បៀង-សម្ភារ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​តែងតែបានគាំទ្រ​ដល់កម្មវិធីប្រគុំតន្ត្រីរបស់ជនពិការ ដែលកម្មវិធីនេះបានផ្តល់ឱកាស​ដល់ជនពិការបង្ហាញ​ពីសមត្ថភាពរបស់ខ្លួន និងចូលរួម​ផ្សព្វផ្សាយពីសិទ្ធិជនពិការ និងលើកកម្ពស់​ការយល់ដឹងកុំឱ្យរើសអើង​លើជនពិការ។ បង-ប្អូនជនពិការ សូមបួង​សួងដល់ សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត សូមមាន​សុខភាពល្អ អាយុយ៉ឺនយូរ​ដើម្បីបន្តដឹកនាំ​នាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពជានិច្ច។

អំណោយដែលបានផ្តល់ជូន​អង្គការសកម្មភាពលើយុវវ័យ​ពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន ៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ​ទឹកស៊ីអ៊ីវ និងថវិកា ៥លានរៀល។ ដោយឡែក ជន​ពិការទាំង ៧១នាក់ ម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា កាកបាទក្រហម​កម្ពុជា ធា្លប់បានផ្តល់​អំណោយជាស្បៀង សម្ភារ និងថវិកា​ ព្រមទាំងឧបត្ថម្ភគាំទ្រដល់កម្មវិធី​ប្រគុំតន្ត្រីជនពិការ​សប្បុរសធម៌ របស់អង្គការ​សកម្មភាពលើយុវវ័យពិការ​ដើម្បីអភិវឌ្ឍន៍ បានចំនួន ៧លើករួចមកហើយ ដែលថ្ងៃនេះ​ជាការផ្តល់ជូនលើកទី ៨៕

 

កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

កក្រក​ ៖​ ដើម្បីឈានឆ្ពោះ​ការប្រារព្ធ​ខួបទី១៥៦​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨​ ឧសភា​ ឆ្នាំ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» ខាងមុខនេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នឹងរៀបចំឱ្យមានកិច្ចពិភាក្សា​ក្នុង​វេទិកាយុវជន​នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា​ ថ្ងៃទី​ ២៣​ ខែមេសា​ ឆ្នាំ២០១៩​ ក្រោមការបកស្រាយពីនិស្សិតជាវាគ្មិន​ចំនួន​ ៥នាក់​ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង​វាគ្មិន​ ៥នាក់ទៀត​ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សម្រាប់ថ្ងៃអង្គារ ៧កេីត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ​ត្រូវនឹងថ្ងៃទី​ ១២ ខែមីនា​ ឆ្នាំ២០១៩​ នេះ​ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញជាអធិបតី​ និងបេីកវគ្គផ្សព្វផ្សាយជូនដល់​និស្សិតនៃសាកល​វិទ្យាល័យភូមិន្ទកសិកម្ម​សរុបចំនួន​ ៣១០នាក់​។ កាកបាទក្រហមកម្ពុជា​ នឹងបន្តធ្វេីការផ្សព្វផ្សាយ​ស្តីពី​ "គោលការណ៍គ្រឹះរបស់ចលនា​, ច្បាប់មនុស្សធម៌​អន្តរជាតិ,​ កាកបាទក្រហមកម្ពុជា​ និង​យុទ្ធនាការ​ត្រៀមរៀបចំទិវា​ ៨​ ឧសភា"​ ជូនដល់និស្សិត​សាកលវិទ្យាល័យចំនួន​ ៥ទៀតក្នុងរាជធានីភ្នំពេញ​ នៅក្នុងខែមីនានេះ។

សូមបញ្ជាក់ថា​ ការប្រារព្ធទិវា​ ៨​ ឧសភា​ មានគោលបំណង​ ៖
១/​ ផ្សព្វផ្សាយពី​ ចលនាកាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​,​ ច្បាប់មនុស្សធម៌អន្តរជាតិ​,​ តួនាទី​ និងភារកិច្ចរបស់សមាគមជាតិ​,​ និងសមិទ្ធផលដែលសមាគមជាតិសម្រេចបាន។ 
២/ ជាឱកាសកៀរគរមូលនិធិ​ ស្វែងរកធនធាន​ សម្រាប់គាំទ្រ​ដល់ប្រតិបត្តិការមនុស្សធម៌ជួយដល់ជនរងគ្រោះនិងជន​ងាយរងគ្រោះបំផុត​ពីមួយឆ្នាំទៅមួយឆ្នាំ។

 

Fist Prev 2 3 4 5 6 Next Last