Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ព្រះសីហនុ

វគ្គផ្សព្វផ្សាយស្ដីអំពីការអប់រំសុខភាពមនុស្សចាស់ និងជំងឺអេដស៏ ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងពិនិត្យសុខភាពនៅខេត្តកំពត

សាខាកក្រកខេត្តកំពត​ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ​ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត បានចុះបើក​វគ្គផ្សព្វផ្សាយស្ដីអំពីការអប់រំសុខភាពមនុស្សចាស់ ​និងជំងឺអេដស៏ ​ការលើកកម្ពស់​សុខភាពមាតា ទារក និងកុមារ​ និងពិនិត្យសុខភាព ជូនដល់ប្រជាពលរដ្ឋ​ ដោយមានការ​ឧបត្ថម្ភគាំទ្រថវិកា​ដោយសហព័ន្ធអន្តរជាតិ​ ក្រោមវត្តមានលោកជំទាវ មុំ ចន្ធី នាយិកា​រងនាយកដ្ឋានសុខភាព​កាកបាទក្រហមកម្ពុជា និងកញ្ញា ឡាក់ មុន្នីរស្មី តំណាង​សហព័ន្ធអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងមានការចូលរួម​ពី លោក លោកស្រី មន្ត្រីសាខា ​អនុសាខា​ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងប្រជាពលរដ្ឋ​ចូលរួមសរុបចំនួន ៦៧នាក់ (ស្រី ៥២នាក់) ស្ថិតនៅភូមិអង្គ ​ឃុំត្រពាំងព្រីង​ ស្រុកទឹកឈូ ​ខេត្តកំពត។

វគ្គនេះមានគោលបំណង​ ដើម្បីផ្តល់នូវវិធីសាស្រ្តអប់រំ​សុខភាពមនុស្សចាស់​ ក្នុងសហគមន៍​ឲ្យកាន់តែមានប្រសិទ្ធិភាពនៅ​ពេលអនាគត និង​ជំងឺអេដស៍ និ​ងលើកកម្ពស់​សុខភាពមាតា ទារក ​និងកុមារ និងធ្វើការអប់រំ​ផ្សព្វផ្សាយបន្ត​ដល់មិត្តភក្តិ និងសហគមន៍​រៀងៗខ្លួនផងដែរ៕

 

ប្រជាពលរដ្ឋក្រីក្រ អ្នកមានជម្ងឺ កុមារកំព្រា ស្រ្តីមេម៉ាយនៅក្នុងឃុំអន្សាទទួលអំណោយពីសាខាកក្រកខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់​៖នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ១កើត ខែ​ស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម​ ខូយ រីដាប្រធានគណៈកម្មាធិការ​សាខា តំណាង ឯ​កឧត្តមបណ្ឌិត ​ម៉ៅ ធនិន ប្រធាន​កិត្តិយសសាខា សមាជិក ​សមាជិកា បាននាំ​យកអំណាយមនុស្សធម៌​ ជូនប្រជាពលរដ្ឋក្រីក្រ អ្នកមានជម្ងឺ កុមារកំព្រា​ ស្រ្តីមេម៉ាយ សរុបចំនួន ៤៥គ្រួសារស្ថិត​នៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់។

ជាមួយគ្នានេះដែរ ឯកឧត្តម​ ប្រធានគណៈកម្មាធិការសាខា ​បានពាំនាំនូវការផ្តាំផ្ញើរសួរ​សុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែនប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ​អំពីសុខទុក្ខដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ និងងាយរងគ្រោះ ​នៅគ្រប់ទីកន្លែងមិនប្រកាន់ពី​ពូជសាសន៍ណាមួយឡើយ។

សូមបញ្ជាក់ថា​អំណោយផ្តល់ជូនក្នុង​១គ្រួសាររួមមាន​៖អង្ករ២៥ គីទ្បូក្រាម, មី ១កេស និងថវិកា​មួយចំនួន៕

 

យុទ្ធនាការកម្ចាត់ជម្រកមូសខ្លានៅក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

សាខាកក្រកខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃ ពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ កក្កដា​ ឆ្នាំ២០១៩ នេះ លោកជំទាវ ​លំ គន្ធារី សមាជិកកិត្តិយស​សាខា តំណាង​ ឯកឧត្តម សុខលូ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ​ និងសហការី សហការ​ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ ​អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហមកម្ពុជា និង​ប្រជាពលរដ្ឋ សរុប ៩៥នាក់ បានចុះផ្សព្វផ្សាយ អំពីជំងឺគ្រុនឈាម​រួមទាំងធ្វើយុទ្ធនាការ​កម្ចាត់ជម្រកមូសខ្លា​នៅក្នុងភូមិតារាម​ ឃុំត្បែង ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ។

យុទ្ធនាការនេះធ្វើឡើង​ក្នុងគោលបំណងដើម្បីការពារ​បង្ការជម្ងឺគ្រុនឈាម ដែល​អាចឆ្លងតាមរយៈនៃមូសខ្លាខាំ ហើយយុទ្ធនាកា​នេះត្រូវបានធ្វើឡើង​ជាក្រុមដើម្បីផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖

១. សូមចូលរួមកំចាត់​ដង្កូវទឹកមូសខ្លា និងធានាថា ​មិនមានដង្កូវទឹក នៅក្នុង​បរិវេណផ្ទះសំបែង​ តាមរយៈការកម្ទេចចោល និងលុបបំបាត់​ចោល នូវរាល់វត្ថុដក់ទឹក​ ដែលមិនប្រើប្រាស់ ដូចជា​ សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ​ពាង អាង ដែលមិនប្រើប្រាស់​ សំបកដប សំបកដូង ​និងវត្ថុអាចដក់ទឹក​ដទៃទៀត ដែលនៅជុំវិញបរិវេន​ផ្ទះរបស់លោកអ្នក ត្រូវលាង​សម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ ​សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ​ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរ​ពណ៌ ឬគ្របឲ្យបានត្រឹមត្រូវ​នូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២. ត្រូវកំចាត់​សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ​ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ​ និងចូលរួមសហការជាមួយភ្នាក់ងារ​សុខាភិបាល ក្នុងករណីមានការបាញ់​ថ្នាំសម្លាប់មូស។

៣. ត្រូវការពារខ្លួន ​កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់)​ ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិន​មានពន្លឺគ្រប់គ្រាន់នោះទេ។

៤. ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព​ ដែលនៅជិតអ្នកបំផុត ដូចជា​ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់​ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូ​ចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់​បន្សុំផ្សេងទៀត ដូចជា មុខក្រហម ​ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាម​កន្ទួលក្រហមជាដើម។

គ្រប់ករណីសង្ស័យមានជំងឺគ្រុនឈាម​ មិនត្រូវសាកល្បងព្យាបាល​ដោយខ្លួនឯង ឬការប្រើប្រាស់​ថ្នាំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅក្នុង ឃុំត្រពាំងភ្លាំង ស្រុកឈូក

សាខាកក្រក​ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ​១៤រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.​ ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩​ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំ​ដោយ លោកជំទាវ​ លាង ហៃ ជាវ តាយ ​អនុប្រធានកិត្តិយសសាខា ​និងសហការី បានចុះសួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ​ទៅផ្តល់ជូនប្រជាពល​រដ្ឋរងគ្រោះ​ដោយខ្យល់កន្រ្តាក់ ចំនួន ២៣គ្រួសារ​ ក្នុងនោះរលំទាំងស្រុង៨គ្រួសារ និងប៉ើងដំបូល ​ចំនួន ១៥គ្រួសារ ស្ថិតនៅក្នុង​ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក ខេត្តកំពត។

នាឱកាសនេះ​លោកជំទាវ បានពាំនាំមក​នូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែគិត​គូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋជួបការលំបាក​ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ​ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ​ជាតិសាសន៍ ពណ៌សម្បុរ ​ឬនិន្នាការនយោបាយអ្វីឡើយ​ និងផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ប្រកាន់​យកនូវ អនាម័យល្អ ហូបស្អាត ​ផឹកស្អាត និងរស់នៅស្អាត​ ត្រូវខិតខំប្រឹងប្រែង​បង្ករបង្កើនផល ​និងប្រកបមុខរបរ​ផ្សេងៗដើម្បីទ្រទ្រង់ជីវភាព​គ្រួសារបានល្អប្រសើរឡើង។

អំណោយដែលផ្ដល់​ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ​ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ស្ករសរ ១គីឡូក្រាម ក្រមា១ មុង១ ភួយ១ សារុង១ (រលំទាំងស្រុងបន្ថែម​កៅស៊ូតង់១ដុំ) និង ថវិកាមួយ​ចំនួនផងដែរ៕

 

យុទ្ធនាការ ស្តីពី ការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ

ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ ​សហការជាមួយ​គម្រោងយុវជនកាកបាទក្រហមកម្ពុជា ​និងសុវត្ថិភាពចរាចរណ៍​ កាកបាទក្រហមកម្ពុជា​ទីស្នាក់ការកណ្តាល ​រៀបចំយុទ្ធនាការ ស្តីពី ការពារជីវិត និង​ពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ ​ក្រោមអធិបតីភាពរបស់​ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ លោកជំទាវ ​សោម សេរីវឌ្ឍន៍ នាយិការរង​ នាយកដ្ឋានធនធានមនុស្ស​ កាកបាទក្រហមកម្ពុជា​ និងមានការអញ្ជើញ​ចូលរួម ពីឧត្តមសេនីត្រី ជុំ វណ្ណា​ ស្នងការរងនគរបាលចរាចរណ៍​ខេត្ត្កក្រចេះ ​និងសមាជិកគណ:​កម្មាធិការ​សាខា យុវជន​កាកបាទក្រហមកម្ពុជា​ យុវជកាយរិទ្ធ អ្នកស្ម័គ្រចិត្ត ​សរុប ១០៨នាក់។ ក្នុងគោលបំណង ​ចូលរួមចំណែក ​និងជំរុញការកាត់បន្ថយ​អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា​ ដែលបានសម្លាប់​មនុស្ស បន្សល់ទុក​ជនពិការ កុមារ​កំព្រា ស្រ្តីមេម៉ាយ​ និងរបួសធ្ងន់ធ្ងរ ជាច្រើន​ពាន់នាក់ ក្នុង១ឆ្នាំៗ។

Fist Prev 2 3 4 5 6 Next Last