Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

...

វគ្គបំប៉នដល់ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

កក្រក៖ ​នៅព្រឹក​ថ្ងៃទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ​បើក​វគ្គ​បំប៉ន​លើប្រធានបទ​ចំនួន៤ ​ដល់​ទីប្រឹក្សា​យុវជន​ចំនួន​៦០​នាក់​ មកពី​២៣​ វិទ្យាល័យ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​និង​មានការអញ្ជើញ​ជាអធិបតី​ពី​ឯកឧត្តម​ សម កុសល ​នាយក នាយកដ្ឋាន​ធនធាន​មនុស្ស ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និង​ឯកឧត្តម​ លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ ។

 

វគ្គសិក្សា​នេះចែក​ចេញជា​២វគ្គ ក្នុង១វគ្គ​មាន​សិក្ខាកាម​៣០ នាក់ មានរយ:ពេល ​២ថ្ងៃ លើ​ប្រធានបទ ១-រំលឹកអំពី​ប្រវត្តិចលនា​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​; ២-ការងារ​គ្រប់គ្រង​យុវជន បណ្តាញ​យុវជន និងអ្នកស្ម័គ្រចិត្ត;​ ៣-ការកសាងផែនការ​សកម្មភាព​អប្បបរិមា​; ៤-វិជ្ជា​សង្គ្រោះ​បឋម សំដៅ​ពង្រឹង​ការអភិវឌ្ឍ​ស្ថាប័ន និងអភិវឌ្ឍ​ធនធាន​នៃទិស​យុទ្ធសាស្ដ្រ ​របស់​កាកបាទក្រហម​កម្ពុជា​ ក្នុងនោះ​ទីប្រឹក្សាយុវជន យុវជន និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករ និង​ជាធនធាន​ដែលមិនអាច​ខ្វះបាន​ របស់កាកបាទក្រហម​កម្ពុជា​ រួមចំណែក​បំពេញ​សកម្មភាព​យ៉ាងសកម្ម ជួយដល់​ជនរងគ្រោះ និងងាយរងគ្រោះ​បានទាន់​ពេលវេលាស្របតាម​បាវចនា “ធ្វើឲ្យបាន​កាន់តែ​ច្រើនជាង​មុន ធ្វើឲ្យ​បានកាន់​តែល្អ​ជាងមុន ធ្វើឲ្យបាន​កាន់តែ​ស៊ីជម្រៅ និងទៅ​ឲ្យបានកាន់តែ​ឆ្ងាយជាងមុន។

 

ក្រោយពី​ញ្ចប់វគ្គនេះ គ្រូទីប្រឹក្សា​មកពីគ្រឹះស្ថាន​សិក្សាដែលជា​សាលា​គោលដៅទាំង២៣ មាន​បណ្តាញយុវជន​កាកបាទក្រហម​កម្ពុជា បានទទួល​​​នូវកាបូប​សង្រ្គោះបឋមក្នុងមួយ​សាលាចំនួន១ផងដែរ សម្រាប់​ការងារ​ជួយសង្គ្រោះ​ជាបឋម​ដល់​សិស្សានុសិស្ស​ និងសហគមន៍​ដែលមាន​គ្រោះថ្នាក់ ដោយឧប្បទ្ទវ​ហេតុផ្សេងៗ៕

...

ប្រជាពលរដ្ឋងាយរងគ្រោះដោយអគ្គិភ័យនៅខេត្តកំពង់ស្ពឺទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​នៅរសៀល​ថ្ងៃទី១១​ ខែមីនា ​ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និង​ថវិកាមួយ​ចំនួន​ជូន​គ្រួសារ​រងគ្រោះ​ចំនួន៣គ្រួសារ​ ដែលបាន​ទទួល​រងគ្រោះ​ដោយភ្លើង​ឆេះផ្ទះ​ ចំនួន​៣ខ្នង​ស្ថិត​នៅភូមិញរ​ សង្កាត់​កណ្តោលដុំ ​ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុ​ជា ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ ក្តីអាណិតអាសូ​រ និង​ការសោកស្តាយ ​ចំពោះឧបទ្ទវហេតុ​ដែលបាន​បំផ្លាញ​លំនៅដ្ឋាន​ និងទ្រព្យសម្បត្តិ​របស់គ្រួសារ​រងគ្រោះ​។ លោកជំទាវ​ ក៏បាន​អំពាវនាវ​ ដល់ប្រជាជន​ សូមមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ ដែលជា​ប្រភព​នៃគ្រោះថ្នាក់ ​និងបាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម ​ហើយប្រឹងប្រែង​ប្រកប​របរចិញ្ចឹម​ជីវិត ​ដើម្បីស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​ ព្រោះអំណោយ​ដែលបាន​ផ្តល់ជូន​ពេលនេះ ​អាចជួយ​សម្រាល​ការលំបាក​បានមួយ​គ្រាប៉ុណ្ណោះ។

 

គ្រួសារ​រងគ្រោះ​ទាំងអស់​បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​គិតគូរ​ មានក្តីមេត្តា ​ករុណា ​និងទឹកចិត្ត​ជ្រះថ្លា ​ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជន​រងគ្រោះ​ជួបការ​លំបាក​បានទាន់​ពេលវេលា៕

 

...

ប្រជាពលរដ្ឋងាយរងគ្រោះនៅខេត្តកំពង់ស្ពឺទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​៖​នៅក្នុង​ឱកាស​នៃពិធី​សំណេះសំណាល​សួរសុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្សធម៌​ ជូនដល់​អ្នករស់​នៅជាមួយ​មេរោគអេដស៍​ ចាស់ជរាគ្មាន​ទីពឹង​ ស្ត្រីមេម៉ាយ​ គ្រួសារ​ទីទ័លក្រ​ កុមារកំព្រា ​និងគ្រួសារ​ជនពិការ​ចំនួន១២៨៨គ្រួសារ​ នៅស្រុក​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ នៅព្រឹកថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧​ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានថ្លែង​បញ្ជាក់​ទៅកាន់​ប្រជាពលរដ្ឋ​ថា​ "បេសកកម្ម​របស់​កាកបាទក្រហម​កម្ពុជា​ បានធ្វើ​ឡើងជាយូរ​ណាស់​មកហើយ​ គិតចាប់តាំង​ពីជួយ​ជំលៀសជនភៀសសឹក​នៅក្នុង​សម័យសង្គ្រាម​ឱ្យមានទី​មានសុវត្ថិភាព​ និងជួយ​សម្រាល​ទុក្ខលំបាកជូន​ប្រជាពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះ​បំផុត​ ជាបន្តបន្ទាប់​ គ្រប់ពេលវេលា​ ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ"។

 

ទន្ទឹមនឹងនោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានផ្តល់​អនុសាសន៍​សំខាន់​ដូច​ខាងក្រោម​ ៖

 

១/​សូមយុវជន​កាកបាទ​ក្រហម​កម្ពុជា ត្រូវធ្វើ​ជាគំរូ​ល្អដល់​យុវជន ឬសិស្ស​ដទៃ ដោយជួយ​អូសទាញ​សិស្ស​នានា​ឱ្យដើរ​ក្នុងផ្លូវ​ត្រឹមត្រូវ​របស់សង្គម​ និងចូលរួម​កាន់តែ​សកម្ម​ក្នុងការងារ​មនុស្សធម៌​នៅតាម​សាលារៀន​ ឬសហគមន៍​របស់ខ្លួន​ ដើម្បី​ឆ្លើយតប​តាមតម្រូវការ​ដល់ជន​រងគ្រោះ ​និងងាយ​រងគ្រោះ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

 

២/​សូមប្រជាពលរដ្ឋ​ក្នុងគ្រួសារ​នីមួយៗ​យកចិត្តទុកដាក់​ គិតគូរ​ពីសុខភាព​រស់នៅ​ប្រចាំថ្ងៃ​ ដោយត្រូវ​ពិសារ​ទឹកឆ្អិន និងមាន​អនាម័យ​ជុំវិញផ្ទះ ​ដើម្បីជួយសម្រាលអត្រា​ឈឺក្នុងផ្ទះ​ និងលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ។

 

៣/សូមអ្នក​ផ្ទុកមេរោគអេដស៍​ទាំងអស់ ​អញ្ជើញ​ទៅមណ្ឌល​សុខភាព ​ឬមន្ទីរពេទ្យ​ឱ្យបាន​ទៀងទាត់​ ទៅតាមកាលកំណត់​របស់គ្រូពេទ្យ​ ហើយបើយើង​ជាអ្នកផ្ទុក​ សូមកុំ​ចម្លងទៅ​អ្នកដទៃទៀត។​ ចំពោះអ្នក​មានផ្ទៃពោះ ​ត្រូវទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ និងសម្រាលកូ​ននៅមណ្ឌល​សុខភាព​ ដើម្បី​កុំឱ្យ​ឆ្លងពី​ម្តាយទៅទារក។ ចំណែកស្ត្រីមាន​ផ្ទៃពោះទូទៅត្រូវទៅ​ពិនិត្យសុខភាព​ឱ្យបានទៀងទាត់ ហើយត្រូវ​សម្រាលកូននៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដើម្បីសុខភាព​ទាំងម្តាយ​ និងទារក។

 

៤/​ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ យកចិត្តទុកដាក់​ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា ដើម្បី​កាត់បន្ថយ​អត្រាស្លាប់​ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

 

៥/​សូម​ប្រជាពលរដ្ឋ​ទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ចូលរួមទប់ស្កាត់​ និងលុបបំបាត់គ្រឿងញៀន​ ល្បែងស៊ីសង​ គ្រឿងស្រវឹង​ -ល-​ ដែលជាមូលហេតុ​នៃអំពើហិង្សា​ក្នុងគ្រួសារ​ អំពើ​ចារកម្ម ចោរកម្ម​ និងឈានដល់សម្លាប់មនុស្សជាដើម។

 

៦/​សូមមីក្រូហិរញ្ញវត្ថុទាំងអស់​ត្រូវចេះគិតគូរ​យោគល់​ និងអាណិត​អាសូរដល់​ប្រជាពលរដ្ឋ​ដែលខ្ចី លុយយកទៅ​ប្រើប្រាស់​ក្នុងមុខរបរ​ត្រឹមត្រូវ​របស់​ពួកគាត់។

 

៧/​ សូមប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​ករណីភ្លើងផ្សែង​នៅរដូវប្រាំង​នេះ​ ដែលអាច​បង្កឧបទ្ទវហេតុ​ផ្សេងៗបាន។

 

៨/​សូមអាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ យកចិត្តទុក​ដាក់ចុះពិនិត្យ​តំបន់ដែល​ប្រឈម​នឹងកង្វះទឹកស្អាត​ប្រើប្រាស់​ ដើម្បីស្នើ​មកសាខា​ ឬទីស្នាក់ការកណ្តាល​កាកបាទក្រហម​កម្ពុជា​ ដោះស្រាយជូន៕

 

...

ក្លឹបយុវជនកាកបាទក្រហមកម្ពុជារៀបចំតាំងពិព័រណ៍ និងតន្ត្រី សប្បុរសធម៌លើកទី៤

កក្រក៖​ នៅព្រឹក​ថ្ងៃទី​១០ ​ខែមីនា​ ឆ្នាំ២០១៧ ​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បានរៀបចំ​ពិធី​ពិព័រណ៍ ​និង​តន្ត្រីសប្បុរសធម៌​លើកទី៤​ របស់ខ្លួន​ក្រោមអធិបតីភាព​ ឯកឧត្តម ពិត ចំណាន សមាជិក​គណៈកម្មាធិការ​កណ្ដាល​កក្រក​ ឯកឧត្តម​បណ្ឌិត​ សាន វឌ្ឍនា តំណាង​ឯកឧត្តម​ ហ៊ុន ម៉ានី និងឯកឧត្តម អ៊ុម រម្យណី ព្រមទាំង​មានការ​ចូលរួម​ពីភ្ញៀវកិត្តិយស ​គណៈគ្រប់គ្រង​ សាស្ត្រាចារ្យ និស្សិត និងយុវជន​ កាកបាទក្រហម​កម្ពុជា ​សរុប ៦០០នាក់។

 

​ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ពិត ចំណាន​ មាន​ប្រសាសន៍​ថា ​ការរៀបចំ​ពិធី​ពិព័រណ៍​ និង​តន្ដ្រី ​សប្បុរសធម៌​លើកទី៤​ រៀបចំ​ឡើងក្នុង​គោលបំណង​ផ្សារភ្ជាប់​នូវ​សកម្មភាព​មនុស្សធម៌​ កៀរគរ​មូលនិធិ​ពីសប្បុរសជន​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ នៅក្នុង​គ្រឹះស្ថាន​ឧត្តមសិក្សា ​ចុះសាកសួរ​សុខទុក្ខ​កុមារកំព្រា​ ចាស់ជរា​ និងអ្នកជំងឺ​សម្រាក​ព្យាបាល​នៅតាមមន្ទីរ​ ពេទ្យនានា​ក្នុង​រាជធានីភ្នំពេញ​។

គួរបញ្ជាក់​ផងដែរ​ ក្នុងពិធី​ពិព័រណ៍ និង​តន្ដ្រី​សប្បុរសធម៌​លើកទី៤ នេះមាន​ការឧបត្ថម្ភ​ថវិកា​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កក្រកចំនួន៥លានរៀល,និងឯកឧត្តម​ហ៊ុន ម៉ានី ថវិកា២លានរៀល និង​សប្បុសជន​ជាច្រើន​បន្ដបន្ទាប់​ទៀត។ ក្រៅពីនេះ​ក៏មាន​ការរៀបចំ​នូវស្ដង់​ពិព័រណ៍​ម្ហូបអាហារ​ នំចំណី និង​ក្រុមហ៊ុន​មួយចំនួន​ផងដែរ៕

 

...

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអូរជ្រៅ

កក្រក ៖​នៅព្រឹក​ថ្ងៃទី​៩ ​ខែមីនា​ ឆ្នាំ២០១៧​ នេះ ​ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត​ នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ និងមាន​ការអញ្ជើញ​ចូលរួម​ពី​ លោកជំទាវ​ ឆាន់ ច័ន្ទសោភា​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​លោកជំទាវ​ លោក លោកស្រី ​ដែលជា​សមាជិក​ សមាជិកា​ សាខានិងអនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​សួរ​សុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ របស់​កាកបាទក្រហមកម្ពុជា​ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ចំនួន ៣៣៦​គ្រួសារ​ មកពី​ឃុំ​ចំនួន​បីរួមមានឃុំចង្ហា ឃុំសិង្ហ និងឃុំសូភី នៃស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែលពិធី​នេះប្រព្រឹត្ត​ទៅក្នុង​បរិវេណ​វត្តពោធិ៍សម្ភារ​ជ្រៃឈូក។

 

នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផលឯកឧត្តម​វេជ្ជ.​បានមាន​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខពី​សំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់​ និងបាន​ណែនាំ​ដល់​បងប្អូន​សូមថែ​រក្សា​អនាម័យ​ ពិសារទឹកឆ្អិន​ និងគេងក្នុង​មុងជានិច្ច។ ជាងនេះទៅទៀត សូមបងប្អូន​ទាំងអស់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ឬឆ្ងាយ។ បន្ថែមពី​លើនេះ​ទៀត សូមជៀស​ឲ្យឆ្ងាយ​ពីគ្រឿង​ញៀន​ និង​កុំពិសារ​គ្រឿងស្រវឹង។ រឹតតែ​ពិសេស​ជាងនេះ​ទៀត​ សូមការពារ​ខ្លួន​កុំឲ្យឆ្លង​មេរោគ​អេដស៍ និង​កុំរើស​អើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍ ព្រមទាំងត្រូវ​មានស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នូវគ្រាប់មីន​មិនទាន់ផ្ទុះ។

 

ប្រជាពលរដ្ឋ​ងាយរង​គ្រោះទាំងអស់​ រំភើប​រីករាយ​ក្រៃលែង​ និងបាន​ថ្លែងអំណរ​គុណ​ដល់​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្ដេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ជាប្រធាន​ ជានិច្ចកាលតែង​តែយក​ព្រះទ័យ​ និង​ចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​ដែលងាយ​រងគ្រោះ ​គ្រប់ទិសទី​ដោយមិន​ប្រកាន់វណ្ណៈ ​ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកអ្នកពិការ និងចាស់ជរាមួយចំនួន ទទួលបានថវិកាមួយចំនួនបន្ថែមទៀត។

Fist Prev 1 2 3 4 5 Next Last