Webmail
E-Learning
សេវាយើង

សេវាយើង

ការជួបជុំ គ្រួសារ ឡើងវិញ រវាងម្តាយ និងកូនបន្ទាប់ ពី បែក គ្នា៤៤ ឆ្នាំ

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

បើកវគ្គបណ្ដុះបណ្ដាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

យុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

ប្រជាជនឃុំប្រម៉ោយខេត្តពោធិ៍សាត់ទទួលស្រះទឹកពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តពោធិ៍សាត់ ៖នៅថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បាន​ចុះពិនិត្យ​ដំណើរ​ការកំពុង​ជីកស្រះ​មួយ​កន្លែង​ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រប្រមាណ​ជាង៥០​គ្រួសារ​ រស់នៅ​ភូមិប្រម៉ោយ​(នៅចំណុចដូននាគ)​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

 

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ​ដែលរស់​នៅទីនោះ​ មានសេចក្តី​រីករាយ​យ៉ាងខ្លាំង​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច ​និងសូមជូនពរ​សម្តេច​ឲ្យជួប​តែសេចក្ដី​សុខ ទទួល​បាននូវ​ពុទ្ធពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

 

ពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

Fist Prev 1 2 3 4 5 Next Last