Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កោះកុង

លោក ម៉ៅ ធនារក្ស ទទួលទេយ្យទានពីព្រះសង្ឃគង់ នៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី

សាខាកក្រកខេត្ត​មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ​លោក ម៉ៅ ធនារក្ស អនុប្រធានគណៈកម្មាធិកាសាខា ​និងសហការី បានអញ្ជើញទទួល​ទេយ្យទានពីព្រះសង្ឃព្រះនាម​ ព្រះវិមល្លថេរ សៅ យ៉ាន រាជាគណៈថ្នាក់កិត្តិយស ​នៅវត្តសែនមនោរម្យ ស្ថិត​នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ​ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ លោក​អនុប្រធាន បានថ្លែងអំណរអរព្រះគុណយ៉ាង​ជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទាន​មនុស្សធម៌ទាំងនេះប្រគល់ជូនសាខា ​ហើយសាខានឹងយកទេយ្យទានទាំងនេះ​ទៅចាត់ចែងទៅតាម​គោលការណ៍គ្រឹះរបស់ចលនា ជួយ​ជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។

ទេយ្យទានដែលសាខា​បានទទួលរួមមាន ៖ អង្ករ ១តោន មី ១០១កេស ត្រីខ ២៥០កំប៉ុង ទឹកត្រី ២៦យួរ ទឹកស៊ីអ៊ីវ ២៨យួរ ចានដែក​ចំនួន៦៣ សូរទឹកកកចំនួន១១ ចានស្រាក​ចំនួន៤០ កំសៀវចំនួន១៦ និងបំពង់ទឹកក្ដៅ ១៥បំពង់ផងដែរ៕

 

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

សាខាកក្រក ​ខេត្តកោះកុង ៖ នៅរសៀលថ្ងៃច័ន្ទ ៥កើត​ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ៥ ខែសីហា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ដឹកនាំដោយ​ លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការសាខា សហការជាមួយ​អនុសាខាកក្រក ស្រុកមណ្ឌល​សីមា រួមដំណើរជា​មួយអជ្ញាធរ​មូលដ្ឋាន បានអញ្ជើញ​ចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារ​ខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី៤​ និងទី៥ ខែសីហា ឆ្នាំ២០១៩ ​ចំនួន​ ៣៣គ្រួសារ ស្មើនឹង៣៣ខ្នងផ្ទះ​ រស់នៅភូមិ១ ចំនួន០៩គ្រួសារ ភូម២ចំនួន១០គ្រួសារ​ ភូមិ៣ចំនួន១១គ្រួសារ និងភូមិបឹងកាឆាងចំនួន៣គ្រួសារ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៦០១សន្លឹក ស័ង្កសីចំនួន១០៨សន្លឹក និងសម្ភារមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ​លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ​សាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និង​សោកស្តាយពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​ជាកាលសម្តេច តែងតែគិតគូរអំពី​សុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមាន​ការប្រកាន់ ពូជសាសន៍​ ពណ៌សម្បុរ និន្នាការនយោបាយ​អ្វីឡើយ។​ ជាមួយគ្នានេះ​ លោកជំទាវ បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេសបងប្អូន​ប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក ​សមុទ្រធំៗខ្ពស់ៗ។​ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែ​ទាំសុខភាព​ឱ្យបានល្អ ជាពិសេសទៅ​លើកុមារតូចៗ ត្រូវស្លៀកខោ​អាវវែង និងគេង​នៅក្នុងមុងជ្រលក់ថ្នាំ​ដើម្បីការពារ​ជំងឺគ្រុនឈាមដែល​កំពុងរីករាលដាល​ ព្រមទាំងចេះសម្អាត​អនាម័យជុំវិញខ្លួន និងចូលរួម​គោរពច្បាប់ចរាចរណ៍ទាំ​ងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ។ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៦០១សន្លឹក ស័ង្កសី ១០៨សន្លឹក ឆ្លើយតប ទៅតាមទំហំនៃការខូចខាតរបស់​គ្រួសាររងគ្រោះនីមួយៗ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សួរសុខទុក្ខ កញ្ញា លាន ចន្ទ្រា កំពុងសម្រាកព្យាបាលជំងឺ (វះកាត់សន្លាក់) នៅមន្ទីរពេទ្យបង្អែក

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ  ​៤កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែសីហា​ ឆ្នាំ២០១៩ លោកជំទាវ ទាង អេង​ ទៀសីហា អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប តំណាង​ ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា និងសហការី ​បានអញ្ជើញសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ផ្ដល់ជូន​ កញ្ញា លាន ចន្ទ្រា អាយុ ២៣ឆ្នាំ ក្រីក្រ កំព្រាឪពុក មានទីលំនៅ​ក្នុងស្រុកចំការលើ ​ខេត្តកំពង់ចាម កំពុងសម្រាក​ព្យាបាលជំងឺ​ (វះកាត់សន្លាក់) នៅមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ​ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តមប្រធាន​គណៈកម្មាធិការសាខា​ សូមប្អូនស្រីកុំអស់សង្ឃឹម ត្រូវមាន​ទំនុកចិត្តជឿជាក់​លើគ្រូពេទ្យជំទាញ ត្រូវខំថែរក្សាសុខភាពដើម្បីឆាប់​បានជាសះស្បើយ។ ពេលត្រលប់ទៅស្រុកកំណើត​វិញត្រូវសម្រាក​ឱ្យបានគ្រប់គ្រាន់ បើមានសភាពមិនស្រួល​សូមប្រញាប់ទៅកាន់មន្ទីរ​ពេទ្យដែលនៅជិត ហើយក្នុងបើមានការ​ចាំបាច់សូមទំនាក់ទំនង សាខា ​ឬអនុសាខាកាកបាទក្រហម​កម្ពុជា នៅក្នុងភូមិសាស្ត្រនោះ។

អំណោយមនុស្សធម៌ដែល​បានផ្ដល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាយឺត២ អង្ករ៥០គីឡូក្រាម និងថវិកា១លានរៀល។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ក្នុងឃុំកក់ និងឃុំមួយចំនួនទៀត ស្រុកពញាក្រែក

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត​ ជាម ច័ន្ទសោភ័ណ​ គណ:កិត្តិយសសាខាកាកបាទក្រហមកម្ពុជា ​ខេត្តត្បូងឃ្មុំ និងលោកជំទាវ​ ឡេង សុខា ប្រធានស្តីទី​គណ:កម្មាធិការសាខា​ រួមដំណើរដោយសមាជិក សមាជិកា​គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា​ អនុសាខាកាកបាទក្រហម​ស្រុកពញាក្រែក បានចុះសួរសុខទុក្ខ ​និងនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ​ប្រជាពលរដ្ឋក្រីក្រ ៣៦គ្រួសារ ​និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់​កន្ត្រាក់២៥គ្រួសារ សរុបចំនួន សរុប៦១គ្រួសារ​នៅ ក្នុងឃុំកក់ និងឃុំមួយ​ចំនួនទៀត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត គណ:កិត្តិយសសាខា ​បានពាំនាំប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា ​សម្ដេចតែងតែគិតគូរពីសុខទុក្ខ​បងប្អូនគ្រប់ពេលវេលា ដោយមិនឲ្យនរណាម្នាក់​ អត់អាហារ នៅរងារកំព្រា​ម្នាក់ឯងនោះឡើយ គឺទីណា​មានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា​ គ្រប់ទីកន្លែង គ្រប់ពេលវេលា ​និងមិនទុកនរណា​ម្នាក់ចោល ដោយមិនរើសអើង​ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​អ្វីនោះឡើយ។ ឯកឧត្តមបណ្ឌិត ក៏បានសម្តែង​នូវការសោកស្តាយចំពោះគ្រោះ​មហន្តរាយដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែង​របស់បងប្អូន និងសូមឲ្យបងប្អូន​រៀបចំផ្ទះសម្បែងឡើងវិញ ព្រម​ទាំងខិតខំប្រកបរបរចិញ្ចឹមជីវិត កក៍ដូចជា​ដាំដំណាំផ្សេងៗ ដើម្បីធ្វើឲ្យកម្រិត​ជីវភាព បានប្រសើរឡើងវិញ។

អំណោយដែលប្រគល់​ជូនប្រជាពលរដ្ឋមានជីវភាព​គ្រួសារចំនួន ៣៦គ្រួសារ ទទួលបានគ្រឿង​ឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន៥ម៉ឺនរៀល និងប្រជាពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន ២៥គ្រួសារ ទទួលបានឧបភោគ បរិភោគ និងថវិកាចំនួន១០ម៉ឺនរៀល ដោយឡែក​ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងទទួលបានថវិកា​បន្ថែមចំនួន៣០ម៉ឺនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នាំអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅ ឃុំស្រែចារ ស្រុកស្នួល

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត​ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែសីហា ​ឆ្នាំ ២០១៩ នេះ ឯកឧត្តម ធុន​ គ្រី ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ​ រួមដំណើរដោយលោក គង់ សុជាតិ ​លេខាធិការគណៈកម្មាធិការសាខា ​ក្រុមប្រតិបត្តិសាខា​ មន្រ្តីអនុសាខាស្រុកស្នួល​ បាននាំយកអំណោយ​មនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តក្រចេះ ​ទៅចែកជូនដល់គ្រួសារ​រងគ្រោះដោយខ្យល់កន្រ្តាក់ ​ចំនួន ១៥គ្រួសារ នៅមូលដ្ឋាន​ឃុំស្រែចារ ស្រុកស្នួល​ ខេត្តក្រចេះ ។


នៅក្នុងឱកាសសំណះសំណាល​នោះដែរ ឯកឧត្តម បាន​សម្តែងការ​សោកស្តាយ​ជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​នេះដែលបានបណ្តាលអោយ​ខូចខាត់ទ្រព្យសម្បត្តិ ​និងរងរបួសដោយហេតុការណ៏នេះ​ ព្រមទាំងបានផ្តាំផ្ញើសូមអោយបងប្អូន​មានការប្រុងប្រយ័ត្ន​ នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ ​បើនៅតាមទីវាល​ត្រូវរកកន្លែង​ដែលមានសុវត្ថិភាពជ្រក ។


ជាមួយគ្នានេះ​ ឯកឧត្តម ក៏បានពាំនាំផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែលសម្តេចបានផ្ដាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ឱ្យថែទាំ​សុខភាពឱ្យបានល្អ​ ត្រូវរស់នៅស្អាត ​ពិសាទឹកឆ្អិន និងគេងក្នុង​មុងជានិច្ច ពិសេស​សូមជួយមើលថែទាំ ​ក្មេងៗនិងចាស់ជរា អោយបានល្អ ។


សូមបញ្ជាក់​ថាអំណោយ​ដែលបានចែកជូនគ្រួសារ​រងគ្រោះនាពេលនោះ​សម្រាប់គ្រួសាររង​ដោយខ្យល់កន្រ្តាក់ធ្ងន់ចំនួន៣គ្រួសារ ក្នុង១គ្រួសារ​ទទួលបាន៖ អង្ករ ៥០ គ.ក្រ, សារ៉ុង ១, ភួយ ១, មុង ១, ក្រម៉ា ១, មី ១ កេះ, ត្រីខ ១០ កំប៉ុង, តង់ ១ និង ថវិកា ២០០.០០០ រៀល និងគ្រួសាររងដោយខ្យល់កន្រ្តាក់មធ្យមចំនួន១២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ, សារ៉ុង ១, ភួយ ១, មុង ១, ក្រម៉ា ១, មី ១ កេះ, ត្រីខ ១០ កំប៉ុង និង ថវិកា ៥០.០០០ រៀល ​ជាមួយគ្នានេះ​អនុសាខាកាកបាទក្រហម​កម្ពុជា ស្រុកស្នួល​បានឧបត្ថម្ភថវិកាជូន​គ្រួសាររងគ្រោះធ្ងន់ចំនួន ៣ ​គ្រួសារនូវថវិកា​ ៥០.០០០រៀលក្នុងមួយគ្រួសារនិងលោក​ ស៊ុំ ជួន​ ប្រធានក្រុមប្រឹក្សាស្រុកស្នួល បានឧបត្ថម្ភជូន​គ្រួសាររងគ្រោះធ្ងន់ចំនួន ៣ គ្រួសារនូវថវិកា​ ៥០.០០០ រៀលក្នុងមួយគ្រួសារផងដែរ។

Fist Prev 1 2 3 4 5 Next Last