សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខា រួមជាមួយនឹង លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥៨គ្រួសារ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុក្ខទុក្ខនិងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ការថែទាំសុខភាពដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថាន បំបាត់ទឹកដក់សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តការណែនាំរបស់គ្រូពេទ្យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ សូមគិតគូរពីសុវត្ថិភាពចរាចរណ៍ ដោយគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម។ល។
អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលផលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករដំណើប កន្លះគីឡូ សណ្តេកខៀវ កន្លះគីឡូ ស្កសរ កន្លះគីឡូ និងថវិកាមួយចំនួនផងដែរ៕

ពិធីបំពាក់ឯកសណ្ឋានជូនដល់ យុវជនកាកបាទក្រហមកម្ពុជា នៅខេត្តកំពត
សាខាកក្រកខេត្តកំពត ៖ កាលពីរសៀលថ្ងៃសុក្រ ១២ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំពិធីបំពាក់ឯកសណ្ឋានជូនដល់ យុវជនកាកបាទក្រហមកម្ពុជា ទើបជ្រើសថ្មី និងទួលបានការបណ្តុះបណ្តាលយល់ដឹងជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ចំនួន ៥៤៤នាក់ មកពីវិទ្យាល័យចំនួន៥ និងអនុវិទ្យាល័យ នៅក្នុងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានលើកឡើងថា៖ ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រលងចេញ ឬត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ និងបានចាត់ទុកយុវជនជាធនធានគន្លឹះ ដែលមានតម្លៃខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "យុវជនកំពុងនាំគ្នាធ្វើសកម្មភាពយុវជន ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម"។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានបំពាក់កន្សែងជូនដល់យុវជន និងបានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន៥៤៤នាក់ ក្នុងម្នាក់ៗ ១០០០០រៀល ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ចំនួន១២នាក់ ក្នុងម្នាក់ៗ ៤០០០០រៀលផងដែរ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ធ្វើរបងលួសបន្លាព័ទ្ធជុំរិញស្រះទឹក នៅភូមិ កោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
នៅថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សហការជាអាជ្ញាធរ រួមជាមួយកម្លាំងប្រជាពលរដ្ឋចំនួនប្រមាណ១០គ្រួសារ សរុបចំនួន ៤៥នាក់ បានរួមគ្នា ធ្វើរបងលួសបន្លាព័ទ្ធជុំរិញស្រះទឹកការពារកុំឱ្យហូរចូលនូវទឹកកខ្វក់ឫសត្វពាហនៈចូលដើម្បីរក្សាទឹកស្អាតសម្រាប់ប្រើប្រាស់នារដូវប្រាំងដែលខ្វះទឹកប្រើប្រាស់ដែល ស្រះនោះមានទំហំ៤០ម៉ែត្រ គុណ២៥ម៉ែត្រជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មានទីតាំងស្ថិតនៅភូមិ កោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថាសាខាបានផ្តល់ជូនបន្លាលួសចំនួន ១០០គីឡូ ស្នើនឹង ៥០០ម៉ែត្រផងដែរ ។

យុវជនកាកបាទក្រហមកម្ពុជា ក្រុងតាខ្មៅ ចូលរួមជួយសម្រួលចរាចរណ៍
សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យចំនួន២ក្នុងក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យហ៊ុនសែនតាខ្មៅ ១៤ នាក់ និងវិទ្យាល័យហ៊ុនសែនសេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៣ នាក់ ចុះជួយសម្រួលចរាចរណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) ។
សកម្មភាពការងារសុវត្ថិភាពចរាចរណ៍នៅចំណុចគោលដៅនេះ គឺក្នុងគោលបំណងជួយផ្សព្វផ្សាយដល់សាធារណជនទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានកាន់តែប្រសើរ និងដើម្បីចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម ៕

វគ្គ ជាមូលដ្ឋានសម្រាប់យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តខេត្តព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៩ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គ ជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា សម្រាប់វិទ្យាល័យជាំក្សាន្ត ចំនួន ១២០ នាក់ និងធ្វើពិធីបំពាក់ កន្សែងជូនយុវជនទើបរើសថ្មីចំនួន ៦៨ នាក់ ស្រី ៣៧ នាក់ ក្រោមវត្ត មាន ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះឯកឧត្តមនាយកសាខាបានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡង ជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាក បាទក្រហមកម្ពុជា ជូននាពេលនេះ គោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិ គោលការណ៍គ្រឹះ តួនាទីរបស់យុវជនកាកបាទ ក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿង
-គោរពច្បាប់ចរាចរអោយជាប់ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។
បន្ទាប់មកឯកឧត្តម និងក្រុមការបានចុះពិនិត្យអណ្តូងដែលកាកបាទ ក្រហមកម្ពុជា បានផ្តល់ប្រជាពលរដ្ឋក្នុងភូមិចាត់តាំង និងភូមិទឹកក្រហម ក្នុងឃុំទឹកក្រហម ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ។