Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហម កម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនអ្នកស្រី ខាន ចិន្តា ដែលមានជំងឺប្រចាំកាយ

កក្រក ៖ នាព្រឹកថ្ងៃទី ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត​ នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានប្រគល់​អំណោយ​មនុស្សធម៌​ ជូនដល់អ្នកស្រី ខាន ចិន្តា អាយុ ៤៣ឆ្នាំ មានជំងឺប្រចាំកាយ មានកូនស្រីម្នាក់ អាយុ ៩ឆ្នាំ មានជីវភាពក្រីក្រ ពុំមានទីលំនៅច្បាស់លាស់ក្នុងរាជធានីភ្នំពេញ ចង់ត្រលប់​ទៅស្រុកកំណើត​វិញនៅឯភូមិវិហារសួគ៌​ខាងជើង ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមវេជ្ជ. ក៏បានលើកទឹក​ចិត្តដល់អ្នកស្រី សូមកុំអស់សង្ឃឹម ត្រូវយកចិត្តទុកដាក់​ថែរក្សាសុខភាព​ឲ្យបានល្អ មានអនាម័យ​ក្នុងការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅ​ស្អាត ហើយ​ខិតខំ​ប្រករបររក​ស៊ីចិញ្ចឹមជីវិត។

អំណោយ​ដែលបាន​ផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ភួយ១ មុង១ ក្រមា១ និងថវិកាមួយចំនួន៕

 

លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាល គណៈប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កក្រក ៖ នៅទីស្នាក់ការ​កណ្តាល នាថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ​លោកជំទាវ​ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​ស្តីទី កាកបាទ​ក្រហមកម្ពុជា ​បានទទួល​ស្វាគមន៍ និងជួបសំណេះសំណាល​ គណៈប្រតិភូ​សហព័ន្ធ​អន្តរជាតិ​នៃសមាគមកាកបាទក្រហម​ និង​អឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) ចំនួន ៩នាក់ ដែល​ដឹកនាំដោយ​ លោកស្រី Nancy Claxton មន្ត្រីជាន់ខ្ពស់​ផ្នែកលើកកម្ពស់​សុខភាព​សហគមន៍​និងសង្គ្រោះបឋម​នៃសហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងហ្សឺណែវ ​ប្រទេសស្វីស។

ក្នុងពេលជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ លោកជំទាវ​អគ្គលេខាធិការស្តី​ទី បានពាំនាំប្រសាសន៍ផ្តាំ​សួរសុខទុក្ខពី​សំណាក់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ជូនគណៈប្រតិភូ​ដែលបានអញ្ជើញ​ជួបសម្តែងការ​គួរសមក្នុង​គោលបំណង​រាយការណ៍ពីបេសកកម្ម​របស់គណៈប្រតិភូ​រយៈពេលជាងដប់ថ្ងៃ​នៅក្នុងប្រទេសកម្ពុជា​ ក្នុងការសាកល្បង​អនុវត្តឯកសារថ្មី​ ស្តីពី ការងារសុខភាព ​លើកកម្ពស់អនាម័យ ​ទឹកស្អាត វិជ្ជាសង្គ្រោះបឋម​។ល។ ការសាកល្បងអនុវត្ត​ឯកសារថ្មីនេះ ទទួលបាន​ជោគជ័យ និងមានសារៈសំខាន់​សម្រាប់កាកបាទក្រហម​កម្ពុជា និងសមាគមជាតិ​ដទៃទៀត សម្រាប់​អប់រំ ផ្សព្វផ្សាយ​ជូនដល់ប្រជាពលរដ្ឋ​នៅតាម​សហគមន៍។

លោកស្រី Nancy Claxton បានថ្លែងអំណរគុណ​ដល់កាកបាទក្រហម​កម្ពុជា ដែលបាន​ចែករំលែកនូវបទពិសោធន៍​ការងារក្នុង​ការអប់រំ ផ្សព្វផ្សាយ លើកកម្ពស់​សុខុមាលភាព​របស់ប្រជាពលរដ្ឋ​ ជូនដល់សមាគមជាតិ​ដទៃទៀតនៅ​ក្នុងតំបន់ និងបានថ្លែង​អំណរគុណ​ចំពោះថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ដែលបានឯកភាព​បញ្ជូនមន្ត្រី​ជំនាញឱ្យទៅ​ជួយប្រទេសហ្វី​លីពីន ក្នុងការសាកល្បង​អនុវត្តឯកសារ​ស្តីពីការងារ​សុខភាព​ខាងលើនេះ។ លោកស្រី បានបន្តថា កាកបាទ​ក្រហមកម្ពុជា ​គឺជាដៃគូកិច្ច​សហប្រតិបត្តិការដ៏ល្អជាមួយ​សហព័ន្ធ​អន្តរជាតិ ក៏ដូចជា​សមាគមជាតិ​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​ដទៃទៀត៕

កាកបាទក្រហមកម្ពុជា ផ្តល់មុងជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ខេត្តក្រុង​ព្រះសីហនុ៖ នៅថ្ងៃ សៅរ៍ ៦កើត ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ លោកជំទាវ​ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការងទី ១ កាកបាទក្រហម​កម្ពុជាបានប្រគល់មុង​សុវត្ថិភាពចំនួន​ ៦០០ មុង និងអាវ ​២០កេស ជូនដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះសីហនុ (ជាខេត្តទី២៥នៃ​បេសកកម្ម​ចែកមុង​សុវត្ថិភាព ជូនសាខា) ដើម្បីបន្តជួយ​ដល់ប្រជាពលរដ្ឋងាយរង​គ្រោះបំផុត ប្រឈមជម្ងឺ​គ្រុនឈាម ​និងគ្រុនចាញ់ ។

សូមបញ្ជាក់ថា​ មុងសុវត្ថិភាព​ជាអំណោយរបស់​ សាខាកាកបាទក្រហមចិន​ ខេត្តក្វាងស៊ី​ ដែលបានផ្តល់ជូន​កាកបាទក្រហមកម្ពុជា​ ចំនួន​ ២០.០០០មុង​ កាលពីថ្ងៃទី​ ២២​ ខែសីហា​ ឆ្នាំ២០១៨​ កន្លងទៅ​ ត្រូវបាន​កាកបាទក្រហម​កម្ពុជា​ ប្រគល់ជូនសាខា​កាកបាទក្រហម​កម្ពុជា​ ទាំង​ ២៥រាជធានី​ ខេត្ត​ រួចគ្រប់​ចំនួនហើយ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ផ្តល់មុងជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ

សាខាកក្រកខេត្តកែប ៖ នៅថ្ងៃ​សុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានចាត់ឱ្យមន្ត្រី​ទីស្នាក់ការ​កណ្តាលនាំ​យកមុង​សុវត្ថិភាព​ចំនួន ៥០០មុង និងអាវយឺត ២០កេស ជូនសាខាកាកបាទក្រហម​កម្ពុជា ខេត្តកែប ផ្តល់មុងជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត ដែលប្រឈម​នឹងជំងឺគ្រុនចាញ់-គ្រុនឈាម និងអ្នកផ្ទុក​មេរោគអេដស៍ ចំនួន ៤៥០គ្រួសារ មកពីភូមិបី​ចំការបី ឃុំពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប។

ទន្ទឹមនឹងប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា លោកជំទាវ​ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី ១ បានពាំនាំសារអំពាវនាវរបស់សម្តេច​ប្រធាន ដែលផ្តាំផ្ញើជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យយកចិត្តទុកដាក់​ថែទាំសុខភាព​ដោយបរិភោគ​ទឹកស្អាត គេងក្នុងមុង​ជានិច្ច និងសម្អាត​បរិស្ថាន បំបាត់​ទឹកដក់​សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស ជៀសវាងការ​កើតជំងឺគ្រុនចាញ់ គ្រុនឈាម ​និងជំងឺឆ្លងផ្សេងៗ។ ចំពោះអ្នកផ្ទុក​មេរោគអេសដ៍ ត្រូវ​ពិនិត្យសុខភាព​នៅមណ្ឌល​សុខភាព ឱ្យបាន​ទៀងទាត់ អនុវត្ត​ការណែនាំ​របស់គ្រូពេទ្យ​ដើម្បីជៀសវាងជំងឺ​ឆ្លងផ្សេងៗ។ សូម​គិតគូរពី​សុវត្ថិភាព​ចរាចរណ៍ ដោយគោរព​ច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ច​រាល់ពេល​ធ្វើដំណើរ។ សូមណែនាំ​កូនក្មួយឱ្យជៀសឆ្ងាយ​ពីគ្រឿងញៀន​ គ្រឿងស្រវឹង ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលជាប្រភព​នៃអំពើហិង្សា​ ចោរកម្ម។ល។

ជំនួសមុខឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម​ កែន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ​ចំពោះ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរពីសុខទុក្ខ​ប្រជាពលរដ្ឋ ​ហើយសាខានឹ​ងចាត់ចែង​នាំយក​អំណោយ​ទាំងនេះចែក​ជូនប្រជាពលរដ្ឋ​ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា មុង​សុវត្ថិភាពជា​អំណោយ​របស់ សាខាកាកបាទ​ក្រហមចិន ខេត្តក្វាងស៊ី ដែល​បានផ្តល់ជូន​កាកបាទក្រហម​កម្ពុជា ចំនួន ២០.០០០មុង កាលពី​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។

វេទិកាលក្ខណៈបងប្អូននៃកាកបាទក្រហមចិន និងកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ី-អាគ្នេយ៍

 

កាលពីថ្ងៃទី ១២- ១៤ ខែកញ្ញា​ ឆ្នាំ២០១៨ ប្រតិភូ​កាកបាទក្រហម​កម្ពុជាបានអញ្ជើញ​ទៅចូលរួម​វេទិកា​លក្ខណៈបងប្អូន​នៃកាកបាទក្រហម​ចិន និងកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​អាស៊ី-អាគ្នេយ៍​ ដែលបានប្រព្រឹត្ត​ទៅនៅទីក្រុងណាន នីង ខេត្តគ័ងស៊ី ប្រទេសចិន។

គោលបំណង​នៃវេទិការនេះ​គឺផ្តោតលើ​ការស្វែងរក​កិច្ចសហការ​ក្នុងការឆ្លើយតប​ជាបន្ទាន់ ភាពធន់​របស់សហគមន៍​ និងសុខភាព​សាធារណៈ ក្រោមប្រធានបទ ការចែករំលែក​ភាពជា​អ្នកដឹកនាំ ការចែក​រំលែកសកម្មភាព ការជួយគ្នា​ក្នុងពេលអនាគត។ វេទិកានេះ​ក៏មានការអញ្ជើញ​ចូលរួម​បណ្តាប្រទេស​នានា​ចំនួន​៨៨រូប រួមមាន សហព័ន្ធ​អន្តរជាតិ គណៈកម្មាធិការ​អន្តរជាតិនៃ​កាកបាទក្រហម កាកបាទ​ក្រហមចិន សមាគមជាតិ​នៅអាស៊ី-អាគ្នេយ៍ និងក្រុមហ៊ុន​ឯកជន​មួយចំនួន​ផងដែរ។

 

Fist Prev 1 2 3 4 5 Next Last