Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្វាយរៀង

សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ យកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុត្បែងមានជ័យ ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖​នៅរសៀលថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩ នេះឯកឧត្តម​ រ៉ាត់ សោភា ​អនុប្រធានគណៈកម្មាធិការសាខា​កាកបាទ ក្រហមកម្ពុជា​ខេត្តព្រះវិហារ បាននាំយក​អំណោយមនុស្សធម៌​ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយ សារ​ខ្យល់កន្ត្រាក់ ចំនួន១៣ គ្រួសារ​ (ខ្នងផ្ទះរលំ ស្មើ៤ គ្រួសារ របើកដំបូល​ផ្ទះចំនួន៩ ខ្នង ស្មើ ៩ គ្រួសារ) នៅភូមិពោធិ៍ ​ឃុំពោធិ៍ ស្រុត្បែងមានជ័យ ​ខេត្តព្រះវិហារ កាលពីវេលា​ម៉ោង៩:១៥នាទី យប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះដែរ​ឯកឧត្តម រ៉ាត់ សោភា​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជាខេត្តព្រះវិហារ បានចូលរួមសោកស្តាយ​ចំពោះឧបទ្ទវហេតុ​ដែលបានកើតឡើងបណ្តាល​អោយរលំផ្ទះ របើកដំបូលផ្ទះ និងខូចខាតទ្រព្យសម្បត្តិផ្ទះ​សម្បែងនាពេលនេះ ​និងបានផ្តាំ ផ្ញើសូម​អោយមានការប្រុងប្រយ័ត្ន​ នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ​ ការ ពារគ្រោះថ្នាក់កើត​ឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនក្នុង​១គ្រួសាៗរួម មាន៖ អង្ករ២៥ គីឡូ មី១ កេស ត្រីខ ១ យួរ ទឹកស៊ីអីវ១យួរ អាហារបំប៉ន១០ កញ្ចប់ អាវយឺត៥ និងថវិកា​មួយចំនួន ចំណែកអ្នករលំផ្ទះ៤ គ្រួសារថែមជូន​ សារុង១ ក្រមា១ មុង១ ភួយ១ និងតង់១ ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ​១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩​ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀងដឹកនាំ​ដោយលោក សរ វណ្ណា នាយកសាខា ​នាំយកអំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ ​និងចែកអំណោយ​ដល់គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី​ ១៥ ខែ កក្កដា ឆ្នាំ ២០១៩ ចំនួន ៥ ខ្នង ក្នុងនោះរងគ្រោះ​ធ្ងន់ ១ ខ្នង មធ្យម ៣ ខ្នង និងខូចខាតស្រាល ១ ខ្នង ​នៅភូមិតាស្អាង​ ឃុំកំពង់ចំឡង ​ស្រុកស្វាយជ្រំ ។ 


នាឱកាសនោះ លោក​នាយកសាខា បាននាំមក​នូវប្រសាសន៍ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ច​កាលសម្តេចតែងតែ​យកចិត្តទុកដាក់ គិតគូរពីសុខមាលភាព​ប្រជាពលរដ្ឋទូទៅ ដោយមិន​ប្រកាន់និន្នាការនយោបាយ​អ្វីឡើយ ហើយសម្តេចតែងតែធ្វើការ ណែនាំដល់សាខា​ទាំងអស់នៅទូទាំងប្រទេស​ ត្រូវចុះពិនិត្យជាក់ស្តែង និងធ្វើការ​ឆ្លើយតបភ្លាមៗ ដើម្បីយកជំនួយ​ជូនដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះឲ្យបានទាន់ពេលវេលា ​បើទោះបីសម្ភារដែល​បានចែកមិនអាចឆ្លើយតប​ទៅតាមទំហំនៃ​ការខូចខាត​ក៍ពិតមែន តែ​ជាការចែករំលែកនៅ​ពេលជួបគ្រោះមហន្តរាយ ។


អំណោយ​ដែលបានចែកជូន​ទាំង ៥ គ្រួសារ ៖ ​សម្រាប់គ្រួសាររងគ្រោះ​ធ្ងន់ធ្ងរ ទទួលបាន​ អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ​ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់​កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា​ ២០០,០០០ រៀល ។ គ្រួសាររងគ្រោះ​មធ្យម ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង​ ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង​ សម្រាប់គ្រួសារ​រងគ្រោះស្រាល​ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់​ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះដាក់ថ្នាំអាបែត និងអប់រំថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម នៅភូមិចំនួន៣ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ​ ១៤កេីត​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៥​ ខែ កក្កដា ឆ្នាំ​ ២០១៩នេះ​ ក្រុមការងារការិយាល័យសុខភាពសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក​ ឆេ​ យ៉ត​ ប្រធានការិយាល័យ​ បានចូលរួម​ជាមួយមន្ទីរ​សុខាភិបាលរាជធានី​ភ្នំពេញ មណ្ឌលសុខភាពសាមគ្គី ចុះដាក់ថ្នាំអាបែត​ និងអប់រំថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ​ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម​ នៅភូមិចំនួន៣ ​ក្នុងសង្កាត់ត្រពាំងក្រសាំង ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តដូចខាងក្រោម៖

១៖​ សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក​ ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុង​មួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត​ ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវ​នូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំ​សម្ភារៈ ក្នុងផ្ទះសំបែងឲ្យមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូល​ក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូត​ព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញី​ខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ​ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព​ និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមាន​សញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា ​មុខក្រហម ឈឺក្បាល ឈឺក្រោម​ក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម​ មិនត្រូវសាកល្បងព្យាបាល​ដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត​ និងមិនត្រូវស្វែងរក ​សេវាថែទាំសុខភាពណា ​ដែលមិនមាន​ជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺ​គ្រុនឈាមឡើយ ៕

 

កិច្ចប្រជុំគណៈកម្មាធិការសាខា ស្តីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៥នៅខេត្តព្រះវិហារ

សាខាកក្រកខេត្ត​ព្រះវិហារ៖នៅរសៀលថ្ងៃទី​ ១៥ ខែ កក្កដា ឆ្នាំ ២០១៩​នេះនៅសាល​ប្រជុំសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ​មានបើកកិច្ច​ប្រជុំគណៈកម្មាធិការ​សាខា ស្តីពីការត្រៀមរៀបចំ​សន្និបាតសាខា​អាណត្តិទី៥ (២០១៩- ២០២៥) ក្រោមអធិបតី ភាពលោក ជំទាវ ចឹក ហេង​ ប្រធានគណៈកម្មាធិការសាខា ។

អង្គប្រជុំបានពិភាក្សាត្រៀមរៀបចំ​របាយការណ៍សកម្មភាព​ របាយ ការណ៍ហិរញ្ញវត្ថុ ​និងឯកសារពាក់ព័ន្ធ ​និងដំណើរការរៀបចំ​សន្និបាត ដើម្បីដាក់ជូន​គណៈកម្មាធិការ​សាខាពិនិត្យ។

នៅក្នុងឱកាសនោះដែរ​លោកជំទាវ ប្រធាន​គណៈកម្មាធិការសាខា​បានជម្រុញអោយ​ក្រុមប្តិបត្តិសាខា​បន្តតាម ដាន និងស្រង់ទិន្នន័យប្រជា ​ពលរដ្ឋដែលរងគ្រោះ​ដោយគ្រោះមហន្តរាយ​អោយបានទាន់ពេលវេលា​ និងត្រៀមសម្ភារសម្រាប់​ឆ្លើយតប​អោយមានជាប្រចាំ។

 

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកពីសហគមន៍ទាំង១០ និងភូមិចំនួន១៨ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ១៤កេីត​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៥​ ខែ កក្កដា ឆ្នាំ​ ២០១៩នេះ​ នៅវត្តឈូកវ៉ា ស្ថិតក្នុងសង្កា​ត់គោករកា ខណ្ឌព្រែកព្នៅ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម​ ឃួង​ ស្រេង​​ ប្រធានគណៈកម្មាធិការសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​ទៅចែកជូនដល់ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត​ចំនួន៨៦៣គ្រួសារ មកពី​សហគមន៍ទាំង១០​ និងភូមិចំនួន១៨​ ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ ។

មានប្រសាសន៍ទៅកាន់​លោកតាលោកយាយ​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម​ ឃួង​ ស្រេង​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែង​តែយកចិត្តទុកដាក់​គិតគូរជាប់ជានិច្ច​ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ ​និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ ពោល "ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា" ។ ឯកឧត្តមបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ​ក្នុងនាមជាជំនួយការ​ឲ្យអាជ្ញាធរសាធារណៈ​លើវិស័យមនុស្សធម៌​ គឺបានដើរតួនាទីយ៉ាងសកម្ម​ ក្នុងការចុះជួយដល់​ប្រជាពលរដ្ឋដែលរងគ្រោះ​ និងងាយរងគ្រោះដោយប្រការផ្សេងៗ​ នៅតាមមូលដ្ឋានទូទាំង២៥រាជធានីខេត្ត និងគ្រប់ច្រកល្ហក់ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយយើងមិនបានដឹងនោះទ្បើយ​ សំដៅចូលរួមជួយកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋយើងឲ្យធ្លាក់មកនៅកំរិតទាបបំផុត ។ ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ត្រូវប្រុងប្រយ័ត្ន​ការពារកុំឲ្យមូសខាំ ត្រូវគេង​ក្នុងមុង និងត្រូវ​បំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដើម្បី​ជៀសវាងជំងឺគ្រុនឈាមដែល​កំពុងរាលដាលលេីមនុស្សគ្រប់វ័យ។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​​ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍​ បេីកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឲ្យ​បានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៥០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធឱរ៉ាល់ដបធំ១ដប​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ​ 

 

Fist Prev 1 2 3 4 5 Next Last