Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារអគ្គីភ័យ

សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ​២កើត ខែជេស្ឋ ​ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​ដឹកនាំដោយឯកឧត្តម​ យន្ត មីន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ជូនដល់លោក​ ណុប ភេន អាយុ ៥៨ឆ្នាំ រងគ្រោះដោយសារ​អគ្គីភ័យឆេះផ្ទះអស់ ​ចំនួន ១ខ្នង កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ ​ស្ថិតនៅក្រុម១៨​ ភូមិ៣ ទំនប់រលក សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម​ប្រធាន បានចូលរួម​សោកស្តាយចំពោះឧបទ្ទវហេតុ​ភ្លើងឆេះផ្ទះនេះ​ បណ្ដាលឲ្យខូចខាតផ្ទះសំបែង​ និងបាត់បង់ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​កុំអស់សង្ឃឹម ​ត្រូវខិតខំប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្តារជីវភាព​គ្រួសារឡើងវិញ។ ​ជាមួយគ្នានោះ​ ឯកឧត្តម​ក៏សូមអំពាវនាវ ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយត័្នឲ្យ​បានខ្ពស់ក្នុងការបង្ការ​ចំពោះគ្រោះអគ្គីភ័យ​នេះ ចៀសវាងកើតឡើង​ដូចករណីខាងលើ។

អំណោយដែលបាន​ផ្ដល់ជូនរួមមាន ​៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុ១ ភួយ១ សារុង១ ក្រមា១ តង់១ កន្ទេល១ និងថវិកាមួយ​ចំនួនផងដែរ៕

ពិធីទទួលទេយ្យទានសប្បុរសធម៌ពី ព្រះចៅអធិការវត្តឧត្តរាវតី ក្នុងខណ្ឌប្ញស្សីកែវ

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ​ ១កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ​ មិថុនា ឆ្នាំ ២០១៩​ ក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌឬស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយស​អនុសាខា បានអញ្ជេីញទៅទទួល​ទេយ្យទានសប្បុរសធម៌​ពីព្រះតេជគុណ​ទីបធម្មោ ម៉ុក ប៊ុនសុធា​ ព្រះចៅអធិការវត្តឧត្តរាវតី ។

ក្នុងឱកាសនោះ ឯកឧត្តម​ប្រធានកិត្តិយសអនុសាខា បានមាន​ប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណទីបធម្មោ​ ម៉ុក ប៊ុនសុធា ព្រមទាំង​បានសន្យានឹងចាត់ចែង​ប្រើប្រាស់នូវ​ទេយ្យទាន​ទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះ​គ្រប់ប្រភេទ ឲ្យស្របតាម​គោលការណ៍គ្រឹះ​ទាំង៧ប្រការរបស់​ចលនាកាកបាទក្រហម ។

ជាការឆ្លើយតប ព្រះតេជគុណទីបធម្មោ ​បានមានព្រះថេរដីកា​គាំទ្រ និងមានទឹកព្រះទ័យ​រីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាព​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ។

ទេយ្យទានដែលអនុសាខា​ទទួលបាន​រួមមាន៖​ អង្ករ៨បាវ ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ​ទឹកសុទ្ធ១២កេស​ មី១៥០កញ្ចប់ ទឹកផ្លែឈើ១០កេស ​ទឹកដោះគោ៥០កំប៉ុង តែ៥០កញ្ចប់​ ស្ករស៤០គីឡូក្រាម អំបិល២០គីឡូក្រាម ត្រីខ៥០កំប៉ុង ​សម្ភារៈប្រើប្រាស់១០​សម្រាប់​ និងថវិកាចំនួន​៣លានរៀល​ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

សាខាកក្រក​ខេត្តស្វាយរៀង៖ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល ​ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយ​មនុស្សធម៌ របស់សាខា​ចុះសួរសុខទុក្ខ ​និងចែកអំណោយ​ដល់គ្រួសាររងគ្រោះដោយសារ​ខ្យល់កន្ត្រាក់​កាលពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ​បណ្តាលឲ្យប៉ះពាល់ផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុក ៣ នៅខេត្តស្វាយរៀង ស្រុកស្វាយទាប នៅឃុំកណ្តៀងរាយ ខូចខាតទាំងស្រុង ៨ ខ្នង មធ្យម ១១ ខ្នង ស្រុកកំពង់រោទិ៍នៅ ឃុំញរ ខូចខាតទាំងស្រុង ១ ខ្នង ​ថ្ងៃដដែលនោះដែរ ​នៅស្រុករមាសហែក​ ឃុំក្រសាំង​ ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ១ ខ្នង សរុប ២២ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ១០ ខ្នង មធ្យម ១២ ខ្នង ។ 


មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ពៅ សុភាព បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី​សំណាក់សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ ហើយជានិច្ចកាល​សម្ដេច តែងតែគិតគូរ​ពីសុខទុក្ខ និងជំរុញឲ្យមាន​ការដោះស្រាយបញ្ហានា​នារបស់បងប្អូន​ប្រជាពលរដ្ឋគ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង ​។ ទន្ទឹមនេះ លោកជំទាវ​ក៏បានផ្ដាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ​ដោយត្រូវបិទ​ទូរទស្សន៍ ទូរសព្ទ នៅពេល​មានភ្លៀងធ្លាក់ ដែលងាយ​នឹងបង្កឲ្យមានគ្រោះថ្នាក់​ដោយសារ​រន្ទះ ឬខ្យល់កន្ត្រាក់ រកកន្លែង​ដែលមានសុវត្ថិភាព ត្រូវមើលថែទាំ​កូនចៅឲ្យបានល្អ ជាពិសេស​ក្មេងតូចៗ​កុំឲ្យលេងទឹកដែល​អាចបង្កឲ្យមានគ្រោះថ្នាក់ដោយ​ករណីលង់ទឹក ត្រូវថែរក្សាសុខភាព ​និងមានអនាម័យល្អ​ក្នុងការរស់នៅ​ ត្រៀមឧបករណ៍​ សម្ភារ ពូជសម្រាប់​ការងារ​បង្កបង្កើនផលនារដូវវស្សាហ៍​ខាងមុខឲ្យបាន​ទាន់ពេលវេលា ។


អំណោយដែលបាន​ចែកជូនគ្រួសាររងគ្រោះ​ទាំងស្រុង ១០ គ្រួសារក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសាររងគ្រោះមធ្យម ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សមាគម​ភូមិប្រសូត្រ ២ ឧបត្ថម្ភថវិកា ២០០,០០០ រៀល តារយៈសាខាដល់​សមាជិកក្នុងភូមិ ។ ក្នុងឱកាសនោះដែរ​ដោយដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការប្រកបរបរប្រចាំថ្ងៃ និងសំណូមពររបស់លោកតា ពុធ ថន អាយុ ៨៣ ឆ្នាំ រស់នៅម្នាក់ឯង មានមុខរបរដើរលក់ថ្នាំបុរាណ ​រស់នៅភូមិ ត្រោក ឃុំ សំបួរ ស្រុករមាសហែកសាខា បានផ្តល់កង់មួយគ្រឿង ដើម្បីដឹក ថ្នាលក់បន្តទៀត បន្ទាប់ពី​កង់របស់គាត់បានខូចខាត​ទាំងស្រុងដោយសារ​អគ្គីភ័យ​កាលពី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ​បន្ទាប់ពីសាខា​បានឆ្លើយតបជាស្បៀង​ សម្ភារ និងថវិកា ម្តងរួចហើយ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ដល់បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ​សៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ​ឆ្នាំ២០១៩ លោក លីវ ឡន​ ប្រធានការិយាល័យ​អភិវឌ្ឍន៍​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប និងសហការី ​បានបើកវគ្គ​បណ្ដុះបណ្ដាលស្ដីពី​វិជ្ជាសង្គ្រោះបឋម ​ជូនដល់​បុគ្គលិកក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​ចំនួន១០នាក់ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

វគ្គនេះ​មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ ០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណង​ផ្ដល់នូវចំណេះដឹង​អំពីវិជ្ជាសង្គ្រោះបឋម ​ដើម្បីជួយសង្គ្រោះ​ជនរងគ្រោះដោយឧបទ្ទវ​ហេតុផ្សេងៗ បានទាន់ពេលវេលា ពិសេសភ្ញៀវ​ទេសចរណ៍ និងអ្នកដំណើរ​ដែលត្រូវធ្វើដំណើរ​តាមយន្តហោះ ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធមិទ្ទីងអបអរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

សាខាកក្រក​ខេត្តកំពង់ចាម ៖ កាលពីរសៀល​ថ្ងៃសុក្រ ១៣រោច​ ខែពិសាខ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ៣១ ខែ ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ចាម បានប្រារព្ធមិទ្ទីង​អបអរខួប​លើកទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ​៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ខ្ញុំ❤កាកបាទក្រហមកម្ពុជា» ដែលប្រព្រឹត្តទៅ​នៅសាលសន្និសីទ​សាលាខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើង​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ណេង ប្រធាន​កិត្តិយសសាខា ឯកឧត្តម យឹម ឆៃលី ​ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ​ព្រមទាំងមានការអញ្ជើញ​ចូលរួមពីគណៈកិត្តិយស​ សមាជិក សមាជិកា​ រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាល​ ខេត្តមន្ទីរ-អង្គភាពនានា​ជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត ​យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាតិ​កម្ពុជា ឯកឧត្តម លោកជំ ទាវ លោកឧកញ៉ា ​តំណាងក្រុមហ៊ុន អាជីវករ សប្បុរស​ជនជាតិ អន្តរជាតិ សរុបប្រមាណជាង ៩១៥ នាក់ ក្នុងគោលបំណង៖
១. រំឭកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជា​ស្ថាបនិករបស់​កាកបាទក្រហម
២. យល់ដឹងអំពី​ប្រវត្តិចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម និងច្បាប់​មនុស្សធម៌អន្តរជាតិ
៣. កៀរគររកមូល​និធិពីសប្បុរសជន ដើម្បីត្រៀមឆ្លើយ​តបឲ្យបានទាន់ពេល​វេលាក្នុងការ​ជួយសង្រ្គោះជនរងគ្រោះ ​និងជនងាយរងគ្រោះ​ផងដែរ ។

សូមបញ្ជាក់​ជូនថា៖ សាខាកាកបាទក្រហម​កម្ពុជា ទទួលបានថវិកា​ពីសប្បុរសជន​ជាបណ្ដោះអាសន្ន សរុប​ចំនួន ៥៨០,០០០ ដុល្លារអាមេរិក (ហាសិបប្រាំបីម៉ឺនដុល្លារអាមេរិក)៕

 

Fist Prev 1 2 3 4 5 Next Last