ទីស្នាក់ការកណ្តាល

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ស្រុកព្រែកប្រសព្វចំនួន ៦២១គ្រួសារទទួល អំណោយពីរាជរដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០១១ ឯកឧត្តម ខាំ ភឿន អភិបាលខេត្តក្រចេះដំណាងឱ្យរាជរដ្ឋាភិបាល និងលោក ហួ គឹមហួត នាយក នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច ដំណាងកាកបាទក្រហមកម្ពុជា រួមដំណើរដោយ សមាជិក សមាជិកាសាខា ជាច្រើនរូប បាននាំយកអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនិងកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះទឹកជំនន់ចំនួន ៦២១គ្រួសារបណ្តាលឱ្យលិច ផ្ទះសម្បែង និងផលដំណាំស្ទើរគ្មានសល់។
បន្ទាប់ពីលោក វ៉ា ថន អភិបាលស្រុកព្រែកប្រសព្វ បានធ្វើរបាយការណ៍ពីស្ថានភាពទឹកជំនន់ដោយមានប្រសាសន៍ថាក្នុងបណ្ដា ឃុំចំនួន ៨ របស់ស្រុកព្រែកប្រសព្វ គឺមានឃុំចំនួន៥ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺសរុបមានប្រជាជនរងគ្រោះចំនួន ៥,៤៣៧គ្រួសារ និងបណ្តាលឱ្យប្រជាជនស្លាប់ចំនួន ១១នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ, ឯកឧត្តម ខាំ ភឿន បាន សម្តែងនូវការអាណិតអាសូរ និងចូលរួមសោកស្តាយ ដែលគ្រោះទឹកជំនន់បានបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិរបស់បងប្អូនជាច្រើនដែលនេះហាក់ដូចជាការចាប់ ផ្តើមកសាងជីវភាពសារជាថ្មី ឯកឧត្តមបានសម្តែងនូវការសោកស្តាយផងដែរ ដល់គ្រួសារសព និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជារៀងដ៏រាបមក លោកជំទាវតែងតែយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ប្រជាជនយើង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ឯកឧត្តមក៏បាន អំពាវនាវដល់បងប្អូនទាំងអស់ ត្រូវប្រុងប្រយ័ត្ននិងតាមដានស្ថានភាពទឹកជាប្រចាំ ហើយក៏មិនត្រូវបណ្តែតបណ្តោយឱ្យកូនចៅលេងទឹកនោះឡើយ។
ឯកឧត្តមខាំ ភឿន ក៏បានអំពាវនាវទៀតថា ឱ្យបងប្អូនទាំងអស់ត្រូវខិតខំថែរក្សា សុខភាព និងអនាម័យ ចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀន និងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិត និងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូន ថែមទៀតនៅពេលទឹកស្រក។
អំណោយដែលយកមកចែកជូនបងប្អូនរងគ្រោះនៅពេលនេះក្នុងមួយគ្រួសារៗទទួល បាន អង្ករ ២៥គីឡូក្រាម ដែលជាអំណាយរបស់រាជរដ្ឋាភិបាល និងមី ១កេសតូច មុង១ ភួយ១ ក្រម៉ា១ សារុង១ជាអំណោយរបស់កាកបាទក្រហមកម្ពុជា។

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ស្រុកចិត្របុរី ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នារសៀលថ្ងៃទី ៩ ខែតុលាឆ្នាំ២០១១ ដំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក ហួ គឹមហួត នាយក នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច ដំណាងកាកបាទក្រហមកម្ពុជា រួមដំណើរដោយ សមាជិក សមាជិកាសាខា ជាច្រើនរូប បាននាំយកអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនិងកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះទឹកជំនន់ចំនួន ២៣១គ្រួសាររស់នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅក្នុងបរិវេណវត្តដា ស្ថិតក្នុងឃុំដាស្រុកចិត្របុរី។
បន្ទាប់ពីលោក សួន ង៉ាក អភិបាលស្រុកចិត្របុរី បានធ្វើរបាយការណ៍ពីស្ថានភាពទឹកជំនន់ និងផលលំបាកនានារបស់ប្រជាជនរងគ្រោះដោយគ្រោះទឹកជំនន់រួចមក។
ឯកឧត្តម នូ ភឿង បានមានប្រសាសន៍ថាពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកជំទាវតែងតែណែនាំដល់ គ្រប់សាខាកាកបាទក្រហមកម្ពុជាឱ្យបង្កើនការយកចិត្តទុកដាក់លើ ការងារជួយសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះទឹកជំនន់ឱ្យបានទាន់ ពេលវេលា។
ឯកឧត្តម បានសំណូមពរឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះ ទឹកជំនន់ និងកម្ពស់ទឹកទន្លេ ព្រោះថាត្វីត្បិតតែទឹកទន្លេបានស្រកបន្តិចមែនតែភ្លៀងនៅតែធ្លាក់ សឹងរាល់ថ្ងៃនៅឡើយ ហើយកុំបណ្តោយឱ្យកូនចៅលេងទឹក និងនៅពេលមេឃ រកកល់នឹងភ្លៀងមិនត្រូវចេញនេសាទឡើយ ក្រែងមានហេតុការណ៍មិនល្អកើតឡើង។ ឯកឧត្តមក៏បាន ផ្តាំផ្ញើដល់បងប្អូនទាំងអស់ឱ្យខិតខំថែរក្សាសុខភាព និងអនាម័យ ចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀន និងត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វជាដើមដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀតនៅពេលទឹក ស្រកហើយកុំភ្លេចត្រូវស្តារអណ្តូងទឹកឱ្យបានស្អាត។
អំណោយយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗទទួលបាន មី ១កេសតូច មុង១ ភួយ១ ក្រម៉ា១ សារុង១ជាអំណោយរបស់កាកបាទក្រហមកម្ពុជា។ សូមបញ្ជាក់ថា អង្ករចំនួន ២៥គីឡូក្រាម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលបាន ប្រគល់ជូនប្រជាជនរងគ្រោះចំនួន ២៣១គ្រួសារខាងលើរួចហើយនារសៀល ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១១ ក្នុងបរិវេណវត្តដា ស្ថិតក្នុងឃុំដាស្រុកចិត្របុរីដោយមានការចូលរួមពីសំណាក់លោកញាណ សារ៉ោ អភិបាលរងខេត្តក្រចេះ ។

កាកបាទក្រហមកម្ពុជាទទួលអំណោយ ពីព្រះចៅអធិការវត្តសែនសុខ
ដោយមើលឃើញការលំបាករបស់ប្រជាជនរងគ្រោះដោយគ្រោះ ទឹកជំនន់នៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១ ព្រះចៅអធិការ ព្រះនាមមួងសាង គង់វត្តសែនសុខ ភូមិសែនសុខទី១ ឃុំឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញរួមជាមួយឧបាសក ឧបាសិកាជើងវត្តមានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជាបានចាត់ឱ្យគណៈកម្មាធិការវត្តយកបច្ច័យចំនួន២០ ម៉ឹនរៀល អង្ករចំនួន ១៦៤គីឡូក្រាម មីចំនួន៣កេស ទឹកដោះគោ ២០កំប៉ុង និងសម្ភារៈមួយចំនួនមកប្រគល់ជូនកាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងពិធីទទួលទេយ្យទាននោះ លោកស្រី ជា សុម៉ាលី នាយិការង នាយកដ្ឋាន ទំនាក់ទំនង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះព្រះចៅអធិការ វត្តសែនសុខ និងគណៈកម្មាធិការឧបាសក ឧបាសិកាវត្តដែលមានព្រះទ័យ និងទឹកចិត្តបានយកបច្ច័យនិងសម្ភារៈទាំងអស់នេះមកប្រគល់ជូនកាកបាទ ក្រហមកម្ពុជាគឺចំពេលដែលប្រជាជននៅខេត្តចំនួន ១៧ បាននឹងកំពុងរងគ្រោះដោយគ្រោះទឹកជំនន់កំពុងត្រូវការចាំបាច់។ លោកស្រីបានបន្តទៀតថា អំណោយទាំងអស់នេះកាកបាទក្រហមកម្ពុជានឹងធ្វើការចែកជូនដល់ដៃប្រជាជន រងគ្រោះដោយគ្រោះទឹកជំនន់នាពេលឆាប់ៗខាមុខនេះ។

ប្រជាជនស្រុកសណ្ដាន់ទទួលអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា
ក្រោយ ពីបានទទួលព័ត៌មានបន្ទាន់ ស្តីពីគ្រោះទឹកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ដែលបណ្តាលឱ្យលិចលង់ផ្ទះសំបែងរបស់ប្រជាជន ទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរមក នាព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១ ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានយកអំណោយស ង្គ្រោះ ទៅចែកជូនប្រជាពលរដ្ឋដែលលិចលង់ផ្ទះសំបែងចំនួន៨០៥គ្រួសារមកពី ឃុំចំនួន ៦ របស់ស្រុកសណ្ដាន់ខេត្តកំពង់ធំក្នុងនោះមានឃុំមានជ័យ ចំនួន ១៧៥គ្រួសារ ឃុំក្លែង ចំនួន ១៥០គ្រួសារ ឃុំឈើទាល ចំនួន ១៥០គ្រួសារ ឃុំងន ចំនួន ១៧៥គ្រួសារ ឃុំសណ្ដាន់ ចំនួន ១០០គ្រួសារ និងឃុំដងកាំបិត ចំនួន ៥៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេសតូច ទឹកសុទ្ធ១កេស ត្រីខ១០ កំប៉ុង មុង១ ភួយ១ ក្រមា ១ សារុង។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាជនរងគ្រោះនៅក្នុងពិធីចែកស្ថិត នៅតាមដងផ្លូវ ក្នុងភូមិវាលវែង ឃុំឈូក ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរ ឯកឧត្តម ណាំ ទុំ ប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានសម្ដែងនូវការ សោកស្តាយចំពោះស្ថានភាពទឹកជំនន់ទឹកភ្លៀងនេះដែលបណ្ដាលឱ្យប្រជា ជន មួយចំនួនស្លាប់ និងខូចខាតទ្រព្យសម្បត្តិ និងផលដំណាំមួយចំនួនធំ។ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាដែលជារៀងដ៏រាបមក លោកជំទាវតែងតែយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ប្រជាជនយើង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសដោយគ្មានការរើសអើង និងនិន្នាការអ្វីឡើយ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរចំពោះក្រុមការងារកាកបាទក្រហម កម្ពុជា ដែលបានខិតខំរៀបចំពិធីចែកនេះទោះបីមានភ្លៀងធ្លាក់តាំងពីព្រលឹម ស្រាងៗ រហូតដល់ល្ងាចក៏ដោយក៏ក្រុមការងារនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដែរ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានជម្រាបជូនផងដែរថា នៅពេលដែលមានគ្រោះមហន្តរាយកើតឡើងម្តងៗ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត តែង តែយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ប្រជាជនយើង ហើយចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជាធ្វើការសិក្សានិង ស្រាវជ្រាវដើម្បីជួយសម្រាលទុក្ខដល់បងប្អូនមិនថានៅទីជិតប្ញ ធ្វើដំណើររាប់រយគីឡូម៉ែត្រកាត់ព្រៃភ្នំយ៉ាងណាក៏ដោយក៏សាខា កាកបាទក្រហមកម្ពុជាព្យាយាមទៅដល់មូលដ្ឋានរបស់បងប្អូនដែរ ធ្វើយ៉ាងណាត្រូវចែកជូនអំណោយសង្គ្រោះឱ្យបានទាន់ពេលវេលា ប្រកបដោយ តម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តម អ៊ុយ សំអាត បាន ផ្តាំផ្ញើដល់ប្រជាជនរងគ្រោះទាំងអស់សូមឱ្យប្រុងប្រយ័ត្នចំពោះ កូនចៅកុំឱ្យលេងទឹក ឱ្យខិតខំថែរក្សា សុខភាព និងអនាម័យ ចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀន និងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិត និងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូន ថែមទៀតនៅពេលទឹកស្រកទៅវិញ។ សូមបញ្ជាក់ថា ក្រុមការងារកាកបាទក្រហមកម្ពុជាមិនអាចដឹកជញ្ជូនអំណោយទៅដល់ ភូមិសាស្ត្រស្រុកសណ្ដាន់បានទេ ព្រោះថាទឹកជន់ដាច់ផ្លូវទើបមានការចែកអំណោយនៅតាមដងផ្លូវក្នុង ភូមិ វាលវែង ឃុំឈូក ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរតែម្តង ម្យ៉ាងទៀតដោយមានភ្លៀងបង្អោរមករហូតឥតឈប់ធ្វើឱ្យការចែកចាយ តាំងពី ព្រឹករហូតដល់រសៀលម៉ោង៤ទើបចប់៕

កាកបាទក្រហមកម្ពុជាចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ២គ្រួសារ
កាលពីរសៀលថ្ងៃ ទី ២៥ ខែ សីហា ឆ្នាំ ២០១១ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា រួមដំណើរដោយសមាជិកសមាជិកាមួយចំនួនបានអញ្ជើញចុះចែកអំណោយដល់ ជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន២ គ្រួសារដែលស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបណ្តាលឱ្យកូនស្រីម្នាក់ ឈ្មោះ ឌឿ លីនដា អាយុ ១៨ ឆ្នាំ ជានិស្សិត ឆ្នាំទី២ នៅវិទ្យាស្ថានវ៉ាន់ដា បានស្លាប់ក្នុងអគ្គីភ័យនោះ និងខូចខាតទ្រព្យសម្បត្តិអស់គ្មានសល់។
ក្នុងឱកាសចុះសួរសុខទុក្ខ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខជាមួយ គ្រួសារសពនិងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជារៀងដ៏រាបមក លោកជំទាវតែងតែយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ប្រជាជនយើង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសនិងបានសំណូមពរឱ្យខិតខំថែរក្សា សុខភាព និងអនាម័យ ចៀសវាងជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន និងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិត និងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពថែមទៀត។ ក្នុងឱកាសនោះដែរលោកជំទាវបានចូលរួមដល់គ្រួសារជនរងគ្រោះដែលគ្រួសារ នីមួយៗទទួលបាន ៖
អង្ករ ១០០គីឡូក្រាម, មីយើង ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, សារុង ១, ក្រមា១, មុង១, ភួយ១, កន្ទេលជ័រ១, សំពត់តង់១ និងថវិកា ចំនួន ៤,០០០,០០០ រៀល និង ១,០០០,០០០ សម្រាប់ចូលបុណ្យសពដល់ កញ្ញា ឌឿ លីនដា ផងដែរ៕