Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវទទួលទេយ្យទាន ពីព្រះសង្ឃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ ច័ន្ទ ទី ២១ ខែ មីនា ឆ្នាំ ២០១៦នេះ នៅ​ក្នុង​វត្តញ្ញាណ​រង្សី ក្រុមការងារ​អនុសាខា​កាកបាទ​ក្រហម​កម្ពុជា ខណ្ឌឬស្សីកែវ​ ដឹកនាំ​ដោយលោក ជា ពិសី​ ប្រធាន​គណៈកម្មាធិការ​អនុសាខា​ បានទទួលទេយ្យទាន​សប្បុរសធម៌​ពី​សហគមន៍​មូលនិធិ​នគរកាយ​វត្តព្រះពុទ្ធ​សាសនា​កម្ពុជា។

 

ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ​ប្រធាន​សហគមន៍ ​និងជាព្រះចៅអធិការ​វត្តញាណរង្សី ​មានសង្ឃដីការ​កោតសរសើរ ​និងគាំទ្រ​ចំពោះសកម្មភាព​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា ​ក្នុង​ការជួយដល់​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ និង​ងាយរងគ្រោះ​បានទាន់​ពេលវេលា​ និងប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

 

លោក​ប្រធានគណៈកម្មាធិការ​អនុសាខា ​បានមាន​ប្រសាសន៍​ថ្លែងអំណរ​ព្រះគុណ​ចំពោះ​ការប្រគេន​ទេយ្យទាន​ដែល​តែងតែ​បាន​ប្រគល់ជូន​ដល់​អនុ​សាខាកាកបាទក្រហម​កម្ពុជា ខណ្ឌឬស្សីកែវ​ ក្នុងការគាំទ្រ​ក៏ដូចជា​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌។

 

ទេយ្យទាន​ដែល​អនុសាខា​បានទទួល​រួម​មាន៖ អង្ករ១តោន មី១០កេស ត្រីខ១០យួរ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកដោះគោ២០កំប៉ុង  ស្ករស៣០គីឡូក្រាម ទឹកក្រូច៥កេស  តែ២០០កញ្ចប់ ទឹកបរិសុទ្ធ១០កេស  សម្ភារៈប្រើប្រាស់២ឈុត និងថវិកា ៤លានរៀល។

 

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវចែកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

សាខាកក្រកខេត្តរតនគិរី៖  នៅរសៀល ថ្ងៃទី២១ ខែមីនា២០១៦នេះ  អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុកបរកែវ ​ដឹកនាំ​ដោយ​លោក​ ហេង បុន្នី ​ប្រធានគណៈកម្មាធិការ​អនុសាខា ​បាន​ចុះ​សួរសុខទុក្ខ ​និង​នាំ​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម​កម្ពុជា​ជូនដល់​គ្រួសារ​លោក សល់ ភឿន ​អាយុ៣៥ឆ្នាំ មាន ​សមាជិកគ្រួសារ​ចំនួន៦នាក់​ ដែលរងគ្រោះ​ដោយភ្លើងឆេះផ្ទះ។

 

លោកប្រធានគណៈកម្មាធិការ​អនុសាខា ​បានសម្តែង​នូវ​ការអាណិតអាសូរ​និង​ចូលរួម​សោកស្តាយ​ដែលអគ្គីភ័យ​បាន​បំផ្លាញផ្ទះ​និងទ្រព្យសម្បត្តិ​របស់បងប្អូន​ជាច្រើនដែលនេះ​ហាក់ដូចជា​ការចាប់ផ្តើម​កសាងជីវភាព​សារជាថ្មី​​​ លោកបានសំណូមពរធ្វើយ៉ាងណា​ឱ្យមានប្រុងប្រយ័ត្​នភ្លើងផ្សែងដោយមុននឹងធ្វើដំណើរ​ទៅណា​មកណា​ ត្រូវពិនិត្យ​ភ្លើង​ផ្សែង​ឱ្យបានល្អ​ ចៀសវាង​កុំអោយមាន​មហន្តរាយ​នេះ​កើតឡើងជាថ្មី។

 

អំណោយដែលអនុសាខាយកទៅជូនរួមមាន៖ អង្ករ១ការ៉ុង មី ៣កេស ត្រីខ ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ កន្ទេល ១ មុង ១ និងថវិកា ២០ម៉ឺនរៀល។ ដោយឡែកក្រុមការងារស្រុក ក៏បាននាំយកអំណោយរួមមាន៖ ឃុំកិៈចុង ថវិកា ៣២ម៉ឺនរៀល និងអង្ករ ០២ការ៉ុង កងរាជអាវុធហត្ថស្រុក ថវិកាចំនួន ២០ម៉ឺនរៀល អធិការនគរបាលស្រុកថវិកា ២០ម៉ឹនរៀល អភិបាលរងស្រុក ៥ម៉ឹនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ចែកអំណោយ​ មនុស្សធម៌ដល់ចាស់ជរា

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ខូយ រីដា ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តពោធិ៍សាត់ រួមដំណើរ​ជាមួយ​សហការី ​បាន​ចុះសួរ​សុខទុក្ខ​ចាស់​ជរា​គ្មាន​ទីពឹង​ចំនួន១១នាក់ នៅក្នុង​ភូមិ​ចំនួន៨ នៃឃុំបឹង​កន្ទួត ស្រុកក្រគរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន​គណៈកម្មាធិការ​សាខា បាននាំប្រសាសន៍សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​ដែល​តែងតែ​យកចិត្តទុកដាក់ពីទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​ចាស់គ្មាន​ទីពឹង ។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពួក​គាត់ ដែល​ក្នុង​ម្នាក់ៗទទូល​បាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប ក្រមា១ និងថវិកា​មួយចំនួនទៀត។

ឯកឧត្តម ក៏បានជម្រាប​ជូនថា នឹងជួយ​ធ្វើផ្ទះ​ជូនលោក​យាយ​ឈោ្មះ ចេង ណយ ដែលមានជីវភាពខ្វះខាតជាងគេ រស់នៅភូមិបឹង ឃុំបឹងកន្ទួត នាពេលក្រោយចូលឆ្នាំខ្មែរ៕

ការប្រឡងគំនូរកុមារនៅខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦ នៅទីស្នាក់ការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិនិត្យ និង វាយតម្លៃ ផ្តល់​ជ័យ​លាភី សម្រាប់​គំនូរ​កុមារ ​ដើម្បី​អបអរ​សាទរ ខួប​ទី ១៥៣ ទិវា​ពិភព​លោក​កាកបាទ​ក្រហម ​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ២០១៦ ដោយមាន​ការ​ចូលរួម​ពីសំណាក់​ឯកឧត្តម ហ៊ុន សារឿន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត និង​ជា​ប្រធាន​គណៈ កម្មការ​ប្រឡង​គំនូរ​កុមារ ។

លទ្ធផលបានទទួលដូចខាងក្រោម៖
-លេខ ១ បាន​ទៅលើ​កុមារី ជួប ស្រីនាថ មកពី​សាលា​បឋម​សិក្សា​លាយបូរ ស្រុក​ត្រាំកក់។
-លេខ ២ បានទៅ​លើ​កុមារា យឹម សុផៃ មកពីសាលា​បឋមសិក្សា​លាយបូរ ស្រុកត្រាំកក់។
-លេខ ៣ បានទៅលើ​កុមារី ង៉ែត រចនា មក​ពីសាលា​បឋម​សិក្សា​បារាយណ៍ ក្រុងដូនកែវ។

ការប្រឡងគំនូរកុមារនៅខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖ ​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បានធ្វើការ​ប្រឡង​គំនូរកុមារ​ ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ ​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​អបអរ​សាទរ ខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦។

កុមារ៉ា កុមារី ដែល​ចូលរួម​ប្រឡងគំនូរ មានចំនួន ២៩នាក់ ដែលបាន​ជ្រើសរើស​ពីសាលា​បឋម​សិក្សាចំនួន​៤រួមមាន៖សាលា​បឋម​សិក្សា​ស្ទឹងត្រែងក្រុង ៩នាក់ សាលា​បឋម​សិក្សាអនុវត្ត ៨នាក់ សាលាបឋម​សិក្សា សម្តេចក្រុមព្រះ ៦នាក់ សាលាបឋមសិក្សា​ស្រះឫស្សី៦នាក់ បន្ទាប់ពីធ្វើការវាយតម្លៃពីគណៈកម្មការ​ប្រឡង​គំនូសយើង​ជ្រើសរើសបាន​គំនូរដែល​ទទួលបាន​ជ័យលាភីលេខ១ ដល់លេខ៣ រួមមាន៖ ជ័យ លាភី ​លេខ១ កុមារី ឡេងស៊ីវ​ហ្គេច ថ្នាក់ទី៥​ក​នៅសាលាបឋម​សិក្សាអនុវត្ត ជ័យលាភី​លេខ២ កុមារា រស្មី សានឡាក់ ថ្នាក់ទី៦ ក នៅសាលា​បឋម​សិក្សា សម្តេច​ក្រុមព្រះ និង ជ័យ​លាភី​លេខ៣ កុមាររី ភួង ចាន់សុដាលីស ថ្នាក់ទី៦ក នៅ​សាលា​បឋម​សិក្សា​ស្ទឹងត្រែង​ក្រុង។

Fist Prev 139 140 141 142 143 Next Last