Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌលគិរី​ទស្សនកិច្ច​នៅ​ខេត្តដាក់ណុង​ប្រទេស​វៀតណាម

នៅ​ថ្ងៃទី១៩ ​​ខែ​មករា​​ ឆ្នាំ២០១៦ ​​គណៈប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្តមណ្ឌលគិរី ​​ដឹកនាំដោយ ឯកឧត្តម​​ ស្វាយ ​​សំអ៊ាង ​​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​អញ្ជើញ​ទៅទស្សនៈកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ ការងារ​មនុស្សធម៌​ ជាមួយ​ សាខា​កាកបាទ​ក្រហម​វៀតណាម​​ ខេត្ត​ដាក់ណុង​​ ក្នុង​គោលបំណង ​បង្កើន​ទំនាក់ទំនង ​​និង​ពិនិត្យ​មើល​ឡើងវិញ​លើអនុស្សារណៈ​ដែល​បាន​ចុះថ្ងៃទី​១៧ ខែ​​កញ្ញា ឆ្នាំ​​២០១៣​កន្លង​មក។​ ក្នុង​ឱកាសនោះដែរ​​ សាខាខេត្តដាក់ណុង ​បានផ្តល់​ថវិកា​មក​សាខា​កាកបាទក្រហមកម្ពុជាខេត្ត ​ចំនួន ២០៤លានដុង ​ដើម្បី​សាងសង់​អណ្តូងទឹក​ចំនួនពីរ​គឺ ១​នៅស្រុកកោះញែក ​​និង​១អណ្តូងទៀត​នៅ​ស្រុកអូររាំង​​ រួមទាំងថវិកា​សម្រាប់​ជួសជុស​អគារ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​មណ្ឌលគីរី​ ផងដែរ។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយជូន ចាស់ជរា ជាអតីតយោធិនចូលនិវត្តន៍

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​មិត្ត​ភក្តិ​រួម​ការងារ​ លោកតា​មឿង​ហ៊ីម ​​អាយុ​៧៦​ឆ្នាំ ​​ជា​យោ​ធិន​ចូលនិវត្តន៍ ​​និង​ភរិយា​ឈ្មោះ​សុខ​​ផាល់​​អាយុ​៧៥​ឆ្នាំ​​បាន​ធ្លាក់​ខ្លួន​ឈឺ​ទាំង​យាយ ​និងតា​ដែល​បច្ចុប្បន្ន​រស់​នៅ​ភូមិបាក់​រនាស់ សង្កាត់​ស្វាយតឿ ​​ក្រុង​ស្វាយ​រៀង​។ នៅ​ថ្ងៃទី​១៩ ​​ខែ​មករា ​​ឆ្នាំ​២០១៦​​លោកជំទាវ ​ពៅ​​ សុភាព ​លេខា​គណៈកម្មាធិការ​សាខា​ ក្នុង​នាម ​លោកជំទាវ ​នាង ​​សេដ្ឋា ​​ជៀង​អំ ​​ប្រធាន​គណៈកម្មាធិការ​សាខា​​ បាន​នាំ​យក​ជំនួយ​មនុស្សធម៌​របស់​សាខា​ទៅ​សួរ​សុខ​ទុក្ខ​ដល់​លំនៅដ្ឋាន​ដែល​កំពុង​ឈឺ​លើស​ឈាម​និយាយ​មិន​រួច ​​និង​លោក​យាយ​កំពុង​ឈឺ​ធ្ងន់​នៅ​នឹង​កន្លែង​​ហើយ​ជួប​ការ​លំបាក​កូន​របស់​គាត់​ទៅ​រកស៊ី​នៅ​ភ្នំពេញ​។ មាន​ប្រសាសន៍​នាឱកាសនោះ​​លោកជំទាវ​ បាន​ពាំនាំ​នូវ​ការសាកសួរសុខទុក្ខ​ពីសំណាក់​លោកជំទាវ នាង សេដ្ឋា ជៀង អំ ប្រធាន​គណៈកម្មាធិការ​សាខា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែល​ជានិច្ចកាល សម្តេច​តែងតែ​ជួយ​ដល់ ជន​ងាយរងគ្រោះ​ដោយ​មិនគិតពី​និន្នាការ​នយោបាយ​ឬ​រើសអើស​ឡើយ សម្តេច បាន​ផ្តល់អាទិភាព​ក្នុង​ការផ្តល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ជាមុន​ហើយ​ក៏មិនភ្លេច ពីការលំបាក​ខ្វះខាត​របស់ប្រជាពលរដ្ឋ​ដែល​រងផលប៉ះពាល់​ដោយ​កត្តា​ផ្សេងដែរ ពោល​គឺ​សាខា​បាន​ចែកជូន​ជាបន្តបន្ទាប់​ទៅតាម​ប្រភេទ​នៃការ​រងគ្រោះ ។ ​ លោកជំទាវ​ ​ក៏​បាន​ផ្តាំផ្ញើរ​ដល់​លោកតា​ព្រមទាំង​ក្រុមគ្រួសារត្រូវ​​បរិភោគ​នូវ​ទឹក​ដែល​បាន​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​ដើម្បី​ការពារ​សុខ​ភាព​ ​និង​ ​ជៀស​វាង​ការ​ឈឺ​ជ​ម្ងឺ​ នានា​ដែល​បង្ក​ដោយ​មេ​រោគ​នៅ​ក្នុង​ទឹ​ក​។ អំណោយដែលបានចែកជូន​នាពេលនោះ​មាន​អង្ករ ៥០ គ.ក្រ មី ១ កេស កន្ទេល ១  មុង ១ សារុង ១ ក្រមា ១ ភួយ ១ ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួ​ ឆ្នាំងបាយ​ សម្លរ ២ និងថវិកា ៥ ម៉ឺនរៀល ។

អ្នកជម្ងឺចំនួន០៩នាក់កំពុងសម្រាកព្យាបាលជម្ងឺទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

នៅ​រសៀល​ថ្ងៃទី១៨ ​​ខែ​មករា​​ ឆ្នាំ​២០១៦ ​​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ ​បាន​នាំអំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ជូន​អ្នកជម្ងឺ​ទីទ័ល​ក្រ​ចំនួន​០៩​នាក់​​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរ​មាន​ជ័យ។

          មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោកជំទាវ​​ឯក​​សុវណ្ណភារៈ​​ប្រធាន​គណៈកម្មាធិការ​សាខា​បានពាំនាំ​នូវ​ការ​ផ្តាំ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​សម្តេច​កិត្តព្រឹទ្ធបណ្ឌិត​​ប៊ុន​​រ៉ានី​​ហ៊ុនសែន ​​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដល់​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹក​រលឹក​​និង​អាណិត​ស្រឡាញ់​​ និង​ផ្តាំ​ជូនពរ​ដល់​បងប្អូន​ទាំងអស់​ឆាប់​ជា​សះស្បើយ​ពី​ជម្ងឺ​ឆាប់ៗ​នេះ​។ ​​ជាមួយ​នោះ​ដែរ​​លោកជំទាវ​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​ឯកឧត្ត​ម ​​ស​​ថាវី​​ប្រធាន​កិត្តិយស​សាខា​នូវ​ការ​ផ្តាំ​សួរ​សុខ​ទុក្ខ ​​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​ចំពោះ​ប្រជា​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ទាំងមូល​​និង​ផ្តាំផ្ញើរ​ដល់​បងប្អូន​ទំាងអស់​ឱ្យ​ខិតខំ​ថែ​រក្សា​សុខភាព​​និង​អនាម័យ​ចៀសវាង​ជម្ងឺ​ដងា្កត់ផ្សេងៗ​មក​បៀតបៀន​ថែមទៀត ​​និង​សូម​កុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត​នៅ​ពេល​ជា​សះស្បើយ​ត្រូវ​ខិតខំ​បង្ក​បង្កើន​ផល ​​និង​ខិតខំ​រកស៊ី​ទទួលទាន​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បងប្អូន​ថែម​ទៀត។

          អំណោយ​ដែល​បាន​ផ្តល់​ជូន​ក្នុង​ម្នាក់ៗ​ទទួល​បាន៖  អង្ករ ២៥ គ.ក ត្រីខ១០កំប៉ុង មី០១កែសសារុង០១   មុង០១ ភួយ០១         ក្រមា០១        ទឹកត្រី០៦ដប            ទឹកស៊ីអ៊ិវ០៦ដប សាប៊ូកក់សក់​ កញ្ចប់តូច ៣០កញ្ចប់

ក្លឹបយុវជនកាកបាទក្រហមវិទ្យាល័យចំបក់ខេត្តក្រចេះចែកអំណោយដល់សិស្សក្រីក្រ

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​​មករា​​២០១៦​​នេះ ​ក្លឹប​យុវជន​កាកបាទ​ក្រហម​វិទ្យាល័យ​ចំបក់​​ខេត្ត​ក្រចេះ ​បាន​រៀប​ចំ​ពិធី​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​ចំនួន​៤៣​នាក់ ​​នៅ​ក្នុង​វិទ្យាល័យ​ ដោយ​បែង​ចែក​សម្ភារ​ជា​អាទិភាព​តាម​តម្រូវការ​ចាំបាច់​របស់​សិស្ស​ក្រីក្រ​​ក្នុងនោះមាន៖​សិស្ស​១៦នាក់​​ទទួល​បាន​អង្ករ​១៥kg/​ម្នាក់,​​ ១០នាក់​ទទួល​បាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​សិស្ស​១កំប្លេ​/ម្នាក់​​និង​១៧នាក់​ផ្សេង​ទៀត​ទទួល​បាន​សម្ភារ​សិក្សា​គិត​ជា​ទឹក​ប្រាក់​ចំណាយ​សរុប​ចំនួន​១,២០៦,១០០៛​ ​​ដែល​ជា​ថវិកា​ទទួល​បាន​ពី​មិត្ត​ភក្ដិ ​​និង​លោកគ្រូ​​អ្នកគ្រូ​​ជា​សប្បុរសជន​ក្នុង​វិទ្យាល័យ​តាម​រយ:​ការ​អំពាវនាវ​របស់​យុវជន​កាកបាទ​ក្រហម ។
សូម​បញ្ជាក់​ថា​​នេះ​ជា​លើកទី​៧​ហើយ ​ដែល​ក្លឹប​យុវជន​វិទ្យាល័យ​ចំបក់ ​​បាន​ផ្តួច​ផ្តើម​រៀបចំ​សកម្មភាព​នេះ​ឡើងដោយ​ខ្លួន​ឯង។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យគុណភាពទឹកអណ្តូង

ថ្ងៃទី​១៣ ​ខែ​មករា ​ឆ្នាំ​២០១៦ ​នេះ ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​ព្រះវិហារ​ សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍សុខភាព​សហគមន៍ ​បាន​ចុះ​ពិនិត្យ​ និង​យក​ទឹក​អណ្តូង​ចំនួន​២១​ នៅ​ស្រុក​រវៀង ​និង​១៥ ​នៅ​ស្រុក​គូលែន​សរុប​៣៦​អណ្តូង​ដែល​អំណោយ​របស់​កាកបាទ​ក្រហម​ដាណឺម៉ាក ​មក​ពិនិត្យ​គុណភាព​នៅ​ភ្មំពេញ​សំដៅ​ធានា​ថា ​ទឹកនោះ​មាន​សុវត្ថិភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

Fist Prev 136 137 138 139 140 Next Last